បាតុកររោងចក្រ អែស.អិល (SL) ប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចនៅក្បែរវត្តស្ទឹងមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។
RFA/Uon Chhin
ស្នងការរាជធានីភ្នំពេញ បានដោះលែងមនុស្ស ២៩នាក់ ក្នុងចំណោម ៣១នាក់ ដែលជាប់ពាក់ព័ន្ធក្នុងអំពើហិង្សានៅក្បែរស្ពានស្ទឹងមានជ័យ វិញហើយ នៅថ្ងៃទី១៣ វិច្ឆិកា បន្ទាប់ពីបានឃុំខ្លួននៅថ្ងៃទី១២ វិច្ឆិកា។ ប៉ុន្តែការដោះលែងនេះ ត្រូវបានអាជ្ញាធរកំណត់លក្ខខណ្ឌមិនឲ្យអ្នកទាំងនោះបង្ហាញវត្តមាននៅពេលមានធ្វើបាតុកម្មណាមួយទៀតនោះទេ។ ចំណែកឯមនុស្ស ២នាក់ផ្សេងទៀតត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ម មុនីរតន៍៖ Listen to the audio here.
ស្របគ្នានេះដែរ កម្មកររោងចក្រ អែស.អិល (SL) ប្រមាណជិត ១ពាន់នាក់ បានប្រមូលផ្ដុំគ្នាជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ខណៈក្រុមប្រជាពលរដ្ឋប្រមាណជាង ៣០នាក់ ដែលត្រូវសម្ថកិច្ចចាប់ខ្លួន ហើយឃុំនៅស្នងការរាជធានីភ្នំពេញ។
កម្មករឈ្មោះ ប៊ុន ឈាន ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ វិច្ឆិកា ការជុំគ្នាជាថ្មីឡើងវិញ ក្រោយពីប៉ះទង្គិចជាមួយសមត្ថកិច្ចកាលពីថ្ងៃទី១២ វិច្ឆិកា នៅប៉ែកខាងលិចគល់ស្ពានស្ទឹងមានជ័យ គឺដើម្បីទាមទារឲ្យជំនាញពាក់ព័ន្ធ អនុវត្តការសន្យារបស់ខ្លួនជូនកម្មករឲ្យបានឆាប់។ លោកបានឲ្យដឹងថា មកដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃនេះ កម្មករបានរំសាយអស់ជាបណ្ដើរៗហើយ នៅសេសសល់ប្រមាណជិត ២០០នាក់ប៉ុណ្ណោះ។
![អែស.អិល ស្ទឹងមានជ័យ ៦១០ អែស.អិល ស្ទឹងមានជ័យ ៦១០](http://www.rfa.org/khmer/news/social-economy/sl-garment-factory-workers-garthering-after-clash-11132013001443.html/student610.jpg/image)
យុវសិស្សម្នាក់ក្នុងចំណោមមនុស្ស ២៩នាក់ដែលត្រូវប៉ូលិសដោះលែងនៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៣ ពាក់ព័ន្ធនឹងអំពើហិង្សានៅក្បែរស្ពានស្ទឹងមានជ័យ។ RFA/Morm Moniroth
សូមស្ដាប់សេចក្ដីរាយការណ៍ពិស្តារបន្ថែមទៀតរបស់លោក ម៉ម មុនីរតន៍៖
មនុស្សចំនួន ២៩ នាក់នោះ ក្រោយពីការដោះលែង ត្រូវបានមន្រ្តីអង្គការសង្គមស៊ីវិលបញ្ជូនភ្លាមៗ ដើម្បីព្យាបាលរបួសនៅការិយាល័យ របស់អង្គការក្រៅរដ្ឋាភិបាលមួយ ក្នុងរាជធានីភ្នំពេញ។ ពួកគេម្នាក់ៗមានរបួសធ្ងន់ធ្ងរ ត្រង់ក្បាល ស្មា ជើង និងដៃជាដើម ក្រោយការបង្ក្រាបដ៏ហិង្សា កាលពីថ្ងៃទី ១២ វិច្ឆិកា នៅគល់ស្ទឹងមានជ័យ ប៉ែកខាងលិច។
មន្ត្រីអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) និយាយថា មនុស្សដែលត្រូវដោះលែង ក្រោយពីការឃុំខ្លួនពេញមួយយប់ នៅស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលសេវាព្យាបាលរបួសរយៈពេលខ្លី មុននឹងអនុញ្ញាតឲ្យពួកគេវិលទៅលំនៅឋានវិញ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតរបស់អង្គការ លីកាដូ មានប្រសាសន៍ថា មូលហេតុដែលតម្រូវឲ្យពួកគាត់ត្រូវពិនិត្យសុខភាព នៅអង្គការលីកាដូ មុននឹងបានវិលត្រឡប់ទៅលំនៅឋាន ក្រោយពីដោះលែងវិញនេះ ព្រោះអ្នកដែលត្រូវចាប់ខ្លួនទាំងនោះជានិស្សិត ហើយអ្នកខ្លះ មានជីវភាពក្រោមមធ្យម ដែលពុំមានលទ្ធផល ក្នុងការស្វែងរកសេវាព្យាបាល នៅខាងក្រៅបាន។ លោកបន្តថា ក្រោយពីពិនិត្យរកឃើញស្លាកស្នាម ដែលត្រូវរងការប្រើហិង្សាប្រហាក់ប្រហែលគ្នា ដោយក្រុមសមត្ថកិច្ច របស់រដ្ឋាភិបាលមក ពលរដ្ឋទាំងនោះ ពិតណាស់ ចាំបាច់ត្រូវការព្យាបាលជាបន្ទាន់។ បើទោះជាបែបណា លោក អំ សំអាត បញ្ជាក់ថា នៅពេលនេះ អ្នកទាំងនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅលំនៅឋានវិញហើយ ក្រោយពីទទួលសេវាព្យាបាល ក្នុងរយៈពេលខ្លីរួចមក។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺជុំវិញ បញ្ហានេះបានភ្លាមៗទេ ពីលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែវិច្ឆិកា។ ប៉ុន្តែភ្លាមៗក្រោយពីផ្ទុះហិង្សា កាលពីថ្ងៃទី ១២ វិច្ឆិកា នៅប៉ែកខាងលិចស្ទឹងមានជ័យ។ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយច្រានចោលការចោទប្រកាន់ថា ក្រុមសមត្ថកិច្ចរបស់មន្ត្រីនគរបាល ជាអ្នកបង្កឲ្យមានហិង្សាផ្ទុះឡើង។ សេចក្ដីប្រកាសបន្តថាការពិត ព្រឹត្តិការណ៍នោះ គឺបង្កដោយក្រុមឱកាសនិយមមួយក្រុម ដែលពុំមែនជាក្រុមបាតុករ ហើយបានញុះញង់ ឲ្យមានហិង្សាប្រឆាំងសមត្ថកិច្ច។
ប៉ុន្តែប្រជាពលរដ្ឋថ្លែងឲ្យដឹង ក្រោយពីដោះលែង ចេញពីស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ វិច្ឆិកា បញ្ជាក់ដូចៗគ្នាថា ការចាប់ខ្លួនពលរដ្ឋ ដោយមន្ត្រីកងរាជអាវុធហត្ថ និងនគរបាល ធ្វើឡើងដោយពុំមានបច្ចេកទេសឡើយ។ ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនទាំងនោះ គឺជាអ្នកដំណើរឆ្លងកាត់ និស្សិត និងអ្នកមើលព្រឹត្តិការណ៍ប៉ុណ្ណោះ។
ព្រឹត្តិការណ៍កាលពីថ្ងៃទី ១២ វិច្ឆិកា បានបណ្ដាលឲ្យស្ត្រីលក់បាយ វ័យជាង ៤០ ឆ្នាំ នៅតាមចិញ្ចឹមផ្លូវ ម្នាក់ស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ដោយការបាញ់បង្ក្រាបរបស់សមត្ថកិច្ច ប្រឆាំងក្រុមបាតុករ។ ហេតុការណ៍នៅគ្រានោះ ក៏បានបណ្ដាលឲ្យមានរបួសទាំងសង្ខាង គឺក្រុមសមត្ថកិច្ចចម្រុះ របស់រដ្ឋាភិបាល និងពលរដ្ឋទៀតផង។ មានមនុស្សស្ថិតក្នុងហេតុការណ៍ ចំនួន ៣១ នាក់ និងព្រះសង្ឃវត្តស្ទឹងមានជ័យ ចំនួន៧អង្គផ្សេងទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួន ដោយចោទប្រកាន់ថា ជាក្រុមបាតុកររបស់រោងចក្រ អេស អិល។
ការដោះលែងអ្នកទាំង២៩នាក់ ឲ្យមានសេរីភាពឡើងវិញនេះ គឺដោយសារមានកិច្ចអន្តរាគមន៍ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ប្រចាំកម្ពុជា សមាគមការពារសិទ្ធិមនុស្ស អាដហុក និងអង្គការ លីកាដូ។
ប៉ុន្តែមនុស្ស ២នាក់ទៀត ដែលចាប់ខ្លួន កាលពីថ្ងៃទី ១២ វិច្ឆិកានោះ សមត្ថកិច្ចបានបញ្ជូនទៅតុលាការហើយ កាលពីថ្ងៃទី១៣ វិច្ឆិកា។ ពួកគេត្រូវប្រឈមមុខនឹងបទថា បានបំផ្លិចបំផ្លាញសម្បត្តិសាធារណៈ និង ប្រើហិង្សាប្រឆាំងសមត្ថកិច្ច ក្រោយពីបានឃុំខ្លួនពេញមួយយប់ នៅស្នងការនគរបាលរាជធានីភ្នំពេញរួចមក។ ក្នុងនោះម្នាក់ ឈ្មោះ វណ្នី វណ្ណន អាយុ ១៧ ឆ្នាំ មុខរបរដឹកខ្សាច់ និងម្នាក់ទៀត ឈ្មោះ មាស នន់ អាយុ ១៥ ឆ្នាំ មុខរបររើសអេតចាយ។
លោក យ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និង លោក ណៃ វង់ដា មន្ត្រីសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលឃ្លាំមើលបញ្ហានេះ ចាត់ទុកថា ការអនុវត្តធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្ស ពិតជានៅក្មេងខ្ចីនៅឡើយ សម្រាប់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
2 comments:
these low class citizen guys was deserved to treat liked this,,
authority has the rights to defenses & protect the public safety,
I fully support polices for jobs well done.
** THOSE GUYS ARE KHMER VIETMINH **
Post a Comment