A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 23 April 2013

Analysts said the reshuffles of city and provincial governors were done for political reasons អ្នក​វិភាគ៖ ការ​ផ្លាស់ប្ដូរ​តំណែង​អភិបាល​ខេត្ត​រាជធានី​ជា​រឿង​នយោបាយ

 
ពាក្យ​ស្លោក​ខ្មែរ​មួយ​ឃ្លា​ថា "ទំពាំង​ស្នង​ឫស្សី" គឺ​សំដៅ​លើ​យុវជន​វ័យ​ក្មេង​នឹង​បន្ត​វេន​ធ្វើ​ការ​ពី​មនុស្ស​ចាស់ ឬ​ពាក្យ​ស្លោក​មួយ​ទៀត​ថា "រលក​ក្រោយ​ច្រាន​រលក​មុន" ជាដើម។ ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ប្រកាស​ផ្លាស់ប្ដូរ​អភិបាល​ខែត្រ រាជធានី ១០​រូប។ តើ​ការ​ផ្លាស់ប្ដូរ​នោះ​អាច​ជា​ឱកាស​សម្រាប់​យុវជន​ជំនាន់​ក្រោយ​បន្ត​វេន​ កាន់​តំណែង​ពី​មនុស្ស​ចាស់​ដែរ​ទេ?
ដោយ ទីន ហ្សាការីយ៉ា RFA
2013-04-23
ហ៊ុន សែន ជុតិមា ៣០៥
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ជួរ​មុខពី​​ឆ្វេង) និង​លោក កែប ជុតិមា ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន់​អាកាស​ទី​៣ នៅ​ស្ទឹងមានជ័យ ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១២។ RFA/Sok Serey 
 
យន្តការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្លាស់ប្ដូរ​អភិបាល ខែត្រ រាជធានី ស្រប​តាម​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះ ជា​មធ្យោបាយ​មួយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ តែ​យ៉ាង​នេះ​ក្ដី អ្វី​ដែល​នៅ​ពី ក្រោយ​ខ្នង​នៃ​ការ​ផ្លាស់ប្ដូរ​នេះ ត្រូវ​បាន​អ្នកវិភាគ​បាន​លើក​ឡើង​ថា ជា​រឿង​នយោបាយ​ច្រើន​ជាង។
ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ផ្លាស់ប្ដូរ​អភិបាល​ខែត្រ រាជធានី​នេះ ទោះ​បី​ជា​មិន​បាន​បើក​ឱកាស​ឲ្យ​យុវជន​ទូទៅ​បន្ត​តំណែង​នោះ​ក្ដី ប៉ុន្តែ​ជា​ការ​ឆ្លុះ​បញ្ចាំង​កុំ​ឲ្យ​អ្នក​មាន​តួនាទី​នេះ​កាន់​អំណាច​ រយៈពេល​យូរ។
លោក ជាង សុខា បញ្ជាក់​ថា យុវជន​របស់​គណបក្ស​កាន់​អំណាច​អាច​ទទួល​បាន​ផល​ខ្លះៗ អំពី​ការ​ដោះ​ដូរ​នេះ តែ​មិន​សន្មត​ថា រដ្ឋាភិបាល​ដាក់​អភិបាលខែត្រ​ថ្មី​នោះ​ជា​យុវជន​ទាំងស្រុង​នោះ​ទេ៖ «យើង​ ដឹង​ហើយ​ថា យុវជន​ដែល​ឈោង​ទៅ​ចាប់​តួនាទី​ក្នុង​រដ្ឋាភិបាល​បាន​តាម​រយៈ​បក្ស អ៊ីចឹង​ទៅ​ឱកាស​នេះ យើង​មិន​អាច​និយាយ​បាន​ថា ជា​ការ​បើក​ច្រក​ឲ្យ​យុវជន​បាន​ទូលាយ​ទេ តែ​ឱកាស​នេះ​មិន​ប្រាកដ​ថា​តម្លាភាព​ទេ»

ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុង ១​អាណត្តិ​មាន​រយៈពេល ៤​ឆ្នាំ ត្រូវ​មាន​ ការ​ផ្លាស់ប្ដូរ។ ប្រទេស​កម្ពុជា មាន​របត់​នយោបាយ​ថ្មី​មួយ បន្ទាប់ពី​ប្រទេស​នេះ​បាន​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​អស់​រយៈពេល​ ជាច្រើន​ឆ្នាំ​មក។ ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ នោះ កម្ពុជា​ចាប់ផ្ដើម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ តាម​បែប​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​១៩៩៣ ជា​លើក​ដំបូង​របស់​ខ្លួន។
ទាក់ទង​និង​បញ្ហា​នេះ​​ អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្ដូរ​នេះ ប្រសិនបើ​រដ្ឋាភិបាល​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​សកល​នៅ​តាម​ខែត្រ រាជធានី ដើម្បី​ជ្រើសរើស​បុគ្គល​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ខែត្រ​ទាំង​នោះ ជា​ការ​ប្រសើរ។
ផ្ទុយ​ទៅ​វិញ លោក កែម ឡី បាន​លើក​ឡើង​ថា អភិបាលខែត្រ រាជធានី ដែល​នឹង​ទទួល​តំណែង​ជា​អភិបាល​ថ្មី​នោះ នឹង​មិន​មាន​ផែនការ​ច្បាស់លាស់​នោះ​ទេ ការ​ដឹកនាំ​ផ្អែក​លើ​ការ​បញ្ជា​ពី​ថ្នាក់លើ បញ្ហា​នេះ​ការផ្លាស់ប្ដូរ​មិន​មាន​ប្រសិទ្ធភាព​នោះ​ឡើយ៖ «ការ​ ផ្លាស់ប្ដូរ​នេះ​មិន​អាច​ផ្លាស់ប្ដូរ​អភិបាល​ខែត្រ ក្រុង​ទេ តែ​បើ​អាច​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី​ទៀត​ជា​ការ​ប្រសើរ ដើម្បី​ឈាន​ទៅ​ដល់​ការ​អភិវឌ្ឍ​បាន​ល្អ៖»
ម្យ៉ាង​វិញ​ទៀត ការ​ផ្លាស់ប្ដូរ​អភិបាល​ខែត្រ រាជធានី នៅ​ពេល​នេះ ក្រុម​អ្នក​វិភាគ​បាន​ចាត់​ទុក​ថា ជា​ល្បែង​នយោបាយ​មួយ​របស់​រដ្ឋាភិបាល​នៅ​មុន​ពេល​បោះ​ឆ្នោត ពីព្រោះ​ថា អភិបាល​ខែត្រ រាជធានី​ខ្លះ មាន​រឿង​អាស្រូវ​ជា​ច្រើន​នៅ​ក្នុង​ខែត្រ​ដែល​ខ្លួន​គ្រប់គ្រង​នោះ ដូចជា​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស តាម​រយៈ​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី ពិសេស​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា អាណត្តិ​ដឹកនាំ​ក្រុង​ភ្នំពេញ របស់​លោក មាន​បញ្ហា​បណ្ដេញ​ប្រជាពលរដ្ឋ​នៅ​តំបន់​មួយ​ចំនួន​ក្រោម​រូបភាព​អភិវឌ្ឍន៍ ដូចជា នៅ​តំបន់​បឹង​កក់ បុរី​កីឡា និង​តំបន់​ផ្សេងៗ​ទៀត រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ដោះស្រាយ​ឲ្យ​បាន​សមស្រប​នៅ​ឡើយ។
ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក នី ចរិយា បាន​សង្កត់ធ្ងន់​ថា ការ​ផ្លាស់ប្ដូរ អភិបាល​ខែត្រ រាជធានី នៅ​ពេល​នេះ មិន​មែន​ជា​រឿង​យក​ចិត្ត​ទុក​ដាក់​លើ​គុណភាព​នៃ​ការ​អនុវត្ត​ច្បាប់​ ប៉ុន្មាន​ទេ រដ្ឋាភិបាល​ធ្វើការ​ផ្លាស់ប្ដូរ​នេះ គឺ​ផ្អែកលើ​អ្នក​ដែល​ស្មោះត្រង់​នឹង​គណបក្ស​ជា​ធំ ដើម្បី​ចង់​ពង្រឹង​ទៅលើ​ខ្សែ​រយៈ​នយោបាយ​ជាង​ពង្រឹង​សមត្ថភាព។
លោក នី ចរិយា៖ «យើង​មិន​ផ្ដោត​ទៅ​លើ​ទំនាក់ទំនង​លើ​រឿង​នយោបាយ មិន​ផ្ដោត​ទៅលើ​បញ្ហា​គោរព​សិទ្ធិមនុស្ស​ទេ អ៊ីចឹង​ការ​អភិវឌ្ឍ​មិន​ដល់​ទៅ​លើ​ប្រជាជន​ទេ»
ទោះបីជា​យ៉ាង​នេះ​ក្ដី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​ផ្លាស់ប្ដូរ​អភិបាល​ខែត្រ រាជធានី ចំនួន ១០​រូប ដោយសារ​អភិបាល​ទាំង​នោះ ខ្លះ​ដល់​អាយុ​ចូលនិវត្តន៍ ខ្លះ​មាន​បញ្ហា​សុខភាព និង​ខ្លះ​ទៀត​ត្រូវ​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នា ​ខែ​កក្កដា។
អភិបាល​ខែត្រ រាជធានី ១០​រូប ដែល​ត្រូវ​បាន​ផ្លាស់​ចេញ​ដោយសារ​ដល់​អាយុ​ចូលនិវត្តន៍​នោះ រួម​មាន លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប លោក ឈុន ឈន់ អភិបាល​ខេត្ត​កំពង់ធំ លោក ហ៊ុន ណេង អភិបាល​ខេត្ត​កំពង់ចាម និង​ត្រូវជា​បងប្រុស​បង្កើត​របស់​លោក ហ៊ុន សែន។ លោក ឡូយ សុផាត អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឈុន ស៊ីរុន អភិបាល​ខេត្ត​កណ្ដាល លោក កង ហ៊ាង អភិបាល​ខេត្ត​កំពង់ស្ពឺ លោក ចាន់ យឿន អភិបាល​ខេត្ត​មណ្ឌលគិរី។ រី​ឯ​លោក ពេជ្រ សុឃិន អភិបាល​ខេត្ត​ឧត្តរមានជ័យ ដោះដូរ​ដោយសារ​មាន​បញ្ហា​សុខភាព និង​លោក អ៊ុង អឿន ក៏​ត្រូវ​ប្ដូរ​ចេញ​ដែរ ដោយសារ​តែ​ត្រូវ​ទៅ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជា​តំណាងរាស្ត្រ សម្រាប់​ការ​បោះឆ្នោត​នា​ខែ​កក្កដា។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​អាគារ​រដ្ឋបាល​ថ្មី​របស់​សាលា​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា បញ្ជាក់​ថា អភិបាល​រាជធានី ខែត្រ​ចំនួន ១០​រូប បាន​បញ្ចប់​អាណត្ត​ទី​១ របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា ហើយ​ព្រះរាជក្រឹត្យ​ក៏​បាន​តែងតាំង​អភិបាល​ខេត្ត រាជធានី​ថ្មី​រួច​ហើយ តែ​នៅ​មិន​ទាន់​ប្រកាស និង​ចេញ​ផ្សាយ​ជា​ផ្លូវការ​ប៉ុណ្ណោះ។
នៅ​ក្នុង​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី ចុះ​ថ្ងៃ​ទី​១៤ ខែ​មេសា បាន​ឲ្យ​ដឹង​ថា អភិបាល​ខែត្រ រាជធានី​ទាំងនេះ នឹង​ចូល​និវត្តន៍​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៣ ខាង​មុខ។
ទោះបីជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​ផ្លាស់ប្ដូរ​តួនាទី​អភិបាល​ខែត្រ រាជធានី នេះ រដ្ឋាភិបាល​ចង់​បង្ហាញ​ពី​ភាព​ម៉ឺងម៉ាត់​របស់​ខ្លួន ក្នុង​នោះ​ក៏​មាន​បង​ប្រុស​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ត្រូវ​ផ្លាស់​ចេញ​ដែរ​នោះ។
ម្យ៉ាងទៀត ស​ឲ្យ​ឃើញ​ថា ដូច​ពាក្យ​ស្លោក​ខ្មែរ​មួយ​ថា ទំពាំង​ស្នង​ឫស្សី ប៉ុន្តែ​អ្នក​វិភាគ​បាន​ពន្យល់​ថា ទំពាំង​នេះ​កើត​ចេញ​ពី​ឫស្សី​ចាស់​ដដែល។ ហើយ​ការផ្លាស់ប្ដូរ​នេះ​ទៀត រដ្ឋាភិបាល​ដឹង​យ៉ាង​ច្បាស់​ថា អ្នក​ដែល​ត្រូវ​ផ្លាស់​ចេញ​ទាំង​នោះ​មិន​អាច​ងាក​ទៅ​ណា​រួច​ទេ ពីព្រោះ​អភិបាល​ខែត្រ​ទាំង​នោះ​សុទ្ធ​តែ​មាន​ចំណុច​ខ្សោយ​របស់​ខ្លួន កាល​ពី​ខ្លួន​បាន​កាន់​ជា​អភិបាល​ខែត្រ រាជធានី​នោះ។
តួយ៉ាង​ដូចជា លោក កែប ជុតិមា ជាដើម ទោះបីជា​អភិបាល​ក្រុង​ភ្នំពេញ មាន​ការ​អភិវឌ្ឍ​ចំណុច​ខ្លះ​ក្ដី តែ​បញ្ហា​ជាច្រើន​ដែល​កើតឡើង​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​នោះ​គឺ ក្រៅ​ពី​បញ្ហា​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ​ពី​លំនៅឋាន​នោះ គឺ​លោក​នៅ​ជាប់​ចំណង​មួយ​ទៀត គឺ​ព្រឹត្តិការណ៍​មនុស្ស​ស្លាប់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ ដែល​ជា​ការ​ទទួល​ខុសត្រូវ​ដ៏​ធំ​បំផុត​របស់​លោក។
ក្រៅ​ពី​នេះ នៅ​ជិត​រដូវ​កាល​ប្រកួតប្រជែង​បោះឆ្នោត សាធារណជន​បាន​លើក​ឡើង​ថា ជា​ទម្លាប់​ទៅ ហើយ​នៅ​ក្នុង​សង្គម​កម្ពុជា មន្ត្រី​រាជការ​មួយ​ចំនួន​បាន​លើក​តួនាទី​តាម​រយៈ​ការ​សូកប៉ាន់ ឬ​ការ​បង់ លុយ​ជូន​គណបក្ស។ ប្រការ​នេះ គឺ​នៅ​ជិត​រដូវ​កាល​ឃោសនា​បាន​មក​ដល់​នោះ សាធារណជន​បាន​លើក​ឡើង​ថា ប្រហែល​ជា​អភិបាល​ខែត្រ រាជធានី​ថ្មី​ទាំងនោះ​ត្រូវ​ចំណាយ​ថវិកា​ជាច្រើន​ដល់ គណបក្ស ដើម្បី​ជា​ថ្នូរ​នឹង​តួនាទី​ថ្មី​នេះ។
ទាក់ទង​នឹង​បញ្ហា​នេះ លោក នី ចរិយា មាន​ប្រសាសន៍​ថា រឿង​ចំណាយ​ថវិកា​ជា​ថ្នូរ​នឹង​ទទួល​បាន​ តួនាទី​ថ្មី​នេះ មិន​មាន​ឯកសារ ឬ​ភស្តុតាង​ណាមួយ​ពិត​ប្រាកដ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា ជា​រឿង ទម្លាប់​ទៅ​ហើយ​ដែល​សាធារណជន​ដឹង​អំពី​សូកប៉ាន់ ដើម្បី​ទទួល​បាន​តួនាទី​ធំ​នោះ៖ «ក៏​ប៉ុន្តែ​បញ្ហា​បាន​លេចឮ ហើយ​បាន​និយាយ​គ្រប់ៗ​មាត់​ពី​មហាជន​ទៅ​ហើយ ឲ្យ​ទៅ​រក​ភស្តុតាង​ថា បុគ្គលិក​គាត់​ត្រូវ​ចំណាយ​លុយ​ប៉ុន្មាន​ម៉ឺន​សែន​ទេ តែ​មហាជន​តែងតែ​និយាយ​ថា រាល់​បុគ្គល​ដែល​បាន​តួនាទី​ធំ​នោះ​តែងតែ​ចំណាយ​ថវិកា»
បន្ថែម​ពី​លើ​នេះ​ទៀត ក្រុម​អ្នកវិភាគ​បាន​សង្កត់ធ្ងន់​ថា ប្រសិនបើ​ការផ្លាស់ប្ដូរ​តួនាទី​ដោយ​ការ​សូក ប៉ាន់​ដល់​គណបក្ស​នោះ​ជា​រឿង​ផ្លាស់ប្ដូរ​មួយ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​អភិវឌ្ឍ និង​បម្រើ​ដល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ពិត​ប្រាកដ​នោះ​ទេ អភិបាល​ខែត្រ រាជធានី​ថ្មី​ទាំងនោះ នឹង​ស្វែង​រក​ប្រយោជន៍​បុគ្គល​របស់​ខ្លួន​ជា​ធំ​នៅ​ក្នុង​អាណត្តិ​បន្ត​វេន​ ពី​អភិបាល​ខែត្រ​ចាស់​នោះ ហើយ​អំពើ​ពុករលួយ​នៅ​តែ​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា។
ជាង​នេះ​ទៅ​ទៀត លោក ជាង សុខា បាន​ពន្យល់​ថា ប្រសិនបើ​រដ្ឋាភិបាល​ធ្វើការ​ផ្លាស់ប្ដូរ​អភិបាល​ខែត្រ រាជធានី​តាម​មធ្យោបាយ​ដូច្នេះ​មែន ឱកាស​ទទួល​បាន​តួនាទី​របស់​យុវជន​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​កាន់​តែ​ចង្អៀត ពីព្រោះ​ថា យុវជន​មាន​តែ​សមត្ថភាព តែ​គ្មាន​ថវិកា​សម្រាប់​សូកប៉ាន់​ដើម្បី​ទទួល​បាន តួនាទី​នោះ​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: