ដោយ៖ ស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី31 ខែតុលា ឆ្នាំ2013, ម៉ោង 09:37 AM

លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (រូបថត តាំង វីដា)
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រកាសថា លោកនឹងទូរស័ព្ទទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីបង្ហាញពីឆន្ទៈពិតប្រាកដរបស់គណបក្ស ក្នុងការស្វែងរកដំណោះស្រាយដោយអហិង្សា និងសន្តិវិធី។
ក្នុងសន្និសីទសារព័ត៌មាន លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ប្រកាន់ជំហរអហិង្សា និងសន្តិវិធីជានិច្ច ដោយយល់ថាមិនមានអ្វីក្រៅពីការចរចា និងពិភាក្សារកដំណោះស្រាយដោយសន្តិវិធីទេ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ មានបំណង និងឆន្ទៈ ចង់ឲ្យមានការជជែកគ្នាឡើងវិញ ដោយជួបគ្នាដោយផ្ទាល់ និយាយគ្នាត្រង់ និងរកផ្លូវកណ្តាល ទើបលទ្ធផលនៃការចរចា អាចទទួលផ្លែផ្កា និងមានសង្ឃឹមច្រើន។
លោក សម រង្ស៊ី បន្ថែមថា គណបក្សសង្គ្រោះជាតិ ដាក់លក្ខខណ្ឌមួយចំនួនទៅគណបក្សប្រជាជនកម្ពុជា តែមិនមែនជាលក្ខខណ្ឌដាច់ខាតទេ តែគ្រាន់តែជាការសំណូមពរទៅភាគីមួយទៀត ដើម្បីពិចារណា។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យដឹងថា គណបក្ស ទាមទារឲ្យអ្នកដឹកនាំ គជប លាលែងពីតំណែង ដើម្បីសម្តែងពីការទទួលខុសត្រូវ និងដើម្បីជាការកែទម្រង់ដំណើរការបោះឆ្នោតពិតប្រាកដ និងជឿជាក់បាន។ សេចក្តីថ្លែងការណ៍ បន្តថា កែកែទម្រង់គជប ត្រូវផ្អែកជាមូលដ្ឋានលើអនុសាសន៍របស់សហគមន៍អឺរ៉ុប តំណាងអង្គការសហប្រជាជាតិ អង្គការជាតិអន្តរជាតិ ដូចជាComfrel និងNDIជាដើម។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា គណបក្ស មិនមែនបោះបង់ចោលការតស៊ូមតិ ដូចជាការធ្វើញត្តិ បាតុកម្ម និងការទូតទេ តែគណបក្ស បង្ហាញសុឆន្ទៈពិតប្រាកដរបស់គណបក្សសង្គ្រោះជាតិ ដើម្បីចរចា និងដាក់ជារបៀបវារៈមួយចំនួន ដើម្បីចរចា តែនេះមិនមែនជាលក្ខខណ្ឌទេ។
VOD មិនទាន់អាចទាក់ទងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីអត្ថាធិប្បាយលើបញ្ហានេះ បាននៅឡើយទេ។
លោក សម រង្ស៊ី ឲ្យដឹងថា ការពិភាក្សានោះ ត្រូវតែមានតម្លាភាព ដោយអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ផ្តិតយកខ្លឹមសារនៃការពិភាក្សា ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន និងបញ្ជៀសការគំរាមចាក់ខ្សែអាត់នៃការពិភាក្សាពីភាគីណាមួយ។
ថ្នាក់ដឹកនាំកំពូលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ត្រៀមលក្ខណៈរួចហើយនៃការជួបពិភាក្សាលើកទី៣នៅដើមខែវិច្ឆិកា ដើម្បីស្តាប់ពីតម្រូវការគ្នាទៅវិញឈានទៅរកចំណុចឯកភាពរួមក្នុង ការដឹកនាំប្រទេស បញ្ចប់ភាពទាល់ច្រកផ្នែកនយោបាយ។
ថ្នាក់ដឹកនាំទាំងពីរបានជួបគ្នាពីរលើករួចមកហើយ កាលពីថ្ងៃទី១៦ និង១៧ ខែកញ្ញា គឺខាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ជាអនុប្រធានគណបក្ស ចំណែកគណបក្សសង្គ្រោះជាតិ ដឹកនាំលោក សម រង្ស៊ី ជាប្រធានគណបក្ស។ ជំនួបនេះ មិនទាន់បានបញ្ចប់ភាពជាប់គាំងនយោបាយនៅកម្ពុជាទេ ដោយសារគណបក្សសង្គ្រោះជាតិ ពហិការចូលរួមប្រជុំសភាលើកដំបូង និងមិនទទួលស្គាល់រដ្ឋសភា និងរដ្ឋាភិបាល៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment