A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 10 July 2013

Reactions to Sam Rainsy's planned return ទស្សនៈ​ពលរដ្ឋ​ចំពោះ​ការ​ប្រកាស​ត្រឡប់​មក​កម្ពុជា​របស់​លោក សម រង្ស៊ី

ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ បាន​សម្ដែង​ការ​ចាប់​អារម្មណ៍​ចំពោះ​ដំណឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ របស់​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី។ ពួក​គេ​បាន​ទស្សន៍ទាយ​ថា ប្រសិន​ជា​លោក សម រង្ស៊ី វិល​ត្រឡប់​មក​វិញ​នោះ ស្ថានភាព​នយោបាយ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត ដែល​ស​បញ្ជាក់​ពី​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​មាន​តម្លាភាព។ ប៉ុន្តែ​ទន្ទឹម​នឹង​គ្នា​នេះ ការ​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី ក៏​ជា​បញ្ហា​ចោទ​ដែរ។
ដោយ ខែ សុណ RFA
2013-07-09
សម រង្ស៊ី ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី លោក សម រង្ស៊ី។
Provided photo
ពលរដ្ឋ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ការ​យល់​ឃើញ​ខុសៗ​គ្នា​ចំពោះ​ការ​ប្រកាស​របស់​លោក សម រង្ស៊ី ថា​នឹង​ចូល​ស្រុក​វិញ​នៅ​មុន​ការ​បោះឆ្នោត​មក​ដល់​ថ្ងៃ​ទី២៨ កក្កដា ឆ្នាំ​២០១៣។
កាល​ពី​ថ្ងៃ​ទី៦ ខែ​កក្កដា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ក្នុង​វីដេអូ​ក្លីប (Video clip) តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ថា លោក​នឹង​វិល​ចូល​ប្រទេស​កម្ពុជា វិញ​ពេល​ឆាប់ៗ គឺ​នៅ​មុន​ការ​បោះឆ្នោត។
ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​សង្កាត់​ទួលទំពូង ខណ្ឌ​ចំការមន លោក សិទ្ធិ មាន​ប្រសាសន៍​ថា លោក​រីករាយ​ចំពោះ​ដំណឹង​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ថ្វី​ត្បិត​លោក សម រង្ស៊ី បាន​ប្រកាស​បែប​នេះ​ជា​ច្រើន​លើក​ក្ដី។ ប៉ុន្តែ​លោក​ជឿ​ជាក់​ថា លោក សម រង្ស៊ី នឹង​ឈ្នះ​ឆ្នោត​ក្នុង​អាណត្តិ​នេះ។
លោក សិទ្ធិ៖ «បាន​គាត់​ចូល​ល្អ​ហើយ ល្អ​មែន​ទែន​ហើយ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ។ ខ្ញុំ​អត់​មាន​បាក់​ទឹក​ចិត្ត​ទេ គ្រាន់​តែ​ប្រកាស​ប៉ុន្មាន​ដង​ហើយ ព្រោះ​យើង​នៅ​ខាង​នេះ​វា​លំបាក​ពេក បើ​ម្ដង​ហ្នឹង​គាត់​ថា​គាត់​មក ខ្ញុំ​ក៏​ជួយ​គាំទ្រ​គាត់​ដែរ។ ខ្ញុំ​សង្ឃឹម​ថា​គាត់​ឈ្នះ ព្រោះ​ខ្ញុំ​មើល​មតិ​ពលរដ្ឋ​ខ្ញុំ​ស្ដាប់​រាល់​ថ្ងៃ»
បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក សម រង្ស៊ី បាន​២​ថ្ងៃ អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ បាន​ប្រកាស​ថា នគរបាល​កម្ពុជា នឹង​អនុវត្ត​ដីកា​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ភ្លាម ប្រសិន​បើ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ។
លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​ឯង​ទៅ​ក្រៅ​ប្រទេស កាល​ពី​ចុង​ឆ្នាំ​២០០៩ បន្ទាប់​ពី​តុលាការ​សម្រេច​ផ្ដន្ទាទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ ១២​ឆ្នាំ ពី​បទ​ក្លែង​បន្លំ​អក្សរ​ក្នុង​ឯកសារ​សាធារណៈ ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ខេត្ត​ស្វាយរៀង។
យ៉ាង​ណា​ក៏​ដោយ ពលរដ្ឋ​ម្នាក់​ទៀត​ជា​អាជីវករ​ផ្សារ​ទួលទំពូង គឺ​អ្នកស្រី នុត សុធី បាន​ថ្លែង​ថា អ្នកស្រី​បារម្ភ​ថា លោក សម រង្ស៊ី នឹង​ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​គាត់​វិល​ត្រឡប់​មក​វិញ ដោយសារ​តែ​ដក​តម្រុយ​បង្គោល​ព្រំដែន៖ «សុទ្ធ​តែ​កូន​ខ្មែរ​ដូច​គ្នា ចង់​ឲ្យ​សហការ​គ្នា​ទាំងអស់ ដើម្បី​ជាតិ​ខ្មែរ​យើង​ទាំងអស់ អត់​ចង់​ឲ្យ​គេ​ចាប់​ទេ ចង់​ឲ្យ​គាត់​មាន​សេរីភាព​ដូច​យើង​ទាំងអស់​គ្នា»

ប៉ុន្តែ ពលរដ្ឋ​ម្នាក់​ទៀត​ជា​អាជីវករ​នៅ​ផ្សារ​មួយ​ក្នុង​ក្រុង​ភ្នំពេញ បាន​ថ្លែង​ថា គាត់​ពិត​ជា​ចង់​ឲ្យ​លោក សម រង្ស៊ី វិល​មក​ប្រទេស​ជាតិ​វិញ។ អ្នកស្រី​គិត​ថា រដ្ឋាភិបាល​នឹង​មិន​ចាប់​ខ្លួន​លោក​នោះ​ទេ៖ «ដូច​មិន​អី​ទេ​ហ្អី​ចូល​ស្រុក​វិញ​មក គ្មាន​នរណា​ធ្វើ​អី​គាត់​ទេ គេ​គ្រប់​គ្នា​ចង់​ឲ្យ​គាត់​ចូល​វិញ​គ្រប់​គ្នា​ហ្នឹង»
ជា​រឿយៗ លោក សម រង្ស៊ី តែង​តែ​ប្រកាស​ថា ខ្លួន​នឹង​វិល​ត្រឡប់​ចូល​ស្រុក​វិញ។ ប៉ុន្តែ គេ​នៅ​តែ​មិន​ទាន់​ឃើញ​លោក​វិល​ត្រឡប់​មក​វិញ​នៅ​ឡើយ​ទេ ដែល​បញ្ហា​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​រិះគន់​ថា លោក​ពុំ​ទាន់​មាន​ភាព​ក្លាហាន​ដូច​ការ​ប្រកាស​របស់​លោក​នៅ​ឡើយ។
បញ្ហា​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​រូប គឺ​លោក ឌួង ដារ៉ា បាន​ថ្លែង​បែប​ស្រពិចស្រពិល​ថា លោក​ពិបាក​នឹង​ស្មាន​ចំពោះ​ទឹក​ចិត្ត​របស់​អ្នក​នយោបាយ ពីព្រោះ​លោក សម រង្ស៊ី តែង​ប្រកាស​បែប​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ​នោះ៖ «សម រង្ស៊ី ខ្ញុំ​ដូច​មិន​សូវ​ដឹង​ដែរ​នេះ! គ្រាន់​តែ​ថា​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ការ​ចូល​មក​បោះឆ្នោត គឺ​ជា​រឿង​មួយ​សំខាន់​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ​គ្រាន់​តែ​ការ​ចូល​ហ្នឹង វា​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ ខ្ញុំ​មិន​សូវ​ដឹង​ដែរ ព្រោះ​អី​អ្នក​នយោបាយ ខ្ញុំ​ពិបាក​នឹង​តាម​ដាន​ស្មាន​មិន​ត្រូវ​ធ្លាប់​កន្លង​មក ការ​និយាយ​ផ្សេង​ការ​ធ្វើ​ផ្សេង។ ជួន​កាល អ្នក​នយោបាយ​គេ​ត្រូវ​គ្នា​ឯ​ណោះ គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ខាង​ក្រៅ ជួន​កាល​គេ​ឈ្លោះ​គ្នា ខាង​លើ​គេ​ត្រូវ​គ្នា​ណោះ​ក៏​មិន​ដឹង»
បើ​ទោះ​បី​ជា​មាន​ពលរដ្ឋ​ខ្លះ​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​វិល​ ត្រឡប់​របស់​លោក សម រង្ស៊ី ក្ដី ក៏​មាន​ពលរដ្ឋ​ខ្លះ​មិន​ចាប់​អារម្មណ៍​ចំពោះ​ដំណឹង​នេះ​ដែរ៖ «និយាយ​រួម ខ្ញុំ​អត់​អា​រឿង​អីចឹងៗ​ទេ រវល់​តែ​រឿង​លក់​នេះ​ខ្ញុំ​មិន​សូវ​គិត​ទេ។ ពូ​មិន​ចាប់​អី​ទេ​ថា ព្រោះ​គាត់​ថា​យើង​វា​ឲ្យ​គាត់​មកៗ យើង​វា​សស្រាក់សស្រាំ​ទាំងអស់​គ្នា​ទៅ វា​យើង​ប្រកួត​ប្រជែង​ទាំងអស់​គ្នា​ទៅ​វា​ល្អ​ដែរ។ ខ្ញុំ​គិត​ថា បើ​គាត់​មក​ច្បាស់​ជា​គេ​ចាប់​ហើយ ទឹក​ចិត្ត​ខ្ញុំ​ចង់​ឲ្យ​គាត់​មក។ អត់​ដឹង​អី​សោះ​នេះ មោក​ខ្ញុំ​មោក​ស្មោះ មកៗ​ទៅ​មិន​មក​ហី​ទៅ​ធ្វើ​ម៉េច​ហ្ន! បើ​គាត់​អីចឹង​ហើយ។ ខ្មែរ​ចេះ​ស្រឡាញ់​គ្នា ប្រសើរ​ជាង​ខ្មែរ​ឃើញ​មុខ​គ្នា​ក្លាយ​ទៅ​ជា​យក្ស ខ្មែរ​ម្នាក់​ចង្កឹះ​១ ខ្មែរ​ច្រើន​នាក់​ចង្កឹះ​មួយ​បាច់»
ពលរដ្ឋ​មួយ​រូប​ទៀត គឺ​លោក វេង ហ័ន បាន​គាំទ្រ​ឲ្យ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​វិញ ដោយ​លោក​លើក​ហេតុផល​ថា ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ហាក់​ពុំ​មាន​តម្លាភាព៖ «ខ្ញុំ​គិត​ថា លោក សម រង្ស៊ី ហ្នឹង បើ​គាត់​ចូល​ស្រុក​មែន​វា​ល្អ​ដែរ ដូច​ថា គាត់​ជា​មេ​បក្ស​ប្រឆាំង​អីចឹង ហើយ​គាត់​អត់​បាន​មក​ឃោសនា ដើម្បី​រក​សំឡេង​ឆ្នោត​ឲ្យ​បក្ស​គាត់​អីចឹង វា​អត់​សូវ​ល្អ គាត់​ត្រូវ​តែ​មក​ឃោសនា​រក​សំឡេង​ឆ្នោត​ឲ្យ​បក្ស​របស់​គាត់ បើ​គាត់​មិន​មក វា​ដូច​អត់​មាន​ន័យ​អី​បោះឆ្នោត​ហ្នឹង»
ប្រសិន​ជា​លោក សម រង្ស៊ី ខកខាន​មិន​បាន​មក​តាម​ដូច​ការ​សន្យា​របស់​ខ្លួន​នោះ​ទេ មតិ​មួយ​ចំនួន​បាន​ហៅ​រូប​លោក សម រង្ស៊ី ថា ជា​អ្នក​នយោបាយ​គេចវេះ​បញ្ហា ឬ​រត់​ចោល​ស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: