Watch the video here. Please watch at 8:40 for the monks' description of Vietnam's persecution of Khmer Krom monks.
សាលារាជធានីភ្នំពេញ មិនអនុញ្ញាតអោយព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម ធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ តាមការស្នើសុំរបស់សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោមឡើយ។ ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម គ្រោងធ្វើបាតុកម្មនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ វិញ។
ដោយ យាង សុជាមេត្តា
2013-10-12 RFA
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានអោយដឹងនៅថ្ងៃទី១២ តុលា ថា សាលារាជធានីភ្នំពេញ មិនអាចអនុញ្ញាតអោយព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម បានទេ។ លោកថា ស្ថានទូតនីមួយៗគេមានអភ័យឯកសិទ្ធិរបស់គេ ហើយក្នុងនាមជាម្ចាស់ប្រទេស កម្ពុជា មិនអាចអនុញ្ញាតអោយមានបាតុកម្មនៅមុខស្ថានទូតបរទេសនោះឡើយ។
លោក ឡុង ឌីម៉ង់៖ «វាមានលក្ខណៈអភ័យឯកសិទ្ធិពិសេស ដែលប្រទេសម្ចាស់ផ្ទះមិនអាចអនុញ្ញាតអោយមានការធ្វើបាតុកម្មប្រឆាំងប្រទេសដែលជាមិត្តមានទំនាក់ទំនងការទូតជាមួយគ្នាបានទេ អ៊ីចឹងទេ លោកក៏បានស្នើសុំធ្វើនៅទីលានប្រជាធិបតេយ្យវិញ ដោយឡែក ទីលានប្រជាធិបតេយ្យ សាលារាជធានីភ្នំពេញ ក៏បានជម្រាបទៅវិញថា យើងមិនអាចអនុញ្ញាតជូនបាន ដោយសារហេតុអី ថ្ងៃទី១៣ នេះ សមាគមគ្រូបង្រៀនឯករាជ្យរបស់ លោក រ៉ុង ឈុន ស្នើសុំធ្វើដែរ តែទីតាំងនោះយើងមិនអនុញ្ញាតអោយ លោក រ៉ុង ឈុន។ អ៊ីចឹង លោកក៏មិនអាចធ្វើបានដែរ ក៏ប៉ុន្តែ លោកមានការយោគយល់ហើយ លោកថាលោកនឹងលើកទៅពេលក្រោយវិញ»។
សមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម មានគម្រោងដឹកនាំព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ ២០០អង្គ និងនាក់ ធ្វើបាតុកម្មដង្ហែញត្តិទៅកាន់ស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា ដើម្បីទាមទារអោយរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃ ២អង្គ និងពលរដ្ឋខ្មែរកម្ពុជាក្រោម ៧នាក់ផ្សេងទៀត ដែលតុលាការវៀតណាម កាត់ទោសអោយជាប់គុក និងទាមទារមិនអោយអាជ្ញាធរវៀតណាម លូកដៃចូលក្នុងកិច្ចការព្រះពុទ្ធសាសនារបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រមទាំងអោយបញ្ឈប់ការរំលោភសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។
ប្រធានស្ដីទីសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តសាមគ្គីរង្ស៊ី ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា បានមានថេរដីកាថា ព្រះតេជព្រះគុណនឹងធ្វើតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ ដែលមិនអោយដង្ហែក្បួនទៅកាន់ស្ថានទូតវៀតណាម និងយល់ព្រមលើកថ្ងៃបាតុកម្មទៅថ្ងៃក្រោយ។ ព្រះតេជព្រះគុណបន្តថា ពេលនេះសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម និងសមាគមខ្មែរកម្ពុជាក្រោមផ្សេងទៀត ឯកភាពគ្នាជ្រើសយកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ ជាថ្ងៃធ្វើបាតុកម្ម។ ព្រះតេជព្រះគុណថា សមាគមនឹងដាក់លិខិតស្នើសុំទៅសាលារាជធានីភ្នំពេញជាថ្មីម្តងទៀតនៅថ្ងៃទី១៤ តុលា ហើយព្រះតេជព្រះគុណសង្ឃឹមថា សាលារាជធានីភ្នំពេញ នឹងធ្វើការអនុញ្ញាតចំពោះសំណើលើកនេះ។
ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា៖ «ប្រសិនបើតំណាងក្រសួងការបរទេសមកទទួលញត្តិ តំណាងសមាគមខ្មែរកម្ពុជាក្រោមទាំងអស់ ឬក៏មានតំណាងទូតរបស់វៀតណាម មកទទួលញត្តិរបស់យើងនៅកន្លែងទីលានប្រជាធិបតេយ្យ យើងមិនដង្ហែទេ ប្រសិនបើអត់មានអ្នកណាមកទទួល យើងនឹងដង្ហែ ទោះបីយ៉ាងណាក៏យើងដង្ហែដែរ អាត្មានឹងដង្ហែក្បួនទៅក្រសួងការបរទេសវិញ ពីព្រោះយើងធ្លាប់យកញត្តិទៅដាក់ហើយ ទូតវៀតណាម គេថាកិច្ចការហ្នឹងវាខុសពីកិច្ចការរបស់គេ ប្រសិនបើយើងចង់ដាក់ញត្តិអី សូមអោយយើងដាក់ទៅក្រសួងការបរទេសខ្មែរ»។
សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានដាក់លិខិតទៅ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៧ តុលា ដើម្បីសុំជួបធ្វើសេចក្ដីរាយការណ៍ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅវៀតណាម និងអំពីករណីតុលាការវៀតណាម ផ្ដន្ទាទោសព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមទាំង ៩អង្គ និងរូបនេះ។ តែមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបណាមួយ ពី លោក ហោ ណាំហុង នៅឡើយ៕
No comments:
Post a Comment