Post by Nokor Koktlork.
មេធាវី និងអ្នកការពារសិទ្ធិមនុស្សអន្តរជាតិ អះអាងថា សមិទ្ធផល ៣០ឆ្នាំ ក្នុងការដឹកនាំប្រទេសកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចប្រឈមមុខនឹងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ នឹងអាចពិនិត្យទៅថ្ងៃក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន ប្រកាសថា ការគ្រប់គ្រងរយៈពេលបីទសវត្សរ៍របស់លោកបានបញ្ចប់សង្គ្រាម ហើយនាំមកនូវការអភិវឌ្ឍរហូតមកទល់បច្ចុប្បន្ន បើទោះជាមានកំហុសឆ្គងខ្លះក៏ដោយចុះ។
ស្ថាបនិកអង្គការអន្តរជាតិសម្រាប់សិទ្ធិមនុស្សអាមេរិក និងជាមេធាវី លោក មូរតុន ក្លា (Morton Sklar) បញ្ជាក់ថា របាយការណ៍អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលភ្ជាប់នឹងភស្តុតាងឯកសារបង្ហាញពីការរំលោភសិទ្ធិមនុស្ស ការចាប់ឃុំឃាំងដោយខុសច្បាប់ និងការធ្វើឃាតកម្មក្រៅប្រព័ន្ធច្បាប់ទៅលើអ្នកនយោបាយប្រឆាំង អ្នកកាសែត សហជីព និងជនរងគ្រោះដីធ្លី។ របាយការណ៍នៃការរំលោភសិទ្ធិមនុស្ស និងសម្លាប់ក្រៅប្រព័ន្ធច្បាប់នេះ ស្មើនឹងនិយមន័យនៃបទល្មើស "ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ" ក្នុងមាត្រា ៧ នៃលក្ខន្តិកៈទីក្រុងរ៉ូម។ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ រួមមាន ការធ្វើទុក្ខបុកម្នេញទូលំទូលាយ និងជាប្រព័ន្ធទៅលើពលរដ្ឋ រួមមានការធ្វើឃាត ការបង្ខំបណ្ដេញចេញ និងការធ្វើទារុណកម្ម។
លោក មូរតុន ក្លា បន្ថែមទៀតថា ការរកឃើញរបាយការណ៍មួយសំខាន់ទៀតនោះ គឺការផ្សារភ្ជាប់ការធ្វើទុក្ខបុកម្នេញទាំងនោះជាគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីគាបសង្កត់អ្នកមានទស្សនៈមិនស្របនឹងរដ្ឋាភិបាលនិងគណបក្សប្រឆាំង។ លោកបន្តថា កំហុសលោក ហ៊ុន សែន ដែលអាចឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ទោសលោកបាននោះ គឺការរារាំងយុត្តិធម៌នៅសាលាក្ដីខ្មែរក្រហមមិនឲ្យស៊ើបអង្កេត និងកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមបន្ថែមទៀត។ លោកថា ចំណុចនេះហើយភ្ជាប់លោក ហ៊ុន សែន ទៅនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយសារតែលោកចង់បំបិទភស្តុតាង និងលាក់បាំងព័ត៌មានឲ្យមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងអំពើឃោរឃៅក្នុងរបបខ្មែរក្រហម។
លោក មូរតុន ក្លា កាលពីខែមីនា ឆ្នាំ២០១៤ បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ចោទប្រកាន់លោក ហ៊ុន សែន ថាបានរារាំងយុត្តិធម៌ដោយបង្កជាឧបសគ្គដល់ដំណើរការសាលាក្ដីខ្មែរក្រហម។ ករណីនេះក៏ឋិតនៅក្រោមយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិផងដែរ។
បច្ចុប្បន្ននេះ មានបណ្ដឹងប្រឆាំងលោក ហ៊ុន សែន នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ចំនួនបី ដែលតុលាការកំពុងពិចារណាបើកការស៊ើបអង្កេតជាបឋម។ ប្រសិនបើតុលាការដាក់ករណីរបស់លោក ហ៊ុន សែន ក្នុងសំណុំរឿងដើម្បីស៊ើបអង្កេតនោះ បណ្ដឹងទាំងនោះនឹងទទួលបានជោគជ័យនៃការទទួលស្គាល់ស្ថាប័នអន្តរជាតិថា ឧក្រិដ្ឋកម្មក្រោមការដឹកនាំលោក ហ៊ុន សែន ស្មើទៅនឹងនិយមន័យនៃឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ក្នុងថ្ងៃខួប ៣០ឆ្នាំ ថ្ងៃទី១៤ មករា ជាថ្ងៃនៃការឡើងតំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បដិសេធរបាយការណ៍អង្គការសិទ្ធិមនុស្ស Human Rights Watch ទាំងស្រុង។ ប៉ុន្តែលោក ហ៊ុន សែន មិនបានឆ្លើយតបទៅនឹងរបាយការណ៍ឯកសារនៃការរំលោភសិទ្ធិមនុស្ស និងការសម្លាប់មនុស្សក្រៅប្រព័ន្ធឡើយ។ លោកបន្តថា លោកមិនចាប់អារម្មណ៍ទៅនឹងខួបនៃការឡើងកាន់តំណែងរបស់លោកឡើយ៖ «ពីឆ្នាំ១៩៨៥ មកទល់បច្ចុប្បន្នជានាយករដ្ឋមន្ត្រី។ គុណសម្បត្តិនិងគុណវិបត្តិតែងកើតមាន ក៏ប៉ុន្តែសូមក្រឡេកមើលថយក្រោយបន្តិច នៅពេល លោក ហ៊ុន សែន ចាប់ផ្ដើមធ្វើនាយករដ្ឋមន្ត្រី ប្រទេសនៅមានសង្គ្រាមនៅឡើយ បើគ្មានបាតដៃ ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែរ»។
ពាក់ព័ន្ធទៅនឹងការមិនទទួលខុសត្រូវនេះដែរ លោក មូរតុន ក្លា បញ្ជាក់ថា វាជាភស្តុតាងថ្មីបន្ថែមទៀតសម្រាប់តុលាការអន្តរជាតិដើម្បីនាំខ្លួនលោក ហ៊ុន សែន ទៅកាត់ទោស។ លោកបន្តថា របាយការណ៍អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ជារបាយការណ៍ដកស្រង់ឯកសារជាច្រើនពីអង្គការសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ ដែលបានជឿជាក់បាន៖ «សេចក្ដីថ្លែងការណ៍របស់លោក ហ៊ុន សែន ថារបាយការណ៍អង្គការសិទ្ធិមនុស្សមិនមែនជាការពិតនោះ មិនមែនការពិតទេ។ ងាកទៅមើលកម្មករ និងសកម្មជនគណបក្សប្រឆាំង អ្នកទាំងនោះសុទ្ធតែបន្តជាប់ឃុំឃាំងនៅឡើយទេ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ កាលពីថ្ងៃអង្គារ ទី១៣ ផ្សាយរបាយការណ៍មួយបង្ហាញថា ក្នុងរយៈពេល ៣០នេះ លោក ហ៊ុន សែន ប្រើប្រាស់អំពើហិង្សា និងអំពើពុករលួយ ដើម្បីរក្សាតំណែងជានាយករដ្ឋមន្ត្រីរបស់លោក។
ពាក់ព័ន្ធនឹងរបាយការណ៍នេះដែរ លោក នី ចរិយា ប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) កាលពីថ្ងៃទី១៣ មករា បញ្ជាក់ថា របាយការណ៍អង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ឆ្លុះបញ្ចាំងការពិតពីកម្ពុជា។ លោកបន្ថែមទៀតថា ការបាញ់សម្លាប់កម្មករកាលពីដើមឆ្នាំ២០១៤ បង្ហាញកាន់តែច្បាស់ថា កងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលបានរំលោភសិទ្ធិមនុស្ស និងសម្លាប់ពលរដ្ឋនៅទីសាធារណៈដោយមិនបានលាក់បាំងពីព័ត៌មាននៃការរំលោភសិទ្ធិមនុស្សឡើយ។
លោកបន្តថា រដ្ឋាភិបាលកម្ពុជា ត្រូវតែស៊ើបអង្កេតបទឧក្រិដ្ឋកម្ម និងការរំលោភសិទ្ធិមនុស្សដែលត្រូវបានលើកឡើងក្នុងរបាយការណ៍សិទ្ធិមនុស្ស ប្រសិនបើរដ្ឋាភិបាលចង់រក្សាកេរ្តិ៍ឈ្មោះល្អ៖ «យើងឃើញថា មានអំពើឃាតកម្មជាច្រើនតាំងពីក្រោយឆ្នាំ១៩៩៣ យើងមិនដែលឃើញចាត់វិធានការទេ ដូចជាឃាតកម្មលើលោក ជា វិជ្ជា និងសម្លាប់លោក ឈុត វុទ្ធី មិនដែលរកឃើញជនល្មើសពិតប្រាកដទេ។ បើតាមចាប់ គឺចាប់តែជនល្មើសសិប្បនិមិត្ត ធ្វើឲ្យមានការចោទប្រកាន់ថា រំលោភសិទ្ធិមនុស្សជាប្រព័ន្ធ»។
ចំណែកមន្ត្រីនាំពាក្យគណបក្សប្រឆាំង លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា លោកបានអានរបាយការណ៍អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ហើយ ប៉ុន្តែគណបក្សមិនទាន់សម្រេចធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈនៅឡើយទេ៖ «ក្រោយសន្ធិសញ្ញាទីក្រុងប៉ារីសមកមានការអភិវឌ្ឍខ្លះ ដោយសារប្រាក់ជំនួយបរទេស និងប្រាក់កម្ចី ប៉ុន្តែភាពអវិជ្ជមានក៏មានច្រើនដែរ ដូចជាការរំលោភដីធ្លី និងអំពើនិទ្ទណ្ឌភាព»។
ពាក់ព័ន្ធទៅនឹងពាក្យបណ្ដឹងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្រឆាំងនឹង លោក ហ៊ុន សែន នេះដែរ មេធាវីជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃក្រុមមេធាវីអន្តរជាតិ គ្លបល ឌីលីជេនស៍ (Global Diligence) ក៏បានដាក់ពាក្យបណ្ដឹងមួយផ្សេងទៀតចោទមន្ត្រីមានអំណាចរដ្ឋាភិបាលលោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ពីបញ្ហាការរំលោភដីធ្លីជាប្រព័ន្ធ លោក រីឆាត រ៉ូជើរ កំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ដើម្បីប្រមូលការគាំទ្រពីមន្ត្រីរដ្ឋាភិបាល សមាជិកសភា និងព្រឹទ្ធសភាអាមេរិក ដើម្បីអន្តរាគមន៍ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ស៊ើបអង្កេតបឋមលើបណ្ដឹងរបស់លោក។
ទោះបីជា អង្គការសិទ្ធិមនុស្សបញ្ជាក់ថា សមិទ្ធផលក្នុងរយៈពេល ៣០ឆ្នាំរបស់លោក ហ៊ុន សែន នេះ បណ្ដាលឲ្យប៉ះពាល់ដល់វិស័យសិទ្ធិមនុស្ស និងកើតមានអំពើនិទ្ទណ្ឌភាពក៏ដោយ ក៏លោក ហ៊ុន សែន បញ្ជាក់ក្នុងថ្ងៃខួប ៣០ឆ្នាំថា អាយុលោកនៅតែអនុញ្ញាតឲ្យលោកដឹកនាំកម្ពុជា ជាបន្តទៀត ហើយវាសនានៃការដឹកនាំរបស់លោកអាស្រ័យទៅនឹងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត៕
1 comment:
When!!!!???? Maybe not in this life....
Post a Comment