![]() |
| លោក Laurent Fabius រដ្ឋមន្ត្រីការបរទេសបារាំង RFI |
រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាចរចាជាមួយបក្សប្រឆាំងដើម្បីដោះស្រាយបញ្ហា។ ប្រមុខការទូតក្រុងប៉ារីសក៏បានព្រមានឲ្យបញ្ចៀសភាពតានតឹងដែលអាចឈានទៅរកការប្រទូសរ៉ាយគ្នាផងដែរ។ ការអំពាវនាវនេះបានធ្វើឡើងខណៈដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាកំពុងបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ។
ប្រទេសបារាំងសូមអំពាវនាវឲ្យមានការចរចាគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើតមានយ៉ាងខ្លាំងនៅកម្ពុជា។ នេះជាប្រកាសដោយផ្ទាល់មាត់របស់លោក Laurent Fabius រដ្ឋមន្ត្រីការបរទេសបារាំងកាលពីថ្ងៃអង្គារនៅនៅចំពោះមុខសមាជិកសភាបារាំង។ ប្រមុខការទូតបារាំងបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉ារីសកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះចំណាត់ការនានារបស់អាជ្ញាធរកម្ពុជា។
សម្រាប់លោក Laurent Fabius គ្មានដំណោះស្រាយណាក្រៅពីការប្រើប្រាស់យន្តការប្រជាធិបតេយ្យនោះឡើយ។ រដ្ឋមន្ត្រីការបរទេសបារាំងក៏បានបញ្ជាក់ទៀតថា រដ្ឋាភិបាលក្រុងប៉ារីសនឹងមិនគាំទ្រទង្វើទាំងឡាយណាដែលនាំដល់ការប្រទូសរ៉ាយដាក់គ្នាឡើយជាពិសេសការប្រទូសរ៉ាយដែលបង្កឡើងដោយអាជ្ញាធរ។ យ៉ាងណាក៏ដោយ ប្រមុខការទូតបារាំងបានអះអាងថា បារាំងស្ថិតនៅជាមួយប្រជាជនកម្ពុជាជានិច្ចពីព្រោះវប្បធម៌ និងប្រវត្តិសាស្ត្របានចងភ្ជាប់ប្រទេសទាំងពីរដែលបារាំងមិនអាចបោះបង់ប្រជាជនកម្ពុជាបានឡើយ។
ប្រតិកម្មរបស់ទីក្រុងប៉ារីសបានកើតឡើងខណៈដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ ជម្លោះនយោបាយក្រោយការបោះឆ្នោតដែលបានអូសបន្លាយជាច្រើនខែមកនេះបានឈានដល់ផ្ទុះអំពើហិង្សា។ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនទៅបំភ្លឺកាលពីថ្ងៃទី ១៤ មករា ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
យ៉ាងណាក៏ដោយ ស្ថានការណ៍នយោបាយនៅកម្ពុជាទំនងជាកំពុងឈានទៅរកភាពល្អប្រសើរវិញហើយនៅពេលនេះ។ ការអំពាវនាវរបស់ប្រទេសបារាំងក៏ដូចជាសហគមន៍អន្តរជាតិ និងសាធារណៈមតិជាតិដែរ ឲ្យគណបក្សទាំងពីរចូលតុចរចាគឺជាសារបញ្ជាក់ថា ដល់ពេលដែលអ្នកនយោបាយខ្មែរត្រូវបញ្ចប់បញ្ហារបស់ខ្លួនហើយ៕

1 comment:
there is a saying here in the US '' guns don't kill people , people kill people [ with gun, knife , sword or rope ]
Post a Comment