មេដឹកនាំគណបក្សប្រឆាំងបានជួបជាមួយក្រុមអ្នកគាំទ្ររបស់ខ្លួនជាច្រើនពាន់នាក់ នៅខាងមុខបរិវេណរូបសំណាកអ្នកតាដំបងគ្រញូង ដោយមានការពារ និងការធ្វើចរាចរណ៍ពីសំណាក់សមត្ថកិច្ចប៉ូលិសជាច្រើននាក់។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ កំពុងថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួន នៅខាងមុខរូបសំណាកលោកតាដំបងគ្រញូង ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣។
RFA/Soun Sophalmony
ការចុះជួបជាមួយសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នេះ បានធ្វើឡើងស្រដៀងគ្នាទៅនឹងយុទ្ធនាការស្វែងរកសំឡេងគាំទ្រពីម្ចាស់ឆ្នោត ដែលបានបញ្ចប់ទៅកាលពីខែកក្កដា។ ក្នុងពេលនោះ មេដឹកនាំទាំង ២រូប បានប្រកាសថានឹងមិនផ្លាស់ប្ដូរជំហរទាមទារយុត្តិធម៌ក្នុងការបោះឆ្នោតឡើយ នៅពេលដែលចូលទៅជួបប្រជុំជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ នៅថ្ងៃទី១៤ ខែកញ្ញា។
សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ជាច្រើនពាន់នាក់ អ្នកខ្លះមកខេត្តផ្សេងៗ និងអ្នករស់នៅក្នុងខេត្តបាត់ដំបង ដំបូងឡើយបានទៅប្រមូលផ្ដុំគ្នានៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ក្រុមអ្នកគាំទ្រដែលមានការចូលរួមពីព្រះសង្ឃផងនោះ បាននិមន្តដង្ហែកាត់តាមដងផ្លូវសាធារណៈកាត់តាមទីផ្សារជាច្រើនកន្លែង ឆ្ពោះទៅកាន់បរិវេណរូបសំណាកលោកតាដំបងគ្រញូង ដើម្បីជួបជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា។
នៅខាងមុខរូបសំណាកលោកតាដំបងគ្រញូង ដែលមានកងកម្លាំងប៉ូលិសជាច្រើននាក់ ឈរការពារផងនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងសារនយោបាយសំដៅទាក់ទាញអ្នកគាំទ្ររបស់ខ្លួន ឲ្យប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា។ លោកបន្តថា នៅថ្ងៃទី១៤ ខែកញ្ញា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងចូលគាល់ព្រះមហាក្សត្រ។ លោកអះអាងថា នឹងប្រកាន់ជំហរទាមទារឲ្យព្រះមហាក្សត្ររកយុត្តិធម៌ទាក់ទងនឹងលទ្ធផលបោះឆ្នោត ហើយបើសិនរកដំណោះស្រាយមិនបាន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនជជែកពីរឿងផ្សេងនោះឡើយ៖ «រូបខ្ញុំ សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មួយរួបទៀត នឹងទៅចូលគាល់ព្រះមហាក្សត្រ ហើយយើងនឹងទូលព្រះអង្គថា យើងអត់សុខចិត្តទេ ដរាបគ្មានដំណោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌ ទាក់ទងនឹងលទ្ធផលបោះឆ្នោតមិនចាំបាច់ជជែករឿងអីផ្សេងទៀតទេ អត់ចង់ដឹងទេ»។



រីឯអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរទាមទាររកយុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ការងារសំខាន់ដំបូង គឺទាមទារឲ្យមានការផ្លាស់ប្ដូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឲ្យមានវិទ្យុ និងទូរទស្សន៍សម្រាប់គណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិ និងរៀបចំប្រព័ន្ធតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយឲ្យមានភាពឯករាជ្យ៖«ឥឡូវនេះពេលនេះ ទី១ យើងរកយុត្តិធម៌ ទី២ យើងត្រូវធ្វើអ្វីដែលមានការផ្លាស់ប្ដូរដូចក្ដីប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋ គណបក្សសង្គ្រោះជាតិ យើងនៅខាងបងប្អូនខ្មែរជានិច្ច យើងអត់អាចលក់ឧត្ដមគតិ គ្មានអ្នកណាមកទិញយើងបានទេ ទិញមិនបាន សម្លុតក៏មិនខ្លាច ហើយបំបែកក៏មិនបានដែរ»។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង សង្កេតឃើញថា ការចុះជួបជាមួយសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នេះ បានធ្វើឡើង ដោយមានរូបភាពប្លែកខុសពីការគ្រោងទុក និងពុំបានគោរពទៅតាមសេចក្ដីណែនាំរបស់អាជ្ញាធរខេត្តបាត់ដំបង នោះឡើយ។ ទោះជាយ៉ាងនេះក្ដី លោកសង្កេតឃើញថា កងកម្លាំងសមត្ថកិច្ចប៉ូលិសជាច្រើននាក់ ត្រូវបានគេបញ្ជូនការពារ និងធ្វើចរាចរណ៍ជូនដល់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដោយប្រុងប្រយ័ត្ន និងពុំមានការរារាំងនោះឡើយ៕





No comments:
Post a Comment