A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 13 May 2013

Mr Hun Sen mocks the opposition as a weak party លោក ហ៊ុន សែន ចំអក​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ថា​ធ្វើ​នយោបាយ​នៅ​ទន់​ជ្រាយ

បើ​ទោះ​ជា​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​មិន​ទាន់​ចាប់​ផ្ដើម​ យ៉ាង​ណា​ក៏ដោយ​ចុះ ក៏ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា អ្នក​នយោបាយ​បាន​ប្រើប្រាស់​វេទិកា​សាធារណៈ​មួយ​ចំនួន ដើម្បី​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​រួច​ជា​ស្រេច​ទៅ​ហើយ។
ដោយ ម៉ម មុនីរតន៍ RFA
2013-05-11
ហ៊ុន សែន ៣០៥ ថ្មី
១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។
RFA/Sok Serey
គណបក្ស​ប្រជាជន​កម្ពុជា តែង​អះអាង​ថា បក្ស​ប្រឆាំង​មិន​ចេះ​ធ្វើ​នយោបាយ និង​ចេះ​តែ​និយាយ​អ្វីៗ​ឲ្យ​រួច​តែ​ពី​មាត់។ ចំណែក​បក្ស​ប្រឆាំង​វិញ ចំអក​ថា គណបក្ស​គ្រប់គ្រង​អំណាច​មិន​ចេះ​ធ្វើ​អ្វី​ក្រៅ​ពី​វិធី​បំបែក​បំបាក់ និង​សម្លុត​គំរាម​កំហែង​គេ​នោះ​ឡើយ។
ជា​ថ្មី​ម្ដង​ទៀត ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ចេញ​សារ​នយោបាយ​របស់​លោក​ជា​សាធារណៈ ដោយ​ចាត់​ទុក​ថា អ្វី​ដែល​គណបក្ស​ប្រឆាំង​មាន​បាន​សព្វថ្ងៃ​នេះ គឺ​ជា​ចំណែក​របស់​លោក​មួយ​ផ្នែក​ដែរ និង​ថា​មន្ត្រី​បក្ស​ប្រឆាំង​នៅ​តែ​មិន​ចេះ​យក​អ្វី​ដែល​លោក​ផ្ដល់​ឲ្យ​ ហ្នឹង ប្រើប្រាស់​ហាក់​មិន​បាន​ផល​ប្រយោជន៍​សោះ។
ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា​វត្ត​ទួលខ្សាច់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី១១ ឧសភា លោក ហ៊ុន សែន ចំអក​ទៅ​កាន់​បក្ស​ប្រឆាំង​ថា ការ​ធ្វើ​នយោបាយ​ដូច​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​នៅ​មាន​ភាព​ក្មេង​ខ្ចី​នៅ​ឡើយ បើ​ប្រៀបធៀប​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហ៊ុន សែន គិត​ថា ការ​ធ្វើ​នយោបាយ​បែប​នេះ វា​ពិបាក​នឹង​យក​ឈ្នះ​គណបក្ស​របស់​លោក​ណាស់។ ហើយ​ក៏​នឹង​មិន​ធ្វើ​ឲ្យ​ព្រឺ​រោម​ណា​មួយ​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។
លោក ហ៊ុន សែន ថ្លែង​ថា ការ​ឃ្លាំ​មើល​គោល​នយោបាយ​ចាត់​តាំង និង​អ្វីៗ​ដែល​មាន​ក្នុង​បក្ស​ប្រឆាំង គឺ​ជា​មនុស្ស​របស់​លោក៖ «ហើយ ​កុំ​ថា​នែក ដល់​ពេល​ឈ្នះ ឬ​ក៏​ចាញ់ ដល់​ពេល​ចាញ់​ថា​អា​ហ្នឹង​មក​ពី ហ៊ុន សែន ដាក់​មនុស្ស​បង្កប់​ទៅ​ទៀត​ហើយ។ យើ! ចេះ​ធ្វើ​នយោបាយ​ឯករាជ្យ​អី​ត្រឹមត្រូវ​របស់​គេ។ គេ​ពូកែ បាន​គេ​មក​ជល់ ប៉ុន្តែ​ទាស់​ថា​មួយ​ណា​ក៏ ហ៊ុន សែន ប្រើ​បាន​ដែរ កុំ​ទៅ​ឆ្ងល់​ពេក»

ការ​ចំអក​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ បើ​ទោះ​ជា​មិន​បញ្ចេញ​ឈ្មោះ​អ្នក​នយោបាយ​មួយ​ណា​នៅ​ក្នុង​បក្ស​ប្រឆាំង​យ៉ាង ​ណា​ក៏ដោយ ក៏ប៉ុន្តែ​គេ​ដឹង​ថា នោះ​គឺ​លោក ហ៊ុន សែន សំដៅ​លោក កឹម សុខា ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
លោក កឹម សុខា ចាត់​ទុក​ថា នេះ​ជា​នយោបាយ​ដែល​លោក ហ៊ុន សែន តែង​ធ្វើ​ឲ្យ​ដៃគូ​ចុះ​ខ្សោយ ប៉ុន្តែ​ថា​នៅ​ពេល​នេះ លែង​មាន​ប្រសិទ្ធភាព​ទៀត​នោះ​ហើយ។ លោក កឹម សុខា ចំអក​ថា លោក ហ៊ុន សែន គួរ​ឈប់​ស្រមើស្រមៃ​ត​ទៅ​ទៀត​ទៅ៖ «អា​នេះ​ជា​របៀប​របស់​គាត់ តែ​ដដែលៗ​ទេ គឺ​បំបែក​បំបាក់ ញុះញង់ គឺ​មធ្យោបាយ​របស់​តែ​មួយ​ហ្នឹង​ទេ​បាទ»
លោក កឹម សុខា ត្រូវ​បាន​លោក ហ៊ុន សែន ចាត់​ទុក​ថា ជា​ប្អូន​ធម៌ ឬ​ជួន​កាល​គេ​តែង​ឮ​មេ​ដឹកនាំ​ដែល​កាន់​អំណាច​បាន​យូរ​ជាង​គេ​នៅ​ក្នុង​បក្ស ​ប្រជាជន​កម្ពុជា ហៅ​ថា​ជា​លោក​ប្អូន​ក៏​មាន។ ព្រោះ​លោក ហ៊ុន សែន សំអាង​ថា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​តែង​ពឹងពាក់​លោក​ក្នុង​ការ​ផ្ដួចផ្ដើម​បង្កើត​គណបក្ស សិទ្ធិ​មនុស្ស មុន​នឹង​រួម​បញ្ចូល​គ្នា​ជា​បក្ស​សង្គ្រោះ​ជាតិ នេះ​ឡើង៖ «សូម​ផ្ដាំ​ទៅ​ លោក​ប្អូន ធ្វើ​នយោបាយ​កុំ​ល្ងង់​ពេក ឲ្យ​ចេះ​ឆ្លាត​ខ្លះ​មើ ក្រែង​ធ្លាប់​រៀន​ពី​បង​ដែរ​តើ។ ធ្លាប់​ឲ្យ​បង​ជួយ​បង្កើត​បក្ស​ហ្នឹង​ដែរ​តើ។ ធ្លាប់​ពឹងពាក់​ឲ្យ​បង​ធ្វើ​នេះ​ធ្វើ​នោះ ធ្លាប់​និយាយ​តើ។ ហើយ​លោក​ប្អូន​ទៅ​ធ្វើ​សម្ភាស​ជាមួយ​គេ​ថា​អា​ហ្នឹង​ជា​ស្ទិល​របស់​គណបក្ស​ កាន់​អំណាច​បំបែក​បំបាក់។ កាល​លោក​ប្អូន​ជេរ​បក្ស​មួយ​ទៀត បង​អត់​មាន​ប្រើ​ឲ្យ​ប្អូន​ឯង​ជេរ​ហ្នឹង​ណា។ មាត់​លោក​ប្អូន​ឯង​ជេរ​កកោកៗ​ហ្នឹង ប្អូន​ឯង​និយាយ​តាម​បង គឺ​ប្អូន​ឯង​ជា​សត្វ​សេក​ហើយ​ចេះ មិន​មែន​ជា​មនុស្ស​ទេ​ចុះ»
បដិសេធន៍​នឹង​ការ​លើក​ឡើង​នេះ លោក កឹម សុខា បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក​ថា ពុំ​មាន​ជាប់​ពាក់ព័ន្ធ​ណា​មួយ​ក្នុង​ភាព​ជិតស្និទ្ធ​រវាង​លោក ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​អតីតកាល​នោះ​ឡើយ។ លោក កឹម សុខា ហៅ​សារ​នយោបាយ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ថា គឺ​ជា​វប្បធម៌​ចាស់​ដែល​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​មក​លើ​លោក​ប៉ុណ្ណោះ៖ «ឥឡូវ​ស្បថ​ឲ្យ​រន្ទះ​បាញ់ ស្បថ​ឲ្យ​ធ្លាក់​យន្តហោះ បើ​ខ្ញុំ​ដែល​ទៅ​សុខ​ចិត្ត​ទទួល​យក​បម្រើ​គាត់​ពី​ពេល​ណា​ណេះៗ។ ឥឡូវ​និយាយ​ឲ្យ​អស់​អ៊ីចឹង​តា​ហ្មង​ទៅ។ បើ​សិន កឹម សុខា ធ្លាប់​ទៅ​សុំ​បម្រើ​គាត់​ពី​ពេល​ណា ធ្វើ​ការ​ដើម្បី​ប្រយោជន៍​គាត់​ពី​ពេល​ណា សុំ​ឲ្យ​រន្ទះ​បាញ់ ហើយ​ធ្លាក់​យន្តហោះ បើ​សិន​ជា​ខ្ញុំ​ធ្វើ​អ៊ីចឹង​មែន»
អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា យល់​ឃើញ​ថា នេះ​ជា​សញ្ញា​នៃ​ភាព​ជឿនលឿន​ផ្នែក​លទ្ធិប្រជាធិបតេយ្យ។ ប្រការ​ដែល​អ្នក​នយោបាយ​ប្រើប្រាស់​វេទិកា​ឆ្លើយឆ្លង​គ្នា ជា​មធ្យោបាយ​ប្រសើរ​ជា​ជាង​ការ​ប្រើប្រាស់​ហិង្សា ដើម្បី​ទទួល​ជោគជ័យ។
ក្នុង​ពេល​កន្លង​ទៅ លោក ហ៊ុន សែន ក៏​ធ្លាប់​អះអាង​ថា លោក​នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​អាច​ចុះ​ខ្សោយ​បាន ដោយសារ​នយោបាយ​របស់​លោក។
ប៉ុន្តែ ការ​ប្រកាស​គោល​នយោបាយ​ថ្មីៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អំពី​ប្រាក់​ខែ​កម្មករ ១៥០​ដុល្លារ ប្រាក់​ខែ​មន្ត្រី​រាជការ ១​លាន​រៀល ប្រាក់​ជួយ​មនុស្ស​ចាស់ ៤​ម៉ឺន​រៀល​មួយ​ខែ គោល​នយោបាយ​បក្ស​ក្នុង​ការ​បញ្ចុះ​ថ្លៃ​សាំង ថ្លៃ​ភ្លើង​អគ្គិសនី និង​ដំឡើង​ថ្លៃ​ស្រូវ កំពុង​តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​ពេញ​ចិត្ត​កាន់​តែ​ច្រើន​ឡើងៗ​ជា​ លំដាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: