A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 2 April 2013

Analysis: Why forests in Ratanakiri province were destroyed? បទ​វិភាគ៖ ហេតុ​អ្វី​ព្រៃឈើ​នៅ​រតនគិរី​ត្រូវ​បាន​បំផ្លាញ?

បញ្ហា​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ខេត្ត​រតនគិរី គឺ​ជា​ប្រធាន​បទ​សំខាន់​ដែល​មជ្ឈដ្ឋាន​សាធារណៈ​ចាត់​ទុក​ថា​ជា​ទង្វើ​ ប៉ះពាល់​ធនធាន​ធម្មជាតិ ជា​ទ្រព្យ​សម្បត្តិ​ជាតិ​មិន​អាច​កាត់​ថ្លៃ​បាន និង​បង្ក​ឲ្យ​កើត​មាន​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ដ៏​ធ្ងន់ធ្ងរ។
ដោយ រដ្ឋា វីសាល RFA Service
2013-04-02
កាប់​ឈើ រតនគិរី ៣០៥
គ្រឿងចក្រ​ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ ឈូស​ឆាយ​ព្រៃ​ឈើ​សហគមន៍​នៅ​ភូមិ​ឡែ ឃុំ​លំជ័រ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១២។
Adhoc
មាន​ចម្ងល់​ជាច្រើន ចោទ​សួរ​ថា ហេតុ​អ្វី​បាន​ជា​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្រសួង​ពាក់ព័ន្ធ និង​ជាពិសេស ប្រមុខ​រាជ​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ នេះ​បាន?
គ្មាន​អ្វី​អាច​ប្រកែក​បាន​ទេ​ថា ព្រៃ​ឈើ​នៅ​ខេត្ត​រតនគិរី មិន​បាន​បំផ្លាញ។ អ្នក​ដែល​ធ្លាប់​បាន​រស់នៅ​ខេត្ត​រតនគិរី ពី​ឆ្នាំ​២០០១ រហូត​មក​ទល់​ឆ្នាំ​២០១៣ ពិត​ជា​បាន​ដឹង​ប្រាកដ​ណាស់​ថា ព្រៃ​ឈើ​ពាក់​កណ្ដាល​ព្រៃស្រោង និង​ព្រៃស្រោង បាន​បាត់​បង់​អស់​ជាច្រើន បើ​ប្រៀបធៀប​ទៅ​នឹង​ព្រៃឈើ​ដែល​មាន​មុន​ឆ្នាំ​២០០១ នៅ​ក្នុង​ខេត្ត​នេះ។ គេ​ពិត​ជា​ទទួល​ស្គាល់​ថា ព្រៃឈើ​ច្រើន​ពាន់​ហិកតារ ឬ​រហូត​រាប់​ម៉ឺន​ហិកតារ ត្រូវ​គេ​កាប់​រាន​ដើម្បី​យក​ឈើ ឬ​យក​ដី​ធ្វើ​កសិកម្ម។
កាល​ពី​ឆ្នាំ​២០១០ អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន ធ្លាប់​បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ខេត្ត​ ថា ដី​ចម្ការ​កៅស៊ូ​ថ្មីៗ​ជាង ៣​ម៉ឺន​ហិកតារ នា​ពេល​បច្ចុប្បន្ន បាន​មក​ពី​ការ​កាប់​រាន​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​នេះ។
ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​កាសែត វិទ្យុ ទូរទស្សន៍ បាន​ចេញ​ផ្សាយ​ព័ត៌មាន​ស្ដីពី​សកម្មភាព​កាប់​ព្រៃឈើ​យក​ដី សកម្មភាព​ដឹក​ជញ្ជូន​ឈើ ឬ​ការ​ចាប់​ខ្លួន និង​ការ​កាត់​ទោស​ជន​ជាប់​សង្ស័យ​ក្នុង​បទល្មើស​ព្រៃឈើ។ ជាពិសេស ករណី​រក​ឃើញ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដ៏​ធំ​មួយ​នៅ​តំបន់​កន្ទុយ​នាគ​ខេត្ត​ រតនគិរី ជាដើម។ ទាំងអស់​នេះ បាន​ឆ្លុះ​បញ្ចាំង​ប្រាកដ​ណាស់​ថា ព្រៃឈើ​ពិត​ជា​ត្រូវ​បាន​គេ​បំផ្លាញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ លោក​បាន​សារភាព​ជា​សាធារណៈ​ថា លោក​មាន​កំហុស​ដែល​មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បាន ហើយ​ជា​បន្តបន្ទាប់ លោក​បាន​ចេញ​បទ​បញ្ជា និង​សេចក្តី​ណែនាំ​ឲ្យ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន កង​កម្លាំង​ប្រដាប់​អាវុធ និង​អំពាវនាវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ព្រមាន​ដាក់​ទោស​ទណ្ឌ​ចំពោះ​មន្ត្រី​អាជ្ញាធរ​ណា​ពាក់ព័ន្ធ​បទល្មើស​ ព្រៃឈើ។
ទាក់ទិន​បទល្មើស​ព្រៃឈើ​នេះ តើ​មាន​កត្តា​សំខាន់ៗ​អ្វី​ខ្លះ ជា​ហេតុផល​នាំ​ឲ្យ​ព្រៃឈើ​ត្រូវ​បាន​កាប់​បំផ្លាញ?
មុន​ឆ្នាំ​២០០១ អត្រា​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​រតនគិរី មាន​ត្រឹម​តែ​ជាង ៥ ទៅ ៦​ម៉ឺន​នាក់​ទេ ប៉ុន្តែ​រហូត​មក​ទល់​ឆ្នាំ​២០១៣ តួលេខ​នេះ​កើត​ឡើង​ពី ៣ ទៅ ៤​ដង។ តាម​តួលេខ​របស់​អាជ្ញាធរ ខេត្ត​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជាង ១៦​ម៉ឺន​នាក់ មក​រស់នៅ​ខេត្ត​ដាច់​ស្រយាល​មួយ​នេះ។ អត្រា​កើន​ឡើង​ចំនួន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ពលរដ្ឋ​ចំណាក​ស្រុក​ចូល​មក​រស់នៅ​ក្នុង​ខេត្ត​រតនគិរី ធ្វើ​ឲ្យ​មាន​តម្រូវ​ការ​ដី។ ប្រជាពលរដ្ឋ​ត្រូវ​ការ​ដី​តាំង​លំនៅឋាន​ថ្មី ត្រូវ​ការ​ដី​ធ្វើ​ស្រែ​ចម្ការ ហើយ​នេះ​គឺ​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​កាប់​រាន​ព្រៃឈើ​យក​ដី។
កត្តា​សំខាន់​មួយ​ទៀត គឺ​គម្រោង​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល ជាពិសេស​នយោបាយ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ម៉ឺន​ហិកតារ ក៏​ជា​កម្មវត្ថុ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ហើយ​ជំនួស​វិញ​ជា​ចម្ការ​កៅស៊ូ និង​ចម្ការ​ដំឡូង។ ថ្វី​ត្បិត​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ធ្វើ​ឡើង​សម្រាប់​តែ​ព្រៃ​រេចរឹល ក៏ប៉ុន្តែ ជាក់ស្តែង​ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ស្ទើរ​គ្រប់​ស្រុក បាន​ធ្វើ​ការ​តវ៉ា​ថា ព្រៃ​សហគមន៍​អភិរក្ស ឬ​ក៏​ព្រៃស្រោង​គម្រប​ព្រៃឈើ ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​សម្បទាន ហើយ​បន្ទាប់​មក​ព្រៃ​មាន​តម្លៃ​ទាំង​នោះ​ត្រូវ​គេ​ឈូស​ឆាយ​កាប់​ដុត​រាន​ចោល ​អស់​ដើម្បី​យក​ដី។
អំពើ​ពុក​រលួយ​ក៏​ជា​ផ្នែក​មួយ​នាំ​ឲ្យ​ព្រៃឈើ​ត្រូវ​បាត់បង់​ដែរ។ ជាក់ស្តែង យើង​ឃើញ​ថា នៅ​តាម​ដង​ផ្លូវ​ជាតិ ដង​ផ្លូវ​សំខាន់ៗ​តាម​ទី​រួម​ខេត្ត ស្រុក ឃុំ សង្កាត់ ជាដើម សុទ្ធ​តែ​មាន​មន្ត្រី​ក្រុម​សមត្ថកិច្ច​បោះ​ទីតាំង​ការិយាល័យ ឬ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ។ ចំណែក​នៅ​មូលដ្ឋាន មាន​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ស្រុក ជាដើម មាន​តួនាទី​ឃ្លាំ​មើល បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ចុះ​ហេតុ​អ្វី​បាន​ជា​បទល្មើស​ព្រៃឈើ​នៅ​តែ​អាច​ធ្វើ​ទៅ​បាន? ចម្លើយ​គឺ​មន្ត្រី​ពាក់ព័ន្ធ​ទំនង​ជា​ធ្វេសប្រហែស គ្មាន​សមត្ថភាព ឬ​ក៏​អាច​ឃុបឃិត​ទទួល​លាភ​សក្ការៈ ឬ​សំណូក។
បើ​ដូច្នេះ តើ​បទល្មើស​ព្រៃឈើ​ពិត​ជា​មិន​អាច​លុប​បំបាត់​បាន​ឬ​យ៉ាង​ណា?
គ្មាន​អ្វី​ដែល​ថា​មិន​អាច​នឹង​ចាត់​វិធាន​ការ​ក្នុង​បញ្ហា​នេះ​បាន​ទេ ពីព្រោះ​ចាប់​ពី​ឆ្នាំ​២០០២ មក ច្បាប់​ព្រៃឈើ​ត្រូវ​បាន​សភា​អនុម័ត និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ធរមាន​ហើយ។ ដូច្នេះ បញ្ហា​នៅ​ត្រង់​ថា តើ​រាជ​រដ្ឋាភិបាល​មាន​ចេតនា​អនុវត្ត​ច្បាប់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ឬ​ យ៉ាង​ណា?
អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ចម្បង​មួយ​របស់​ក្រុម​សមត្ថកិច្ច​បង្ក្រាប​ បទល្មើស​ព្រៃឈើ គឺ​ខ្វះ​មធ្យោបាយ​សម្រាប់​បំពេញ​ភារកិច្ច។ នៅ​ពេល​ដែល​មធ្យោបាយ និង​សម្ភារៈ​ដែល​ជន​ល្មើស​ប្រើប្រាស់​សម្រាប់​បទល្មើស​ព្រៃឈើ​បច្ចុប្បន្ន​ កាន់​តែ​មាន​លក្ខណៈ​ទំនើប មន្ត្រី​កង​កម្លាំង​ចុះ​បង្ក្រាប​នៅ​មិន​ទាន់​មាន​ប្រព័ន្ធ​ទាក់ទង ដូច​ជា​ទូរស័ព្ទ ឬ​វិទ្យុ​ទាក់ទង​សម្រាប់​ផ្តល់​សញ្ញា​អោយ​បាន​គ្រប់គ្រាន់​នៅ​ឡើយ។ ក្រៅ​ពី​នេះ មន្ត្រី​បង្ក្រាប​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ ដូច​ជា​រថយន្ត សាំង ប្រាក់​បំពេញ​បេសកកម្ម​ជាដើម។ ប្រសិន​រាជ​រដ្ឋាភិបាល​ផ្តល់​មធ្យោបាយ​បង្ក្រាប​ដល់​ក្រុម​សមត្ថកិច្ច​បាន​ គ្រប់គ្រាន់ រួម​ទាំង​ការ​រៀបចំ​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​មាន​តុល្យភាព​ទៅ​លើ​ចំណាយ ​ជីវភាព​ប្រចាំ​ខែ​នោះ​បទល្មើស​ព្រៃឈើ​អាច​នឹង​ទប់ស្កាត់​បាន​ច្រើន ដោយសារ​មន្ត្រី​ក្រុម​សមត្ថកិច្ច​មាន​ឆន្ទៈ​បំពេញ​ការងារ​ដោយ​មិន​ព្រួយ​ បារម្ភ​ពី​កង្វះ​ជីវភាព​រស់នៅ​ក្នុង​ក្រុម​គ្រួសារ។
ការ​លើក​ទឹក​ចិត្ត​ដូច​ជា​ការ​ផ្តល់​អបហារណ៍ ឬ​រង្វាន់​លើក​ទឹក​ចិត្ត​អ្នក​ចូលរួម​បង្ក្រាប ឬ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក៏​ជា​ប្រការ​សំខាន់​ដែល​ត្រូវ​តែ​បំពេញ​ឲ្យ​បាន។ កន្លង​មក រាជ​រដ្ឋាភិបាល​បាន​ចេញ​គោលការណ៍​ផ្តល់​ប្រាក់​អបហារណ៍​ចំពោះ​អ្នក​បាន​ ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ប៉ុន្តែ​ជាក់ស្តែង គោល​នយោបាយ​លើក​ទឹក​ចិត្ត​នេះ មិន​ត្រូវ​បាន​អនុវត្តន៍ ហើយ​បុគ្គល​ជា​មន្ត្រី​អាជ្ញាធរ បាន​គំរាម​កំហែង ឬ​បំភិត​បំភ័យ និង​ដាក់​គំនាប​ទៅ​លើ​សហគមន៍​អ្នក​ចូលរួម​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទៅ​វិញ។ ឧទាហរណ៍​ជាក់ស្តែង ប្រធាន​សហគមន៍​ភូមិ​កាំបាក់ ឃុំ​តឺន ត្រូវ​អភិបាល​ស្រុក​ដាក់​លក្ខខណ្ឌ​ឲ្យ​សហគមន៍​ដក​លោក​ចេញ​ពី​តំណែង ដោយសារ​លោក​បាន​ដឹកនាំ​សហគមន៍​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន​ពី​បទ​លក់​ដី​ព្រៃឈើ​ជាដើម។
បញ្ហា​មិន​ដាក់​ទោស​ទណ្ឌ ឬ​និទ្ទណ្ឌភាព គឺ​ជា​កត្តា​ចាំបាច់ ដែល​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ការ​កែ​ទម្រង់ ពីព្រោះ​បច្ចុប្បន្ន អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​មួយ​ចំនួន​ជា​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច ឬ​អ្នក​មាន​អំណាច​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល ដែល​មន្ត្រី​មាន​សមត្ថកិច្ច​មិន​ហ៊ាន​អនុវត្ត​វិធាន​ការ​ច្បាប់​ចំពោះ​អ្នក​ ទាំង​នោះ។ ប្រសិន​បើ​ហ៊ាន​កាត់​សាច់​ដំបៅ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​នោះ គឺ​ជា​មធ្យោបាយ​សំខាន់​ដែល​អាច​នឹង​ព្យាបាល​ជំងឺ​មហា​រីក​ព្រៃឈើ​បាន​ជា​សះ​ ស្បើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: