A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 7 August 2013

NEC appeals to people not to believe in election results, until officially announced by the NEC គ.ជ.ប អំពាវនាវ​ពលរដ្ឋ​កុំ​ជឿ​លើ​ព័ត៌មាន​លទ្ធផល​ឆ្នោត​មួយ​ចំនួន

លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ មិន​ទាន់​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រកាស​ជា​ ផ្លូវ​ការ​នៅ​ឡើយ។ ប៉ុន្តែ ទាំង​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង សុទ្ធតែ​ប្រកាស​ថា​ឈ្នះ​ឆ្នោត​រៀងៗ​ខ្លួន។ ក្រៅ​ពី​ការ​ប្រកាស​របស់​គណបក្ស​ទាំង​ពីរ ក៏​មាន​សង្គម​ស៊ីវិល​មួយ​ចំនួន ចេញ​សេចក្ដី​ប្រកាស​ពី​លទ្ធផល​បោះ​ឆ្នោត​ក្រៅ​ផ្លូវ​ការ​នេះ​ដែរ។
ដោយ វណ្ណ វិចារ RFA
2013-08-07
ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត ៦១០
សកម្មភាព​ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត​ឡើង​វិញ នា​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី៣ ខែ​សីហា ឆ្នាំ​២០១៣។
Photo: RFA
គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី៥ ខែ​សីហា បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដោយ​ហៅ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ក្រៅ​ផ្លូវ​ការ​ទាំង​នោះ​ថា ជា​ទង្វើ​បំពុល​បរិយាកាស និង​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម។
គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ជឿ​លើ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ពី​លទ្ធផល​បោះ​ ឆ្នោត​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន និង​ផ្សាយ​តាម​បណ្ដាញ​សង្គម ដែល​ផ្សាយ​ដោយ​គ្មាន​មូលដ្ឋាន​ពិត​ប្រាកដ។ គ.ជ.ប សុំ​ឲ្យ​សាធារណជន​រង់ចាំ​ទទួល​ព័ត៌មាន​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល គ.ជ.ប នឹង​ប្រកាស​ជូន​ក្រោយ​ពី​ការ​ផ្ទៀងផ្ទាត់ និង​ការ​ដោះស្រាយ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​របាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​នៃ ​ការ​បោះ​ឆ្នោត​បាន​ចប់​សព្វគ្រប់។
អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ពី​ប្រភព​ផ្សេងៗ​ទាំងអស់ ក្រៅ​ពី​ស្ថាប័ន គ.ជ.ប មិន​មែន​សុទ្ធតែ​ត្រឹម​ត្រូវ​ទេ។ លោក​បន្ត​ថា ប្រភព​ខ្លះ​ប្រកាស​ផ្សាយ​ខុស​ការ​ពិត​ទាំង​ស្រុង ប្រភព​ខ្លះ​ស្រដៀង​លទ្ធផល​ពិត និង​ប្រភព​ខ្លះ​ទៀត មាន​ចេតនា​បំពុល​បរិយាកាស​សង្គម​តែ​ម្ដង។ លោក​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត នឹង​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បឋម​នៅ​ថ្ងៃ​ទី១០ ខែ​សីហា ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​របស់​ពលរដ្ឋ។
លោក ទេព នីថា៖ «គ.ជ.ប គ្រាន់​តែ​រំលឹក​សាធារណជន​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​អំពី​ការ​ផ្សាយ​របស់​ ប្រភព​ទាំងអស់ ដែល​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ដល់​លទ្ធផល​ដែល គ.ជ.ប ប្រកាស។ អ៊ីចឹង បាន គ.ជ.ប ជូន​ព័ត៌មាន​ថា ក្រៅ​ពី​ការ​ប្រកាស​លទ្ធផល​បឋម​នៅ​ថ្ងៃ​បោះ​ឆ្នោត និង​១​ថ្ងៃ​បន្ទាប់ គឺ គ.ជ.ប នឹង​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​តាម​ប្រតិទិន អាច​នៅ​ថ្ងៃ​ទី១០ ខែ​សីហា»

ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ពលរដ្ឋ​ទូទៅ​បាន​បាត់​បង់​ជំនឿ​ចិត្ត​ទៅ​លើ​ស្ថាប័ន គ.ជ.ប បាត់​ទៅ​ហើយ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន ​នៅ​លាយ​ឡំ​ជាមួយ ដូចជា​ការ​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត បញ្ហា​ទឹក​ថ្នាំ​លាង​ជ្រះ និង​ការ​ពន្យារ​ពេល​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​តាម​កញ្ចក់​ទូរទស្សន៍​ជា​ដើម។ លោក​បន្ត​ថា តាម​ពិត ភាព​ជ្រួល​ច្របល់​ទាំង​ឡាយ​ជុំវិញ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ទាំងអស់ គឺ​មួយ​ចំនួន​ធំ​ជា​កំហុស​របស់ គ.ជ.ប ខ្លួន​ឯង​តែ​ម្ដង។
លោក​បណ្ឌិត សុខ ទូច៖ «យើង​ថា គ.ជ.ប ក្មេង​ខ្ចី​ក៏​ថា​មិន​បាន​ដែរ ព្រោះ​បោះ​ឆ្នោត ៤​ដង​ហើយ គួរ​ណាស់ គ.ជ.ប រៀប​ចំ​នីតិវិធី​ឲ្យ​ច្បាស់​ចម្លើយ​ផ្លូវ​ការ​មាន​តែ ១​គត់ គឺ​ចេញ​ពី គ.ជ.ប។ គ.ជ.ប មុន​បោះ​ឆ្នោត​ហ្នឹង ត្រូវ​ប្រកាស​ប្រាប់​គេ​មុន​ថា យក​ទូរទស្សន៍​ណា​ខ្លះ​ដើម្បី​ប្រកាស មិន​មែន​ដូរ​កម្មវិធី​ស្រេច​តែ​នឹង​ចិត្ត ហើយ​មិន​ប្រាប់​ឲ្យ​គេ​ដឹង​ទេ។ គណបក្ស​នយោបាយ​ក៏​អ៊ីចឹង​ដែរ រាប់​សន្លឹក​ឆ្នោត​មិន​បាន ១​ម៉ោង​ផង ប្រកាស​ឡើង​ស្ថានការណ៍​នយោបាយ​គ្មាន​សណ្ដាប់​ធ្លាប់ ដែល​កើត​ចេញ​ពី គ.ជ.ប ហ្នឹង​ឯង»
កាល​ពី​យប់​ថ្ងៃ​ទី២៨ ខែ​សីហា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ឈ្នះ​ឆ្នោត​ដោយ​បាន​កៅអី​សភា ៦៨​អាសនៈ ហើយ​បក្ស​ប្រឆាំង​បាន ៥៥​អាសនៈ។ លទ្ធផល​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​លទ្ធផល​ ផ្លូវ​ការ​តែ​ម្ដង នឹង​បាន​ប្រកាស​ឲ្យ​សហគមន៍​អន្តរជាតិ​ដឹង​ឮ​ថែម​ទៀត។ ប្រទេស​កុម្មុយនិស្ត​ពីរ គឺ​ប្រទេស​ចិន និង​វៀតណាម សុទ្ធតែ​ផ្ញើ​សារ​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ទោះ​បី​ជា​ប្រទេស​ទាំង​នោះ​មិន​ធ្លាប់​ដែល​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ​ម្ដង​សោះ​ក៏ដោយ។ ប្រទេស​វៀតណាម ថែម​ទាំង​ផ្ញើ​សារ​មួយ​ដោយ​ឡែក អបអរ​សាទរ​ចំពោះ​ជ័យ​ជម្នះ​ដែល​គណបក្ស​កាន់​អំណាច​បាន​ប្រកាស​ទៀត​ផង។ ក្រៅ​ពី​នេះ ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ក៏​បាន​ផ្ញើ​សារ​អបអរ​សាទរ​គណបក្ស​កាន់​អំណាច​ថា​ជាប់​ឆ្នោត​ដដែល។
មិន​មែន​តែ​គណបក្ស​កាន់​អំណាច​ទេ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បង្ក​បញ្ហា​ឲ្យ​ពលរដ្ឋ​មាន​ការ​សង្ស័យ​ដែរ។ កាល​ពី​ល្ងាច​ថ្ងៃ​ទី២៨ ខែ​សីហា គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​តាម​លិខិត​ផ្លូវ​ការ​មួយ ដោយ​បញ្ជាក់​ថា បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ជា​ប្រវត្តិសាស្ត្រ។ ប៉ុន្មាន​នាទី​ក្រោយ​មក លោក សម រង្ស៉ី និង​លោក កឹម សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី ថា សុំ​កែ​តម្រូវ​ទៅ​វិញ។ បី​ថ្ងៃ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​លិខិត​ផ្លូវ​ការ​មួយ​ទៀត​ដោយ​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ចំនួន ៦៣​អាសនៈ​យ៉ាង​តិច ដោយ​មិន​ទាន់​គិត​ពី​ភាព​មិន​ប្រក្រតី​នា​ពេល​បោះ​ឆ្នោត​ឡើយ។
សហគមន៍​អន្តរជាតិ​ដែល​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ដូច​ជា សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ជប៉ុន និង កូរ៉េ​ខាង​ត្បូង រួម​នឹង​អង្គការ​សហប្រជាជាតិ មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​លទ្ធផល​បោះ​ឆ្នោត​ទេ។ ប៉ុន្តែ ភាគី​អន្តរជាតិ​ទាំង​នោះ​ស្នើ​ឲ្យ គ.ជ.ប និង​គណបក្ស​នយោបាយ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ និង​ធ្វើ​ការងារ​ប្រកប​ដោយ​តម្លាភាព ដើម្បី​ឲ្យ​ម្ចាស់​ឆ្នោត​អាច​ទទួល​លទ្ធផល​បោះ​ឆ្នោត​បាន​ដោយ​ស្ងប់​ចិត្ត។
ទោះ​យ៉ាង​ណា​ក្តី ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ ឆ្នោត ត្រូវ​បាន​រលាយ​ម្ដង​រួច​ហើយ បន្ទាប់​ពី គ.ជ.ប មិន​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល និង​ភាគី​អន្តរជាតិ​ចូល​ជា​សមាសភាព​ស៊ើប​អង្កេត​នេះ។
ទាក់ទង​នឹង​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​វិញ ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ចំៗ​ថា កាលៈទេសៈ​សព្វថ្ងៃ​នេះ ទាំង​ពលរដ្ឋ ទាំង​មន្ត្រី​បក្ស​កាន់​អំណាច​មួយ​ចំនួន ក៏​នៅ​សង្ស័យ​ពី​លទ្ធផល​បោះ​ឆ្នោត​នៅ​ឡើយ។ លោក​បន្ត​ថា អង្គការ​របស់​លោក​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ក្នុង​ដំណើរ​ការ​ បោះ​ឆ្នោត ហើយ​លោក​ជឿ​ថា ពលរដ្ឋ​ក៏​មើល​ឃើញ​ដូច​គ្នា​ដែរ ទើប​ពួក​គាត់​មិន​ទុក​ចិត្ត​លើ គ.ជ.ប តែ​ម្តង៖ «គាត់​មិន​អស់​ចិត្ត គាត់​នៅ​មន្ទិល​សង្ស័យ ហើយ​និយាយ​ត្រង់​ទៅ សូម្បី​តែ​សមាជិក ស៊ីភីភី (CPP) ហ្នឹង ក៏​តេ​មក​សួរ​ខ្ញុំ​ថា គណបក្ស​ណា​មួយ​ឈ្នះ​ពិត​ប្រាកដ។ ហើយ​បើ​ប្រជាជន​នៅ​តែ​អត់​ទុក​ចិត្ត​នឹង​ស្ថាប័ន គ.ជ.ប ទៀត​នេះ ហើយ​ជា​បញ្ហា​ដែល​កម្ពុជា ត្រូវ​ដោះស្រាយ​ទៅ​ថ្ងៃ​មុខ»
ទោះ​ជា​បែប​ណា​ក៏​ដោយ លោក ទេព នីថា បក​ស្រាយ​ថា ការ​ផ្លាស់​ប្ដូរ​ម៉ោង​ផ្សាយ​ពី​លទ្ធ​ផល​បោះ​ឆ្នោត បណ្ដាល​មក​ពី គ.ជ.ប ប្រមូល​លទ្ធផល​មិន​ទាន់​បាន​ច្រើន។ ចំណែក​ឯ​ការ​ផ្លាស់​ប្ដូរ​ការ​ប្រកាស​លទ្ធផល​ពី​លទ្ធផល​តាម​ឃុំ-សង្កាត់ មក​ជា​លទ្ធផល​បោះ​ឆ្នោត​ទូទាំង​ខេត្ត​វិញ​នោះ ជា​សិទ្ធិ​របស់ គ.ជ.ប។ លោក​បញ្ជាក់​ថា គ.ជ.ប ធ្វើ​អ្វី​តាម​ច្បាប់​កំណត់​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


No comments: