លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងឲ្យដឹងនៅថ្ងៃទី៣១ កក្កដា ថា មកទល់ល្ងាចថ្ងៃទី៣១ កក្កដា នេះ គណបក្សសង្គ្រោះជាតិ មិនទាន់បានទទួលចម្លើយតបពី លោក ស ខេង និងគណបក្សប្រជាជនកម្ពុជា ទាក់ទងលិខិត លោក សម រង្ស៊ី ផ្ញើជូន លោក ស ខេង កាលពីថ្ងៃទី៣០ កក្កដា នៅឡើយទេ។
កាលពីថ្ងៃទី៣០ កក្កដា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតមួយ ជូន លោក ស ខេង មានភ្ជាប់ជាមួយសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា៧៦ និងការបង្កើតជំពូកថ្មី ទាក់ទងនឹងអង្គការរៀបចំការបោះឆ្នោត ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
លិខិត លោក សម រង្ស៊ី ដែលបានផ្ញើនោះ បានបញ្ជាក់ថា សុំឲ្យ លោក ស ខេង ពិនិត្យលើសេចក្តីព្រាងនោះ ហើយបើគណបក្សប្រជាជនកម្ពុជា ទទួលយកខ្លឹមសារនៃសេចក្តីព្រាងនោះ គណបក្សទាំងពីរអាចដំណើរការបានឆាប់រហ័ស ហើយអាចកំណត់ថ្ងៃក្នុងសប្ដាហ៍នេះ ឬសប្ដាហ៍ក្រោយ ក្នុងការរៀបចំពិធីសច្ចាប្រណិធាន សម្រាប់តំណាងរាស្ត្រជាប់ឆ្នោត ៥៥រូប មកពីគណបក្សសង្គ្រោះជាតិ ព្រមទាំងកំណត់ថ្ងៃប្រជុំវិសាមញ្ញរដ្ឋសភា ដើម្បីចាប់ផ្ដើមរបៀបវារៈ ដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំនៅព្រះបរមរាជវាំង កាលពីរសៀលថ្ងៃទី២៤ កក្កដា។
លិខិត លោក សម រង្ស៊ី នោះ បានបង្ហាញឲ្យដឹងអំពីខ្លឹមសារសេចក្តីព្រាងថ្មីរបស់រដ្ឋធម្មនុញ្ញ មានមាត្រា៧៦ថ្មី ជំពូក១៥ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលមានមាត្រា១៥០ថ្មី មាត្រា១៥១ថ្មី មាត្រា១៥២ថ្មី និងមាត្រា១៥៣ថ្មី៕
1 comment:
នេះៈាអាឆ្កែចង្រៃមួយមានឥទ្វិពលសំរាប់យួនហាន់ណូយ
Post a Comment