ដោយ៖ ថុល ស្រីលក្ខណ៍ | ថ្ងៃអង្គារ៍ ទី15 ខែតុលា ឆ្នាំ2013 |VOD
ការប្រមូលស្នាមមេដៃរបស់គណបក្សសង្គ្រោះជាតិ (រូបថត តាំង វីដា)
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ (CNRP) លោក យឹម សុវណ្ណ ឲ្យដឹងថា គិតមកដល់ថ្ងៃអង្គារ ទី១៥ ខែតុលានេះ គណបក្សប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋប្រមាណ១លាននាក់ហើយ ដើម្បីដាក់ញត្តិទៅអង្គការសហប្រជាជាតិ និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឲ្យជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា។
លោក យឹម សុវណ្ណ បន្តថា ការប្រមូលស្នាមមេដៃពលរដ្ឋចាប់ធ្វើពីថ្ងៃទី០៦ ខែតុលា និងបញ្ចប់ នៅថ្ងៃទី២៣ ខែតុលា ដែលនៅថ្ងៃនោះ គណបក្សគ្រោងដឹកនាំធ្វើមហាបាតុកម្មអហិង្សាលើកទី៣ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។
គណបក្សសង្គ្រោះជាតិ គ្រោងប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋនៅរាជធានី-ខេត្ត ឲ្យបានជាង៣លាននាក់ ដើម្បីដាក់ញត្តិទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន និងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
ខ្លឹមសារនៃគម្រោងញត្តិរបស់ពលរដ្ឋ ឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរដែលបានចូលរួមបោះឆ្នោត និងបាត់ឈ្មោះបោះឆ្នោត រកឃើញថា សម័យប្រជុំរដ្ឋសភាលើកដំបូង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ មានតែបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាចូលរួម។ ញត្តិ បន្តថា រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិទី៥ ពុំពេញលក្ខណៈច្បាប់ទេ។ ញត្តិ ឲ្យដឹងដែរថា កម្ពុជាកំពុងឆ្ពោះទៅរករបបផ្តាច់ការ ដែលផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ៕
សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ chornsreynoch@vodhotnews.com
No comments:
Post a Comment