A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 4 December 2013

Does Cambodia need a bloated government cabinet? តើ​កម្ពុជា​ពិត​ជា​ត្រូវ​ការ​គណៈរដ្ឋមន្ត្រី​ក្បាល​ធំ​ហួស​មាឌ​មែន​ឬ​ទេ?

ទំហំ​នៃ​សមាជិក​រដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៥ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស​ក្នុង​ឆ្នាំ​២០១៣ នេះ កាន់​តែ​រីក​ធំ​ឡើងៗ។ បើ​ប្រៀបធៀប​ទៅ​ប្រទេស​ចិន និង​ប្រទេស​ថៃ ដែល​មាន​ប្រជាជន​ច្រើន​ជាង​កម្ពុជា ឆ្ងាយ​នោះ គណៈរដ្ឋមន្ត្រី​កម្ពុជា មាន​សមាជិក​ច្រើន​ជាង​ប្រទេស​ទាំង​ពីរ​នេះ​ឆ្ងាយ​ណាស់។
ដោយ ជី វិតា 2013-12-04
វិមាន​សន្តិភាព ៦១០
វិច្ឆិកា-២០១២៖ អគារការិយាល័យនាយករដ្ឋមន្ត្រីដែលមានឈ្មោះថា "វិមានសន្តិភាព" ស្ថិតនៅក្នុងរាជធានីភ្នំពេញ។
RFA/Mom Sophon
តើ​កម្ពុជា​ពិត​ជា​ត្រូវ​ការ​គណៈរដ្ឋមន្ត្រី​ក្បាល​ធំ​ហួស​មាឌ​ដូច្នេះ​មែន​ឬ​ទេ?
បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ី កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​ក្បាល​ធំ ប៉ុន្តែ​មាន​មាឌ​តូច។ អាច​និយាយ​ម៉្យាង​ទៀត​ថា កម្ពុជា​តូច​មែន​ពិត​តែ​សម្បូរ​ទៅ​ដោយ​អ្នក​ដឹកនាំ​ដែល​មិន​សូវ​ឃើញ​ចូល​និវត្តន៍​សោះ បើ​ទោះ​ជា​ដល់​អាយុ​ហើយ​ក្តី។ នេះ​គ្រាន់​តែ​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ដទៃ​ទៀត ដែល​ធ្វើ​អោយ​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា មាន​ចំនួន​ច្រើន​ហួស​រហូត​លើស​ចំនួន​សមាជិក​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​ទៅ​ទៀត។
ទាំង​ទំហំ និង​ប្រជាជន​កម្ពុជា ពិត​ជា​តូច​ជាង​ប្រទេស​ចិន ឆ្ងាយ​ណាស់។ យោង​តាម​ការ​ប៉ាន់ស្មាន​របស់​អង្គការ​សហប្រជាជាតិ គិត​មក​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៣​ ប្រទេស​កម្ពុជា មាន​ប្រជាជន​ជាង ១៥​លាន​នាក់។ រី​ឯ​ប្រទេស​ចិន​វិញ គិត​មក​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១៣​នេះ មាន​ប្រជាជន​ជាង ១.៣៦១​លាន​នាក់។
ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន បាន​កំណត់​មន្ត្រី​រាជការ​ប្រភេទ​ណា​ដែល​ត្រូវ​ចាត់​ចូល​ជា​សមាជិក​គណៈរដ្ឋមន្ត្រី ឬ​សមាជិក​រដ្ឋាភិបាល។
សម្រាប់​ប្រទេស​កម្ពុជា សមាសភាព​របស់​គណៈរដ្ឋមន្ត្រី​មាន​ចែង​នៅ​ក្នុង​មាត្រា ១១៨​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ថា៖ គណៈរដ្ឋមន្ត្រី​ជា​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ គណៈរដ្ឋមន្ត្រី ត្រូវ​បាន​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​មួយ​រូប អម​ដោយ​ឧបនាយក​រដ្ឋមន្ត្រី ព្រម​ទាំង​មាន​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ
សមាជិក​គណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​នៃ​អាណត្តិ​ទី​៥​នេះ សរុប​ទាំង​អស់​មាន​ជាង ២៣០​រូប។ នេះ​បើ​រាប់​បញ្ចូល​ទាំង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ចំនួន ១៣​រូប​ដែល​មិន​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។
ដូច​ប្រទេស​ចិន​ដែរ ប្រទេស​កម្ពុជា​មាន​នាយករដ្ឋមន្ត្រី ១​រូប ដូច​គ្នា។ ប៉ុន្តែ នៅ​ខណៈ​ប្រទេស​ចិន មាន​ឧបនាយករដ្ឋមន្ត្រី ៥​រូប កម្ពុជា​មាន ៩​រូប។ ប្រទេស​ចិន មាន​មន្ត្រី​ក្រុម​ប្រឹក្សា​រដ្ឋ ឬ​ទេសរដ្ឋមន្ត្រី​ចំនួន ៥​រូប កម្ពុជា​មាន​ទេស​រដ្ឋមន្ត្រី​ចំនួន ១៥​រូប។ ប្រទេស​ចិន មាន​ក្រសួង​ចំនួន ២៥ ចំណែក​ប្រទេស​កម្ពុជា មាន​ក្រសួង​ចំនួន ២៩ ស្មើ​នឹង​មាន​រដ្ឋមន្ត្រី​ចំនួន ២៩​រូប​ដែរ។
តាម​ការ​ជាក់​ស្ដែង បើ​ទោះ​ជា​រដ្ឋាភិបាល​ចិន មាន​អនុរដ្ឋមន្ត្រី ឬ​រដ្ឋលេខាធិការ​ក៏​ដោយ ក៏​រដ្ឋធម្មនុញ្ញ​ចិន មាត្រា ៨៥ មិន​បាន​ចែង​អំពី​អនុរដ្ឋមន្ត្រី​ឡើយ។ នៅ​កម្ពុជា​វិញ រដ្ឋធម្មនុញ្ញ​បាន​ដាក់​បញ្ចូល​រដ្ឋលេខាធិការ ឬ​អនុរដ្ឋមន្ត្រី ទៅ​ក្នុង​បញ្ជី​សមាជិក​គណៈរដ្ឋមន្ត្រី។ សម្រាប់​អាណត្តិ​ទី​៥​នេះ សមាជិក​គណៈរដ្ឋមន្ត្រី​មាន​រដ្ឋលេខាធិការ​សរុប​ជាង ១៨០​រូប។ ក្រសួង​ដែល​មាន​ចំនួន​រដ្ឋលេខាធិការ​ច្រើន​ជាង​គេ គឺ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គឺ​មាន​រហូត​ដល់​ជិត ២០​នាក់។ បន្ទាប់​មក គឺ​ក្រសួង​មហាផ្ទៃ ដែល​មាន​រដ្ឋលេខាធិការ​ចំនួន ១០​រូប និង​បន្ទាប់​មក​ទៀត គឺ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិសម្បទា ដែល​មាន​រដ្ឋលេខាធិការ​ចំនួន ៨​រូប។
បើ​ប្រៀបធៀប​ទៅ​ប្រទេស​ថៃ​វិញ សមាជិក​គណៈរដ្ឋមន្ត្រី​កម្ពុជា នៅ​តែ​មាន​ច្រើន​ជាង​គណៈរដ្ឋមន្ត្រី​ថៃ។ មក​ដល់​ឆ្នាំ​២០១៣​នេះ ប្រទេស​ថៃ មាន​ប្រជាជន​ចំនួន​ជាង ៦៧​លាន​នាក់ និង​មាន ៧៦​ខេត្ត។ អំពី​ប្រព័ន្ធ​នយោបាយ​វិញ ដូច​កម្ពុជា​ដែរ ប្រទេស​ថៃ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​មាន​ព្រះមហាក្សត្រ​គ្រង​រាជ។
រដ្ឋធម្មនុញ្ញ​ថៃ ឆ្នាំ​២០០៧ មាត្រា ១៧១ ចែង​ថា គណៈរដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​ថៃ ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ថៃ ១​រូប ​អម​ដោយ​រដ្ឋមន្ត្រី ដែល​មិន​អោយ​លើស​ពី ៣៥​រូប​ឡើយ។ ប្រទេស​ថៃ មាន​ក្រសួង​ចំនួន ២០ ស្មើ​នឹង​មាន​រដ្ឋមន្ត្រី​ចំនួន ២០​រូប។ ចំណែក​សមាជិក​គណៈរដ្ឋមន្ត្រី ដែល​នៅ​សល់​ចំនួន ១៥​រូប​ទៀត ត្រូវ​បាន​តែងតាំង​ធ្វើ​ជា​ឧបនាយករដ្ឋមន្ត្រី ឬ​ជា​អនុរដ្ឋមន្ត្រី ដែល​នៅ​កម្ពុជា ស្មើ​នឹង​រដ្ឋលេខាធិការ។
ចំពោះ​កម្ពុជា នៅ​ឆ្នាំ​២០១៣​នេះ យោង​តាម​តារាង​រាយ​នាម​គណៈរដ្ឋមន្ត្រី​ថ្មី​អាណត្តិ​ទី​៥ សមាសភាព​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ឧបនាយករដ្ឋមន្ត្រី ៩​រូប មាន​ទេសរដ្ឋមន្ត្រី​ចំនួន ១៥​រូប មាន​រដ្ឋមន្ត្រី​ចំនួន ២៩​រូប រួម​បញ្ចូល​ទាំង​ក្រសួង​ថ្មី​ផង មាន​រដ្ឋលេខាធិការ​ជាង ១៨០​រូប ព្រម​ទាំង​មាន​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ចំនួន ១៣​រូប​ផ្សេង​ទៀត។
លោក ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ផ្តល់​ហេតុផល​ថា កត្តា​ដែល​ធ្វើ​អោយ​គណៈរដ្ឋមន្ត្រី​កម្ពុជា ក្បាល​ធំ​ជាង​មាឌ​នោះ គឺ​ដោយសារ​តែ​រាជរដ្ឋាភិបាល​ត្រូវ​ការ​ពេល​វេលា ហើយ​ចង់​រក្សា​ទុក​អ្នក​ដែល​ដល់​អាយុ​ចូល​និវត្តន៍​អោយ​នៅ​បន្ត​ទៀត ដើម្បី​ប្រើប្រាស់​បទពិសោធន៍​របស់​ពួកគេ។
លោក ផៃ ស៊ីផាន៖ «អ្វីៗ​ដែល​យើង​បង្កើត​មក​ហ្នឹង កាល​មុន​យើង​ចាប់​ផ្ដើម​ពី​ក្បាល​ធំ គឺ​ជំនាន់​រដ្ឋាភិបាល​ចម្រុះ។ បន្ត​ពី​ហ្នឹង​មក​យើង​ធ្វើ​កំណែ​ទម្រង់​ច្រើន​ណាស់។ អ្នក​ទាំង​អស់​ហ្នឹង​ដែរ​ធ្លាប់​មាន​ការ​ពិសោធ និង​មាន​គុណ​ទៅ​ដល់​ជាតិ​ហ្នឹង ក៏​គាត់​ចេះ​តែ​បន្ត​ទៀត​ទៅ នៅ​ក្នុង​លក្ខណៈ​អន្តរកាល មន្ត្រី​ថ្មី​កំពុង​តែ​បន្ត​ទៅ​ហ្នឹង​បាទ! ពីព្រោះ​យើង​និង​ប្រទេស​ដទៃ​ទៀត​ហ្នឹង​ខុស​គ្នា។ យើង​កំពុង​រៀបចំ។ បន្ទាប់​ពី​ចូល​និវត្តន៍​ទៅ​ត្រូវ​មាន​លុយ​ចិញ្ចឹម ម្ល៉ោះ​ហើយ​ជា​ជាង​យើង​កំពុង​ខ្វះ​ធនធាន​មនុស្ស ហើយ​កំពុង​អន្តរកាល ពង្រឹង​ធនធាន​យុវជន..»
តើ​អន្តរកាល​យូរ​ប៉ុណ្ណា​ទៀត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​ការ​រៀបចំ​ខ្លួន?
ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ឆ្លង​កាត់​ការ​បោះឆ្នោត​សភា​ជាតិ​ប្រាំ​ដង​ហើយ ដែល​មួយ​ដងៗ​មាន​រយៈពេល ៥​ឆ្នាំ។ បើ​គិត​ទាំង​អាណត្តិ​ថ្មី​ដែល​ទើប​ចាប់​ផ្ដើម​នេះ​ផង គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​និង​រៀបចំ​គណៈរដ្ឋមន្ត្រី​ផ្ដាច់មុខ​ដោយ​ខ្លួន​ឯង​បាន ៤​អាណត្តិ​ហើយ។
បញ្ហា​ត្រង់​ថា តើ​រាជរដ្ឋាភិបាល ឬ​កម្ពុជា ពិត​ជា​ត្រូវ​ការ​មន្ត្រី​ដឹកនាំ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​រាប់​ភ្លេច​លើស​ប្រទេស​ចិន និង​ប្រទេស​ថៃ ​បែប​នេះ​មែន​ឬ?
ក្រុម​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា អោយ​ដឹង​ថា រដ្ឋាភិបាល​ក្បាល​ធំ​ជាង​មាឌ​ដែល​នៅ​តែ​បន្ត​មាន​មក​ទល់​ពេល​នេះ គឺ​ដោយសារ​តែ​នយោបាយ​ចែក​រំលែក​អំណាច​គ្នា ឬ​នយោបាយ​ចែក​គ្នា​ស៊ី មិន​មែន​បង្កើត​ឡើង​ដោយសារ​តែ​សេចក្ដី​ត្រូវ​ការ​ចាំបាច់​របស់​ជាតិ​នោះ​ឡើយ។
លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ គូស​បញ្ជាក់​ថា ស្ថាប័ន​សភា​ជាតិ​ឯ​ណោះ​ទេ​ដែល​ត្រូវ​ការ​បង្កើន​ចំនួន​តំណាងរាស្ត្រ​អោយ​ស្រប​គ្នា​នឹង​កំណើន​ប្រជាជន មិន​មែន​ត្រូវ​បង្កើន​ចំនួន​សមាជិក​រដ្ឋាភិបាល​ដើម្បី​បង្កើន​ការ​ហែហម​ច្រើន នាំ​អោយ​ខាត​បង់​ថវិកា​ជាតិ​នោះ​ឡើយ។
លោក កែម ឡី៖ «ក្បាល​ម៉ាស៊ីន​អ្នក​នយោបាយ ភាគ​ច្រើន​កើត​ចេញ​ពី​ការ​សម្របសម្រួល​ផ្នែក​នយោបាយ មិន​មែន​កើត​ចេញ​ពី​សេចក្ដី​ត្រូវ​ការ​ពិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នយោបាយ ដើម្បី​ដឹកនាំ​ប្រទេស​ទេ ទី​១។ ទី​២ បើ​ខ្ញុំ ខ្ញុំ​គិត​ថា គណៈរដ្ឋមន្ត្រី​មាន​ត្រឹម ៥៦​នាក់​អី​ហ្នឹង​គ្រប់​គ្រាន់​ហើយ ត្រឹម​រដ្ឋមន្ត្រី​ម្នាក់ និង​អនុរដ្ឋមន្ត្រី​ម្នាក់​ជា​រួម ហើយ​យើង​មាន​រហូត​ទៅ​ដល់​បួន​ប្រាំ​រយ​នាក់ នេះ​អត់​ទាន់​គិត​ទៅ​ដល់​យន្តការ​ផ្សេងៗ​ទៀត រហូត​រាប់​ពាន់​នាក់។ អ៊ីចឹង​បើ​យើង​ចង់​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់ យើង​យក​ក្បាល​ម៉ាស៊ីន​នយោបាយ​តិច​ហើយ​រុញ​ធនធាន​មនុស្ស​សំខាន់ៗ​ហ្នឹង​ទៅ​ក្នុង​រចនា​សម្ព័ន្ធ​រដ្ឋបាល​សាធារណៈ ត្រឹម​អគ្គនាយក​ចុះ អគ្គលេខាធិការ​ចុះ ដើម្បី​អោយ​អ្នក​ទាំង​អស់​នោះ ប្រើ​សក្ដានុពល​របស់​ខ្លួន ធ្វើ​ការងារ​បច្ចេកទេស​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ ប៉ុន្តែ​អ្នក​សម្រេច​ខាង​នយោបាយ​គេ​ត្រូវការ​រដ្ឋ​សភា​ច្រើន​ទៅ​វិញ បើ​សិន​ជា​សមាជិក​រដ្ឋ​សភា​គេ​ត្រូវ​ឲ្យ​មាន​សមាមាត្រ​ទៅ​នឹង​ចំនួន​ប្រជាជន...»
ក្រោយ​ការ​បោះឆ្នោត​សភា​ជាតិ​ឆ្នាំ​២០១៣ រាជរដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​រដ្ឋសភា ដែល​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បាន​បង្កើត​និង​បំបែក​ក្រសួង ៣​ទៀត។ ក្រសួង​ទាំង​នោះ មាន​ក្រសួង​កិច្ចការ​សាធារណៈ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ក្រសួង​រ៉ែ​និង​ថាមពល។
ក្រុម​អ្នក​ឃ្លាំ​មើល​នយោបាយ​កម្ពុជា អោយ​ដឹង​ថា រដ្ឋាភិបាល​គួរ​ផ្ដោត​លើ​ការ​កែ​លំអ​ប្រសិទ្ធភាព និង​គុណភាព​សេវា​សាធារណៈ ប្រសើរ​ជាង​គិត​តែ​ពី​ការ​បង្កើន​បរិមាណ។
វិបត្តិ​រដ្ឋាភិបាល​ក្បាល​ធំ​ជាង​មាឌ​នេះ ក៏​បាន​បង្ក​អោយ​មាន​បញ្ហា​ការិយាធិបតេយ្យ​ផង​ដែរ។ នៅ​ពេល​មាន​អ្នក​ធំ​ច្រើន​ជាន់​ច្រើន​ថ្នាក់​ដូច​សង្គម​កម្ពុជា​បច្ចុប្បន្ន​នេះ ការ​ផ្ដល់​សេវា​បម្រើ​របស់​រដ្ឋ​ជូន​ទៅ​សាធារណជន ក៏​នឹង​ជួប​ការ​លំបាក​ច្រើន​ដែរ។ ចាប់​ពី​ប្រជាពលរដ្ឋ​សាមញ្ញ រហូត​ដល់​ក្រុមហ៊ុន​រក​ស៊ី​តែង​រអ៊ូរទាំ​អំពី​សេវា​របស់​រដ្ឋ​យឺតយ៉ាវ និង​ត្រូវ​ឆ្លង​កាត់​ការ​សូក​ប៉ាន់​ច្រើន​ទៀត​ផង។
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក កែម ឡី អោយ​ដឹង​ថា បញ្ហា​ការិយាធិបតេយ្យ​និយម​នេះ ត្រូវ​តែ​កាត់​បន្ថយ​បើ​រដ្ឋាភិបាល​ចង់​កែ​លំអ​សេវា​សាធារណៈ​អោយ​មាន​ប្រសិទ្ធភាព​នោះ៖ «ទម្រាំ​ឡើង​ពី​អគ្គនាយក​ទៅ​ដល់​អនុ​រដ្ឋលេខាធិការ ជួន​កាល​ឡើង​រដ្ឋលេខាធិការ ឡើង​ទៅ​ដល់​រដ្ឋមន្ត្រី ហើយ​មាន​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​ទៀត។ ជួនកាល​មាន​ឧបនាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​ទៀត ទម្រាំ​ឡើង​ដល់​នាយករដ្ឋមន្ត្រី។ គ្រាន់តែ​ខ្សែ​សង្វាក់​ហ្នឹង​មិន​តិច​ជាង ១០​ថ្នាក់​ទេ។ ត្រូវ​កាត់​បន្ថយ​ការិយាល័យ​និយម»
ស្រប​ពេល​មន្ត្រី​ធំៗ​ដែល​មាន​ឱកាស​ប្រព្រឹត្ត​អំពើ​ពុករលួយ ក៏​ចេះ​តែ​ប្រព្រឹត្ត​ទៅ ដោយ​ទុក​អោយ​រដ្ឋ​នៅ​ក្រ​រហេមរហាម។ ជា​រៀង​រាល់​ឆ្នាំ រដ្ឋាភិបាល​កម្ពុជា ត្រូវ​សុំ​លុយ ឬ​ខ្ចី​បុល​ពី​សហគមន៍​អន្តរជាតិ ដើម្បី​យក​មក​ចំណាយ និង​បើក​ប្រាក់​ខែ​អោយ​បុគ្គលិក​មន្ត្រី​រាជការ។ ការ​បង្កើត​ស្ថាប័ន​រដ្ឋ​បន្ថែម និង​ការ​រក្សា​ទុក​សមាជិក​គណៈរដ្ឋមន្ត្រី​ច្រើន ​អោយ​ធំ​តែ​ក្បាល​តែ​មិន​ចាំ​បាច់​នេះ វា​នឹង​កាន់​តែ​ក្លាយ​ជា​បន្ទុក​ធ្ងន់​ទៅ​លើ​ខ្ទង់​ចំណាយ​នៃ​ថវិកា​ជាតិ ​ដូច​សុភាសិត​ខ្មែរ​មួយ​ពោល​ថា «សំពៅ​ធំ​ត្រូវ​ការ​ក្ដោង​ធំ»។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បើ​ប្រៀបធៀប​ទៅ​ត្រឹម​ប្រទេស​ថៃ ដែល​ជា​ប្រទេស​មាន​ការ​រីក​ចំរើន​មួយ​ជាប់​ព្រំដែន​កម្ពុជា គេ​អាច​មើល​ឃើញ​ថា ទំហំ​គណៈរដ្ឋមន្ត្រី​ថៃ តូច​ជាង​គណៈរដ្ឋមន្ត្រី​កម្ពុជា​ឆ្ងាយ​ណាស់។ គ្នា​ច្រើន​មិន​ប្រាកដ​ថា បាន​ជោគជ័យ​គ្រប់​ពេល​នោះ​ទេ។ ជួន​កាល​អាច​ដូច​ពាក្យ​ស្លោក​ខ្មែរ​មួយ​ឃ្លា​ពោល​ថា «គ្នា​ច្រើន​អន្សម​ខ្លោច»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: