A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 17 December 2013

The opposition CNRP are determined to protest until they receive victory [which is to topple Hun Sen from power] បទ​យកការណ៍​៖​ បាតុករ​សង្គ្រោះ​ជាតិ​ប្តេជ្ញា​ធ្វើ​បាតុកម្ម​ទាល់តែ​ទទួលបាន​ជ័យជម្នះ​

ដោយ៖​ ថុល ស្រីលក្ខណ៍ និង​អ៊ឹង ប៊ុនថន​ | ថ្ងៃអង្គារ៍ ទី17 ខែធ្នូ ឆ្នាំ2013 |VOD

បាតុករគណបក្ស​សង្គ្រោះជាតិ​ សម្រាកនៅ​ទីលានប្រជា​ធិបតេយ្យ (រូបថត ពេជ្រ សុធារី)
​នៅលើ​ទីលាន​ប្រជាធិបតេយ្យ នា​រាជធានី​ភ្នំពេញ វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៣ ពលរដ្ឋ​រាប់ពាន់នាក់ មាន លោកយាយ លោកតា និង មនុស្ស​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ បាន​សម្រាក​លើ​កៅស៊ូ​តង់ អ្នកខ្លះ​ទៀត​កំពុង​ទទួល​ទាន​បាយ​កញ្ចប់ ដែល​សប្បុរសជន​យកមក​ចែកជូន ហើយ​អ្នក​ខ្លះ​​ទៀត​​កំពុង​​រៀប​ចំ​​អីវ៉ាន់ ត្រលប់​​ទៅ​​ផ្ទះ​​វិញ​។ ចំណែក យុវជន យុវនារី​ខ្លះ កំពុង​ប្រមូលផ្តុំ​គ្នា​នៅខាងមុខ​ឆាក​ប្រគំ​តន្ត្រី ដែល​មាន​វត្តមាន ប្រធាន និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា​។  ពួកគេ​បាន​​ច្រៀង រាំ ហ៊ោ​​កញ្ជ្រៀវ ប្តេជ្ញា​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​​តំណែង និង​បោះឆ្នោត​ឡើងវិញ​។​
​ការ​ហែ​ក្បួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លើក​នេះ មាន​ភាពល្អប្រសើរ ផ្ទុយ​ពី​ការធ្វើ​បាតុកម្ម កាលពី​ខែ​កញ្ញា ដែល​សមត្ថកិច្ច បាន​រារាំង​ដោយ​បិទផ្លូវ​សំខាន់ៗ​​មួយ​ចំនួន បង្ក​​ផ្ទុះ​ហិង្សា​​នៅ​ក្បែរ​ស្ពាន​ក្បាលថ្នល់ ធ្វើឲ្យ​យុវជន​​ម្នាក់​​ឈ្មោះ ម៉ៅ សុខ​ច័ន្ទ ត្រូវបាន​​បាញ់​សម្លាប់ និង​ពលរដ្ឋ​ជាង១​០​នាក់​រង​របួស​​ធ្ងន់ និង​ស្រាល។ ពលរដ្ឋ​៦​នាក់​ត្រូវបាន​ចាប់​ឃុំ​ខ្លូន ​ពី​បទ​ប្រើ​ហិង្សា​ទៅ​លើ​សមត្ថកិច្ច​ដោយ​ចេតនា និង​ធ្វើឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ តែ​សមត្ថ​កិច្ច​​មិន​ទាន់​ចាប់​ជនល្មើស​ដែល​បាញ់សម្លាប់​ពលរដ្ឋ​នោះ មក​ផ្តន្ទាទោស​នៅឡើយ ៖
​សម្រាប់​បាតុកម្ម​លើក​នេះ ទិដ្ឋភាព​នៅ​ក្បែរ​ទីលាន​ប្រជាធិប​តេយ្យ គឺ​ខ្វះ​បង្គន់​អនាម័យ អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅពេល​យ​ប់ និង​មាន​ភ្លៀង​ផង​ បាន​ញាំញី​បន្ថែម​ទៅលើ​ភាព​នឿយ​ហត់​របស់​បាតុករ ដែល​ភាគច្រើន​មកពី​បណ្តា​ខេត្ត​។ បាតុករ​មួយចំនួន ​ធ្លាក់ខ្លួន​ឈឺ តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ដោយសារ​មាន​​ពេទ្យ​​ប្រចាំ​ការ និង​ក្រុម​សង្គម​ស៊ីវិល​ចុះ​ឃ្លាំមើល​ជាប្រចាំ​។
​ទោះជា​​លំបាក​យ៉ាងនេះក្តី តែ​ក្រុម​បាតុករ​មិន​ចុះចាញ់​នោះទេ គឺ​នៅ​តែ​មក​ធ្វើបាតុកម្ម​តាម​ការអំពាវនាវ​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។​
សម្បុរ​ខ្មៅ ហើម​មុខ ហើយ​​ជង្គង់​ទាំង​២​របស់​​គាត់​រលាត់ស្បែក​ផង​​នោះ អ្នកស្រី មួង ប៉ិច ត្រូវ​បាន​កូន​គាត់​គ្រា​ដើរចេញ​ពី​ទីលាន​ប្រជាធិតេយ្យ​ត្រឡប់​​ទៅ​ផ្ទះ នៅ​ស្រុក​​ល្វាឯម ខេត្ត​កណ្តាល​។
​ស្ត្រី​វ័យ​ជាង​៨០​ឆ្នាំ​រូប បាន​ពោល​ពាក្យ​មួយៗ​ថា គាត់​ឈឺ​ជើង​នេះ ដោយសារ​ដួល​នៅ​ពេល​ដើ​រហែ​ក្បួន កាលពី​ថ្ងៃអាទិត្យ​។ ទោះជា​យ៉ាងណា លោក​យាយ ថ្លែង​ថា ការឈឺចាប់​ដោយ​​សារ​​ជំងឺ របួស និង​ភាពក្រីក្រ​របស់​គាត់​នៅពេលនេះ គឺ​នៅ​តិចជាង​ការឈឺចាប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​រងគ្រោះ​ដោយ​សារ​ការរំលោភ​យក​ដី​ពី​សំណាក់​អ្នកមានអំណាច​នោះទេ​ ៖ “​បឹងកក់ សំបុក​ចាប ខ្ញុំ​លឺ​ស្រែកយំ​អណោច​អធ​មណាស់ ខ្ញុំ​មាន​ការឈឺចាប់​ណាស់​ខ្ញុំ​មក​ទាំង​ឈឺ ខ្ញុំ​ឈឺចាប់​ណាស់​ធ្វើបាប​ខ្មែរ ស្រឡាញ់​សាសន៍​គេ​ធ្វើបាប​ខ្មែរ​គ្នា​ឯង ប្ដេជ្ញា​ថា​ខ្ញុំ​មក​លុះត្រាតែ​ដួល​នៅ​ហ្នឹង​កន្លែង​ទីលាន​ប្រជាធិបតេយ្យ​ បើ​មិន​អញ្ចឹង​ខ្ញុំ​នៅ​តែ​មក មក​ទាល់តែ ហ៊ុន សែន ចុះ បើ ហ៊ុន សែន មិន​ចុះ​ខ្ញុំ​នៅ​តែ​មក ការ​ដែល​ឈឺចាប់​នេះ ឈឺ​ជាង​ខ្ញុំ​ឈឺ​ជើង​ទៀត​” ។​
​បន្ទាប់ពី​ក្បួន​ដង្ហែរ​បាន​ត្រឡប់​មក​ដល់​ទីលាន​ប្រជាធិប​​តេយ្យ​​វិញ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​ទៅកាន់​ក្រុម​បាតុក​រថា លោក​​នឹង​ប្តូរ​យុទ្ធសាស្ត្រ ដង្ហែ​​ក្បួន​ជា​រៀង​រាល់ថ្ងៃ​រហូត​គ្រប់​រយៈពេល​៣​ខែ ដើម្បី​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ចុះ​ចេញពី​តំណែង និង​បោះ​ឆ្នោត​​ជាថ្មី ៖“​ដូច្នេះ​យើង​ចង់​ផ្លាស់ប្ដូរ​កម្មវិធី ហើយ​យើង​ដើរ​ដង្ហែ​ក្បួន​គ្រាប់​សព្វ​គ្រប់បែបយ៉ាង​ទាំងអស់​ឲ្យ​សប្បាយ សប្បាយ​នាំសារ​នេះ ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ ៗ​ៗ [​សម្លេង​បន្ទរ​] ” ។​
​ពិការ​​ភ្នែក​ទាំង​សងខាង​ដោយសារ​​ជំងឺ កំពុង​អង្គុយ​បត់​ជើង បែរមុខ​ទៅ​ឆាក​តន្ត្រី​ស្តាប់​ប្រសាសន៍​​របស់​ថ្នាក់ដឹកនាំ លោក អ៊ុំ សុខ មកពី​ខេត្ត​កំពង់ស្ពឺ ថ្លែង​ថា គាត់​ពិការភ្នែក តែ​ចិត្ត​នោះទេ​។ លោក​ថា គាត់​ចង់ឲ្យ​មេដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ចុះចេញ​ពី​តំណែង និង​បោះឆ្នោត​ជាថ្មី ព្រោះ​រដ្ឋាភិបាល​នេះ មិន​បាន​ផ្តល់​ភាព​កក់ក្តៅ​ដល់​គាត់​ជា​ជនពិការ​ក្រីក្រ​នោះ​ទេ​ ៖ “​វាមានការព្រួយបារម្ភថា ព្រៃឈើយើងក៏អស់​ សម្បតិ្ដវប្បធម៌ជាតិយើងក៏វាអស់ ចឹងហើយគេចង់ថា ដើម្បីឲ្យមាន​យុត្ដិធម៌​ឡើងវិញណាក្មួយ ចឹង​បានឲ្យ​បោះ​ឆ្នោត​ឡើង​វិ​ញ ហើយនឹងទាមទារ​សន្លឹកឆ្នោតដែលខ្ញុំខំបោះហ្នឹង​ ដែលប្រជាជនខំបោះនឹង​ឲ្យបានមកវិញ​” ។​
​ភាគច្រើន​នៃ​បាតុករ​ទាំងនោះ​ជា​កសិករ មកពី​ខេត្ត​ជិតៗ រាជ​ធានី​ភ្នំពេញ ហើយក៏​មាន​មួយចំនួន​ទៀត​​មកពី​ខេត្ត​ឆ្ងាយៗ ដូច​ជា​ ខេត្ត​បាត់ដំបង សៀម​រាប ព្រះ​វិហារ និង​រតនគិរី​ជា​ដើម​​។
​ជនជាតិ​ភាគ​ដើម​ភាគតិ​ចគ្រឹង លោក រ៉ា​ន់ សៃ​សឿន មកពី​ភូមិ​តា​វែង ស្រុក​តា​វែង ខេត្ត​រតនគិរី និយាយថា ពួកគាត់​ត្រូវ​ចំណាយលុយ​២០​ម៉ឺន​រៀល ដើម្បី​​ធ្វើដំណើរ​មក​ចូលរួម​មហា​បាតុកម្ម​នៅ​ភ្នំពេញ​នេះ​។ លោក​ថា លុយ​នេះ​ច្រើន​ណាស់​​សម្រាប់​គាត់​ជា​អ្នកស្រែ តែ​គាត់​មិន​អាច​ទ្រាំ​រស់នៅ​ក្នុង​តំបន់​ព្រៃ​ភ្នំ ដែល​ត្រូវបាន​ក្រុមហ៊ុន និង​អាជ្ញាធរ​មាន​អំណាច​គាប​សង្កត់​នោះទេ ៖ "បើ​អង្គការ​សហ​ប្រជា​ជាតិ​មិន​ជួយ​ទេ អញ្ចឹង​សម្ប​ទាន​ដី​ ៩៩​ឆ្នាំ​ហ្នឹង ពិត​ជា​ ព្រៃ​ឈើ​ ដីធ្លី​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ ក៏​ដូច​បង​ប្អូន​ខ្មែរ​ទូ​ទាំង​ប្រទេស វា​នឹង​ត្រូវ​រលត់​រលាយ​អស់ កូន​ចៅ​យើង​ថ្ងៃ​ក្រោយ​វា​អត់​ស្គាល់​ទេដើម​ឈើ ស្គាល់​តែ​ដីកៅស៊ូ ហើយ​ដី​​ធ្វើ​ស្រែ​ចម្ការ​ក៏​អស់​ទៀត"។
​ជនជាតិ​ភាគ​ដើម​តិច​ព្រៅ មកពី​ភូមិ​កា​ទៀង ឃុំ​ល្បាស់​១ ស្រុក​លំផាត់ ខេត្ត​​រតនគិរី លោក កែវ សណ្តូយ រៀបរាប់ថា គាត់​ត្រូវ​ទុក​ការងារ​ស្រែ​ចម្ការ​​ឲ្យ​អ្នក​​ផ្ទះ​​ធ្វើ ហើយ​គាត់​មក​ចូល​រួម​ធ្វើ​បាតុកម្ម​នេះ ព្រោះ​មិន​ពេញចិត្ត​នឹង​មន្ត្រី​រដ្ឋាភិបាល​ដែល​ចុះ​​វាស់ដី​យកពន្ធ ពី​ប្រជា​សហគមន៍​ក្នុង​១​ហិកតា ១៥​ម៉ឺន​រៀល​។ លោក​ថា ប្រជាពលរដ្ឋ​មិន​មាន​លទ្ធភាព​បង់​ជូន​រដ្ឋ​នោះ​​ទេ ដូច្នេះ​មានតែ​ប្តូរ​មេដឹកនាំ​​ដដែល​នេះ​ចេញ​ ៖ "រដ្ឋភិបាល​ ហ៊ុន សែន​ ទេ ខ្ញុំ​ឃើញ​ពិត​ណាស់ ដែល​បង្ខំ​ចិត្ត​​រាង​កាយ​ប្រ​ជា​ពលរដ្ឋ​ហ្នឹង ឲ្យ​គោរព​​វិន័យ​គេ ឲ្យ​គោរព​ច្បាប់​គេ ហើយ​បង្ខំ​ចិត្ត​គេ​ បង់​ពន្ធ​ដីធ្លីអី​អញ្ចឹង"។
​ទោះជា​គណបក្ស​សង្គ្រោះ​ជាតិ និង​បាតុករ​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​​កម្ពុជា ប្រមាណ ៣០​ឆ្នាំ​មកហើយ​​នោះ​​ក្តី តែ​មន្ត្រី​បក្ស​កាន់​អំណាច លើកឡើងថា ការ​ដឹក​នាំ​របស់​ខ្លួន​មាន​ការគាំទ្រ​ពីប្រ​ជា​ពលរដ្ឋ​តាមរយៈ​ការបោះឆ្នោត​។​
​ប៉ុន្តែ​ការបោះឆ្នោត​កន្លងមក ត្រូវបាន​អ្នកឃ្លាំមើល​​វាយ​តម្លៃថា មិនទាន់​មាន​យុត្តិធម៌​ទេ​។ កត្តា​នេះ​​ហើយ​ ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​មហា​បាតុ​កម្ម រយៈពេល​៣​ខែ​ចាប់តាំងពី​ថ្ងៃ​ទី​១៥​ខែ​ធ្នូ ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចុះចេញ​​ពី​​តំណែង និង​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​សារជាថ្មី​។ ក្រុម​បាតុករ​ខ្លះ​ប្តេជ្ញា​ថា ពួកគាត់​និង​បន្ត​ធ្វើ​បាតុកម្ម​រហូត​ទាល់តែ​ទទួលបាន​ជ័យ​ជំនះ ឲ្យតែ​ពួក​គាត់​នៅ​មាន​ជីវិត​​ ៖"​នៅ​ចូល​រួម​​ដដែល​រហូត​ បើថា​អ៊ុំ​ហ្នឹង​​បាត់​បង់ជីវិត​ទៅ អាហ្នឹង​មិន​ដឹង​ថា​ម៉េច​ទេ"៕

សូមសរសេរមកកាន់ អ្នកនាង ថុល ស្រី​លក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

No comments: