
១៧-កញ្ញា-២០១៣៖ ព្រះសង្ឃព្រះនាម សេក ឌីណា យកសាំងចាក់ស្រោចលើព្រះកាយប៉ុនប៉ងដុតនៅលើឆាកនាទីលានប្រជាធិបតេយ្យ ប៉ុន្តែត្រូវបានមន្ត្រីបក្សសង្គ្រោះជាតិ រារាំង។
RFA/Den Ayuthyea
ការរៀបចំធ្វើអត្តឃាតនោះ ក្រោយពេលព្រះអង្គបានថ្លែងយោបល់ស្នើឲ្យសហគមន៍អន្តរជាតិជួយរកយុត្តិធម៌ដល់ប្រទេសកម្ពុជា ដែលទទួលរងនូវការបំផ្លិចបំផ្លាញ ផ្តើមដោយអ្នកដឹកនាំប្រទេសសព្វថ្ងៃ។
បន្ទាប់ពីបានអានបញ្ចប់ព្រះសុន្ទរកថាទាក់ទងអំពើអយុត្តិធម៌ បក្សពួកនិយម និងប្រទេសជាតិហិនហោចធនធានធម្មជាតិនៅក្នុងសង្គមក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមាណ ៣ទំព័រ នៅលើឆាកនាលានប្រជាធិបតេយ្យ ព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា រួចមកព្រះសង្ឃ សេង ឌីណា បានយកសាំងមានចំណុះ ១លីត្រ ដែលបានត្រៀមទុកក្នុងថង់យាមជាស្រេច បើកគម្របចាក់ស្រោចលើព្រះកាយ និងដុត ប៉ុន្តែមិនបានសម្រេចទេ ព្រោះមានអ្នកឃាត់ និងចាប់រារាំងព្រះអង្គទាន់ពេល។
ព្រះអង្គមានថេរដីកាដូច្នេះ៖ «ខ្ញុំព្រះករុណាអាត្មាភាពនឹងដុតព្រះកាយថ្ងៃនេះ ជាសាក្សីដើម្បីបញ្ជាក់ទៅអន្តរជាតិឲ្យបានដឹងពីភាពអយុត្តិធម៌ក្នុងសង្គមកម្ពុជា ក្រោមការដឹកនាំដោយលោក ហ៊ុន សែន»។
លោក ហូរ វ៉ាន់ បេក្ខជនតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអ្នករៀបចំកម្មវិធីដឹកនាំមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ។ លោកបានឲ្យដឹងថា មូលហេតុដែលនាំឲ្យព្រះសង្ឃ សេក ឌីណា ចង់ដុតព្រះកាយធ្វើអត្តឃាត ដោយសារព្រះអង្គរំជួលចិត្ត និងឃើញសកម្មភាពដឹកនាំប្រទេសរបស់រដ្ឋាភិបាលសព្វថ្ងៃមានភាពអយុត្តិធម៌ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ ជាងនេះឃើញសកម្មភាពនៃការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់របស់សមត្ថកិច្ចរដ្ឋាភិបាលនៅយប់ថ្ងៃទី ៦ ខែកញ្ញា នាស្ពានអាកាសក្បាលថ្នល់។
ព្រះសង្ឃ សេក ឌីណា មានថេរដីកាបន្តថា មូលហេតុដែលព្រះអង្គដុតព្រះកាយពេលនេះ ក៏ដើម្បីបញ្ជាក់ឲ្យមេដឹកនាំខ្មែរគ្រប់ជំនាន់ឲ្យគិតប្រយោជន៍ជាតិជាធំ៖ «សូមប្ដឹងទៅអង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សូមជួយរកយុត្តិធម៌ជូនប្រជារាស្ត្រខ្មែរផង។ព្រោះក្នុងពេលនេះ ប្រទេសកម្ពុជាកំពុងធ្លាក់ក្នុងរបបផ្ដាច់ការយ៉ាងកាចសាហាវរបស់លោក ហ៊ុន សែន រាប់សិបឆ្នាំហើយ ធ្វើឲ្យរាស្ត្ររងគ្រោះថ្នាក់ និងមិនដឹងថា ត្រូវរងកម្មពៀរដល់ពេលណាទេ»។
លោក កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានផ្តល់វិភាគទៅលើសកម្មភាពដុតព្រះកាយរបស់ព្រះសង្ឃ សេក ឌីណា ថាជាសារនយោបាយដ៏មានសារសំខាន់ សម្រាប់អ្នកដឹកនាំប្រទេស ក្នុងការតស៊ូដើម្បីការពារទឹកដីខ្លួនឲ្យបានគង់វង្ស៖ «ក៏ជាសារនយោបាយមួយប្រាប់ដល់អ្នកដឹកនាំបច្ចុប្បន្ន ត្រូវតែហ៊ានស្លាប់ ត្រូវតែហ៊ានបូជាជីវិតដើម្បីក្មេងជំនាន់ក្រោយ ដើម្បីឲ្យទឹកដី និងធនធានធម្មជាតិបានគង់វង្ស។ ខ្ញុំគិតថាមានសារប្រយោជន៍ណាស់ មិនត្រឹមតែប្រាប់ទៅដល់អ្នកដឹកនាំកំពុងកាន់អំណាចទេ គឺប្រាប់ទៅដល់អ្នកដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ បើសិនខ្លួនឡើងកាន់អំណាចត្រូវតែហ៊ានបូជាជីវិតដើម្បីជាតិមាតុភូមិរបស់យើង។ គួរតែពេលបច្ចុប្បន្ននេះកុំខ្លាចទាំងអស់គ្នា មិនមែនក្លាហានតែម្នាក់ ឬពីរនាក់នោះទេ គឺក្នុងនាមជាតំណាងរាស្ត្រទាំងអស់ហ្នឹង គឺត្រូវតែឈរជួរមុខជួសប្រជាពលរដ្ឋក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅដើម្បីការពារដល់អធិបតេយ្យភាពខ្មែរយើង»។
ព្រះសង្ឃ សេក ឌីណា ដែលដុតព្រះកាយមិនបានសម្រេច មានស្រុកកំណើតនៅភូមិពង្រ ស្រុកបារាយ ខេត្តកំពង់ធំ និងទើបបានបួសរៀននៅអាស្រមថ្មអន្ទង ស្ថិតក្នុងឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ទើបតែបួសបានប្រមាណ ៣ខែប៉ុណ្ណោះ៕

2 comments:
LET THAT MONK DIE, DON'T STOP HIM, IF HE WANTED TO DIE, SO LET IT BE..
good for him, so he can re-born sooner
2:54 am
He wants to die for his country and YOURS !!!
Do YOU ?
Will YOU ?
Post a Comment