A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 6 June 2013

Khmer chefs won a gold medal at the culinary competition in Bangkok of food from the Mekong countries ចុងភៅខ្មែរ ដណ្ដើមបាន មេដាយមាស ក្នុងការប្រកួត ធ្វើមុខម្ហូប អាហារ តាមដងទន្លេមេគង្គ នៅក្រុង បាងកក ប្រទេសថៃ

សៀមរាប : សមាគមចុងភៅកម្ពុជា (Cambodia Chef Association) មានសេចក្ដីរីករាយ និងមោទនភាព យ៉ាងខ្លាំង បន្ទាប់ពីសមាជិកសមាគម របស់ខ្លួន ដណ្ដើមបានមេដាយមាស ក្នុងការប្រកួតប្រជែង ធ្វើមុខម្ហូប លើប្រធានបទ ម្ហូបអាហារតាម ដងទន្លេមេគង្គ សម្រាប់ឆ្នាំ២០១៣ (Mekong River Culinary Challenge 2013) នៅក្រុងបាងកក ប្រទេសថៃ នាពេលថ្មីៗ កន្លងទៅនេះ ដែលជាលទ្ធផលដ៏ប្រសើរមួយ សម្រាប់សមាគម និងជាមោទនភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា ផងដែរ។
សូមរំលឹកថា កាលពីចុងខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះ សមាគមចុងភៅកម្ពុជា បានបញ្ជូនសមាជិក ដែលជាចុងភៅចំនួន ៤រូប ដើម្បីទៅចូលរួម ប្រកួតប្រជែង ធ្វើមុខម្ហូប លើប្រធានបទ ម្ហូបអាហារតាម ដងទន្លេមេគង្គ សម្រាប់ឆ្នាំ២០១៣ នៅទីក្រុងបាងកក ប្រទេសថៃ ។ ដែលការប្រកួតប្រជែងនេះ មានរយ:ពេល ពីថ្ងែទី២២ ដល់ ២៦ ខែឧសភា ឆ្នាំ២០១៣ ចំពោះសមាគមចុងភៅកម្ពុជា បានជ្រើសរើសយក ថ្ងៃទី២៥ សម្រាប់ ការប្រកួតប្រជែងនោះ គឺ ចាប់ពីម៉ោង ៩:០០ ដល់ ម៉ោង ១២:០០ ព្រឹក ។
លោក ឡុង បូរា ប្រធានចុងភៅនៅសណ្ឋាគាររី និងជាអនុប្រធានសមាគមចុងភៅកម្ពុជា ដែលបានដឹកនាំចុងភៅ ដែលជាសមាជិកសមាគម ទៅប្រកួតនៅពេលនោះ បានឲ្យដឹងថា អ្នកដែលបានចូលប្រកួត ៣រូប គឺមាន លោក សុង ឡាក ប្រធានចុងភៅនៅសណ្ឋាគារអង្គរ សិនជ័រី រីស័ត និងស្បា និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគម លោក ស៊ីន ប៊ុនធន ជាចុងភៅ នៅសណ្ឋាគារ បុរីអង្គរ រីស័ត និងស្បា និងលោក សុខ វិចិត្រ ជាចុងភៅ នៅ សណ្ឋាគារ ហ្គ្រេន អង្គរ ផាលេស រីស័ត និងស្បា។ ដោយមានការជួយគាំទ្រពីលោក វៀលមេន លីអ៊ុង (Willment Leong) ក្នុងការធ្វើដំណើរ ការស្នាក់នៅ និងការចំណាយមួយចំនួនទៀត ផងដែរ។

លោកបន្តថា ចំពោះមុខម្ហូបដែលយកទៅប្រកួត គឺយើងបានជ្រើសរើសយកមុខម្ហូប ដែលផ្សំចម្រុះលាយគ្នា រវាងមុខម្ហូបនៃបណ្ដាប្រទេសតាមដងទន្លេមេគង្គ ដូចជា ញ៉ាំបន្លែជាមួយត្រីទន្លេមេគង្គ, បង្កងទន្លេមេគង្គ បំពងជ្រលក់ ស្វាយទឹកត្រី, សម្លម្ជូរខ្ទិះជាមួយម្សៅ ដងទន្លេមេគង្គ, គ្រនួចសាច់គោ ជាមួយទឹកម្រេច, អាំងបន្ទះ សាច់ត្រីទន្លេមេគង្គ ជាមួយទឹកខ្មេះជ្រលក់, និងមុខម្ហូបមួយចំនួនទៀត ដែលគ្រប់មុខម្ហូប និងគ្រឿងផ្សំ ត្រូវតែជា របស់ដែលនៅក្នុង និងតាមដងទន្លេមេគង្គ។ ក្នុងរយ:ពេល៥ថ្ងៃនោះ គឺមាន១៨ក្រុមចូលរួមប្រកួត ដែលមកពី ប្រទេស ស្ថិតនៅតាមដងទន្លេមេគង្គ និងក្រុមខ្លះបានមកពីអឺរ៉ុប ផងដែរ។ ហើយយើងបានទទួលមេដាយមាស បន្ទាប់ពីថៃ ដែលគេបានទទួលពាន់ ព្រោះគេបាន ៩៤ពិន្ទុ ហើយយើងទទួលបាន ៩១ពិន្ទុ។
ក្នុងនាមសមាគម និងក្នុងនាមសមាជិកចុងភៅខ្មែរ លោកសូមអំពាវនាវ ជូនចំពោះ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ សណ្ឋាគារ ស្ថាប័នពាក់ព័ន្ធ រដ្ឋាភិបាល វិស័យឯកជន បណ្ដាប្រតិបត្តិករទេសចរណ៍ សប្បុរសជននានា និងខ្មែរ គ្រប់រូប មេត្តាជួយគាំទ្រ ដើម្បីរួមចំណែកក្នុងការលើកស្ទួយ មុខម្ហូបអាហារនិងវិជ្ជាខាងធ្វើម្ហូបខ្មែរ នៅក្នុង ឆាកជាតិ អន្តរជាតិ ហើយរួមគ្នារក្សាការពារ នូវរាល់មុខម្ហូបខ្មែរយើង ។ រួចបន្តចែករំលែកនូវរាល់ចំណេះដឹង ខាងមុខវិជ្ជាធ្វើម្ហូបអាហារ ដល់អ្នកដ៏ទៃ ចូលរួមចំណែកក្នុងការផ្ដល់ឱកាសការងារដល់ពលរដ្ឋខ្មែរ និងលើកកម្ពស់វិស័យ ទេសចរណ៍នៅកម្ពុជា ។
លោកបន្តថា បច្ចុប្បន្នសមាគមចុងភៅកម្ពុជា ទើបតែរៀបចំបង្កើតឡើង និងមានការខ្វះខាត់ សម្រាប់ការ ប្រតិបត្តិនានា នៃដំណើរការរបស់សមាគម ដែលត្រូវការការគាំទ្រពីខាងក្រៅ ព្រោះការបង្កើតជាសមាគម គឺក្នុងគោលបំណង ដើម្បីរួមចំណែកក្នុងការលើកស្ទួយមុខម្ហូបអាហារ និងវិជ្ជាខាងធ្វើម្ហូបខ្មែរ នៅក្នុងឆាកជាតិ អន្តរជាតិ ហើយរួមគ្នារក្សាការពារ នូវរាល់មុខម្ហូបខ្មែរយើង ហើយសម្រាប់មានភាពងាយស្រួល ក្នុងការគ្រប់គ្រង រក្សា និងមានលទ្ធភាពងាយស្រួយ ក្នុងការបញ្ជូនសមាជិកឲ្យទៅចូលរួមប្រកួតប្រជែង នៅក្នុងតំបន់ និងអន្តរជាតិនៅពេលខាងមុខៗបន្តទៀត ។
ចំពោះលទ្ធផលដ៏ល្អប្រសើរនេះ លោក ឃឹម ប៊ុនសុង អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានជួបជា មួយក្រុមចុងភៅ ដែលបានចូលរួមប្រកួត ធ្វើមុខម្ហូប លើប្រធានបទ ម្ហូបអាហារតាម ដងទន្លេមេគង្គ សម្រាប់ ឆ្នាំ២០១៣ នៅក្រុងបាងកក ប្រទេសថៃ និងបណ្ដាចុងភៅមួយចំនួនទៀត ពិសេសសមាជិករបស់សមាគម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ នៅសណ្ឋាគារ បុរីអង្គរ រីស័ត និងស្បា ក្នុងគោលបំណងអបអរសាទរ និងការលើកទឹកចិត្ត ចំពោះ ចុងភៅខ្មែរ និងសមាគមចុងភៅកម្ពុជា ដែលមានសមត្ថភាព និងលទ្ធភាពខ្ពស់ ក្នុងការចូលប្រកួត និងដណ្ដើមបានជោគជ័យដ៏ល្អប្រសើរនេះ ។
សូមបញ្ជាក់ថា ខ្មែរយើង មានសិល្បៈខាងវិជ្ជាខាង ធ្វើម្ហូបអាហារ តាំងពីបុរាណកាលមក និងបានបន្តរហូតដល់ កូនចៅ ជំនាន់ក្រោយៗទៀត ហើយសព្វថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានពិភពលោក ទទួលស្គាល់ យ៉ាងច្រើន តាមរយ:សិល្បៈវប្បធម៌ អរិយធម៌ សិលាចារឹក ប្រវត្តិសាស្ត្របេតិកភណ្ឌ ស្ថាបត្យកម្ម ប្រាង្គប្រាសាទ នានា និង រមណីយដ្ឋាន ព្រមទាំងសម្បត្តិធម្មជាតិ ដ៏ល្បីល្បាញ និងសម្បូរបែប របស់ខ្មែរ។ ក្នុងនោះ ម្ហូប ចំណី អាហារ បង្អែម បន្លែ ផ្លែឈើ និងវិជ្ជាខាងធ្វើម្ហូប អាហារខ្មែរ ដែលជាស្នាដៃរបស់ចុងភៅខ្មែរ បាននិងកំពុង មានការ ចាប់អារម្មណ៍ គាំទ្រ ពីភ្ញៀវជាតិ អន្តរជាតិ ទាំងរស់ជាតិ ទាំងវិជ្ជាខាងធ្វើម្ហូប ផងដែរ ៕

No comments: