ស្របគ្នានេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ដែលចាត់ទុកការបោះឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោត (គ.ជ.ប) ថានៅមិនទាន់ត្រឹមត្រូវដែរនោះ
បានស្នើសុំព្រះមហាក្សត្រមានព្រះរាជតម្រិះ
អន្តរាគមន៍ដោះស្រាយបញ្ហាពេលកិច្ចប្រជុំសភាលើកដំបូង
និងចាត់អោយមានដំណោះស្រាយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍
ស្នើបណ្ដាប្រទេសម្ចាស់ជំនួយ ឬដៃគូអភិវឌ្ឍន៍ និងអង្គការសហប្រជាជាតិ
អោយគាំទ្រសំណើរបស់ពលរដ្ឋ និងអង្គការឃ្លាំមើលការបោះឆ្នោត
ដែលទាមទារអោយមានវិធានការដោះស្រាយបញ្ហាចោទឡើងក្នុងការបោះឆ្នោត។
សេចក្ដីថ្លែងការណ៍របស់ យូមែន រ៉ៃត៍ វច្ឆ៍ ចេញផ្សាយនៅថ្ងៃទី៩
ខែកញ្ញា បានបញ្ជាក់ថា រដ្ឋាភិបាលដែលបានគ្រប់គ្រងលើ គ.ជ.ប
បានបរាជ័យក្នុងការដោះស្រាយបញ្ហាមិនប្រក្រតីកើតឡើងជាប្រព័ន្ធ
ក្នុងការបោះឆ្នោត ដើម្បីផ្ដល់ទំនុកចិត្តទៅដល់អ្នកបោះឆ្នោត។
នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ យូមែន រ៉ៃត៍ វច្ឆ៍
លោក ប្រែត អាដាម (Brad Adams) លើកឡើងក្នុងសេចក្ដីថ្លែងការណ៍នោះថា
ការផ្ដល់យុត្តិធម៌អោយម្ចាស់ឆ្នោត គឺជាវិធានការចាំបាច់៖ «ប្រព័ន្ធ
បោះឆ្នោតដែលពុំមានយុត្តិធម៌ លម្អៀង និងបញ្ហានៃរចនាសម្ព័ន្ធ គ.ជ.ប
រួមផ្សំនឹងភាពមិនប្រក្រតីស្ទើរគ្រប់កន្លែង
ទំនងអាចធ្វើអោយផ្លាស់ប្ដូរលទ្ធផលឆ្នោត។
វៀរលែងតែមានការស៊ើបអង្កេតដោយឯករាជ្យ
ដើម្បីដោះស្រាយពីភាពសង្ស័យដែលមិនអស់ចិត្តថា
តើអ្នកណាអ្នកអ្នកដឹកនាំពិតប្រាកដ ដែលពលរដ្ឋបានបោះឆ្នោតអោយ
និងលុបចោលនូវស្រមោលនៃភាពមិនស្របច្បាប់របស់រដ្ឋាភិបាល
ដែលបង្កើតដោយគណបក្សប្រជាជនកម្ពុជា។
ប្រទេសម្ចាស់ជំនួយគួរតែជំរុញអោយមានការស៊ើបអង្កេតនេះ
បើមិនដូច្នោះទេ អាចនឹងត្រូវមើលឃើញថា
បានរួមដៃគ្នាបំភ័ន្តដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
យូមែន រ៉ៃត៍ វច្ឆ៍ បានបញ្ជាក់ទៀតថា
បញ្ហានៅក្នុងដំណើរការបោះឆ្នោត រួមមាន
គណបក្សប្រឆាំងពុំបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយស្មើភាព
ការលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា
របស់យន្តការរៀបចំការបោះឆ្នោតនៅគ្រប់លំដាប់ថ្នាក់
ខ្វះមធ្យោបាយឯករាជ្យដោះស្រាយទំនាស់
បញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោតជាដើម។ លើសពីនេះ យូមែន រ៉ៃត៍ វច្ឆ៍
ក៏បានស្នើដល់ប្រទេសម្ចាស់ជំនួយ និងអង្គការសហប្រជាជាតិ
ថាពុំគួរថ្លែងការណ៍គាំទ្រលទ្ធផលឆ្នោត
នៅពេលដែលពុំមានការស៊ើបអង្កេតត្រឹមត្រូវ។
ជាការឆ្លើយតប អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
មានប្រសាសន៍ថា កម្ពុជា ជារដ្ឋអធិបតេយ្យ
ដែលមិនអាចបរទេសណាលូកដៃឡើយ។ លោកបន្តថា មកដល់ពេលនេះ
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅថា យូ.អិន.ឌី.ភី (UNDP)
បានចេញមុខបញ្ជាក់ពីការបន្តកិច្ចសហការជាមួយរដ្ឋាភិបាលអាណត្តិ
ថ្មីដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
កាលពីថ្ងៃទី៧ ខែកញ្ញា
គឺនៅមួយថ្ងៃមុនការប្រកាសលទ្ធផលឆ្នោតផ្លូវការរបស់ គ.ជ.ប
ក្រុមអង្គការមិនមែនរដ្ឋាភិបាលឃ្លាំមើលការបោះឆ្នោតចំនួន ២១
បានស្នើអោយមានការស៊ើបអង្កេតការបោះឆ្នោត។
ចំណែកប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជាច្រើនម៉ឺននាក់
ក៏បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មអហិង្សារួមជាមួយគណបក្សសង្គ្រោះ
ជាតិ និងបានដាក់ញត្តិថ្វាយព្រះមហាក្សត្រ ទៅតាមស្ថានទូត
និងការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
ក្នុងបំណងទាមទាររកយុត្តិធម៌ក្នុងការបោះឆ្នោត។
តាមនីតិវិធី មកដល់ពេលនេះលទ្ធផលឆ្នោតបានប្រកាសរួចរាល់ហើយ
បន្តទៅទៀតជាតួនាទីព្រះមហាក្សត្រ
ដែលព្រះអង្គទ្រង់នឹងកោះប្រជុំសភាលើកដំបូង។
ករណីនេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេសន៍ (Norway)
បានថ្លែងការណ៍ជាចំហ
ដោយស្នើសុំព្រះមហាក្សត្រព្រះតម្រិះលើការដោះស្រាយបញ្ហាបោះឆ្នោតអោយ
ជ្រះស្រឡះ មុនពេលឈានដល់ការប្រជុំសភា។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា
ពលរដ្ឋម្ចាស់ឆ្នោតបានស្នើសុំអន្តរាគមន៍ពីព្រះមហាក្សត្រ
ដោះស្រាយបញ្ហាបញ្ហាបោះឆ្នោត ហេតុនេះលោករំពឹងថា
ព្រះអង្គនឹងយកព្រះទ័យទុកដាក់ពីសុខទុក្ខរបស់ពលរដ្ឋ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោក
សុខ ទូច មានប្រសាសន៍ថា គ្រប់ភាគីពាក់ព័ន្ធ
គួរតែរួបរួមគ្នាដោះស្រាយបញ្ហាដោយខ្លួនឯង
ជាជាងការពឹងផ្អែកទៅលើបរទេស។
លោក សុខ ទូច បន្តថា ក្នុងដំណាក់កាលនេះ ព្រះមហាក្សត្រ
ព្រះអង្គអាចប្រើប្រាស់ធនធានអ្នកចេះដឹងរបស់ខ្មែរ
ដើម្បីរួមចំណែកដោះស្រាយបញ្ហា។ លោក សុខ ទូច
បានស្នើនូវវិធានការចំនួន ៤ចំណុច
ដែលអាចជួយអោយគ្រប់ភាគីដោះស្រាយបញ្ហាដោយពុំមានអ្នកឈ្នះ
ឬអ្នកចាញ់។
ព្រះរាជសារព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហមុនី ផ្ញើជូនប្រធាន
គ.ជ.ប លោក អ៊ឹម សួស្តី កាលពីថ្ងៃទី៩ ខែកញ្ញា បានបញ្ជាក់ថា
ព្រះអង្គនឹងទ្រង់កោះហៅអោយមានការប្រជុំសភាដំបូងនៅថ្ងៃទី២៣
ខែកញ្ញា៕
3 comments:
This self-style human rights watcher Brad Adams is a fat ass that should shut up. You don't help solve the problem, only escalate it. You are a tool used by CNRP that is all, you know nothing.
12 September 2013 9:21 am
He know a lot better than you think dude. You don't even know where you're come from.
9:21 am
Shut up Mousy !!!
Post a Comment