A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 16 August 2013

A journalist from Phnom Penh Post detained while taking photos of police meeting អ្នក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​មិន​ឲ្យ​ថត​រូប​នគរបាល

ការ​រឹត​បន្តឹង​សន្តិសុខ​ជាតិ​ក្រោយ​ការ​បោះ​ឆ្នោត ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​វិវឌ្ឍន៍​ស្ថានការណ៍​នេះ។ ស្រប​ពេល​គ្នា​នេះ​ដែរ អ្នក​យក​ព័ត៌មាន​ភាគ​ច្រើន​តែង​តែ​ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ ព័ត៌មាន ស្តី​ពី​បញ្ហា​សន្តិសុខ​សណ្ដាប់​ធ្នាប់​ជាតិ​នេះ និង​ការ​ថត​សកម្មភាព​របស់​កង​កម្លាំង​ទាំង​នោះ​នៅ​ទី​សាធារណៈ​ជា​ដើម។
ដោយ ចេង ម៉េងជូ RFA
2013-08-15
នៅ​ព្រឹក​ថ្ងៃ​ទី១៥ សីហា អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​រូប ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​អស់​មួយ​រយៈ ដើម្បី​យក​ទៅ​សាកសួរ បន្ទាប់​ពី​លោក​បាន​ថត​រូប​របស់​នគរបាល​ដែល​កំពុង​ប្រជុំ​ជួរ​នៅ​នៅ​លើ​ដង​ ផ្លូវ​ម្តុំ​មុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ។
អនុប្រធាន​គ្រប់គ្រង​ការី​និពន្ធ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ផ្នែក​ភាសា​ខ្មែរ ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​ខណៈ​លោក​កំពុង​ថត​រូប​របស់​កង​កម្លាំង​នគរបាល ដែល​កំពុង​ប្រជុំ​ជួរ​នៅ​ខាង​ក្រៅ​អង្គភាព​នៅ​ម៉ោង​ប្រហែល ៧​កន្លះ​ព្រឹក​ថ្ងៃ​ទី១៥ សីហា។
លោក សូ វិសាល ដែល​ត្រូវ​បាន​នគរបាល​ខណ្ឌ​មានជ័យ ឃាត់​ខ្លួន​អស់​ពេល​ប្រហែល​កន្លះ​ម៉ោង បាន​មាន​ប្រសាសន៍​ថា នគរបាល​ម្នាក់​ដែល​អះអាង​ថា ខ្លួន​ជា​មេ​នគរបាល បាន​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ អសុរោះ ដោយ​ចោទ​ថា លោក​ថត​រូប​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត។ ប៉ុន្តែ លោក សូ វិសាល បាន​ឲ្យ​ដឹង​ថា លោក​ថត​រូប​នោះ​នៅ​ទី​សាធារណៈ ដោយ​លោក​យល់​ថា មិន​ចាំ​បាច់​សុំ​ការ​អនុញ្ញាត​ពី​នគរបាល​នោះ​ទេ។
លោក សូ វិសាល៖ «ប៉ូលិស​ម្នាក់​គាត់​និយាយ​ថា ហ្អែង​ឈ្លើយ​ហ្អែង​ថត​រូប ហ្អែង​អត់​មាន​សុំ​ការ​អនុញ្ញាត ដូច្នេះ​ហ្អែង​ឈ្លើយ​ម្ល៉េះ ហ្អែង​មក​ពី​ណា? ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​មក​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ប៉ុន្តែ​គាត់​នៅ​តែ​ព្យាយាម​ឆ្លៀត​ពេល ដូច​ថា ជេរ​យើង​ដោយ​ប្រើ​ពាក្យ​សម្ដី​អសុរោះ។ គាត់​បាន​ឲ្យ​ខ្ញុំ​ទៅ​ជួប​នឹង​កូន​ប៉ូលិស​របស់​គាត់​ម្នាក់​នៅ​ក្នុង​ បន្ទប់​មួយ​របស់​អធិការ​ខណ្ឌ ដើម្បី​ធ្វើ​កំណត់​ហេតុ»

លោក សូ វិសាល មាន​ប្រសាសន៍​ថា នគរបាល​នោះ​ប៉ុនប៉ង​លុប​រូប​ថត​របស់​លោក​ទៀត​ផង តែ​ក្រោយ​មក​ក៏​សម្រេច​ដោះ​លែង​ខ្លួន​លោក បន្ទាប់​ពី​មាន​ការ​សម្រេច​ពី​ថ្នាក់​លើ៖ «បន្ទាប់​ពី​ធ្វើ​កំណត់​ហេតុ​ ហើយ គេ​រក​លុប​រូប​នៅ​ក្នុង​កាមេរ៉ា​របស់​ខ្ញុំ ហើយ​ខ្ញុំ​ប្រាប់​ថា ស្រេច​លើ​លោក​ទេ ប្រសិន​បើ​លោក​ចង់​លុប លុប​ទៅ ក៏ប៉ុន្តែ​រឿង​ឃាត់​ខ្លួន​ខ្ញុំ​នៅ​ព្រឹក​ហ្នឹង ប្រហែល​ជា​ត្រូវ​ចុះ​ផ្សាយ​នៅ​តាម​ទំព័រ​កាសែត​នៅ​ព្រឹក​ស្អែក​ហើយ ប្រសិន​បើ​មាន​ការ​ចុះ​ផ្សាយ ហើយ​មាន​ការ​លុប​រូប​ថត​លើ​រូប​អី​ដែល​ខ្ញុំ​បាន​ថត​នៅ​តាម​ផ្លូវ​សាធារណៈ អ៊ីចឹង ក្រែង​លោ​វា​អាក្រក់​មើល​ពេក ហើយ​ឃើញ​ប៉ូលិស​គាត់​ធ្វើ​កំណត់​ហេតុ គាត់​ទូរស័ព្ទ​ទៅ​មេ​គាត់ ក៏​ចង់​ក្រោយ​មក គាត់​ឲ្យ​លុប​វិញ​ទេ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អធិការ​នគរបាល​ខណ្ឌ​មានជ័យ លោក ហ៊ី ណារិន បាន​ទេ នៅ​ត្រឹម​រសៀល​ថ្ងៃ​ទី​១៥ សីហា។
ពាក់ព័ន្ធ​នឹង​ការ​ថត​រូប​កង​កម្លាំង​នគរបាល​នៅ​ពី​មុខ​អធិការដ្ឋាន​នេះ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ យល់​ថា អ្នក​សារព័ត៌មាន​គួរ​តែ​ព្យាយាម​ចៀសវាង​ការ​ធ្វើ​ឲ្យ​ស្ថានភាព​តឹងតែង​តាម​ តែ​អាច​ធ្វើ​ទៅ​បាន ដោយសារ​ភាគី​នីមួយៗ​សុទ្ធ​តែ​សម្អាង​ហេតុផល​រៀងៗ​ខ្លួន នៅ​ពេល​មិន​មាន​ច្បាប់​កំណត់​ថា សកម្មភាព​របស់​អ្នក​កាសែត​ធ្វើ​បែប​នេះ​ខុស ឬ​ត្រូវ​នោះ៖ «ពេល​ដែល​ច្បាប់​អត់​មាន​ចែង បាន​ន័យ​ថា អ្នក​កាសែត​ថា​ខ្លួន​ឯង​ត្រូវ ប៉ូលិស​ក៏​គេ​ថា​គេ​ត្រូវ។ អ៊ីចឹង តើ​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​ដែល​ភាគី​ទាំង​ពីរ​គេ​ថា​គេ​ត្រូវ​រៀង​ខ្លួន? ឥឡូវ​អ្នក​កាសែត​អាង​ច្បាប់​អី​ដែល​ទៅ​ថត​គេ ទៅ​ឈរ​បង់​ជំទែង​នៅ​ពី​មុខ​ប៉ុស្តិ៍​ប៉ូលិស ហើយ​ថត​ដោយ​មិន​សុំ​គេ​ហក! តើ​ប៉ូលិស​អាង​លើ​ច្បាប់​អី ដែល​ទៅ​ចាប់​គេ​ពេល​គ្រាន់​តែ​គេ​ទៅ​ឈរ​ថត វា​អត់​មាន។ ដល់​វា​អត់​មាន ម្នាក់ៗ​សម្អាង​អ៊ីចឹង»
ប៉ុន្តែ នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន ពន្យល់​ថា មិន​មាន​ការ​ចាំ​បាច់​ក្នុង​ការ​សុំ​ការ​អនុញ្ញាត​មុន​នឹង​ថត​រូប​របស់​ នគរបាល​ទាំង​នោះ​ទេ លុះត្រា​តែ​ការ​ថត​រូប​នោះ​ស្ថិត​ក្នុង​បរិវេណ​របស់​អធិការដ្ឋាន​នគរបាល៖ «ក្នុង ​ច្បាប់​ព្រហ្មទណ្ឌ និយាយ​រួម គេ​ហាម​តែ​ការ​ថត​រូប​ណា​ដែល​ជា​ការ​ថត​រូប​បុគ្គល​ឯកជន ហើយ​ការ​ថត​រូប​នោះ​ស្ថិត​នៅ​ក្នុង​ទី​ឯកជន​របស់​គេ​តែ​ប៉ុណ្ណឹង​ទេ។ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​យល់​ថា រឿង​ដូច​ថា បើ​សិន​ជា​កងទ័ព បើ​សិន​ជា​ពាក់ព័ន្ធ​កងទ័ព អា​ហ្នឹង​រឿង​មួយ​ផ្សេង ព្រោះ​ជួន​កាល​វា​អាច​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​សម្ងាត់​របស់​កងទ័ព ពាក់ព័ន្ធ​សន្តិសុខ​ជាតិ អា​ហ្នឹង​ប្រហែល​ជា​មិន​បាន​ទេ តែ​បើ​ចំពោះ​នគរបាល​យុត្តិធម៌ ពីព្រោះ​បើ​គ្រាន់​តែ​ប្រជុំ​ជួរ​នគរបាល​អ៊ីចឹង ខ្ញុំ​ថា​ដូច​ជា​មិន​ខុស​អី​ទេ ហើយ​ក៏​មិន​បាច់​ទៅ​សុំ​ការ​អនុញ្ញាត​អី​ដែរ លើក​លែង​យើង​ទៅ​ចូល​កន្លែង​គេ។ បើ​ដើរ​ចូល​ទៅ​កន្លែង​គេ សុំ​ថត អា​ហ្នឹង​យើង​ត្រូវ​ទៅ​សុំ​ការ​អនុញ្ញាត​ពី​អ្នក​ដែល​គ្រប់គ្រង»
ទោះ​បី​មាន​ការ​ឃាត់​ខ្លួន​រូប​លោក​ក្តី លោក សូ វិសាល មាន​ប្រសាសន៍​ថា តាម​បទ​ពិសោធន៍​ប្រហែល ១០​ឆ្នាំ​ក្នុង​វិស័យ​សារព័ត៌មាន លោក​សង្កេត​ឃើញ​ថា បញ្ហា​រវាង​អ្នក​សារព័ត៌មាន និង​មន្ត្រី​សាធារណៈ មាន​ការ​ថយ​ចុះ​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​អាកប្បកិរិយា​របស់​សមត្ថកិច្ច​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ សារព័ត៌មាន មាន​ភាព​ល្អ​ប្រសើរ។ លោក​មាន​ប្រសាសន៍​ថា ភាព​មិន​ចុះ​សម្រុង​គ្នា​កើត​មាន​ឡើង​តែ​ចំពោះ​ជន​មួយ​ក្ដាប់​តូច​តែ​ ប៉ុណ្ណោះ។ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​សាធារណៈ​ទាំង​ឡាយ មេត្តា​ប្រើប្រាស់​ពាក្យ​សម្ដី​សម​គួរ នៅ​ពេល​បំពេញ​ភារកិច្ច​ក្នុង​នាម​ជា​អ្នក​អនុវត្តន៍​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: