A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 9 August 2013

People scared of troop and armoury mobilisations ពលរដ្ឋ​ភ័យ​ខ្លាច​ចំពោះ​សកម្មភាព​ចល័ត​ទ័ព​និង​សព្វាវុធ

Read in English here.
 
ប្រជាពលរដ្ឋ​រស់នៅ​តាម​រាជធានី​ខេត្ត​មួយ​ចំនួន មាន​ការ​ព្រួយ​បារម្ភ និង​មាន​ចម្ងល់​ចំពោះ​សកម្មភាព​ចល័ត​កងទ័ព​តាម​រថយន្ត​របស់​រដ្ឋាភិបាល ក្រោយ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា។ ប៉ុន្តែ មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​បាន​ឆ្លើយ​ថា ពលរដ្ឋ​មិន​ត្រូវ​ព្រួយ​បារម្ភ​ទេ ហើយ​សន្តិសុខ​ជាតិ​ក៏​មិន​ទាន់​ធ្លាក់​ដល់​ត្រូវ​ប្រើ​កម្លាំង​កងទ័ព​នោះ​ ដែរ។
ដោយ ដែន អយុធ្យា RFA
2013-08-08
ឡាន​រថពាសដែក​ទាហាន ៦១០
ឡាន និង​រថពាសដែក ឬ​អា​ស្គុត​របស់​កង​កម្លាំង​រដ្ឋាភិបាល ក្នុង​វត្ត​ច័ន្ទ​បុរី​វង្ស ហៅ​វត្ត​សំរោង​ខាង​ជើង តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ចម្ងាយ​ប្រហែល ១៨​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០១៣។
Photo: RFA
ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ព័ត៌មាន​ទាក់ទង​ សកម្មភាព​ចល័ត​កងទ័ព ឬ​សព្វាវុធ តាម​រថយន្ត​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ពេល​មាន​ដំណឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ធ្វើ​មហា​បាតុកម្ម​តវ៉ា​លទ្ធផល​បោះ​ឆ្នោត ដែល​មិន​ត្រឹមត្រូវ។
ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ជិត​ភ្លឺ​ព្រឹក​ថ្ងៃ​ទី៨ ខែ​សីហា ពួក​គាត់​ឃើញ​មាន​រថពាសដែក ឬ​អា​ស្គុត​របស់​កងទ័ព​ច្រើន​ជាង ៥​គ្រឿង បាន​បើក​តាម​ផ្លូវ​ជាតិ​លេខ​៦ សំដៅ​មក​រាជធានី​ភ្នំពេញ។
ពលរដ្ឋ​មាន​ចម្ងល់​ថា ការ​ចល័ត​រថពាសដែក​ទាំង​នោះ មិន​ដឹង​ថា​រដ្ឋាភិបាល​ចល័ត​ក្នុង​ហេតុការណ៍​អ្វី​នោះ​ទេ ព្រោះ​គ្មាន​ប្រភព​បង្ហើប​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ទេ។ ប្រជាពលរដ្ឋ​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ជួយ​បំភ្លឺ​ករណី​ចល័ត​កងទ័ព​នេះ៖ «គ្រឿង​សព្វាវុធ ឬ​រថពាសដែក​ហ្នឹង ខ្ញុំ​ឃើញ​ជាក់ស្តែង គឺ​ចំនួន ៦​គ្រឿង។ អត់​ដឹង​ថា​ទៅ​ពី​ខាង​ណា​ទេ ប៉ុន្តែ​យើង​ឃើញ​តាម​ផ្លូវ​ជាតិ​លេខ​៦ សំដៅ​ទៅ​ភ្នំពេញ។ ឃើញ​ទាហាន​ស្លៀកពាក់​សម្លៀកបំពាក់​ប៉ារ៉ា ប្រហែល​ជា ៤០​នាក់ និង​មាន​មុខ​មក​ភ្នំពេញ»

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក កែម ឡី អ្នក​ស្រាវជ្រាវ​បញ្ហា​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ ក៏​បាន​ដឹង​ឮ​លើ​ករណី​មាន​សកម្មភាព​ចល័ត​កងទ័ព ឬ​សព្វាវុធ​នេះ​ដែរ។ លោក​ផ្តល់​វិភាគ​ថា សកម្មភាព​ចល័ត​ទ័ព​នៅ​មុន​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ ចូល​មក​ដល់ អាច​ជា​សញ្ញា​ដំឡើង​សាច់​ដុំ​ដាក់​គ្នា រវាង​អ្នក​នយោបាយ​ខ្មែរ។ លោក កែម ឡី មាន​យោបល់​ថា អ្នក​នយោបាយ​ខ្មែរ​គួរ​ស្វែង​រក​ដំណោះស្រាយ​មូលហេតុ​នៃ​បញ្ហា​ដោយ​សន្តិវិធី ជា​ជាង​គេច​មិន​ដោះស្រាយ​បញ្ហា។
លោក​ថា បញ្ហា​ដែល​កើត​មាន​រវាង​អ្នក​នយោបាយ​ខ្មែរ​ក្រោយ​ការ​បោះ​ឆ្នោត គឺ​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត ប៉ុន្តែ​អ្នក​នយោបាយ​ខ្មែរ​ហាក់​ទុក​បញ្ហា​ឲ្យ​ទុំ​ជោរ ឬ​ឲ្យ​មាន​ឥទ្ធិពល ទើប​ចាប់​ផ្ដើម​ដោះស្រាយ​ជា​ក្រោយ ដែល​ជា​ទង្វើ​មិន​ត្រឹមត្រូវ៖ «ខ្ញុំ​ គិត​ថា មក​ពី​គណបក្ស​ទាំង​ពីរ​ហ្នឹង​លឿន​ពេក។ មួយ គឺ​លឿន​ពេក ត្រង់​ថា ប្រកាស​ធ្វើ​មហា​បាតុកម្ម និង​មួយ​ទៀត​ត្រង់​ថា ចង់​ធ្វើ​អី​ដែល​មិន​ត្រឹមត្រូវ។ ឧទាហរណ៍​ថា ចង់​ប្រជុំ​សភា ចង់​ចែក​កៅអី ចង់​ប្រជុំ​បង្កើត​រដ្ឋាភិបាល ដោយ​យើង​មិន​ទាន់​ជជែក​គ្នា​ពី​ការ​កែតម្រូវ​លក្ខណៈ​បច្ចេកទេស។ អា​នេះ​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ពីព្រោះ​យើង​មាន​ជំហាន​របស់​វា​ដែល​ត្រូវ​ធ្វើ។ អ៊ីចឹង គណបក្ស​ទាំង​ពីរ​ហ្នឹង​លឿន​ពេក​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ ផ្តល់​សារ​នយោបាយ​ទៅ​ដល់​ប្រជាពលរដ្ឋ»
ឆ្លើយ​សំណួរ​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី៥ ខែ​សីហា លោក ស ខេង ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ថា មិន​បាន​ដឹង​សកម្មភាព​ចល័ត​កងទ័ព ឬ​សព្វាវុធ​នេះ​ទេ៖ «ខ្ញុំ​មិន​មាន​ព័ត៌មាន​ហ្នឹង​ទេ»
ទោះ​យ៉ាង​ណា លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី៨ ខែ​សីហា ថា គ្មាន​អ្វី​ដែល​ពលរដ្ឋ​ត្រូវ​ភ័យ​ខ្លាច​ទេ ចំពោះ​សកម្មភាព​ចល័ត​កងទ័ព​ចេញ​ពី​បន្ទាយ ព្រោះ​ជា​ការងារ​របស់​កងទ័ព ឬ​ជា​ការ​ហ្វឹកហាត់​នោះ។ លោក​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​គ្មាន​គោលការណ៍​ណា​មួយ​ប្រើ​កម្លាំង​ទ័ព ដើម្បី​បង្ក្រាប​ប្រជាជន​ខ្លួន​ឯង​ទេ ហើយ​សន្តិសុខ​ជាតិ​ក៏​មិន​ទាន់​ធ្លាក់​ដល់​ដំណាក់​កាល​ប្រើ​កម្លាំង​ទ័ព​នោះ ​ដែរ។
លោក ផៃ ស៊ីផាន៖ «រាជ​រដ្ឋាភិបាល​នេះ ប្រជាពលរដ្ឋ​គឺ​កើត​ពី​ប្រជាពលរដ្ឋ កើត​ពី​ប្រជាជន។ ហើយ​យើង​គ្មាន​គោលការណ៍​ណា​ទៅ​ប្រើ​កម្លាំង​ទ័ព​ទៅ​សម្លាប់​ប្រជាជន​ខ្លួន​ ឯង​ទេ។ យើង​អត់​ទាន់​ដល់​ស្ថានភាព​បែប​ហ្នឹង​ទេ គឺ​អត់​មាន​ទេ​កុំ​បារម្ភ។ ហើយ​ការ​ដែល​ឃើញ​ទាហាន​ជិះ​ឡាន វា​គួរ​តែ​កុំ​ភិតភ័យ វា​អត់​ទាន់​មាន​ស្ថានភាព​ដល់​ថ្នាក់​ប៉ុណ្ណឹង​ទេ។ អា​នេះ​ជា​ការងារ​ប្រក្រតី​ភាព​របស់​កង​កម្លាំង​របស់​យើង។ ជួន​កាល គេ​ចេញ​ពី​ការ​ហាត់​ហ្វឹកហ្វឺន​មក គេ​ទៅ​កាន់​មូលដ្ឋាន​របស់​គេ ដោយ​គ្រាន់​តែ​ឆ្លង​កាត់​មណ្ឌល​របស់​យើង​មិន​មាន​អី​ជា​បញ្ហា​ទេ។ ចំពោះ​ឥឡូវ​នេះ យើង​អត់​ទាន់​ឃើញ​មាន​អ្វី​ដែល​ជា​សញ្ញា​នៃ​ការ​គំរាម​កំហែង​សន្តិសុខ​ជាតិ​ ទេ។ ដូច្នេះ អ្វី​ដែល​ជា​ការ​យល់ ដែល​គេ​ឃើញ​ហ្នឹង វា​ដូច​ជា​មិន​មាន​សារសំខាន់​អី​ទៅ​ដល់​ហ្នឹង​ទេ»
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុន​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ ចូល​មក​ដល់ បាន​ប្រកាស​ជា​សាធារណៈ​ថា បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ប្រទេស​នឹង​មាន​សង្គ្រាម។ ប៉ុន្តែ ការ​ប្រកាស​នេះ​ត្រូវ​បាន​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយ​តប​ថា នឹង​មិន​មាន​សង្គ្រាម​កើត​ឡើង​ទេ បើ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ព្រោះ​បក្ស​ប្រឆាំង​គ្មាន​កម្លាំង​ទ័ព និង​អាវុធ​សម្រាប់​ធ្វើ​សង្គ្រាម​ដូច​គណបក្ស​ប្រជាជន​កម្ពុជា របស់ លោក ហ៊ុន សែន។
ទាក់ទិន​បញ្ហា​នេះ​ដែរ ប្រទេស​ជប៉ុន តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ស្វាគមន៍​ប្រការ​ដែល​ការ​បោះ​ ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នៅ​កម្ពុជា បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​រលូន និង​សន្តិភាព​ជា​ទូទៅ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា។
យ៉ាង​ណា​ក៏ដោយ ប្រទេស​ជប៉ុន នឹង​បន្ត​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​សភាពការណ៍​ក្រោយ​ការ​បោះ​ ឆ្នោត​នេះ។ ប្រទេស​ជប៉ុន សង្ឃឹម​ថា ដំណើរ​ការ​ក្រោយ​ការ​បោះ​ឆ្នោត ក៏​ដូច​ជា​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​ជាដើម នឹង​ប្រព្រឹត្ត​ទៅ​ដោយ​យោង​តាម​ច្បាប់​ពាក់ព័ន្ធ ដោយ​ផ្អែក​លើ​កិច្ច​ពិភាក្សា​គ្នា និង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ពាក់ព័ន្ធ​នានា​ប្រកប​ដោយ​ភាព​ យុត្តិធម៌ សន្តិវិធី និង​ឲ្យ​ទាន់​ពេល​វេលា ហើយ​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​ក្នុង​ប្រទេស​ត្រូវ​បាន​ធានា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


No comments: