A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 17 November 2013

Cambodian Buddhists to build pagodas in India and Nepal ពុទ្ធសាសនិក​ខ្មែរ​កសាង​វត្ត​​​នៅ​ឥណ្ឌា​និង​នេប៉ាល់


ប្រជាពលរដ្ឋ​ខ្មែរ​ពុទ្ធ​បរិស័ទ​បាន​នាំ​គ្នា​កសាង​វត្ត​អារាម​ជា​ច្រើន​កន្លែង​នៅ​តាម​ពុទ្ធ​ស្ថាន​នានា ក្នុង​ប្រទេស​ឥណ្ឌា និង​ប្រទេស​នេប៉ាល់ ដើម្បី​ជា​ការ​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា​ផង ហើយ​និង​ដើម្បី​ផ្ដល់​ឱកាស​ដល់​សមណ​សិស្ស​និស្សិត​បាន​ទៅ​ស្នាក់​នៅ​បន្ត​ការ​សិក្សា​នៅ​ទី​នោះ​ផង។
ដោយ កែវពេជ្រ មេត្តា
2013-11-17
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
វត្ត​ខ្មែរ ឥណ្ឌា ៦១០
គំរូ​ព្រះវិហារ វត្ត​ខ្មែរ​ពារាណសី នៅ​ប្រទេស​ឥណ្ឌា។
Provided Photo

ព្រះពុទ្ធ​សាសនា គឺ​ជា​សាសនា​មួយ​ដ៏​មាន​អាយុ​ចំណាស់​ជាង​គេ​ក្នុង​ចំណោម​សាសនា​ជា​ច្រើន​ទៀត​ក្នុង​ពិភពលោក​ដែល​មាន​អាយុ ២៥៥៧​ឆ្នាំ ហើយ​មក​ដល់​ពេល​នេះ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី បច្ចុប្បន្ន​គេ​ឃើញ​នៅ​តែ​មាន​ពុទ្ធសាសនិក​ជា​ច្រើន​លាន​នាក់​បាន​គោរព និង​មាន​ជំនឿ​ជឿ​ជាក់​លើ​សាសនា​នេះ ដូចជា​នៅ​កម្ពុជា ថៃ សិរីលង្កា មីយ៉ាន់ម៉ា ឬ ភូមា ប្រទេសឡាវ ទីបេ ។ល។

ការ​មាន​ជំនឿ​នោះ ដូច​ជា​គេ​នាំ​គ្នា​គោរព​បដិបត្តិ​ធម៌​តាម​ពុទ្ធ​ឱវាទ ឬ​មួយ​ក៏​នាំ​គ្នា​បង្កើត​វត្ត​អារាម​នៅ​តាម​តំបន់​ភូមិ​ស្រុក និង​នៅ​ក្នុង​ប្រទេស​នីមួយៗ ឬ​ក៏​ទៅ​បង្កើត​វត្ត​អារាម​នៅ​តាម​ទី​ពុទ្ធ​ស្ថាន​នានា​ជាដើម ដើម្បី​ធ្វើ​ជា​កន្លែង​គោរព​បូជា​ចំពោះ​ព្រះពុទ្ធ​អង្គ ឬ​ក៏​ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា។ តួ​យ៉ាង​ដូច​ជា​ឥឡូវ​នេះ មាន​ពុទ្ធសាសនិក​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន រួម​ទាំង​ពុទ្ធ​សាសនិក​ខ្មែរ​ផង​បាន នាំ​គ្នា​កសាង​វត្ត​អារាម​នៅ​ទី​កន្លែង​ពុទ្ធ​ស្ថាន​ក្នុង​ប្រទេស​ឥណ្ឌា និង​នៅ​ប្រទេស​នេប៉ាល់ ដូចជា​នៅ​ពុទ្ធ​ស្ថាន លុម្ពិនី កន្លែង​ព្រះពុទ្ធ​ទ្រង់​ប្រសូត វត្ត​នៅ​ពុទ្ធ​ស្ថាន ពុទ្ធគយា កន្លែង​ព្រះពុទ្ធ​ត្រាស់​ដឹង​អនុត្តរ​សម្មាសម្ពោធិញ្ញាណ វត្ត​នៅ​ពុទ្ធ​ស្ថាន​ក្រុង​ពារាណសី ឬ​វារាណសី ដែល​ជា​កន្លែង​ព្រះពុទ្ធ​ទ្រង់​សំដែង​បឋម​ទេសនា និង​វត្ត​នៅ​ពុទ្ធ​ស្ថាន​កុសិនារា ដែល​ជា​កន្លែង​ព្រះពុទ្ធ​ទ្រង់​យាង​ចូល​ព្រះនិព្វាន។
ព្រះចៅ​អធិការ​វត្ត​ពុទ្ធ​សាសនា​ខ្មែរ​នៅ​ពុទ្ធ​ស្ថាន​ពារាណសី ប្រទេស​ឥណ្ឌា ព្រះតេជព្រះគុណ សែម ប៉ិច បាន​មាន​ព្រះ​ថេរដីកា​ថា ពុទ្ធសាសនិក​ខ្មែរ​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្រៅ​ប្រទេស បាន​មូល​មតិ​គ្នា​មក​កសាង​វត្ត​នៅ​លើ​ទឹក​ដី​ឥណ្ឌា​នេះ ពីព្រោះ​យល់​ថា ជា​ទឹក​ដី​ដែល​ព្រះ​សម្មាសម្ពុទ្ធ កាល​ពី​ទ្រង់​គង់​ធរមាន​នៅ គឺ​ព្រះអង្គ​បាន​ចំណាយ​ពេល ៤៥​ឆ្នាំ របស់​ព្រះអង្គ​ដើម្បី​ជួយ​អប់រំ​ទូន្មាន​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​រួច​ផុត​ពី​កង​ទុក្ខ​ទាំង​ពួង។
ព្រះតេជព្រះគុណ​បាន​បន្ថែម​ថា ព្រះពុទ្ធ​បាន​សំដែង​ធម៌​ប្រោស​មនុស្ស​ទូទៅ​ដោយ​មិន​រើស​មុខ​រហូត​ទ្រង់​ចូល​ព្រះនិព្វាន។ មក​ដល់​ពេល​នេះ បើ​ទោះ​បី​ជា​ទ្រង់​ចូល​និព្វាន​ទៅ​រាប់​ពាន់​ឆ្នាំ​ហើយ​ក៏ដោយ ប៉ុន្តែ​ពាក្យ​ទូន្មាន​របស់​ព្រះអង្គ​នៅ​គង់វង្ស​នៅ​ឡើយ​ទេ ដូចជា​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​ជាដើម។
ព្រះតេជព្រះគុណ​បន្ត​ថា ដូច្នេះ​ការ​សាងសង់​វត្ត​ខ្មែរ​នៅ​ពុទ្ធ​ស្ថាន​ទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​សព្វ​ថ្ងៃ ដូចជា​នៅ​ពុទ្ធស្ថាន​ជិត​ទីក្រុង​ពារាណសី​នេះ​ជាដើម គឺ​ក្នុង​បំណង​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា ហើយ​ក៏​ដើម្បី​ផ្ដល់​ជា​ទីកន្លែង​ដល់​សមណ​សិស្ស​និស្សិត​ខ្មែរ ដែល​ចង់​មក​សិក្សា​គោរព​បដិបត្តិ​ពុទ្ធ​ឱវាទ ឬ​សិក្សា​ភាសា​បាលី​នៅ​ទី​នេះ​បន្ថែម​ទៀត។
ព្រះតេជព្រះគុណ សែម ប៉ិច៖ «មួយ​ទៀត​នោះ គឺ​យើង​ចង់​ធ្វើ​បង្ហាញ​អំពី​អរិយធម៌ វប្បធម៌​បែប​ខ្មែរ​យើង​ឲ្យ​បរទេស​គេ​ដឹង​ថា យើង​កាន់​ព្រះពុទ្ធ​សាសនា​ដែរ ហើយ​ក៏​បាន​សាង​វត្ត សាង​កុដិ​សាលា ឬ​ព្រះវិហារ​អី គឺ​បែប​ខ្មែរ រចនាប័ទ្ម​ខ្មែរ ដូច​ស្រុក​ខ្មែរ​យើង​អ៊ីចឹង​ទៅ។ ប៉ុន្តែ​គឺ​ជ្រះ​ថ្លា​បំផុត​ដល់​ពុទ្ធ​បូជនីយដ្ឋាន ទីស្ថាន​ដែល​ព្រះអង្គ​ធ្លាប់​គង់​ប្រាស្រ័យ​នៅ ជា​កន្លែង​ពិត​ប្រាកដ​ដែល​ព្រះអង្គ​ធ្លាប់​សំដែង​នូវ​ធម៌​ទេសនា ប្រោស​បញ្ចវគ្គីយ​អ៊ីចឹង។ កន្លែង​នេះ​ជា​ចំណុច​សំខាន់ ហើយ​ចំណុច​សំខាន់​មួយ​ទៀត​នោះ គឺ​ថា នៅ​ពេល​ដែល​ពុទ្ធ​បរិស័ទ​បាន​និមន្ត និង​អញ្ជើញ​មក​មើល​ពុទ្ធ​បូជនីយដ្ឋាន ក៏​បាន​ស្នាក់​អាស្រ័យ​នៅ​ទី​វត្ត​អារាម​របស់​យើង​ហ្នឹង»
ចំពោះ​ការ​បង្កើត​ឲ្យ​មាន​វត្ត​ខ្មែរ​នៅ​ពុទ្ធ​ស្ថាន​នានា​ក្នុង​ប្រទេស​ឥណ្ឌា ប្រធាន​ផ្នែក​ពុទ្ធិក​ឧត្ដម​សិក្សា និង​ក្រោយ​ឧត្ដម​សិក្សា​នៃ​អគារធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ ព្រះតេជព្រះគុណ​ព្រះ​សុមេធវង្ស ញ៉ែម គឹមតេង បាន​មាន​ព្រះថេរដីកា​ថា ជា​ការ​ប្រសើរ​ហើយ​ដែល​គេ​បាន​បង្កើត​វត្ត​អារាម​នៅ​ទី​នោះ ពីព្រោះ​នេះ​ជា​សមិទ្ធផល​មួយ​បង្ហាញ​អំពី​ការ​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​របស់​ពុទ្ធសាសនិក​ខ្មែរ។
ព្រះតេជព្រះគុណ​បាន​បន្ថែម​ថា វត្ត​ពុទ្ធសាសនា​ខ្មែរ​នៅ​ប្រទេស​ឥណ្ឌា ពិត​ជា​មាន​សារសំខាន់ ដែល​ក្រៅ​ពី​ដើម្បី​គោរព​បូជា​ដល់​ព្រះពុទ្ធ​សាសនា ក៏​ជា​កន្លែង​បណ្ដុះ​ធនធាន​មនុស្ស​ផ្នែក​វិជ្ជា​ពុទ្ធសាសនា ព្រម​ទាំង​ជា​កន្លែង​មួយ​អាច​ជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ជាតិ​ខ្មែរ​ផង​ដែរ៖ «ពី​ដើម​មក​អាត្មា​បាន​ទៅ​រៀន​នៅ​ប្រទេស​ឥណ្ឌា ជិត ១០​ឆ្នាំ​ដែរ។ ដំបូង​និមន្ត​ទៅ​ពួក​អ្នក​ស្រុក​ឥណ្ឌា ឬ​អ្នក​ផ្សេងៗ​ទៀត​ហ្នឹង គេ​មិន​សូវ​ស្គាល់​ខ្មែរ​យើង​ទេ គេ​គិត​ថា​យើង​ហ្នឹង​ជា​ថៃ។ ប៉ុន្តែ​ក្រោយ​ពី​ព្រះសង្ឃ​យើង​បាន​មក​រៀន​មក​សូត្រ​ច្រើន បាន​កសាង​ជា​វត្ត​ជា​វ៉ា​អ៊ីចឹង​ទៅ គេ​ក៏​ចាប់​ផ្ដើម​ស្វែង​យល់​ពី​ខ្មែរ​យើង​ច្រើន។ ដូច្នេះ​ការ​កសាង​វត្ត​នេះ មិន​មែន​គ្រាន់​តែ​ជា​ជម្រក​សម្រាប់​ព្រះសង្ឃ​គង់​ស្នាក់​អាស្រ័យ​រៀន​សូត្រ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​វា​ជា​ទី​កន្លែង​បង្ហាញ​នូវ​ព្រះពុទ្ធ​សាសនា នូវ​វប្បធម៌  នូវ​ទំនៀម​ទម្លាប់​របស់​ជាតិ​សាសន៍​យើង​ដល់​បរទេស​ឲ្យ​គេ​ស្គាល់។ ក្នុង​ការ​សាងសង់​ហ្នឹង ថវិកា​ទាំង​អស់​ហ្នឹង​ក៏​បាន​មក​ពី​ពុទ្ធ​បរិស័ទ ហើយ​ក៏​មាន​ព្រះសង្ឃ​ដែល​មាន​ឋានានុក្រម​ខ្ពង់​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង លោក​ក៏​ជួយ​ឧបត្ថម្ភ​ខ្លះៗ»

ព្រះតេជព្រះគុណ​បាន​ឲ្យ​ដឹង​ដែរ​ថា វត្ត​ពុទ្ធសាសនា​ខ្មែរ​ដែល​បាន​សាងសង់​នៅ​តាម​ពុទ្ធ​ស្ថាន​នៅ​ប្រទេស​ឥណ្ឌា​សព្វថ្ងៃ មាន​ទាំង​អស់​ចំនួន ៨​វត្ត។ ក្រៅ​ពី​នេះ ក៏​មាន​វត្ត​ពុទ្ធ​សាសនា​ខ្មែរ​នៅ​ក្នុង​ប្រទេស​នេប៉ាល់ ចំនួន ១​វត្ត​ដែរ គឺ​នៅ​ពុទ្ធស្ថាន​លុម្ពិនី ដែល​ជា​កន្លែង​ព្រះពុទ្ធ​ទ្រង់​ប្រសូត្រ។
នៅ​ក្នុង​វត្ត​អារាម​ទាំង ៩​នោះ មាន​ព្រះសង្ឃ​ពុទ្ធសាសនា​ខ្មែរ​បាន​និមន្ត​ទៅ​គង់​នៅ​ជាប់​លាប់​ក្នុង​វត្ត​នីមួយៗ​មាន​ប្រមាណ​ពី ២​អង្គ ទៅ ៣​អង្គ។ ក្រៅ​ពី​នេះ មាន​សមណ​និស្សិត​ដែល​បាន​និមន្ត​ទៅ​រៀន​វិជ្ជា​ពុទ្ធសាសនា​នៅ​ទី​នោះ​មាន​ប្រមាណ​ជិត ១០០​អង្គ។ ក្រៅ​ពី​មាន​ពុទ្ធសាសនិក​ខ្មែរ​បាន​ទៅ​សាងសង់​វត្ត​អារាម​នៅ​ពុទ្ធស្ថាន​ក្នុង​ប្រទេស​ឥណ្ឌា និង​ប្រទេស​នេប៉ាល់ គេ​ក៏​ឃើញ​មាន​ពុទ្ធ​សាសនិក​នៃ​ប្រទេស​ផ្សេងៗ​ទៀត​ក៏​បាន​ទៅ​សាងសង់​វត្ត​អារាម​របស់​គេ​នៅ​ទី​នោះ​ដែរ ដូចជា​ពុទ្ធសាសនិក​ថៃ ភូមា សិរីលង្កា ចិន ទីបេ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: