A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 1 November 2013

CNRP contacted the ruling CPP to set the date for negotiation បក្ស​សង្គ្រោះ​ជាតិ​ទាក់ទង​បក្ស​ប្រជាជន​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​ចរចា

គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាក់ទង​ទៅ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ តុលា ដើម្បី​កំណត់​អំពី​កាល​បរិច្ឆេទ​នៃ​ការ​ចរចា​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ ប៉ុន្តែ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​កំណត់​ថ្ងៃ​ជួប​ចរចា រវាង​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​ឡើយ។
ដោយ ទីន ហ្សាការីយ៉ា
2013-10-31

អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
សម រង្ស៊ី កឹម សុខា ៦១០
លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា (ឆ្វេង) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣។
RFA/Tin Zakariya
គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាក់ទង​ទៅ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ នៅ​បន្ទាប់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ថា លោក​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​គ្នា​ដើម្បី​កំណត់​អំពី​ថ្ងៃ​ចរចា។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ពី​ជំហរ​ខ្លួន​ក្នុង​ការ​ជួប​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​ខាង​មុខ​ថា គណបក្ស​នេះ​ផ្អែក​លើ​ដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ។
លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៣១ តុលា ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់​ជំហរ​លើ​ការ​ជជែក​ពិភាក្សា​ជាមួយ​ប្រជាជន​កម្ពុជា ឈរ​លើ​ស្មារតី​ស្មោះត្រង់ សច្ចធម៌ និង​យុត្តិធម៌ ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​រួម​មួយ។
លោក សម រង្ស៊ី បាន​ប្រកាស​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ថា នៅ​ថ្ងៃ​ទី​៣១ តុលា លោក​ទាក់ទង​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​កំណត់​ថ្ងៃ​ជួប​គ្នា​ចរចា៖ «ថ្ងៃ​នេះ ខ្ញុំ​នឹង​ទាក់ទង​ទៅ​ឯកឧត្តម ស ខេង តាម​យន្តការ​ទំនាក់ទំនង​ដែល​ថ្នាក់​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​ជ្រើស​រើស​ជម្រើស​បែប​ហ្នឹង គឺ​ថា បើ​មាន​បញ្ហា​អី យើង​នឹង​ធ្វើ​ការ​ជំនួប»
មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​ថា លោក សម រង្ស៊ី បាន​ទាក់ទង​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ហើយ ប៉ុន្តែ លោក ស ខេង មិន​ទាន់​បញ្ជាក់​អំពី​ការ​កាល​បរិច្ឆេទ​ជួប​ប្រជុំ​គ្នា​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី​៣១ តុលា នេះ។

ការ​ប្រកាស​ជំហរ​របស់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ អំពី​ការ​ទាក់ទង​ទៅ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ នៅ​បន្ទាប់​ពី លោក ស ខេង បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​៣០ តុលា ថា លោក​ចង់​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​គ្នា​ផ្ទាល់ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​នេះ។
លោក ស ខេង មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​បំណង​ជួប​គ្នា​ចរចា​ឆាប់ៗ គឺ​លោក សម រង្ស៊ី អាច​ទាក់ទង​លោក​តាម​ទូរស័ព្ទ​ដូច​លើក​មុន ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ចរចា។
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា ការ​ចរចា​គ្នា​នៅ​ពេល​ខាង​មុខ​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ មាន​របៀបវារៈ​បី មិន​មែន​ជា​លក្ខខណ្ឌ​ទេ។ ទី​១ ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព​ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ ទី​២ ទាមទារ​ឲ្យ​អ្នក​ដឹក​នាំ គ.ជ.ប លា​លែង​ពី​តំណែង​របស់​ខ្លួន និង​ទី​៣ ទាមទារ​ឲ្យ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​តាម​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល៖ «ខ្ញុំ​បញ្ជាក់​ហើយ មិន​មែន​ជា​លក្ខខណ្ឌ​ទេ គឺ​ជា​របៀបវារៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ យក​ទៅ​ជជែក។ ខ្ញុំ​បញ្ជាក់​ហើយ អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន គឺ​ចង់​ឲ្យ​ប្រទេស​កម្ពុជា មាន​ភាព​ស្រប​ច្បាប់»
លោក កឹម សុខា បញ្ជាក់​ថា ការ​បើក​ទ្វារ​ចរចា​នេះ មិន​មែន​គណបក្ស​សង្គ្រោះ​ជាតិ បោះ​បង់​ការ​តស៊ូ​មតិ ដូច​ជា​ការ​ធ្វើ​បាតុកម្ម ការ​ដាក់​ញត្តិ ការ​ទាមទារ​តាម​ការទូត រហូត​ដល់​គោលដៅ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​យុត្តិធម៌។
គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ផ្ដិត​មេដៃ​អ្នក​គាំទ្រ​បន្ថែម​ទៀត។ លោក សម រង្ស៊ី បញ្ជាក់​ថា គណបក្ស​សង្រ្គោះ​ជាតិ នឹង​រក​បាន​ញត្តិ​ស្នាម​មេដៃ ៣​លាន ៥​សែន​នាក់ ដើម្បី​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ បន្ទាប់​ពី​គណបក្ស​នេះ​បាន​ដាក់​ញត្តិ​បាន​ជាង ២​លាន​នាក់​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​២៥ តុលា នោះ។
អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​លើក​ឡើង​ថា ប្រសិន​បើ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​រក​វិធី​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​រួម​មិន​បាន​ទេ​នោះ កម្ពុជា នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ខ្លាំង​នៅ​ពេល​ខាង​មុខ។
របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​តិចតួច​បាន​ទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​រៀង​រាល់​ឆ្នាំ។ អ្នក​មាន និង​អ្នក​ក្រ​នៅ​កម្ពុជា មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ខ្លាំង ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រមាណ ៨០% មាន​ដី​ធ្វើ​កសិកម្ម​តិច​ជាង​មួយ​ហិកតារ ស្រប​ពេល​ដែល​អ្នក​មាន​អំណាច​ប្រមាណ ២០% មាន​ដី​ច្រើន​ជាង ៥០០​ហិកតារ ដែល​គ្រប់គ្រង​ដី​ផលិត​កសិកម្ម​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ប្រទេស​កម្ពុជា។
ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៦​លាន​នាក់ ស្ថិត​នៅ​ក្រោម​បន្ទាប់​ភាព​ក្រីក្រ មាន​ន័យ​ថា ពួក​គាត់​មិន​អាច​រក​ចំណូល​បាន​ប្រមាណ ៥​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។ បន្ថែម​ពី​លើ​នេះ​ទៀត ប្រជាពលរដ្ឋ​ប្រមាណ ៣​លាន​នាក់​ផ្សេង​ទៀត ងាយ​នឹង​ធ្លាក់​ក្រោម​បន្ទាប់​ភាព​ក្រីក្រ​ដែរ ប្រសិន​បើ​កម្ពុជា មាន​វិបត្តិ​សេដ្ឋកិច្ច​បន្ថែម​ទៀត ដូច​ជា ទំនិញ​កាន់​តែ​ឡើង​ថ្លៃ និង​គ្រោះថ្នាក់​ធម្មជាតិ​ផ្សេងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: