ដោយ តាំង សារ៉ាដា
2014-01-09

៣-មករា-២០១៤៖ បាតុករដឹកជញ្ជូនអ្នករបួសដោយសារគ្រាប់កាំភ្លើងរបស់កម្លាំងអាជ្ញាធរ បាញ់បង្ក្រាបការតវ៉ានៅតាមបណ្ដោយផ្លូវវ៉េងស្រេង ទៅមន្ទីរពេទ្យ។
RFA
សហគមន៍អន្តរជាតិទាមទារឲ្យរដ្ឋាភិបាលរាជធានីភ្នំពេញ ទទួលខុសត្រូវខ្ពស់ចំពោះការសម្លាប់កម្មករចំនួនបួននាក់ និងរបួសជាង ៤០នាក់ លើផ្លូវវ៉េងស្រេង ដោយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។ ក្រុមនេះក៏បានជំរុញឲ្យសមត្ថកិច្ចដោះលែងមនុស្ស ២៣នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងពេលបង្ក្រាបរបស់កងកម្លាំងរដ្ឋាភិបាល កាលពីដើមខែមករា ដោយក្រុមទាហានឆត្រយោងនៃកងពលលេខ ៩១១ ក្នុងសង្កាត់កំបូល រាជធានីភ្នំពេញ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ប៊្រែដ អាដាម (Brad Adams) បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា នាំខ្លួនជនដៃដល់ដែលបាញ់សម្លាប់កម្មករចំនួន ៤នាក់ កាលពីដើមខែមករា យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយទាមទារឲ្យដោះលែងមនុស្សចំនួន ២៣នាក់ ដែលសមត្ថកិច្ចកំពុងឃុំខ្លួននៅគុកត្រពាំងផ្លុង ខេត្តកំពង់ចាម ឲ្យមានសេរីភាពឡើងវិញ។
លោក ប៊្រែដ អាដាម៖ «រដ្ឋាភិបាលត្រូវតែដោះលែងពួកគេជាបន្ទាន់ ពីព្រោះអ្នកដែលត្រូវបានគេឃុំខ្លួន នោះសុទ្ធតែជនស្លូតត្រង់។ មានសេចក្ដីរាយការណ៍មកថា ពួកគេត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងមួយក្នុងខេត្តកំពង់ចាម ក្បែរព្រំដែនវៀតណាម ដែលជាកន្លែងមួយលំបាកចូលទៅដល់។ ហេតុអ្វីបានជាកន្លងមកអាជ្ញាធរលាក់កំបាំងពួកគេ? ដោយសារអ្នកទាំងនោះទទួលរងនូវអំពើទារុណកម្ម ឬមួយការធ្វើបាបផ្សេងៗ ដែលយើងមិនបានដឹង?»។
ក្នុងចំណោមមនុស្សទាំង ២៣នាក់ ដែលកំពុងឃុំឃាំងនៅក្នុងគុកត្រពាំងផ្លុង មានអ្នកការពារសិទិ្ធមនុស្សចំនួន ៣នាក់ គឺលោក វន់ ពៅ លោក ថេង សាវឿន និងលោក ច័ន្ទ ពុទ្ធិស័ក។ មនុស្សចំនួន ៨នាក់ក្នុងចំណោម ២៣នាក់ រួមទាំងអនីតិជនដែលសមត្ថកិច្ចកំពុងឃុំខ្លួននៅមណ្ឌលកែប្រែ ម៣ ឬហៅថាគុកត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម ជាប់ទល់ដែនវៀតណាមនោះ កំពុងមានសុខភាពទន់ខ្សោយ ស្លេកស្លាំងយ៉ាងទ្រុឌទ្រោម។ អាជ្ញាធរទើបតែអនុញ្ញាតឲ្យគ្រួសាររបស់ពួកគេចូលសួរសុខទុក្ខបន្ទាប់ពីបានឃុំខ្លួនជិតមួយអាទិត្យមកហើយនោះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ ថ្លែងថា មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា រដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការស៊ើបអង្កេតមួយទៅលើការបាញ់ប្រហារកម្មករចំនួន ៤នាក់នោះ។
ចំណែកមនុស្សជាង ២០នាក់ ដែលសមត្ថកិច្ចបានចាប់ខ្លួនពីការតវ៉ានៅសង្កាត់កំបូលនោះ ត្រូវក្រុមគ្រូពេទ្យរកឃើញថា មានសារជាតិញៀននៅក្នុងខ្លួន ហើយថា សមត្ថកិច្ចក៏មិនបានលាក់បំពួនអ្នកទាំងនោះដោយសម្ងាត់ទេ។
មន្ត្រីស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុ (ADHOC) លោក ចាន់ សុវ៉េត មានប្រសាសន៍ថា ការបាញ់សម្លាប់កម្មករ និងការឃុំឃាំងខ្លួនមនុស្សទាំង ២៣នាក់ គឺជាការរំលោភសិទ្ធមនុស្សធ្ងន់ធ្ងរ។
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ កងកម្លាំងយោធាឆត្រយោងលេខ ៩១១ ប្រមាណ ៦០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ដឹកនាំដោយលោក ចាប ភក្តី រួមជាមួយកម្លាំងប៉ូលិសប្រមាណ ៥០នាក់ បន្ថែមទៀត បានធ្វើការបង្ក្រាបទៅលើក្រុមកម្មកររោងចក្រ យ៉ាក ជីន (Yak Jin) យ៉ាងធ្ងន់ធ្ងរ។
ក្នុងព្រឹត្តិការណ៍បង្ក្រាបនោះ ក្រុមយោធារបស់រដ្ឋាភិបាលបានវាយធ្វើបាបសម្រាតស្បង់ជីពរព្រះសង្ឃ វាយកម្មករជាច្រើនឲ្យរបួស និងចាប់ខ្លួនមនុស្សចំនួន ២៣នាក់ឃុំខ្លួនថែមទៀត។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក ប៊្រែដ អាដាម អះអាងថា លោក ចាប ភក្តី ជាទាហានដ៏សាហាវម្នាក់ដែលលោកបានស្គាល់ជាយូរមកហើយ។ ហើយថា លោក ចាប ភក្តី តែងរួចផុតពីសំណាញ់ច្បាប់មិនដែលទទួលខុសត្រូវចំពោះអំពើហិង្សាដែលខ្លួនបានប្រព្រឹត្តនោះឡើយ។
មូលដ្ឋានទ័ពឆត្រយោងលេខ ៩១១ ដឹកនាំដោយលោក ចាប ភក្តី ដែលមានមូលដ្ឋាននៅកំបូល ធ្លាប់ជាកន្លែងធ្វើទារុណកម្មរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅលើកងទ័ពរាជានិយមគណបក្សហ៊្វុនស៊ិនប៉ិច កាលពីខែកក្កដា ឆ្នាំ១៩៩៧។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាម ទម្លាក់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ នៅពេលនោះ កងទ័ពរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ បានចាប់កងទ័ពរាជានិយមហ៊្វុនស៊ិនប៉ិច ជាច្រើននាក់ ទៅឃុំនៅទីកន្លែងផ្សេងៗគ្នា។ របាយការណ៍នោះបង្ហាញថា ឧត្ដមសេនីយ៍យោធា សៅ សុផល ពីខាងគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានសម្លាប់ចោលដោយអង្គភាពទ័ពឆត្រយោងលេខ ៩១១ ដែលដឹកនាំដោយលោក ចាប ភក្តី នេះដែរ។
វិទ្យុអាស៊ីសេរីមិនអាចសុំសេចក្ដីអត្ថាធិប្បាយពីលោក ចាប ភក្តី បានទេ ជុំវិញការចោទប្រកាន់ទាំងនេះ។
នៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ អំពើហិង្សារបស់កងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលទៅក្រុមអ្នកតវ៉ាបានបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសធ្ងន់ធ្ងរជាបន្តបន្ទាប់ ដូចជាករណីយុវជនម្នាក់ស្លាប់នៅក្បែរស្ពានក្បាលថ្នល់ ករណីស្ត្រីលក់បាយម្នាក់ស្លាប់នៅក្បែរវត្តស្ទឹងមានជ័យ និងករណីកម្មករបួននាក់ស្លាប់នៅលើផ្លូវវ៉េងស្រេង ដែលទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ ហើយដែលរហូតមកទល់ពេលនេះអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា មិនទាន់បាននាំខ្លួនជនដៃយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយ។
ក្រុមហ៊ុនល្បីៗនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដូចជា ហ្គេប (Gap) អាឌីដាស់ (Adidas) ភូម៉ា (Puma) និង អេច្ឆ អែន អឹម (H&M) បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តំណាងរោងចក្រ និងសហជីព ត្រូវបន្តចរចាដោយស្មោះត្រង់ដើម្បីដោះស្រាយបញ្ហាប្រាក់ខែគោល។
ក្រុមហ៊ុនទាំងនេះបានជំរុញឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់អំពើហិង្សាដើម្បីឲ្យកម្មករអាចចូលធ្វើការងារវិញបានដោយគ្មានការភ័យខ្លាច។ ក្រុមហ៊ុនទាំងនោះក៏បានគាំទ្រចំពោះយន្តការស្វែងរកដំណោះស្រាយកំណត់ប្រាក់ខែគោលគោរពទៅតាមលក្ខខណ្ឌអន្តរជាតិ ដើម្បីកាត់បន្ថយជម្លោះការងារ។
ក្រៅពីការរិះគន់របស់ក្រុមហ៊ុនសំលៀកបំពាក់នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ក្រុមមន្ត្រីនៃបណ្ដាប្រទេសមហាអំណាចជាច្រើនក៏បានខឹងសម្បាយ៉ាងខ្លាំងចំពោះការបាញ់ប្រហារកម្មករដែលគ្រាន់តែទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារដើម្បីរស់នោះ។
ក្រុមមន្ត្រីអង្គការសហប្រជាជាតិ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន (Washington) និងរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ បានថ្កោលទោសកងកម្លាំងរដ្ឋាភិបាលក្នុងការតបតដោយហិង្សាយ៉ាងកម្រោលទៅក្រុមកម្មករ ក៏ដូចជាការបណ្ដេញក្រុមបាតុកររបស់បក្សជំទាស់ចេញពីទីលានប្រជាធិបតេយ្យជាដើម។
សហគមន៍អន្តរជាតិបានរិះគន់យ៉ាងខ្លាំងចំពោះការប្រើកម្លាំងជ្រុលហួសហេតុរបស់រដ្ឋាភិបាលមកលើកម្មករមិនមែនជាចម្លើយក្នុងការដោះស្រាយជម្លោះខាងផ្នែកសេដ្ឋកិច្ចនោះឡើយ។
ចំណែកតំណាងរាស្ត្រពីខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋកាលីហ្វ័រញ៉ា (California) លោក អេដ រ៉យ (Ed Royce) និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិក បានចេញសេចក្ដីប្រកាសព័ត៌មានមួយនៅដើមសប្ដាហ៍នេះ ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននាំនាវារបស់កម្ពុជា ជិតធ្លាក់ចូលទៅក្នុងជ្រោះដ៏សែនជ្រៅ។
លោកបន្តថា លោក ហ៊ុន សែន មិនត្រឹមព្យាយាមធ្វើឲ្យបក្សប្រឆាំងចុះទន់ខ្សោយប៉ុណ្ណោះទេ ប៉ុន្តែឥឡូវបានសម្លាប់ក្រុមបាតុករដែលធ្វើការទាមទារដោយសន្តិវិធីថែមទៀត។
សេចក្ដីថ្លែងរបស់លោក អេដ រ៉យ បន្តថា វាដល់ពេលហើយដែលការក្ដោបក្ដាប់អំណាចរយៈពេលបីទសវត្សរបស់លោក ហ៊ុន សែន ត្រូវតែបញ្ចប់ ហើយចុះចេញពីតំណែងតែម្ដង ពីព្រោះប្រជាពលរដ្ឋកម្ពុជា ស័ក្ដិសមទទួលជោគវាសនារបស់ខ្លួនល្អជាងនេះឆ្ងាយទៅទៀត៕
7 comments:
THIS NGO when, thai soldiers, thai polices hit & shoot khmer peoples no one dared to sue or asked for justify..
—-
Khmer peoples when thai soldiers, thai polices- hit & shoot, no one dare to sue or complained to UN ICC or thai king….
How the hell you asking the Gangster to investigate the gangster? You ain't going to find the killer.
My solution. ..get rid ah Hun Sen ...everything is solved. .the mother f****ker of all problem caused....Ah Siam and Ah youn take advantage of Cambodia while ah traitor Hun Sen deceives/ blindly runs the government. New Year wishes for ah Hun Sen die by helicopter crash .khmer protesters only demand $160 wage rise..ah traitor Hun Sen organized military police to shoot and kill.
when the elephants fight the ants die..
Im sicking tire of ah motherfucker cpp slave to the dog eater that the reason I never want to visige my sweethome Cambodian
Yep, ah Hun Sen is the problem.
The whole world is condemning the barbaric attacks by Hun Sen on people. Only a few belonging to the Hun Sen clan don't condemn him. Instead, they praise him. Well, barbarians like to hang out with barbarians.
refer to 2:25am,we cant sue thais police or soldiers because our people go to their land ilegally.if somebody go to your house what will you do? in our country deference case we just asked for better living and shooting us,how grazy stupid dogs do to our people bloodie youn-veit
Post a Comment