លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះ
|
21.05.2013
ដោយ គង់ សុឋានរិទ្ធ VOA Khmer
មេដឹកនាំគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងសំឡេងឆ្នោតធំមួយតទល់ជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានព្រមាននៅថ្ងៃច័ន្ទនេះថានឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតខាងមុខប្រសិនបើជាមិនមានការកែប្រែណាមួយនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នោះទេ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានថ្លែងក្នុងការធ្វើបាតុកម្មកាលពីព្រឹកមិញនៅទីលានប្រជាធិបតេយ្យក្រុងភ្នំពេញដោយដាក់លក្ខខណ្ឌឲ្យមានការទទួលយកអនុសាសន៍សារជាថ្មីរបស់អង្គការសហប្រជាជាតិនិងសង្គមស៊ីវិលសម្រាប់រៀបចំការបោះឆ្នោត។
«បើសិនណាគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល គ.ជ.ប. នៅតែមានៈមិនព្រមទទួលយកនូវអនុសាសន៍របស់អង្គការសហប្រជាជាតិ របស់អង្គការជាតិ ដើម្បីកែលម្អឲ្យបានប្រសើរឡើងអាចទទួលយកបានទេ ទោះបីជាបោះឆ្នោតឈ្នះក៏យើង សុំអំពាវនាវឲ្យអង្គការសហប្រជាជាតិ ឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់លទ្ធផលបោះឆ្នោតនេះជាដាច់ខាត»។
មានបាតុករច្រើនជាង២.០០០នាក់ បានប្រមូលផ្តុំគ្នានៅទីលានបាតុកម្មដោយមានកាន់បដាឲ្យផ្លាស់ប្តូរគ.ជ.ប. ឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។
ក្រុមបាតុករដែលដឹកនាំដោយលោកកឹម សុខា បានធ្វើដំណើរបាតុកម្មតាមផ្លូវដើម្បីយកញត្តិដាក់ជូនការិយាល័យសហគមន៍អឺរ៉ុបនិងការិយាល័យតំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
ញត្តិនោះបានស្នើឲ្យស្ថាប័នខាងលើជួយជំរុញឲ្យគ.ជ.ប. សើរើឡើងវិញនូវបញ្ជីអ្នកបោះឆ្នោតដែលមានភាពមិនប្រក្រតីតាមការរកឃើញរបស់អង្គការ NDI របស់សហរដ្ឋអាមេរិកនិងរបស់អង្គការឃ្លាំមើលការបោះឆ្នោតក្នុងស្រុក Comfrel។ ញត្តិក៏បានជំរុញឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិវិលត្រឡប់មកចូលរួមការបោះឆ្នោត ស្នើឲ្យរដ្ឋាភិបាលនិងគណបក្សកាន់អំណាចបញ្ឈប់ការប្រើប្រាស់តួនាទីនិងមធ្យោបាយផ្សព្វផ្សាយរបស់រដ្ឋដើម្បីវាយប្រហារលើគណបក្សប្រជែងជាដើម។
លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប. មានប្រសាសន៍ថាការព្រមានរបស់គណបក្សជំទាស់ធ្លាប់បានធ្វើកន្លងមកដូចជាថាខ្លួននឹងមិនចូលរួមបោះឆ្នោត និងការទាមទារដដែលនេះកាលពីលើកមុន។
លោកលើកឡើងថាទាំងនេះមិនមានអ្វីថ្មីនោះទេ។
«ខ្ញុំគិតថាការលើកឡើងរបស់គាត់ហ្នឹង គឺគ្រាន់តែជាគំនិតផ្ទាល់របស់គាត់នោះទេ»។
ដោយឡែកលោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថាការព្រមានរបស់គណបក្សសង្គ្រោះជាតិគ្រាន់តែជាវោហាសាស្ដ្រនយោបាយតែប៉ុណ្ណោះ។
«គឺគណបក្សសង្គ្រោះជាតិហ្នឹង គាត់ចង់ធ្វើឲ្យគេចាប់អារម្មណ៍ គ្រាន់តែល្បីល្បាញតាមសារព័ត៌មានតែប៉ុណ្ណោះ»។
គណបក្សសង្គ្រោះជាតិធ្លាប់ដឹកនាំបាតុកម្មមួយរួចម្តងហើយកាលពីចុងខែមេសាកន្លងមកដើម្បីទាមទារដូចគ្នាខាងលើឲ្យ គ.ជ.ប. ធ្វើការកែទម្រង់និងទទួលយកអនុសាសន៍ឲ្យមានការប្រសើរឡើងសម្រាប់ការរៀបចំការបោះឆ្នោតពីសង្គមស៊ីវិលនិងពិនិត្យឡើងវិញឈ្មោះប្រជាពលរដ្ឋដែលត្រូវបានរាយការណ៍ថាបាត់ពីបញ្ជីឈ្មោះអ្នកបោះឆ្នោតក៏ប៉ុន្តែគ.ជ.បបានប្រកាសបដិសេធសំណើទាំងនេះ៕
No comments:
Post a Comment