A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 17 February 2014

People in Kampong Chhnang react to illegal Vietnamese fishing illegally ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ប្រតិកម្ម​រឿង​វៀតណាម​នេសាទ​ខុស​ច្បាប់

ដោយ ជិន ជេដ្ឋា 2014-02-16
ឧបករណ៍​នេសាទ​ខុស​ច្បាប់ កំពង់ឆ្នាំង ៣០៥
របាំង​សំណាញ់​តាម​ដង​ស្ទឹង​ដែល​ជា​ឧបករណ៍​នេសាទ​ខុស​ច្បាប់ នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ខែ​មេសា ឆ្នាំ​២០១២។
RFA
ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ប្រតិកម្ម​ទៅ​នឹង​សកម្មភាព​នេសាទ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ​របស់​ជនជាតិ​វៀតណាម នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប។ ពួកគាត់​បញ្ជាក់​ថា សកម្មភាព​ល្មើស​ទាំង​នោះ​សុទ្ធតែ​មាន​កម្លាំង​សមត្ថកិច្ច​យាមកាម និង​ស្រែក​គំរាម​ទៅ​លើ​ប្រជា​នេសាទ​ទាំង​ណា​ដែល​បាន​ដាក់​មង ឬ​សន្ទូច​ទើស​កន្លែង​គេ​ប្រើ​ឧបករណ៍​ម៉ាញ់ និង​ជន​តាម​ដង​ទន្លេសាប​នោះ។
ប្រជា​នេសាទ​នៅ​ភូមិ​កំពង់បាចិន ឃុំ​ពោធិ៍ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ បាន​សម្ដែង​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ចំពោះ​ជនជាតិ​វៀតណាម ដែល​អូស​ម៉ាញ់ និង​រុញ​ជន​ស្ទើរ​រៀងរាល់​យប់​បណ្ដាល​ឲ្យ​ដាច់​រហែក​មង និង​សន្ទូច​អ្នក​ភូមិ។ ពួក​គាត់​ចោទ​ប្រកាន់​មន្ត្រី​ជំនាញ​ជលផល និង​សមត្ថកិច្ច​មួយ​ចំនួន​ថា បាន​ឃុបឃិត​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ទាំង​នេះ។
ប្រជា​នេសាទ​ម្នាក់ អ្នកស្រី ទេស ចន្ថា មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ភាគ​ច្រើន​បាន​ប្រកប​មុខ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​ភូមិ​រក​ត្រី​មិន​សូវ​បាន​ឡើយ ដោយ​សារ​តែ​មាន​ការ​រំខាន និង​សកម្មភាព​ចាប់​ត្រី​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម។
អ្នកស្រី ទេស ចន្ថា៖ «ដាច់​រាល់​ថ្ងៃ​យប់! មិញ​បី​កំណាត់ យប់​ម្សិល​បី​កំណាត់ រាយ​តាម​ទន្លេ​ហ្នឹង។ វា​ថា សា​ចេញ​ទៅ បើ​មិន​សា​ចេញ​ទេ គឺ​អូស​ដាច់​អស់​ហើយ។ យួន ហើយ​និង​មាន​ប៉ូលិស​មាន​អី​ហ្នឹង​មក​តាម យើង​ហ៊ាន​ធ្វើ​ម៉េច​វា។ ដាក់​មង​អត់​បាន បើ​អា​យាងកាវ​ហ្នឹង​មក​រាល់​ថ្ងៃ ហើយ​មាន​អា​ម៉ាស៊ីន​ឆក់​ត្រជាក់​វា​ទៀត​ណោះ។ និយាយ​ពី​កូន​ត្រី​អណ្ដែត​រពោង​តាម​ក្រោយ»
ចំណែក​ប្រជា​នេសាទ​ម្នាក់​ទៀត លោក គង់ ឈិន បញ្ជាក់​ថា សកម្មភាព​អូស​ម៉ាញ់ និង​រុញ​ជន​របស់​ជនជាតិ​វៀតណាម ម្ដងៗ មាន​គ្នា​មិន​តិច​ជាង ៨​នាក់​ឡើយ ហើយ​សកម្មភាព​ទាំង​នោះ​ភាគ​ច្រើន​ធ្វើ​នៅ​ពេល​យប់​ចាប់​ពី​ម៉ោង​៨ ដល់​ម៉ោង ៤​ទៀប​ភ្លឺ។ លោក​បន្ដ​ថា ចំណុច​ដែល​មាន​បទល្មើស​ច្រើន គឺ​មាន​ចាប់​ពី​ចំណុច​ព្រែក​សាយ នៃ​ឃុំ​ច្រណូក រហូត​មក​ដល់​ចំណុច​បង្គោលកី អន្លង់​លត ខ្មោច​ពីរ និង​ខ្មោច​បី នៃ​ឃុំ​ពោធិ៍ ជា​ដើម។
ទាក់ទង​នឹង​បញ្ហា​នេះ​អភិបាល​ស្រុក​កំពង់លែង និង​ជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​បទ​ល្មើស​នេសាទ លោក មាន់ អេនលី ទទួល​ស្គាល់​ថា ករណី​បទ​ល្មើស​ពិត​ជា​មាន​មែន ក៏​ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ជា​ប្រចាំ។ យ៉ាង​ណា​លោក​បានបដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ដែល​ថា មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​នេសាទ​ទាំង​នោះ។
បន្ថែម​លើ​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សេង ប៊ុនឈឿន បញ្ជាក់​ថា ចំណុច​បង្គោល​កី គឺ​ជា​ទីតាំង​អភិរក្ស ហើយ​ខាង​លោក​បាន​ដាក់​កម្លាំង​ការពារ​ជា​ប្រចាំ​នៅ​ចំណុច​នោះ​មិន​ឲ្យ​កើត​មាន​បទ​ល្មើស​អ្វី​ឡើយ។ លោក​បន្ត​ថា សេចក្ដី​រាយការណ៍​នានា ទាក់ទង​នឹង​បទ​ល្មើស​នេសាទ​ត្រូវ​តែ​មាន​ភាព​ច្បាស់លាស់ និង​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​សហគមន៍ ដើម្បី​ឲ្យ​ការ​បង្ក្រាប​មាន​ប្រសិទ្ធភាព។
លោក សេង ប៊ុនឈឿន៖ «ឥឡូវ​លោក​ត្រូវ​ពិចារណា ជួន​កាល​គាត់​ចេះ​តែ​រាយការណ៍​តា​ពាស ជួនកាល​ទៅ​ទាំង​កណ្ដាល​អធ្រាត្រ​ទៅ​ដល់​គាត់​បិទ​ទូរស័ព្ទ ហើយ​ដឹង​ស្រាប់​ហើយ​ពេល​យប់​យើង​លំបាក​ណាស់ អ៊ីចឹង​សូម​ឲ្យ​ព័ត៌មាន​ហ្នឹង​ជាក់​ច្បាស់ ដើម្បី​សហការ​ធ្វើ ខ្ញុំ​មិន​ទុក​ឲ្យ​មាន​អនាធិបតេយ្យ​ទេ»
មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ហៅ​កាត់​ថា ហ្វេក (Fact) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​ អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា សម្រាប់​ខេត្ត​កំពង់ឆ្នាំង បទ​ល្មើស​នេសាទ​នៅ​តែ​បន្ត​កើត​មាន​ច្រើន នៅ​ស្រុក​ចំនួន ៣ គឺ​ស្រុក​កំពង់លែង កំពង់ត្រឡាច និង​ស្រុក​ជលគិរី៖ «នៅ​ក្នុង​ហ្នឹង​វា​មាន​ទាំង​ជន​ជាតិ​ខ្មែរ ទាំង​ជនជាតិ​វៀតណាម ក៏​ប៉ុន្តែ​ភាគ​ច្រើន​អ្នក​ដែល​ប្រើ​ឧបករណ៍​ហ្នឹង​គឺ​ជនជាតិ​វៀតណាម។ យើង​មាន​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​ប្រជុំ​ជាមួយ​ថ្នាក់​ឃុំ ជា​មួយ​ជំនាញ ដើម្បី​ធ្វើ​ការ​ជំរុញ​ឲ្យ​ការ​អនុវត្ត​ច្បាប់​របស់​ជំនាញ ក៏​ដូច​ជា​ការ​ចូល​រួម​របស់​អាជ្ញាធរ ហើយ​ប្រជាពលរដ្ឋ​ដែល​ជា​សមាជិក​នេសាទ​ហ្នឹង​ឲ្យ​គាត់​ចូល​រួម​អនុវត្ត​ច្បាប់​ទាំង​អស់​គ្នា»
ទាក់ទង​នឹង​បទ​ល្មើស​នេសាទ​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៤ មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​របស់​ខ្លួន​មួយ​បង្ហាញ​ថា ទូក​នេសាទ​របស់​ជន​ជាតិ​វៀតណាម ចំនួន ១១​គ្រឿង កំពុង​តែ​ធ្វើ​សកម្មភាព​នេសាទ​ខុស​ច្បាប់​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​មាន​ទូក​ចំនួន ២៥​គ្រឿង​ផ្សេង​ទៀត​ត្រៀម​នឹង​ដាក់​ដំណើរការ ហើយ​មាន​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ អង្គការ​ការពារ​និង​អភិរក្ស​សត្វ​ព្រៃ ព្រៃ​ឈើ និង​ជលផល មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

ខ្មែរសុទ្ធតែខុសច្បាប់ ដល់យួនធ្វើអីធ្វើទៅ តើមានជល្លផលណាហ៊ានចេញមុខទេ? កុំថា ហ៊ុន សែនក៍មិនហ៊ានផង ព្រោះវាជាបឺងរបស់យួនហើយ
ខ្មែរខ្លះដូចជាទើបភ្ញាក់ពីដេកអញ្ចឹង ធ្វើម្តេចវាមិនជាកម្មសិទ្ធរបស់គាត់ផ្ទល់ ដូចអ្នកបឹងកក់ បានជាមិននឹកតវា ដល់ពេលតវាយួននៅពេញ។