ភ្នំពេញ: នៅទីបំផុតក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណបក្ស សង្គ្រោះជាតិ ហែរក្បួនបាតុកម្មនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ តាមសំណូមពរ តែមិនឲ្យលើសពី ១០០ នាក់។
ចំពោះបញ្ហាធ្វើបាតុកម្មអហិង្សារបស់គណបក្សប្រឆាំង ត្រូវបានមកយកមកពិភាក្សារវាងមន្ត្រីសាលារាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ រួមទាំងតំណាងគណបក្ស សង្គ្រោះជាតិ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣។
នៅក្នុងកិច្ចប្រជុំលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានជម្រាបជូនសមាជិកនៃអង្គប្រជុំថា កិច្ចប្រជុំគឺដើម្បីពិភាក្សាស្តីពីការជូនដំណឹងធ្វើមហាបាតុកម្មអហិង្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ ដោយធ្វើការជួបជុំនៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បួនតាមផ្លូវប៉ាស្ទ័រ ឆ្ពោះទៅកាន់ការិយាល័យតំណាងរបស់អង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុប ដើម្បីប្រគល់ញត្តិ។
ចំណែកលោក គួយ ប៊ុនរឿន តំណាងគណបក្ស សង្គ្រោះជាតិ ក៏បានជម្រាបជូនអង្គប្រជុំឲ្យដឹងដែរថា គោលបំណងនៃការធ្វើបាតុកម្មនេះ គឺចង់ទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលយកអនុសាសន៍របស់តំណាងពិសេស អង្គការសហប្រជាជាតិលោក សូរិយា ស៊ូប៊ែរឌី និង របាយការណ៍ធ្វើសវនកម្មបញ្ជីបោះឆ្នោតសំរាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០០១៣ របស់វិទ្យាស្ថានជាតិសំរាប់កិច្ចការអន្តរជាតិ (NDI) អង្គការនីចហ្វិច (NICFEC) និង អង្គការខុមហ្វ្រែល (COMFREL) ក្នុងការរៀបចំការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោតសារឡើងវិញ ព្រមទាំងចាត់វិធានការគ្រប់បែបយ៉ាងធានាអំពីយន្តការ និងនីតិវិធីសំរាប់បម្រើការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឲ្យប្រព្រឹត្តដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងដោយស្មើភាពគ្នារួមទាំងប្រព័ន្ធផ្សព្វផ្សាយ ស្របតាមបទដ្ឋាន អន្តរជាតិ។
ក្នុងករណីក្រសួងមហាផ្ទៃមានកាអនុញ្ញាត ម្ចាស់សំណើរត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម ៖
១-ចំពោះការដង្ហែក្បួន សាលារាជធានីភ្នំពេញស្នើសុំធ្វើការជួបជុំ និង សម្តែងមតិ នៅទីលានប្រជាធិបតេយ្យរួចដង្ហែតាមផ្លូវប៉ាស្ទ័ររហូតដល់ផ្លូវលេខ ២៥៤(ផ្លូវខាងជើងសាលាគរុកោសល្យ) បត់ឆ្វេងដោយឆ្លងកាត់មហាវិថី ព្រះ នរោត្តម ឆ្ពោះទៅសហគមន៍អឺរ៉ុបដោយបាតុករឈររង់ចាំនៅផ្លូវលេខ ២៥៤ នៅពេលដែលតំណាងយកញតិ្តទៅប្រគល់ជូនសហគមន៍អឺរ៉ុប រួចត្រឡប់ ក្រោយបន្តដំណើរតាមផ្លូវប៉ាស្ទ័រឆ្ពោះទៅការិយាល័យតំណាងអង្គការសហប្រជាជាតិ ដើម្បីប្រគល់ញតិ្តរួចរំសាយ។
២-ចំពោះការជួបជុំនិងសម្តែងមតិនៅទីលានប្រជាធិបតេយ្យនិងការដង្ហែក្បួន ម្ចាស់សំណើរត្រូវទទួលខុសត្រូវដូចខាងក្រោម ៖
-កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងការជួបជុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ម្ចាស់សំណើរជាអ្នកទទួលខុសត្រូវទាំងស្រុង ចំណែកសមត្ថកិច្ចទទួលខុសត្រូវការពារពីខាងក្រៅ ក្នុងករណីមានជនសង្ស័យត្រូវរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចាត់វិធានការបានទាន់ពេលវេលា។ -ចំពោះខ្លឹមសារនៃការសម្តែងមតិរបស់ពួកគាត់ ម្ចាស់សំណើឯកភាពទទួលខុសត្រូវទាំងស្រុង ក្នុងករណីមានបុគ្គលណាយកកម្មវិធីនេះ ធ្វើសកម្មភាពវាយប្រហារដល់ព្រះមហាក្សត្រ រាជរដ្ឋាភិបាល ប្រទេសជិតខាង និងឥស្សរជនជាន់ខ្ពស់ណាម្នាក់ឡើយ។ -ម្ចាស់សំណើ និងអ្នកចូលរួមទាំង អស់ត្រូវសំអាតអនាម័យនៅជុំវិញបរិវេណប្រារព្ធពិធី និងតាមផ្លូវដង្ហែក្បួនឲ្យបានស្អាត ក្រោយពីប្រារព្ធពិធីចប់ ជៀងវាងប៉ះពាល់ដល់សោភណ្ឌភាពនៅ ទីនោះ។
-ចំពោះការដង្ហែក្បួនតាមដងផ្លូវសាធារណៈត្រូវបញ្ចប់មុនម៉ោង ១២ ថ្ងៃត្រង់ និងចៀសវាងដាច់ខាតនូវការបិទផ្លូវដែលនាំឲ្យកកស្ទះចរាចរ និង ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
៣-ចំពោះករណីខាងលើ សាលារាជធានីភ្នំពេញ នឹងស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ដូច្នេះម្ចាស់សំណើត្រូវរង់ចាំការសម្រេចរបស់ក្រសួងមហាផ្ទៃ។
៤-ប្រសិនបើមិនគោរពតាមលក្ខខណ្ឌខាងលើ ថ្នាក់ដឹកនាំបាតុកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយសាលារាជធានីភ្នំពេញ និងចាត់វិធានការតាមផ្លូវច្បាប់។
No comments:
Post a Comment