ដោយ រដ្ឋា វិសាល
2014-05-12 RFA
សហគមន៍ជនជាតិដើមគ្រឹង រស់នៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈ្មោះ ហេង ប្រាឌ័រ ( Heng Brother) បានឈូសឆាយព្រៃបម្រុងទុករបស់សហគមន៍បន្តទៀត បន្ទាប់ពីបានផ្អាកឈូសឆាយកាលពីខែមករាកន្លងទៅ។ អ្នកភូមិបញ្ជាក់ថាព្រៃដែលក្រុមហ៊ុនកំពុងឈូសឆាយគឺជាព្រៃអភិរក្សរបស់សហគមន៍។
តំបន់ព្រៃឈើជាង១រយហិកតារថ្មីទៀតត្រូវបានក្រុមហ៊ុន ហេង ប្រាឌ័រ ឈូសឆាយដើម្បីពង្រីកដីសម្បទាននៅភូមិកាំ ឃុំល្អក់។ កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ គ្រឿងចក្រក្រុមហ៊ុនបានបញ្ឈប់ការឈូសឆាយភ្លាមៗ បន្ទាប់ពីអ្នកភូមិមានគ្នាប្រមាណ២០នាក់ នាំគ្នាតវ៉ាឲ្យក្រុមហ៊ុនបញ្ឈប់ការឈូសឆាយព្រៃនេះហើយរៀបចំជួបពិភាក្សាជាមួយសហគមន៍ជាថ្មីទៀត។
អនុប្រធានសហគមន៍លោក ប្រឡុង ពើយ នៅថ្ងៃច័ន្ទ ទី១២ ខែឧសភារៀបរាប់ថា បុគ្គលិកក្រុមហ៊ុនយកគ្រឿងចក្រប្រភេទឈូសព្រៃ (Bulldozer) ៧គ្រឿងឈូសឆាយព្រៃដោយមិនបានជូនដំណឹងមកសហគមន៍។
លោកបន្តថានេះគឺជាការរំលោភបំពានទៅលើការសន្យារបស់ក្រុមហ៊ុន៖ «គេឈូសឆាយដី គេមិនប្រាប់ខ្ញុំហើយដីសម្រាប់បម្រុងទុកឲ្យប្រជាពលរដ្ឋ ដីសម្រាប់កប់ខ្មោច សម្រាប់អភិរក្សសត្វព្រៃ។ មេឃុំអត់ហ៊ានក្អកផងហ្នឹង រហូតដល់ខ្ញុំទៅហាមឃាត់ពួកគេមិនឲ្យឈូសឆាយទៀត »។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាមឈ្មោះ ហេង ប្រាឌ័រ ទទួលបានដីសម្បទានជាង ២ពាន់ហិកតារ (២.៣៦១) នៅស្រុកអណ្ដូងមាស និងស្រុកអូរជុំ តាំងពីឆ្នាំ២០០៩។ បន្ទាប់មកក្រុមហ៊ុនបានឈូសឆាយពង្រីកផ្ទៃដីសម្បទាន កាន់តែខិតជិតភូមិធ្វើឲ្យប៉ះពាល់ព្រៃ ដែលអ្នកភូមិរក្សាទុកជាដីត្រៀមបម្រុង។
ឆ្លើយតបបញ្ហានេះតំណាងក្រុមហ៊ុន និងជាអ្នកបកប្រែភាសា លោក សែ ង៉ូវ បញ្ជាក់ថា ព្រៃដែលក្រុមហ៊ុនឈូសឆាយគឺឋិតក្នុងបរិវេណដីសម្បទាន ដែលរដ្ឋបានប្រគល់មកក្រុមហ៊ុន ក៏ប៉ុន្តែកន្លង ទៅនេះក្រុមសហគមន៍បានតវ៉ាសុំកាត់ដីនោះច្រើន រហូតដល់ទៅជាង ៥០០ហិកតារ ទើបក្រុមហ៊ុនមិនយល់ស្រប។
លោកបន្តថានៅថ្ងៃទី១២ ខែឧសភា ក្រុមហ៊ុនបានចុះពិនិត្យបង្គោលព្រំដែលសហគមន៍កំណត់រក្សាទុកជាដីត្រៀមបម្រុង ឃើញមានទំហំប្រមាណតែ ១០០ហិកតារទេ ហេតុនេះលោកនឹងធ្វើរបាយការណ៍ជូនក្រុមហ៊ុនសម្រេចក្នុងបញ្ហានេះ៖ «ដីនៅក្នុងប្លង់ក្រុមហ៊ុន ដំបូងគេថាអាចឲ្យបាន ដល់វាស់ប្លង់ទៅដល់ បួនប្រាំរយហិកតារ យើងមិនអាចសម្រេចឲ្យភ្លាមៗបានទេ។ ចាំដល់ខ្ញុំដើរវាស់វែងមើលត្រឹមណាគេអាចទុកឲ្យប្រជាពលរដ្ឋបាន »។
ទោះជាយ៉ាងនេះក៏ដោយ អភិបាលស្រុកអូរជុំ លោក សាក់ សុន ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ពីករណីនេះថា អាជ្ញាធរជំនាញបានសិក្សាកាត់ចេញដីត្រៀមបម្រុងសម្រាប់ប្រជាពលរដ្ឋរួចហើយ ហេតុនេះក្រុមហ៊ុនមិនអាចបំពានឈូសឆាយព្រៃនោះបានទេ៖ «ទាល់ទៅមើលជាក់ស្ដែង កាលណាព្រៃអារក្សព្រៃស្អីគេ ឲ្យកាត់ចេញតើ ! គេចុះទៅឆ្វៀលចេញតើ!»។
កាលពីពាក់កណ្ដាលខែធ្នូកន្លងទៅ តំណាងសហគមន៍បាននាំយកពាក្យបណ្ដឹងករណីនេះមកការិយាល័យសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្ត សុំជួយអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយដោះស្រាយ។ ក៏ប៉ុន្តែរហូតពេលនេះអ្នកភូមិអះអាងថាមិនឃើញមានមន្ត្រីមូលដ្ឋានចាត់វិធានការបែបណាទាក់ទិនករណីក្រុមហ៊ុនឈូសឆាយព្រៃនោះនៅឡើយ៕
No comments:
Post a Comment