A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 9 May 2013

Kem Sokha reacted to Hun Sen's claims of division within the CNRP over candidate list លោក កឹម សុខា ប្រតិកម្ម​នឹង​សម្ដី​លោក ហ៊ុន សែន

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ទៅ​នឹង​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញ​ការ​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន ថា​ទទួល​បាន​ព័ត៌មាន​ភូត​កុហក និង​កំពុង​បារម្ភ​ចាញ់​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី៥ នេះ។
ដោយ ដែន អយុធ្យា RFA
2013-05-09
កឹម សុខា ៣០៥
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី៨ ខែ​ឧសភា ឆ្នាំ​២០១៣។
Photo: RFA
លោក ហ៊ុន សែន រិះគន់​ថា ការ​ដែល​គណបក្ស​ប្រឆាំង​អូស​បន្លាយ​ចុះ​បញ្ជី​បក្ស​នៅ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដោយសារ​តែ​មាន​ទំនាស់​ក្នុង​ការ​បែង​ចែក​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​តំណាង​ រាស្ត្រ។
គ.ជ.ប បាន​បង្ហាញ​ថា មាន​គណបក្ស​នយោបាយ​ចំនួន​៥ បាន​មក​ចុះ​បញ្ជី​បក្ស និង​បេក្ខជន ប៉ុន្តែ​ក្នុង​ពេល​នេះ គ.ជ.ប បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ចំនួន ៣​គណបក្ស។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​ចុះ​បញ្ជី​គណបក្ស និង​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នៅ​ចុង​សប្ដាហ៍​នេះ។
លោក​បាន​ថ្លែង​បញ្ជាក់​ថា ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ទៅ​ចុះ​បញ្ជី​បក្ស​នៅ គ.ជ.ប ព្រោះ​រង់ចាំ​មើល​ស្ថាប័ន គ.ជ.ប ធ្វើ​ការ​កែសម្រួល​នូវ​អនុសាសន៍​បោះឆ្នោត​មួយ​ចំនួន ដែល​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល បាន​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ គឺ​មិន​មែន​ដោយសារ​តែ​មាន​ទំនាស់​ផ្ទៃ​ក្នុង​ធ្ងន់ធ្ងរ​នោះ​ទេ។
លោក កឹម សុខា សង្កត់​ធ្ងន់​ថា អ្វី​ដែល​លោក ហ៊ុន សែន បាន​ដឹង ឬ​ទទួល​ព័ត៌មាន​ជុំវិញ​ការ​ចុះ​បញ្ជី​គណបក្ស ឬ​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​របាយការណ៍​ភូត​កុហក។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​ឯកសារ​ចុះ​បញ្ជី​គណបក្ស ឬ​បេក្ខជន​រួច​ហើយ និង​រង់ចាំ​ទៅ​ចុះ​ឈ្មោះ​នៅ គ.ជ.ប ចុង​សប្ដាហ៍​នេះ ឬ​ដើម​សប្ដាហ៍​ក្រោយ ដោយ​គ្មាន​ជម្លោះ​ផ្ទៃ​ក្នុង​នោះ​ទេ។
លោក កឹម សុខា៖ «គាត់​ទទួល​ព័ត៌មាន​ពី​អ្នក​បោកប្រាស់​គាត់។ មាន​អ្នក​ផ្តល់​ព័ត៌មាន​ឲ្យ​គាត់​សុទ្ធ​តែ​ជា​ព័ត៌មាន​មិន​ពិត ដើម្បី​បោក​គាត់​យក​លុយ។ ពួក​អ្នក​ដែល​ស៊ី​ឈ្នួល​គាត់​ថា​ខ្លួន​ឯង​ជា​ផ្ទៃ​ក្នុង ប៉ុន្តែ​ព័ត៌មាន​ហ្នឹង​វា​អត់​ពិត​ទេ។ ដូច្នេះ​ហើយ គាត់​កំពុង​តែ​ចាញ់​បោក​អ្នក​ផ្តល់​ព័ត៌មាន​ហើយ។ ជាក់ស្តែង គឺ​យើង​អត់​មាន​បញ្ហា យើង​បាន​ដោះស្រាយ​ហើយ​អស់។ យើង​គ្រាន់​តែ​ដូរ​អ្នក​នេះ​ទៅ​កន្លែង​នោះ ទៅ​តាម​អ្វី​ដែល​យើង​មើល​ពី​បញ្ជី​របស់​គណបក្ស​ដទៃ ដើម្បី​យើង​ដាក់​គូ​ប្រកួត​ឲ្យ​ត្រូវ ដើម្បី​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា តែ​ប៉ុណ្ណឹង​ទេ»

ទោះ​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៦ ខែ​ឧសភា មាន​ប្រសាសន៍​ថា មូលហេតុ​នៃ​ការ​ពន្យារ​ពេល​ចុះ​បញ្ជី​របស់​គណបក្ស​ប្រឆាំង ដោយសារ​បក្ស​នេះ​មាន​បញ្ហា​ដាក់​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​តំណាង​រាស្ត្រ​តាម​ ខេត្ត​មួយ​ចំនួន។ លោក​ចំអក​ថា បក្ស​ប្រឆាំង​មាន​បញ្ហា​ផ្ទៃ​ក្នុង​ខ្លួន​ឯង មិន​អាច​ដោះស្រាយ​បាន បែរ​ជា​ទៅ​ស្តី​បន្ទោស​ស្ថាប័ន គ.ជ.ប ឬ​ទាមទារ​ឲ្យ គ.ជ.ប ពន្យារ​ពេល​បោះឆ្នោត និង​សម្រួល​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ទៅ​វិញ៖ «ឥឡូវ ​ហ្នឹង គេ​ថា​គេ​មិន​ទាន់​ដាក់​បេក្ខភាព​ទៅ​ទេ។ គេ​នៅ​រង់ចាំ​តស៊ូ​ជាមួយ​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ទៀត។ ប៉ុន្តែ សូម​អស់​លោក​កុំ​លាក់លៀម។ អស់​លោក​មិន​ទាន់​រៀបចំ​បេក្ខភាព​ត្រូវ​គ្នា។ ជា​ពិសេស បេក្ខភាព​នៅ​ខេត្ត​កំពង់ធំ សៀមរាប។ ហើយ​ទាក់ទង​នឹង​តាកែវ ដែរ ដែល​ត្រៀម​បញ្ជូន​បម្រុង​ដាក់​បេក្ខភាព​លេខ​២ នៅ​តាកែវ ឲ្យ​ទៅ​ឈរ​នៅ​កំពង់ធំ ប៉ុន្តែ​មិន​ឯកភាព​គ្នា។ ហើយ​កំពង់ស្ពឺ ក៏​អត់​ទាន់​ឯកភាព​គ្នា​ដែរ។ អស់​លោក​អត់​ទាន់​ឯកភាព​គ្នា​លើ​បញ្ជី​ខ្លួន​ឯង​សោះ»
លោក ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា ការ​ពន្យារ​ពេល​បោះឆ្នោត ឬ​សើរើ​បញ្ជី​ឈ្មោះ​បោះឆ្នោត មិន​អាច​ធ្វើ​ទៅ​បាន​ទេ ព្រោះ​ច្បាប់​កំណត់​ថា នៅ​សប្ដាហ៍​ទី​៤ ក្នុង​ខែ​កក្កដា រៀង​រាល់ ៥​ឆ្នាំ​ម្តង ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។ លោក​បន្ត​ថា បើ​ចង់​ពន្យារ​ពេល​បោះឆ្នោត ត្រូវ​កែ​ច្បាប់​បោះឆ្នោត និង​ត្រូវ​កោះ​ប្រជុំ​សភា ប៉ុន្តែ​បញ្ហា​នេះ គណបក្ស​ប្រឆាំង​មិន​មាន​កូរ៉ុម​គ្រប់គ្រាន់​ទេ។ លោក​បាន​ចំអក​ទៅ​បក្ស​ប្រឆាំង​ថា បក្ស​នេះ​មាន​លទ្ធភាព​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការ​បោះឆ្នោត​កន្លង​មក តែ​បែរ​ជា​ទៅ​រក​រឿង​អាជ្ញា​កណ្ដាល​ទៅ​វិញ។
លោក កឹម សុខា ឆ្លើយ​តប​វិញ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ភ័យ​ស្លន់ស្លោ និង​បារម្ភ​ពី​ការ​ចាញ់​ឆ្នោត​អាណត្តិ​ទី៥ ខែ​កក្កដា ខាង​មុខ​ទៅ​វិញ​ទេ។
ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ រីឯ​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ និង​ចុះ​បញ្ជី​បេក្ខជន មាន​រយៈពេល ១៥​ថ្ងៃ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ដល់​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ​២០១៣។
ទាក់ទិន​បញ្ហា​នេះ គ.ជ.ប បាន​ប្រកាស​ថា គិត​មក​ដល់​ថ្ងៃ​ទី៨ ខែ​ឧសភា មាន​គណបក្ស​ចំនួន​៥ បាន​មក​ចុះ​បញ្ជី​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​ទីស្ដីការ គ.ជ.ប រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។
ក្នុង​ចំណោម​គណបក្ស​ទាំង​៥ គ.ជ.ប បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​គណបក្ស​ចំនួន​៣ រួច​ហើយ គឺ​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ រីឯ​គណបក្ស​ពីរ​ទៀត គ.ជ.ប កំពុង​ពិនិត្យ និង​មិន​ទាន់​មាន​ឯកសារ​បាន​គ្រប់​ចំនួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: