A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 18 April 2013

Hor Namhong: Thailand responded like it run out of arguments លោក ហោ ណាំហុង៖ ថៃ​​បកស្រាយ​របៀប​ទាល់ច្រក​នៅ​ឡាអេ

តុលាការ​ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​១៧ ខែ​មេសា បាន​ស្ដាប់​ការ​បកស្រាយ​ពេញ​មួយ​ថ្ងៃ​របស់​តំណាង​ប្រទេស​ថៃ បន្ទាប់​ពី​ភាគី​កម្ពុជា បាន​ឡើង​ធ្វើ​បទ​បង្ហាញ​កាល​ពី​ថ្ងៃ​១៥ មេសា កន្លង​ទៅ។ នៅ​ចុង​បញ្ចប់​នៃ​ការ​ឡើង​បកស្រាយ​របស់​ភាគី​ថៃ លោក ហោ ណាំហុង ប្រតិភូ​កម្ពុជា មាន​ប្រសាសន៍​ថា ថៃ​និយាយ​ដដែល​របៀប​ទាល់ច្រក ហើយ​ថា កម្ពុជា​នៅ​តែ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ជាង​ក្នុង​រឿង​ក្តី​នេះ។
ដោយ ជុន ច័ន្ទបុត្រ RFA Service
2013-04-17
ហោ ណាំហុង ៣០៥
១៧-មេសា-២០១៣៖ ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅ​​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។ RFA/Chun Chanboth 
 
ប្រធាន​គណៈប្រតិភូ​ខាង​ភាគី​កម្ពុជា លោក ហោ ណាំហុង មាន​ប្រតិកម្ម​ភ្លាមៗ​ក្រោយ​ការ​ឡើង​បកស្រាយ​របស់​ភាគី​ថៃ​ថា ថៃ​ចេះ​តែ​បក​ស្រាយ​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។
នៅ​ថ្ងៃ​ទីពីរ​នៃ​សវនាការ​ផ្ទាល់​មាត់​នៅ​ក្រុង​ឡាអេ នេះ លោក វិរ៉ាឆៃ ផ្លាសៃ (Virachai Plasai) ដែល​ជា​ឯក​អគ្គរាជ​ទូត​ថៃ ប្រចាំ​ប្រទេស​ហូល្លង់ដ៍ និង​ជា​តំណាង​របស់​រាជរដ្ឋាភិបាល​ប្រទេស​ថៃ បាន​ថ្លែង​នៅ​ចំពោះ​មុខ​អង្គ​តុលាការ​​​នៃ​ក្រុង​ឡាអេ ថា អនាគត​របស់​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ មាន​ទំនាក់ទំនង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​បញ្ជាក់​ថា ព្រំដែន​មិន​មែន​ធ្វើ​ឡើង​ដើម្បី​បំបែក​ជាតិ​ពីរ​ទេ តែ​ជា​ការ​ផ្ដល់​ឱកាស​អោយ​មាន​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ដែល​ផ្ដល់​ផលប្រយោជន៍​អោយ​គ្នា​ទៅ​វិញ​ទៅ​មក។
ទន្ទឹម​នឹង​នេះ​ដែរ លោក វិរ៉ាឆៃ ផ្លាសៃ បាន​ចោទ​ថា សំណើ​សុំ​អោយ​តុលាការ​បក​ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ របស់​កម្ពុជា ជា​ការ​រំលោភ​នីតិវិធី​របស់​តុលាការ។ លោក​លើក​ហេតុផល​ថា សាលក្រម​ឆ្នាំ​១៩៦២ នោះ ជា​សាលក្រម​មួយ​ច្បាស់​លាស់​ណាស់​ទៅ​ហើយ ហើយ​កម្ពុជា ក៏​ទទួល​យក​ដោយ​សុខ​ស្រួល​នៅ​ពេល​នោះ មិន​គួរ​ណា​ឡើយ ៥០​ឆ្នាំ​ក្រោយ​មក កម្ពុជា​បែរ​ជា​មក​ប្តឹង​អោយ​មាន​ការ​បក​ស្រាយ​ជា​ថ្មី​នោះ​ទេ។
មាន​ប្រតិកម្ម​តប​ទៅ​ថៃ វិញ​នេះ លោក ហោ ណាំហុង ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អ្វី​ដែល​ភាគី​ថៃ លើក​ឡើង​នោះ គឺ​ជា​ការ​ដោះសា​មួយ​ដែល​មិន​ត្រូវ​តាម​ច្បាប់៖ «ការ​បកស្រាយ​របស់​ថៃ ជា​ការ​បកស្រាយ​របៀប​ទាល់ច្រក ចេះ​តែ​រក​លេស​ផ្សេងៗ ខុស​ពី​ការ​ពិត។ គេ​យក​ផែនទី​ច្រើន​យក​មក​លើក​សំអាង​តែ​ខុស​ពី​ផែនទី​ដែល​តុលាការ​ផ្អែក​លើ​ នៅ​ឆ្នាំ​១៩៦២ ដើម្បី​ចេញ​សាលក្រម​ឆ្នាំ​១៩៦២។ គេ​ផ្អែក​លើ​មូលហេតុ​ផ្សេងៗ​ដែល​មិន​ទាក់ទង​នឹង​ផ្លូវ​ច្បាប់»

បន្ទាប់​ពី​ការ​ថ្លែង​បើក​របស់​លោក វិរ៉ាឆៃ ផ្លាសៃ មក មេធាវី​របស់​ប្រទេស​ថៃ ចំនួន ៥​នាក់ បាន​ឡើង​បក​ស្រាយ​ម្ដង​ម្នាក់។ លោក​មេធាវី ដូណល់ ម៉ាករេយ (Mr. Donald McRay) ដែល​បាន​ឡើង​ថ្លែង​មុន​គេ បញ្ជាក់​បន្ថែម​ថា អ្វី​ដែល​កម្ពុជា​ ចង់​បាន​នោះ គឺ​ជា​ការ​ប៉ុន​ប៉ង​កែប្រែ​សាល​ដីកា​ឆ្នាំ​១៩៦២ ដើម្បី​ចង់​បាន​ការ​សម្រេច​ចិត្ត​មួយ​ដែល​តុលាការ​នេះ​បាន​បដិសេធ​កាល​ពី​ ឆ្នាំ​១៩៦២។
លោក​ជម្រាប​អង្គ​តុលាការ​ថា តុលាការ​ក្រុង​ឡាអេ កាល​ពី​ឆ្នាំ​១៩៦២ មិន​បាន​កំណត់​ថា ខ្សែ​បន្ទាត់​ព្រំដែន​ដែល​មាន​នៅ​លើ​ផែនទី​ក្នុង​ឧបសម្ពន្ធ​១​នោះ ថា​ជា​ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​ថៃ​ទេ។ លោក​អះអាង​ថា តុលាការ​បាន​និយាយ​ចំណុច​នេះ​ច្បាស់​ណាស់។ លោក​បន្ត​ថា ប្រសិន​បើ​តុលាការ​ក្រុង​ឡាអេ នេះ បាន​បដិសេធ​សំណូមពរ​របស់​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​១៩៦២ ម្ដង​រួច​ទៅ​ហើយ​នោះ នៅ​ពេល​នេះ​តុលាការ​ក៏​មិន​អាច​បកស្រាយ​បាន​ដែរ។
លោក ហោ ណាំហុង ប្រធាន​ប្រតិភូ​របស់​កម្ពុជា ក៏​មាន​ប្រតិកម្ម​តប​ទៅ​ភាគី​ថៃ វិញ​លើ​ចំណុច​នេះ​ដែរ៖
ជុន ច័ន្ទបុត្រ៖ ចុះ​អ្វី​ដែល​ថៃ និយាយ​ថា ការ​ដែល​សុំ​អោយ​បកស្រាយ​នេះ​មិន​កើត​ទេ ពីព្រោះ​ថា​តុលាការ​កាល​ពី​ឆ្នាំ​១៩៦២ បដិសេធ​ម្ដង​ហើយ​នោះ អា​ហ្នឹង​យ៉ាង​ម៉េច​ដែរ​ឯកឧត្តម?
ហោ ណាំហុង៖ កាល​ណោះ កាល​ឆ្នាំ​១៩៦២ យើង​បាន​សុំ​អោយ​តុលាការ​បកស្រាយ​រឿង​បញ្ហា​ព្រំដែន។ ប៉ុន្តែ​យើង​បាន​លើក​នៅ​ចុង​ក្រោយ​នាទី អ៊ីចឹង​ហើយ​បាន​តុលាការ​ឆ្លើយ​ថា គ្មាន​ពេល​ដោះស្រាយ​បញ្ហា​នេះ​ទេ មិន​មែន​មាន​ន័យ​ថា ទាត់​ចោល​នោះ​ទេ។ ដោយសារ​យើង​លើក​យឺត​ពេក តុលាការ​គ្មាន​ពេល​ដោះ​ស្រាយ។ ប៉ុន្តែ​បញ្ហា​យើង​លើក​ពេល​នេះ មិន​មែន​បញ្ហា​ព្រំដែន​ទេ តែ​បញ្ហា​បក​ស្រាយ​​សាលក្រម​ឆ្នាំ​១៩៦២។ ថៃ​ទាមទារ​ដី ៤,៦​គីឡូម៉ែត្រ​ការ៉េ មិន​មែន​យើង​អ្នក​ទាមទារ​ទេ ថៃ​អ្នក​ទាមទារ ហើយ​ចំពោះ​យើង​តាម​ផែនទី​ឧបសម្ពន្ធ​១ គឺ​តំបន់ ៤,៦ ស្ថិត​នៅ​ក្នុង​តំបន់​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​តុលាការ​បាន​កំណត់​នៅ​ឆ្នាំ​១៩៦២។
ក្នុង​ការ​បកស្រាយ​នៅ​ថ្ងៃ​នេះ ភាគី​ថៃ ព្យាយាម​ប្រាប់​អង្គ​តុលាការ​ថា រឿង​ក្ដី​នេះ​ចប់​ហើយ តុលាការ​មិន​ត្រូវ​បកស្រាយ​អ្វី​ទេ។ ជាង​នេះ​ទៅ​ទៀត ក្រុម​មេធាវី​របស់​ថៃ ថែម​ទាំង​លើក​ឡើង​ថា សវនាការ​ពេល​នេះ​ធ្វើ​ឡើង​នាំ​អោយ​តែ​ខាត​ពេល​ឥត​ប្រយោជន៍​តែប៉ុណ្ណោះ។
ក្រោយ​ស្ដាប់​ការ​បកស្រាយ​ពេញ​មួយ​ថ្ងៃ​មក លោក ហោ ណាំហុង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ភាគី​ថៃ និយាយ​មិន​បាន​ការ៖
ជុន ច័ន្ទបុត្រ៖ ឯកឧត្តម ពី​ខាង​អាស៊ីសេរី សុំ​មួយ​ម៉ាត់​ទៀត។ បន្ទាប់​បាន​ស្ដាប់​ខាង​ភាគី​ថៃ និយាយ​ពេញ​មួយ​ថ្ងៃ​នេះ​មក​ហើយ ឯកឧត្ដម​គិត​ថា ចំណុច​របស់​គេ​យ៉ាង​ម៉េច​ដែរ ឯកឧត្តម?
ហោ ណាំហុង៖ ថៃ​គេ​ឆ្លើយ​ដដែលៗ តែប៉ុណ្ណឹង។ រួច​ស្អែក (១៨ មេសា) នេះ យើង​នឹង​ឆ្លើយ​ហើយ។
ជុន ច័ន្ទបុត្រ៖ យើងមានចំនុចខ្លាំង ដែលអាចឆ្លើយទប់ទៅគេវិញយ៉ាងណាដែរ ស្អែកនេះ?
ហោ ណាំហុង៖ ចំណុច​ខ្លាំង​យើង គឺ​ត្រង់​ថា សាលក្រម​ឆ្នាំ​១៩៦២ ផ្អែក​ជា​ដាច់​ខាត​ជា​មូលដ្ឋាន​​ជា​បឋម​លើ​ផែនទី​ឧបសម្ពន្ធ​១ ដើម្បី​កំណត់​តំបន់​ជុំវិញ​ព្រំដែន ដែល​ថៃ​ត្រូវ​ដក​ទ័ព។ ដូច្នេះ​យើង​ត្រូវ​ផ្អែក​លើ​ផែនទី​ឧបសម្ពន្ធ​១​នេះ ពីព្រោះ​យើង​ចោទ​សួរ​ថា តើ​តំបន់ជុំ​វិញ​ព្រំដែន​នៅ​ឯ​ណា? នេះ​ជា​សំណួរ​មួយ។ ដូច្នេះ​តំបន់​ជុំវិញ​ព្រះវិហារ ផ្អែក​លើ​ផែន​ទី​ឧបសម្ពន្ធ​១​នេះ។
នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ មេសា នេះ ភាគី​ខ្មែរ​នឹង​ឆ្លើយ​តប​វិញ​ជា​ចុង​ក្រោយ ហើយ​នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​សុក្រ​ទី ១៩ ភាគី​ថៃ ក៏​នឹង​មាន​ឱកាស​ឡើង​បង្ហាញ​ជា​ចុង​ក្រោយ​ដែរ។ តុលាការ​ពិភពលោក​នេះ​នឹង​ចេញ​សេចក្ដី​សម្រេច​មួយ​នៅ​ខែ​​កញ្ញា ឬ តុលា ចុង​ឆ្នាំ​នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

They never have a legitimate ones to begin with anyway. I hope that they will shoot themselves in the foot with their childish arguments. Also hope the ICJ will put them out of their misery by making a qucik rulling in favor of Cambodia. God is on our side and victory will be our soon. God bless Cambodia and his ppeople.