A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 15 May 2013

Opposition officials called plan to freeze their salaries "politically motivated" មន្ត្រី​បក្ស​ប្រឆាំង​ហៅ​គម្រោង​បង្កក​ប្រាក់​ខែ​ថា​ជា​រឿង​នយោបាយ

ដោយ ម៉ម មុនីរតន៏ RFA
2013-05-14 Read in English here.
ជាម យៀប ៣០៥
លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋ​សភា ថ្លែង​ពី​ការ​ពន្យារ​ពេល​បូម​ប្រេង​កាត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៣។
RFA/Morm Moniroth
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា អ្វី​ដែល​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គំរាម​ផ្អាក​ប្រាក់​ខែ​អ្នក​តំណាង​រាស្ត្រ​របស់​បក្ស​ប្រឆាំង​មួយ​នោះ ថា​គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់។
ការ​អះអាង​របស់​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ពេល​នេះ គឺ​ក្រោយ​ពី​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ថា ខ្លួន​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អ្នក​តំណាង​រាស្ត្រ ដូច​ជា​មិន​បើក​ប្រាក់​ខែ​ឲ្យ និង​ថា​មន្ត្រី​បក្ស​ទាំង​នេះ នឹង​បាត់បង់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​សម្រាប់​កិច្ច​ប្រជុំ​សភា​ ថែម​ទៀត។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ខ្លួន​នឹង​មិន​ញញើត​ចំពោះ​គម្រោង​បង្កក​ប្រាក់​ខែ​ណា​មួយ ដូច​អ្វី​ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា គំរាម​ធ្វើ​កាល​ពី​កិច្ច​ប្រជុំ​សភា​នោះ​ឡើយ បើ​ទោះ​ជា​ផែន​ការ​នេះ​ត្រូវ​គេ​អនុវត្ត​ក៏​ដោយ​ចុះ ដោយ​ចាត់​ទុក​ថា ការ​ធ្វើ​យ៉ាង​នេះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​គោលការណ៍​ច្បាប់ និង​ក្រោម​ហេតុ​ផល​នយោបាយ​ប៉ុណ្ណោះ។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៤ ឧសភា ថា ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​បង្កក​ប្រាក់​ខែ​អ្នក​តំណាង​រាស្ត្រ​របស់​បក្ស ​ប្រឆាំង គឺ​ជា​ទម្លាប់​ដ៏​អាក្រក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​គិត​ថា ប្រសិន​ការ​អនុវត្ត​បែប​នេះ​ត្រូវ​កើត​ឡើង​នោះ គឺ​ជា​ផែន​ការ​ខុស​ពី​គោលការណ៍​ច្បាប់។
លោក យឹម សុវណ្ណ ហៅ​យុទ្ធសាស្ត្រ​នេះ​ថា គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ ដែល​ពុំ​ធ្លាប់​មាន និង​ជា​ក្ដី​បារម្ភ​ក្នុង​ការ​ចាញ់​ឆ្នោត​មួយ​ដ៏​ធំ​របស់​គណបក្ស​ប្រជាជន​ កម្ពុជា៖ «ការ​គ្រោង​នេះ គឺ​ជា​ទង្វើ​មួយ​ខុស​ច្បាប់ ហើយ​គ្មាន​ទម្លាប់​ពី​មុន​មក​មាន​ធ្វើ​បែប​នេះ​ទេ។ ក៏ប៉ុន្តែ នេះ​គឺ​ជា​ហេតុផល​នយោបាយ​ដែល​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន ធ្វើ​បាប​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​តំណាង​រាស្ត្រ​គណបក្ស សិទ្ធិ​មនុស្ស។ គេ​ចង់​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​សង្គ្រោះ​ជាតិ ហ្នឹង ចុះ​ខ្សោយ។ ប៉ុន្តែ​ខ្ញុំ​ថា​នេះ គឺ​ជា​ល្បិចកល​ដ៏​កំសាក»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​អត្ថាធិប្បាយ​ពី​លោក ជាម យៀប អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី១៤ ឧសភា។
ក៏ប៉ុន្តែ លោក ជាម យៀប ជា​ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋសភា បាន​ថ្លែង​នៅ​ក្នុង​អង្គ​ប្រជុំ​សភា កាល​ព្រឹក​ថ្ងៃ​ទី៩ ឧសភា ដោយ​លោក​អះអាង​ថា លោក​បាន​ដាក់​លិខិត​ទៅ​ប្រធាន​សភា និង​ដាក់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ដើម្បី​សុំ​បង្កក​ប្រាក់​ខែ​សមាជិក​សភា​គណបក្ស​ប្រឆាំង​រួច​ហើយ។ លោក ជាម យៀប បាន​លើក​ហេតុផល​ថា ការ​ស្នើសុំ​នេះ ពី​ព្រោះ​សមាជិក​សភា​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពុំ​មាន​អាសនៈ​នៅ​ក្នុង​សភា។
លោក ជាម យៀប៖ «ខ្ញុំ​បាន​ធ្វើ​លិខិត​ហើយ លិខិត​របស់​ខ្ញុំ​សុំ​គោលការណ៍​អំពី​សម្ដេច​ប្រធាន​រដ្ឋសភា និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​មាន​សិទ្ធិ​ពេញ​ទី​ក្នុង​ការ​រៀបចំ​ប្រាក់​បំណាច់​របស់​អ្នក​តំណាង​ រាស្ត្រ សុំ​ឲ្យ​ពិនិត្យ​សាឡើងវិញ ថា​តើ​បុគ្គល​មួយ​ចំនួន​ដែល​ចាក​ចេញ​បាត់​សមាជិកភាព។ ហើយ​កាល​ណា​បាត់​សមាជិកភាព បាត់​សមាជិកភាព​ពី​អ្នក​តំណាង​រាស្ត្រ​តែ​ម្ដង។ ហើយ​កាល​ណា​បាត់​សមាជិក​តំណាង​រាស្ត្រ ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការងារ​រៀបចំ គឺ​ខ្ញុំ​ត្រូវ​អត់​ទេ បង្កក​ទុក​បង់​ចូល​ទៅ​ជា​ថវិកា​រដ្ឋ​វិញ»
ទោះ​ជា​បែប​ណា លោក យឹម សុវណ្ណ បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ គេ​នៅ​ពុំ​ទាន់​ដឹង​ថា​តើ​ផែន​ការ​បង្កក​ប្រាក់​ខែ​របស់​អ្នក​តំណាង​រាស្ត្រ ​បក្ស​ប្រឆាំង​នោះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា អនុវត្ត​ដល់​កម្រិត​ណា​នោះ​ឡើយ។
លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឲ្យ​ដឹង​ថា ផ្អែក​តាម​គោលការណ៍​ច្បាប់ កាល​ណា​អ្នក​តំណាង​រាស្ត្រ​គណបក្ស​នយោបាយ​មួយ​ដើរ​ចេញ​ទៅ​គណបក្ស​នយោបាយ​មួយ ​ផ្សេង​ទៀត នោះ​បាន​ន័យ​ថា សមាជិក​ភាព​ក្នុង​គណបក្ស​ចាស់​ត្រូវ​បាត់បង់​សិទ្ធិ​ពី​សភា​ដោយ​ ស្វ័យប្រវត្តិ៖ «មិន​អាច​ប្ដូរ​កើត​ទេ​បាទ ព្រោះ​ថា​កាល​ណា​ទៅ​គណបក្ស​ថ្មី មាន​ន័យ​ថា​បាត់បង់​សមាជិក​ភាព​ពី​គណបក្ស​ចាស់​ហើយ។ ហើយ​កាល​ណា​បាត់បង់​សមាជិក​ភាព​ពី​គណបក្ស​ចាស់​ហ្នឹង គឺ​មាន​ន័យ​ថា បាត់បង់​សមាជិក​ភាព​ពី​រដ្ឋសភា និង​ព្រឹទ្ធសភា​ហ្នឹង​ហើយ​បាទ»
អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា និយាយ​ថា រដ្ឋសភា​បច្ចុប្បន្ន​បាន​ចាប់​ផ្ដើម​ដំបូង​កើត​ចេញ​ពី​សភា​ធម្មនុញ្ញ ដែល​បាន​កើត​មក​ពី​ការ​បោះឆ្នោត​រៀបចំ​ដោយ​អ៊ុនតាក់ (UNTAC) អាណត្តិ​ទី១ ឆ្នាំ​១៩៩៣។ នៅ​ពេល​នោះ សភា​ធម្មនុញ្ញ​មាន​កិច្ចការ​ជា​ដំបូង​របស់​ខ្លួន គឺ​ព្រាង និង​អនុម័ត​រដ្ឋធម្មនុញ្ញ។ បន្ទាប់​ពី​ការ​អនុម័ត​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ឆ្នាំ​១៩៩៣ នោះ សភា​ធម្មនុញ្ញ​បាន​ប្រែ​ក្លាយ​ទៅ​ជា​រដ្ឋសភា។ ហើយ​តំណាង​រាស្ត្រ​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​ជា​សកល ដោយ​សេរី ស្មើ​ភាព និង​តាម​វិធី​ជ្រើស​រើស​ឆ្នោត​ជា​សម្ងាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

ah chor kbatcheat louch chheur banthem akear rodsaphea

Anonymous said...

ah pok rolouy cheam yeap louy kap chheur pronet neov akea rod saphear