A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 31 January 2015

81 senior police officers promoted, with 4 promoted deputy police commissioners ប៉ូលិស​ពាក់​ផ្កាយ​ ៨១ រូប​ឡើង​ស័ក្តិ មាន ៤​រូប​ឡើង​ជា​អគ្គរង​ប៉ូលិស

លោក ទូច ណារ៉ុថ (កណ្ដាល ជួរមុខ​) និង​មន្ត្រី​ប៉ូលិសជាច្រើន​ទៀត នៅ​ក្នុង​ពិធី​ប្រ​កាសមុខ​តំណែង និង​បំពាក់ឋានន្តរស័ក្ដិ កាលពីម្សិលមិញ​។
លោក ទូច ណារ៉ុថ (កណ្ដាល ជួរមុខ​) និង​មន្ត្រី​ប៉ូលិសជាច្រើន​ទៀត នៅ​ក្នុង​ពិធី​ប្រ​កាសមុខ​តំណែង និង​បំពាក់ឋានន្តរស័ក្ដិ កាលពីម្សិលមិញ​។ ម៉ៃ រីរៈ
ភ្នំពេញៈ មន្រ្តី​នគរបាល​ជាតិ​ចំនួន​ ៨១ រូប ​ត្រូវ​ដំឡើង​ឋានន្តរស័ក្តិ ជា​ឧត្តម​សេនីយ៍ ​ចាប់​ពី​ផ្កាយ​ ១ ទៅ​ដល់​ផ្កាយ​ ៣ ហើយ​ឧត្តម​សេនីយ៍​បួន​រូប​ទៀត ត្រូវ​ប្រកាស​តែង​តាំង​ជា​អគ្គស្នង​ការ​រង​នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ ដែល​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។
ឧត្តមសេនីយ៍ឯក​បី​រូប មាន​លោក ម៉ក់ ជីតូ ​លោក ហ៊ឹម​ យ៉ាន លោក ​ទូច​ ណារ៉ុថ និង​លោក​​ឧត្តមសេនីយ៍​ទោ​ជួង ស៊ាង​ហាក់​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្ទេរមុខ​តំណែង តាម​រយៈ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ២៥ ខែ​ធ្នូ ឆ្នាំ ២០១៤ កន្លង​មក និង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ក្រសួង​មហា​ផ្ទៃ​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ទៅជា​អគ្គ​ស្នង​ការ​រង​នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ។ ក្រៅ​ពី​នោះ​ មាន​​នាយ​នគរបាល​ចំនួន​ ១០ រូប ត្រូវ​បាន​ដំឡើង​ឋាន​ន្តរស័ក្តិ ជា​ឧត្តម​សេនីយ៍​ឯក (ផ្កាយ ៣) ​៣០​រូប ដំឡើង​ជា​ឧត្តម​សេនីយ៍ទោ (ផ្កាយ​២) និង​ ៤១ ​រូប​ជា​ឧត្តម​សេនីយ៍​ត្រី (ផ្កាយ​១)។
រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ លោក ឯម សំអាន ​ដែល​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រី​ទាំង​នោះ បាន​មាន​ប្រសាសន៍​ថា តំណែង​និង​ស័ក្តិ​​ដែល​បាន​បំពាក់​ជូន​នោះ គឺ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​គុណ​សម្បត្តិ​មន្រ្តី​នគរបាល​ដែល​មន្ត្រី​គ្រប់​រូប​បាន​ខិតខំ​បំពេញ​ការងារ​ដោយ​ខ្លួន​ឯង ហើយ​បាន​ធ្វើ​ឲ្យ​ក្រសួង​មហាផ្ទៃ​និង​រដ្ឋាភិបាល​បាន​មើល​ឃើញ​នូវ​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​ ទាំង​នោះ​នា​ពេល​កន្លង​មក។ ប៉ុន្តែ​ត្រូវ​បន្ត​ភាព​ជោគ​ជ័យ​នេះ​បន្ត​ទៀត​ ហើយ​ត្រូវ​ប្រឹង​ប្រែង​ជួយ​បម្រើ​លើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ថែម​ទៀត ទប់​ស្កាត់​នូវ​អំពើ​មិន​ប្រក្រតី និង​ជួយ​ជំរុញ​ភាព​រីក​ចម្រើន​ប្រទេស ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ និង​កាន់​តែ​មាន​ភាព​ថ្លៃថ្នូរ។
លោក សំអាន បញ្ជាក់​ដែរ​ថា៖ «ត្រូវ​តែ​បន្ថែម​កម្លាំង​ម៉ាស៊ីន​ដឹក​នាំនៅ​អគ្គ​ស្នងការ​ទៀត ដើម្បី​ធ្វើ​ឲ្យ​កម្លាំង​ហ្នឹង​​វា​កាន់​តែ​ខ្លាំង​ថែម​ទៀត...មាន​ថាមពល និង​ឧត្តមភាព​ក្នុង​ការងារ​និង​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។ ព្រោះ​យើង​សុទ្ធ​តែជា​អ្នក​ធ្វើ»។

លោក​រដ្ឋ​លេខាធិការ​បាន​មាន​ប្រសាសន៍​កត់​សម្គាល់​ថា កម្ពុជា​មាន​សន្តិសុខ និង​ស្ថានភាព​កាន់​តែ​ល្អ ​បន្ទាប់​ពី​បាតុកម្ម​ធំៗ​បាន​បញ្ចប់​ ប៉ុន្តែ​បាតុកម្ម​តូចៗ​ នៅតែ​កើត​ឡើង​ជា​បន្ត​បន្ទាប់ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​កសាង​ប្រទេស​ជាតិ​ដែរ។ តែ ទោះ​យ៉ាង​ណា បញ្ហា​ចោរកម្ម​ អំពើ​ប្លន់​នៅ​តែ​កើត​មាន​នៅ​តំបន់​ខ្លះ ​ហើយ​កាន់​តែ​ធំ​ជាង​នោះ​ទៅ​ទៀត ​គឺការ​ភ្នាល់​ល្បែង​ឬ​លេង​ឆ្នោត​កន្ទុយ​លេខ​បាន​និង​កំពុង​រីក​រាល​ដាល ​និង​ល្បែង​ស៊ី​សង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (online) ​ក៏​​ធ្វើ​ឲ្យ​ពិបាក​បង្រ្កាប​ដែរ។
លោកថ្លែង​​ដូច្នេះ​ថា៖ «ពី​មុន​គេលួច​លេង​តាម​របៀប​ធម្មតា​តែ​ឥឡូវ​តាម​អនឡាញ។ រីក​រាល​ដាល​មែន​ទែន​គឺ​ល្បែង​ស៊ី​សង ​គ្រប់​ទិស​គ្រប់​ទី ដែ​លវា​ប៉ះពាល់​ដល់​សន្តិសុខ​មូលដ្ឋាន​របស់​យើង។ រឹត​តែ​គ្រោះ​ថ្នាក់​បំផុត​នោះ​គឺ​យល់​សប្តិ ហើយ​នាំ​គ្នា​ចាក់​ឆ្នោត»។
ដោយ​ឡែក​នៅ​ក្នុង​តំបន់​វិញ​តាំង​នៅ​ប្រទេស​ជិត​ខាង​និង​ឆ្ងាយ​កម្ពុជា​នៃ​បណ្តា​ទី​ក្រុង​មួយ​ចំនួន​ គឺ​ជា​មូលដ្ឋាន​​នៃ​ទីក្រុង​ភេរវកម្ម​រស់​បងប្អូន​ជន​ជាតិ​អ៊ិស្លាម ISIS ដែល​បង្ក​ជា​បញ្ហា​កំពុង​ក្តៅ​គគុក។ ហេតុ​នោះ​មន្រ្តី​នគរបាល​ត្រូវ​តែ​បង្កើន​សមត្ថភាព​ឲ្យ​ទាន់​ការ​វិវត្ត​នៃ​សភាព​ការណ៍ និង​សង្គម​បច្ចេក​ទេស។
លោក នី ចរិយា ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស អាដហុក បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល ចំពោះ​ការ​ដំឡើង​និង​តែង​តាំង​នាយរង​នគរបាល​ដ៏​ច្រើន​បន្ថែម​នោះ ហើយ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​លើ​ការ​ដំឡើង​បុណ្យ​ស័ក្តិ​នេះ​ឡើង​វិញ​ ព្រោះ​បើ​មាន​ការ​ដំឡើង​ខុស​នោះ វា​អាច​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​ការ​លើក​ទឹក​ចិត្ត​ដល់​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​មាន​​ការ​រំលោភ​ច្បាប់ រំលោភ​តួនាទី ឬ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ជា​ដើម។
លោក នី ចរិយា ​បាន​ថ្លែង​ថា៖ «កុំយក​ការ​បង្រ្កាប​បាតុកម្ម ចាត់​ទុក​ថា​​ជា​ស្នាដៃ​ជាតិ។ មិន​មែន​​ស្នាដៃ​ជាតិ​ទេ ​គឺ​ស្នា​ដៃ​រំលោភ​សិទ្ធិ​មនុស្ស​ទេ។ វា​អាច​ជា​វប្បធម៌​មួយ​ជំរុញ​ឲ្យ​មាន​ការ រំលោភ​សិទ្ធិ​មនុស្ស​ខ្លះ​ដែរ»។
លោក​ ចរិយា បាន​បន្ថែម​ថា ការ​ធ្វើ​បាតុកម្ម​មិន​មែន​ជា​ការ​រារាំង​ដល់​ការ​អភិវឌ្ឍ​ជាតិ​នោះ​ទេ ប៉ុន្តែ​​វា​ជា​សារ​មួយ​របស់​ប្រជាជន​សម្រាប់​ថ្នាក់​ដឹក​នាំ ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ចំ​ទិស​ដៅ ហើយ​ក៏​មិន​មែន​ដើម្បី​បាន​ផល​ប្រយោជន៍​តែ​លើ​បុគ្គល​មាន​អំណាច​មួយ​ក្តាប់​តូច​នោះ​ដែរ៕

1 comment:

Anonymous said...

ពួកនេះចង់បានយស់សក័ក្កិ ប៉ុន្តែគ្មានប្រយោជន៏ជាតិទេ ទ័ពមានមួយដំបរ ស្វា តែផ្កាយច្រើនពេកស្ទើរតែគៀរនឹងជើង ។