A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 12 September 2013

CNRP's activists concerned about their personal safety សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​នៅ​សៀមរាប​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​នៅ​ឃុំ​ស្រែណូយ នៃ​ស្រុក​វ៉ារិន ចម្ងាយ​ជាង ៧០​គីឡូម៉ែត្រ ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប កំពុង​ព្រួយ​បារម្ភ​ទៅ​លើ​សន្តិសុខ​ផ្ទាល់​ខ្លួន។ ការ​ព្រួយ​បារម្ភ​បាន​កើត​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច បាន​ចាប់​ខ្លួន​សមាជិក​នៃ​គណបក្ស​នេះ​ម្នាក់ ហើយ​នៅ​តែ​លេច​ឮ​ព័ត៌មាន​ថា មាន​សកម្មជន​ខ្លះ​ទៀត​កំពុង​មាន​ឈ្មោះ​ក្នុង​ការ​តាម​ចាប់​ខ្លួន​នា​ពេល​ខាង ​មុខ។
ដោយ ហង្ស សាវយុត RFA
2013-09-12
តើ​ការ​ចាប់​ខ្លួន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​មួយ​នេះ ពាក់ព័ន្ធ​នឹង​ករណី​អ្វី?
ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការងារ​ខាង​សិទ្ធិ​មនុស្ស ក្នុង​ខេត្ត​សៀមរាប មាន​គម្រោង​នឹង​ចុះ​អង្កេត​នៅ​ភូមិ​ស្រែពោធិ ឃុំ​ស្រែណូយ នា​ពេល​ឆាប់ៗ ដើម្បី​ស្រាវជ្រាវ​ឱ្យ​ដឹង​ប្រាកដ​ថា តើ​ការ​ចាប់​ខ្លួន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ១​រូប កាល​ពី​ពេល​ថ្មីៗ វា​អាច​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ ឬ​ក៏​ជា​ករណី​កំហុស​អ្វី​ផ្សេង​ទៀត។
គម្រោង​ស៊ើប​អង្កេត​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​សប្ដាហ៍​នេះ បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី២ ខែ​កញ្ញា កន្លង​ទៅ មាន​កង​រាជ​អាវុធហត្ថ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខ្លះ​បាន​ទៅ​ចាប់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ ថោន ស៊ីវ អាយុ ៣២​ឆ្នាំ ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជូន​ទៅ​តុលាការ។
នាយក​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយស្រី គឺ​លោក ម៉ុង ប៊ុនលីម។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​បុរស​ម្នាក់​នោះ គឺ​ពាក់ព័ន្ធ​នឹង​ការ​លួច​កាប់ និង​ទិញ​ឈើ​គ្រញូង ចេញ​ពី​តំបន់​ព្រៃ​ពូជ។ ទោះ​យ៉ាង​ណា មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ដដែល មិន​បាន​អធិប្បាយ​ពន្យល់​វែង​ឆ្ងាយ​ជុំវិញ​បញ្ហា​នោះ​ទេ៖ «គាត់​ចូល​កាប់ ​ឈើ​គ្រញូង​នៅ​ក្នុង​ចម្ការ​ពូជ ហើយ​គាត់​ប្រមូល​ទិញ​នៅ​ក្នុង​នោះ។ បើ​បូក​សរុប​តាំង​ពី​ថ្ងៃ​ទី១ ខែ​មករា រហូត​មក​ដល់​ឥឡូវ អស់ ៦​ដើម​ហើយ​គ្រញូង»
ក៏ប៉ុន្តែ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ភូមិ​ស្រែពោធិ ខ្លះ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​នោះ។

កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា កន្លង​ទៅ ក្រុម​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន បាន​ប្រមូល​គ្នា​មក​ទីស្នាក់ការ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ហើយ​បាន​សុំ​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ផ្លូវ​ច្បាប់ ក្នុង​ការ​ទាមទារ​ឱ្យ​ដោះ​លែង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​នោះ​ឱ្យ​មាន​សេរីភាព​វិញ។
កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ដែរ ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែពោធិ ចំនួន ៨០​នាក់ ក៏​បាន​នាំ​គ្នា​ផ្ដិត​មេ​ដៃ​លើ​ញត្តិ​គាំទ្រ និង​ស្នើសុំ​ឱ្យ​ដោះ​លែង​បុរស​ឈ្មោះ ថោន ស៊ីវ ដែល​ជា​សមាជិក​គណបក្ស​ប្រឆាំង​ម្នាក់​នោះ​ដែរ ដោយ​គេ​មិន​ជឿ​ថា សមាជិក​គណបក្ស​ប្រឆាំង​ម្នាក់​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លួច​កាប់​ឈើ​ គ្រញូង នៅ​ក្នុង​តំបន់​ការពារ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។
សង្គម​ស៊ីវិល និង​អ្នក​ឃ្លាំ​មើល​បទ​ល្មើស​ព្រៃ​ឈើ បាន​រិះគន់​ថា ប្រសិន​បើ​បុរស​ម្នាក់​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ដោយ​ព្រោះ​តែ​ការ​លួច​កាប់​ឈើ​គ្រញូង មែន គឺ​គេ​គាំទ្រ​ចំពោះ​សមត្ថកិច្ច​ដែល​អនុវត្ត​ច្បាប់​ត្រឹមត្រូវ ក៏ប៉ុន្តែ បញ្ហា​ដែល​មិន​ស្មើភាព​គ្នា​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បច្ចុប្បន្ន​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ ក្រុម​ឈ្មួញ​ធំៗ​បាន​ដឹក​ឈើ​គ្រញូង រាប់​តោន តាម​រថយន្ត​ធំៗ​កាត់​មុខ​សមត្ថកិច្ច​ដែរ ចុះ​ហេតុ​អ្វី​បាន​ជា​គេ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ចាប់​ក្រុម​ឈ្មួញ​ណា​ ម្នាក់​ដាក់​គុក​ផង?
សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ខ្លះ កំពុង​សម្ដែង​ការ​ព្រួយ​បារម្ភ​ទៅ​លើ​បញ្ហា​សន្តិសុខ​ផ្ទាល់​ខ្លួន ដោយសារ​តែ​ពួក​គេ​ឮ​ថា នឹង​មាន​ការ​ចាប់​ខ្លួន​ពួក​គេ​ខ្លះ​ទៀត ពាក់ព័ន្ធ​នឹង​ករណី​ដូច​ការ​ចាប់​ខ្លួន​សមាជិក​ម្នាក់​រួច​មក​ហើយ​នោះ។
អនុ​ប្រធាន​ក្រុម​ការងារ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​វ៉ារិន លោក ថន ធឿន បាន​មាន​ប្រសាសន៍​ថា តាម​លោក​ទទួល​ព័ត៌មាន គឺ​អាច​នៅ​មាន​ការ​ចាប់​ខ្លួន​សកម្មជន​របស់​លោក​បន្ថែម​ទៀត។ បញ្ហា​នេះ ធ្វើ​ឱ្យ​រូប​លោក និង​សកម្មជន​ដទៃ​ទៀត កំពុង​ព្រួយ​បារម្ភ៖ «ឮ​ថា​ចាប់​ សកម្មជន​អីចុះ ខ្ញុំ​ខ្លាច​ដែរ។ សូម​ឱ្យ​អង្គការ ឬ​ក៏​ស្ថាប័ន​ណា​ជួយ​ផង ព្រោះ​ថា​ខ្ញុំ​ភ័យ​ខ្លាច​ខ្លួន​ខ្ញុំ​ដែរ។ បង ឈួប គាត់​ទូរស័ព្ទ​ប្រាប់​ខ្ញុំ​ថា សកម្មជន​នៅ​ភូមិ​ស្រែពោធិ នោះ មាន ៧​នាក់ ដែល​គេ​ដាក់​ពាក្យ​ប្ដឹង​ដែរ»
ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល កំពុង​ស្រាវជ្រាវ​ព័ត៌មាន​ជា​បឋម ដើម្បី​ចង់​ដឹង​ថា តើ​ការ​ចាប់​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​ម្នាក់​នោះ អាច​ជា​ករណី​បំភិតបំភ័យ​ផ្នែក​នយោបាយ ឬ​ក៏​ជា​ការ​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់។
អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​សៀមរាប អ្នកស្រី ឈុយ វ៉ាន់ថា បាន​មាន​ប្រសាសន៍​ថា តាម​ការ​ស្រាវជ្រាវ​ជំហាន​ដំបូង បុរស​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់ និង​អ្នក​ភូមិ​ជាច្រើន​ទៀត​នោះ គឺ​ធ្លាប់​មាន​រឿង​ពាក់ព័ន្ធ​នឹង​ដីធ្លី​នៅ​ក្នុង​តំបន់​ការពារ​របស់​ រដ្ឋបាល​ព្រៃ​ឈើ​កន្ទួត ចាប់​តាំង​តែ​ពី​អំឡុង​ឆ្នាំ​២០០៤ មក។ អ្នក​ស៊ើប​អង្កេត​ដដែល​មិន​បាន​រក​ឃើញ​ថា បុរស​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​ឈើ​គ្រញូង ក្នុង​តំបន់​ការពារ​នោះ​ឡើយ ពីព្រោះ​តែ​អ្នក​ភូមិ​ទី​នោះ​ម្នាក់ៗ គឺ​ជា​អ្នក​ស្រឡាញ់​ព្រៃ​ឈើ ហើយ​តែង​នាំ​គ្នា​ជួយ​ថែ​រក្សា​ទៀត​ផង។
ទោះ​យ៉ាង​ណា អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​យល់​ថា ការ​ចាប់​ខ្លួន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​នោះ គឺ​មាន​ចំណុច​ខុស​ប្រក្រតី​មួយ​ចំនួន ដែល​ជា​មន្ទិល​សង្ស័យ​ក្នុង​ផ្លូវ​ច្បាប់៖ «នៅ​ក្នុង​រឿង​ហ្នឹង គិត​ថា វា​ពាក់ព័ន្ធ​ជាមួយ​នឹង​រឿង​ដីធ្លី​ចាស់​លើក​មុន ហើយ​ទៅ​គេ​ចោទ​ប្រកាន់​ថា​បំផ្លាញ​ព្រៃ​ឈើ ហើយ​ពួក​គាត់​អត់​បាន​ប្រព្រឹត្ត​ទេ ហើយ​នេះ​គឺ​ជា​ការ​ចាប់​ខ្លួន​ដោយ​ខុស​ច្បាប់​ហើយ ព្រោះ​ពួក​គាត់​មិន​ដែល​បាន​ចូល​ទៅ​រុករាន​ផង មាន​តែ​ជួយ​ការពារ ហើយ​ការ​ដែល​ទៅ​ចាប់​ហ្នឹង ដូច​ជា​ការ​បំភ្លៃ​យ៉ាង​ម៉េច​ទេ អា​ដីកា​យក​ទៅ​ក្រោយ ហើយ​ទូរស័ព្ទ​ទៅ​ប្រពន្ធ​គាត់ មើល​ទៅ​ថា​ឆ្នាំ​ផ្សេង វា​ហួស​អាជ្ញាយុកាល​នៃ​ដីកា​ហ្នឹង​ទៀត។ ដូច​ជា​រឿង​មិន​ប្រក្រតី​សោះ ហើយ​ពួក​ខ្ញុំ​នឹង​ចុះ​ទៅ​ស្អែក​ខាន​ស្អែក​ហ្នឹង»
អាជ្ញាធរ​ឃុំ​ស្រែណូយ ក៏​មិន​សម្ដែង​ការ​គាំទ្រ​ចំពោះ​សមត្ថកិច្ច​ដែល​ចាប់​ខ្លួន​បុរស​អ្នក​ភូមិ​ស្រែពោធិ ម្នាក់ នោះ​ដែរ។
ជំទប់​ទី​១ ឃុំ​ស្រែណូយ លោក សួន ឡី បាន​មាន​ប្រសាសន៍​ថា លោក​មិន​ជឿ​ការ​ចោទ​ប្រកាន់​ទៅ​លើ​បុរស​ឈ្មោះ ថោន ស៊ីវ ជុំវិញ​រឿង​លួច​កាប់​ឈើ​គ្រញូង ក្នុង​តំបន់​ព្រៃ​ពូជ របស់​រដ្ឋបាល​ព្រៃ​ឈើ​នោះ​ទេ។ ជំទប់​ឃុំ​ដដែល​បាន​បញ្ជាក់​ថា បើ​និយាយ​ពី​អ្នក​ភូមិ​ស្រែពោធិ នោះ ធ្លាប់​មាន​ទំនាស់​ដីធ្លី​នៅ​ពេល​ដែល​រដ្ឋបាល​ព្រៃ​ឈើ ពង្រីក​ផ្ទៃដី​ដើម្បី​រក្សា​ទុក​ព្រៃ​ឈើ គឺ​ធ្លាប់​មាន​មែន៖ «គេ​ចោទ​ថា ទៅ​កាប់​គ្រញូង នៅ​ក្នុង​ព្រៃ​នោះ ប៉ុន្តែ ប្រជាពលរដ្ឋ​រាប់​រយ​នាក់​គេ​ថា បុគ្គល​ម្នាក់​នោះ​មិន​ដែល​បាន​ទៅ​ទី​នោះ មិន​ដែល​ចូល​ព្រៃ​ការពារ​ទេ ហើយ​គ្នា​រក​ស៊ី​ធម្មតា ធ្វើ​ស្រែ ចម្ការ​ដំឡូង ហើយ​និង​ដង​ជ័រ និង​ទិញ​ជ័រ​ទឹក។ ដល់​ពេល​នេះ គេ​ចោទ​ប្រកាន់​គាត់​នេះ ទៅ​ជា​ចោរ​លួច​គ្រញូង អា​កន្លែង​នោះ​ខ្ញុំ​ថា​វា​មិន​ពិត​ដែរ»
ឯកសារ​មួយ​ដែល​មាន​ចុះ​ហត្ថលេខា​ដោយ​មេ​ឃុំ​ស្រែណូយ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ ដើម្បី​បញ្ជូន​ទៅ​អាជ្ញាធរ​ស្រុក​វ៉ារិន ឱ្យ​ជួយ​ដោះស្រាយ បាន​បញ្ជាក់​ថា អ្នក​ភូមិ​ស្រែពោធិ ចំនួន ៥៤​គ្រួសារ គឺ​បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ការ​ខ្វះ​ដី​ធ្វើ​កសិកម្ម បន្ទាប់​ពី​រដ្ឋបាល​ព្រៃ​ឈើ​បាន​ពង្រីក​ដី​ខ្លះ​ធ្វើ​ជា​តំបន់​ព្រៃ​ពូជ និង​តំបន់​ការពារ​ព្រៃ​ឈើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: