A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 29 October 2013

Analysis: Did the opposition's protests achieve anything? បទ​វិភាគ៖ តើ​​បាតុកម្ម​របស់​បក្ស​ប្រឆាំង​​នឹង​បាន​ផល​ឬ​ទេ?

គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​ចំនួន ៥​ដង​មក​ហើយ ចាប់​តាំង​ពី​មុន​ថ្ងៃ​បោះ​ឆ្នោត រហូត​មក​ដល់​បច្ចុប្បន្ន។ បាតុកម្ម​លើក​ទី​១ និង​ទី​២ នៅ​មុន​ពេល​បោះ​ឆ្នោត គណបក្ស​ប្រឆាំង​បាន​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) តាម​អនុសាសន៍​របស់​តំណាង​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ និង​ទាមទារ​ឲ្យ លោក សម រង្ស៉ី ចូល​ស្រុក។
ដោយ វណ្ណ វិចារ
2013-10-29
 
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ដឹក​នាំ​បាតុករ​ហែ​ក្បួន​បាតុកម្ម​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣។
RFA/Yeang Socheametta
បាតុកម្ម​បី​លើក​ក្រោយ​បោះ​ឆ្នោត គឺ​ធ្វើ​ឡើង​ព្រោះ​តែ​មិន​សុខ​ចិត្ត​នឹង​លទ្ធផល​បោះ​ឆ្នោត។ បន្ទាប់​ពី​ចប់​មហា​បាតុកម្ម​លើក​ចុង​ក្រោយ មាន​សំណួរ​ជាច្រើន​សួរ​ថា តើ​គណបក្ស​កាន់​អំណាច​អាច​យល់​ព្រម​ឲ្យ​តាម​អ្វី​ដែល​បក្ស​ប្រឆាំង​ស្នើ​ឬ​ទេ?
ពាក្យ​ចាស់​លោក​ពោល​ថា សេចក្តី​ព្យាយាម​គង់​បាន​សម្រេច។ ក៏ប៉ុន្តែ ការ​ព្យាយាម​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​បាន​សម្រេច ឬ​មិន​បាន​សម្រេច មិន​មែន​ស្ថិត​លើ​តួអង្គ​បក្ស​ប្រឆាំង​តែ​ឯកឯង​ឡើយ។ ក្រៅ​ពី​នោះ មាន​ភាគី​បី​ផ្សេង​ទៀត ដែល​មាន​ឥទ្ធិពល​ក្នុង​បញ្ហា​នេះ ដូច​ជា ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត គណបក្ស​កាន់​អំណាច និង​ភាគី​អន្តរជាតិ។
គណបក្ស​សង្គ្រោះ​ជាតិ តស៊ូ​សម្រេច​បំណង​របស់​ខ្លួន​តាម​រយៈ​បាតុកម្ម​ចំនួន​ពីរ​លើក មុន​ការ​បោះ​ឆ្នោត។ បាតុកម្ម​លើក​ទី​១ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ដោយ​ទាមទារ​ឲ្យ​បក្ស​កាន់​អំណាច​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត និង​បើក​ផ្លូវ​ឲ្យ លោក សម រង្ស៉ី ចូល​ស្រុក​វិញ ដោយ​គ្មាន​ទោសពៃរ៍។ រាជ​រដ្ឋាភិបាល​បាន​បដិសេធ​ភ្លាមៗ​រាល់​ការ​លើក​ឡើង​របស់​បក្ស​ជំទាស់ ដោយ​ចាត់​ទុក​ការ​ទាមទារ​មិន​សម​ហេតុផល ហើយ​បក្ស​កាន់​អំណាច​មិន​អាច​ធ្វើ​អ្វី​ផ្ទុយ​នឹង​ច្បាប់ ឬ​រំលោភ​ការ​សម្រេច​របស់​តុលាការ​បាន​ឡើយ។
ទន្ទឹម​នឹង​គ្នា​នោះ លោក ហ៊ុន សែន ចាប់​ផ្ដើម​ប្រើ​យុទ្ធសាស្ត្រ​បំបែក​បំបាក់​កម្លាំង​សាមគ្គី​របស់ លោក សម រង្ស៉ី និង​លោក កឹម សុខា តាម​រយៈ​ការ​ផ្សព្វផ្សាយ​អាយ៉ៃ​ឆ្លើយឆ្លង ដែល​ជា​ខ្សែ​អាត់​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​របស់​មេ​បក្ស​ប្រឆាំង។ មិន​តែ​ប៉ុណ្ណោះ គណបក្ស​កាន់​អំណាច​បាន​ជ្រោមជ្រែង លោក ជុំ ម៉ី ឲ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង លោក កឹម សុខា និង​បាន​បង្កើត​ច្បាប់​ប្រឆាំង​នឹង​អ្នក​ដែល​និយាយ​ថា គ្មាន​របប​ខ្មែរ​ក្រហម ដែល​សំដៅ​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ រូប​នេះ​ថែម​ទៀត។
ក្រៅ​ពី​នោះ បណ្ដឹង​ប្រឆាំង លោក កឹម សុខា ទៅ​កាន់​តុលាការ​បន្តបន្ទាប់​គ្នា។ ករណី​ទី​១ ជា​បណ្ដឹង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ សំ ផល្លា ជា​ម្ដាយ​របស់​ស្ត្រី​ដែល​អះអាង​ថា ជា​ស្រី​កំណាន់​របស់ លោក កឹម សុខា កាល​ពី​ជាង ១០​ឆ្នាំ​មុន ដែល​ប្ដឹង​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​អំឡុង​ពេល លោក កឹម សុខា ចុះ​ទៅ​ជួប​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ព្រៃវែង។ ករណី​ទី​២ ជា​បណ្ដឹង លោក ជុំ ម៉ី ប្ដឹង​ប្រឆាំង លោក កឹម សុខា ពី​បទ​បរិហារកេរ្តិ៍ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នូវ​ពាក្យ​ដែល​ចោទ​ថា លោក កឹម សុខា បាន​និយាយ​ថា គុក​ទួលស្លែង​ជា​ឆាក​ដែល​វៀតណាម បង្កើត។

នៅ​ពេល​ដែល​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា វាយ​បក​ផ្ទួនៗ​មក​វិញ​ដូច​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដូរ​យុទ្ធសាស្ត្រ​ពី​ការ​ធ្វើ​បាតុកម្ម ទៅ​ជា​ចលនា​ឃោសនា​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ស្វែង​រក​ការ​គាំទ្រ​វិញ។ ចំណែក​ឯ លោក សម រង្ស៉ី ក៏​បាន​ធ្វើ​នយោបាយ​នៅ​ក្រៅ​ប្រទេស រហូត​ដល់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លូក​ដៃ​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​ផ្លូវ​ឲ្យ​មេ​បក្ស​ប្រឆាំង​ចូល​ស្រុក​ទៀត​ផង។ ដោយ​រង​គំនាប​ពី​អន្តរជាតិ និង​ការ​បន្ទន់​ជំហរ​របស់ លោក សម រង្ស៉ី ព្រម​ទាំង​ចលនា​របស់​មហា​ជន​ផង​នោះ លោក ហ៊ុន សែន ក៏​បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​ឲ្យ​លើក​លែង​ទោស​ឲ្យ​មេ​បក្ស​ប្រឆាំង​ចូល​ស្រុក​វិញ ដើម្បី​ចូល​រួម​បោះ​ឆ្នោត និង​ធានា​ភាព​ស្រប​ច្បាប់​នៃ​ដំណើរ​ការ​បោះ​ឆ្នោត។ ទន្ទឹម​នឹង​នោះ ការ​ប្រកាស​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ក៏​ត្រូវ​បក្ស​ទាំង​ពីរ​រុញ​ដាក់​កៀន​ជញ្ជាំង ហើយ​ខំ​តែ​ឃោសនា​រៀងៗ​ខ្លួន។
លុះ​ដល់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ប្រកាស​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន គណបក្ស​ប្រឆាំង​មិន​សុខ​ចិត្ត​ទេ និង​ថែម​ទាំង​ប្រកាស​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់។ បាតុកម្ម​លើក​ទី​៣ គឺ​ចាប់​ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​រួម ក្នុង​បំណង​បដិសេធ​លទ្ធផល​បោះ​ឆ្នោត និង​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ ស៊ើប​អង្កេត​លទ្ធផល​បោះ​ឆ្នោត។ ទីក្រុង​ភ្នំពេញ កាល​ថ្ងៃ​នោះ ត្រូវ​បាន​អាជ្ញាធរ​ដាក់​ឲ្យ​ស្ថិត​ក្នុង​គ្រា​អាសន្ន ក្រោម​ការ​ត្រួត​ពិនិត្យ និង​យាមកាម​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ។ គណបក្ស​កាន់​អំណាច​មិន​អើពើ​ឡើយ​ចំពោះ​បាតុកម្ម​លើក​ទី​១​នេះ ហើយ​ថែម​ទាំង​គំរាម​បង្ក្រាប​បើ​សិន​ណា​ក្រុម​បាតុករ​ហ៊ាន​ផ្លាស់​ទី​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ។
ទោះ​ជា​បែប​ណា​ក្តី បាតុកម្ម​លើក​ទី​១​នេះ​បាន​ប្រាប់​បក្ស​ប្រឆាំង​ថា ប្រជាពលរដ្ឋ​ជាច្រើន​គាំទ្រ​ចលនា​នេះ តាម​រយៈ​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ ការ​ឧបត្ថម្ភ​លុយ​កាក់ ការ​ឧបត្ថម្ភ​បាយ​ទឹក​នាំ​ចំណី​សម្រាប់​បាតុករ​ជាដើម។ លោក សម រង្ស៉ី និង​លោក កឹម សុខា ក៏​បាន​ប្រកាស​ធ្វើ​បាតុកម្ម​បន្ត​ទៀត​រយៈពេល​បី​ថ្ងៃ គឺ​ថ្ងៃ​ទី​១៥ ១៦ និង​១៧ ខែ​កញ្ញា។ បាតុកម្ម​លើក​នេះ មាន​មនុស្សម្នា​ចូល​រួម​ច្រើន​ជាង​លើក​មុន បណ្ដាល​ឲ្យ​អាជ្ញាធរ​ព្រួយ​បារម្ភ និង​ដាក់​កម្លាំង​ការពារ​បិទ​ផ្លូវ​ស្ទើរ​គ្រប់​ទី​កន្លែង រហូត​ដល់​បង្ក​ឲ្យ​កើត​មាន​អំពើ​ហិង្សា​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ រវាង​ពលរដ្ឋ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង និង​ក្រុម​សមត្ថកិច្ច​រាប់​រយ​នាក់ ឈាន​ដល់​បាញ់​សម្លាប់​យុវជន​ម្នាក់ និង​ចាប់​ខ្លួន​យុវជន​ជាច្រើន​នាក់​ដាក់​គុក។ ហេតុការណ៍​នេះ បាន​ជំរុញ​ឲ្យ​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង បើក​ការ​ចរចា​ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ និង​១៧ ខែ​កញ្ញា ដើម្បី​ស្វែង​រក​ច្រក​ចេញ។ ក៏ប៉ុន្តែ លទ្ធផល​នៃ​ការ​ចរចា​ដែល​តំណាង​បក្ស​ទាំង​ពីរ​ប្រាប់​អ្នក​កាសែត​ថា ជោគជ័យ​ច្រើន​នោះ បែរ​ជា​អសារបង់​ទៅ​វិញ នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​មាន​តុល្យភាព​អំណាច​ក្នុង​សភា។ គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​សភា និង​រដ្ឋាភិបាល​តែ​ឯកឯង ក្រោម​ការ​រិះគន់​ពី​សំណាក់​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ថា ជា​នយោបាយ​គ្មាន​ការ​ឯកភាព​ជាតិ។
មិន​ត្រឹម​តែ​មិន​ចូល​ប្រជុំ​សភា​ជា​លើក​ដំបូង​ទេ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បាន​ប្រមូល​គ្នា​ទៅ​ខេត្ត​សៀមរាប ហើយ​ប្រកាស​ថា ការ​ប្រជុំ​សភា​ដំបូង​ដែល​រៀប​ចំ​ដោយ​បក្ស​កាន់​អំណាច ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ដ៏​ធ្ងន់ធ្ងរ។ បន្ទាប់​មក​ទៀត គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ធ្វើ​សមាជ​ប្រជាជន និង​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ខែ​តុលា។ មន្ត្រី​គណបក្ស​ប្រជាជន មួយ​ចំនួន បាន​ប្រាប់​អ្នក​កាសែត​ថា បាតុកម្ម​លើក​ចុង​ក្រោយ​របស់​បក្ស​ប្រឆាំង មិន​មាន​មនុស្ស​ចូល​រួម​ច្រើន​ទេ ព្រោះ​ពលរដ្ឋ​កំពុង​រង​ការ​ញាំញី​ដោយ​ទឹក​ជំនន់។ ផ្ទុយ​ទៅ​វិញ មនុស្ស​រាប់​ម៉ឺន​នាក់ បាន​បន្ត​ចូល​រួម​បាតុកម្ម​ជាមួយ​បក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​២៣ ២៤ និង​២៥ ខែ​តុលា។ មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន​ទៀត ដែល​ពលរដ្ឋ​តាម​ជនបទ​ចូល​រួម​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​តែ​មាន​ចំនួន​ច្រើន​នោះ គឺ​បណ្ដាល​មក​ពី​មាន​ការ​ឧបត្ថម្ភ​ជា​ម្ហូប​អាហារ និង​នំ​ចំណី​ពី​អ្នក​គាំទ្រ ដែល​ជា​ឈ្មួញ​មាន​ជីវភាព​ធូរធារ​នៅ​ភ្នំពេញ ដែល​គេ​ពិបាក​ស្មាន​ណាស់​ថា អ្នក​ឧបត្ថម្ភ​ម្ហូប​ចំណី​បាតុករ​នោះ ជា​មនុស្ស​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច ឬ​អត់?
គណបក្ស​កាន់​អំណាច​ពិត​ជា​មិន​ចង់​ឃើញ​ឡើយ​នូវ​ការ​ធ្វើ​បាតុកម្ម​ជា​រៀង​រាល់​ខែ​នោះ​ទេ ហើយ​បើ​សិន​ជា​នៅ​តែ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចេញ​មក​តវ៉ា​នោះ ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​នោះ ក៏​មិន​អាច​ដើរ​ទៅ​មុខ​បាន​ដែរ។ បញ្ច្រាស​ទៅ​វិញ វា​នឹង​នាំ​មក​នូវ​បញ្ហា​មួយ​ចំនួន​រួម​មាន ឈ្មួញ​រក​ស៊ី​ធំៗ​នឹង​ចាប់​ផ្ដើម​ដក​លុយ​ចេញ​បន្តិចៗ​ម្តងៗ​ពី​ស្រុក​ខ្មែរ អ្នក​វិនិយោគ​ខាង​ក្រៅ​មិន​ហ៊ាន​ចូល​ស្រុក សេវា​សាធារណៈ​មួយ​ចំនួន​នឹង​ជួប​បញ្ហា ការ​ចំណាយ​របស់​រដ្ឋ​នឹង​កើន​ឡើង រាស្ត្រ​ខ្មែរ​មិន​ស្ងប់​ចិត្ត​ភ័យ​ខ្លាច និង​អាច​ឲ្យ​កើត​វិបត្តិ​សង្គម​នយោបាយ​ទៀត​ផង។ ពេល​ដែល​បញ្ហា​រីក​កាន់​តែ​ធំ គណបក្ស​ទាំង​ពីរ​នឹង​ត្រូវ​សម្រេច​ចិត្ត​ថា គួរ​លើក​ទ័ព​វាយ​ផ្តាច់ព្រ័ត្រ ឬ​ចរចា​ដើម្បី​ប្រយោជន៍​រួម? បើ​រដ្ឋាភិបាល​វាយ​បំបែក​សម្បុក​បាតុករ នោះ​អាច​នឹង​នាំ​ឲ្យ​មាន​កំហឹង​កាន់​តែ​ខ្លាំង ការ​តវ៉ា​កាន់​តែ​កញ្ជ្រោល នឹង​អាច​អន្តរាយ​ដល់​សមិទ្ធផល​សន្តិភាព​ដែល​ខំ​សាងសង់​រាប់​ឆ្នាំ​ជាក់​ជា​មិន​ខាន។
ចំពោះ​ភាគី​អន្តរជាតិ​វិញ ប្រាកដ​ណាស់​ថា គេ​នឹង​មិន​គាំទ្រ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​រដ្ឋសភា និង​រដ្ឋាភិបាល​តែ​ឯង​បាន​ទេ ព្រោះ​ថា បើ​កម្ពុជា បក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ប្រទេស​ផ្តាច់​មុខ នឹង​នាំ​ឲ្យ​ឥទ្ធិពល​របស់​ប្រទេស​លោក​សេរី​មក​លើ​កម្ពុជា ធ្លាក់​ចុះ ហើយ​ចិន នឹង​កើន​ឥទ្ធិពល​តែ​ឯង។ ក៏ប៉ុន្តែ ដង្ហើម​រស់​នៃ​សេដ្ឋកិច្ច​កម្ពុជា មួយ​ភាគ​ធំ ពឹង​ផ្អែក​លើ​វិស័យ​កាត់​ដេរ មាន​ចិន ជា​ម្ចាស់​រោងចក្រ​ភាគ​ច្រើន ហើយ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ជា​ទីផ្សារ។ ចុះ​បើ​គេ​បិទ​ផ្សារ តើ​ខ្មែរ​គិត​យ៉ាង​ម៉េច? នៅ​ដើម​ខែ​តុលា នេះ រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ចូល​រួម​ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត តើ​ការ​អំពាវនាវ​របស់​រាជ​រដ្ឋាភិបាល​នេះ បាន​គិត​ពី​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ដែល​ឈរ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឬ​ទេ? ក្រុម​បាតុករ​ឮ​ការ​សន្យា​ទេ តែ​ប្រាកដ​ណាស់​ថា ពួក​គេ​ចង់​ឃើញ​ដំណោះស្រាយ។
បាតុកម្ម​បី​ថ្ងៃ​ចុង​ក្រោយ បក្ស​ប្រឆាំង​បង្រួម​ចំណុច​តវ៉ា​មក​នៅ​ពីរ​ចំណុច គឺ​ទាមទារ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ជំរុញ​កម្ពុជា គោរព​លទ្ធិប្រជាធិបតេយ្យ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។ បើ​ផ្អែក​តាម​ការ​ចង់​បាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ គណបក្ស​កាន់​អំណាច​ទំនង​ជា​មិន​អាច​ឲ្យ​បាន​ទេ ព្រោះ​ថា បើ​សិន​ជា​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​មែន​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួល​លទ្ធផល​ត្រឹម​តែ​ស្មើ ឬ​ខាត​ដើម​ប៉ុណ្ណោះ ហើយ​របរ​រក​ស៊ី​បែប​នេះ អតីត​មេ​ទ័ព​ខ្លាំង លោក ហ៊ុន សែន ប្រហែល​ជា​មិន​លេង​ចូល​ឡើយ។
ក៏ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា ប្រហែល​ជា​មិន​ចង្អៀត​ចិត្ត​ប៉ុន្មាន​ទេ ក្នុង​ការ​ចែក​តំណែង​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង។ តំណែង​ប្រធាន​រដ្ឋសភា និង​គណៈកម្មាធិការ​ជំនាញ​ដែល​បក្ស​ប្រឆាំង​ទាមទារ​ពី​ពេល​មុន ហើយ​បក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​ឲ្យ​នោះ ក៏​មិន​ប្រាកដ​ថា​មិន​បាន​នោះ​ដែរ តែ​ស៊ី​សង​លើ​ជំហរ​បក្ស​ប្រឆាំង និង​អ្នក​គាំទ្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: