A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 19 April 2013

Analysis: Cambodia's and Thailand's legal arguments, which one is better? បទ​វិភាគ៖ តើ​ការ​បកស្រាយ​រវាង​កម្ពុជា​និង​ថៃ ខាង​ណា​មាន​ប្រៀប​ជាង?

According to Chun Chanbot, reporter for Radio Free Asia, the Cambodian legal arguments are better because they based their arguments on present evidences, documents and historical evidences, maps, legal basis and the 1962 verdict. 

ដោយ ជុន ច័ន្ទបុត្រ RFA
2013-04-18
រ៉ូដមេន ប៊ុនឌី តុលាការ​យុត្តិធម៌​អន្តរជាតិ ៣០៥
១៨-មេសា-២០១៣៖ មេធាវី​ភាគី​កម្ពុជា លោក រ៉ូដមេន ប៊ុនឌី (Rodman Bundy) បកស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។ RFA/Chun Chanboth . Mr. Rodman Bundy, Cambodia's lawyer,  makes a presnetation to the ICJ on 18th April 2013.
 
ថ្ងៃ​នេះ​ចូល​ដល់​ថ្ងៃ​ទី​បី​ហើយ​នៃ​សវនាការ​ផ្ទាល់​មាត់​នៅ​ក្រុង​ ឡាអេ។ ថ្ងៃ​ព្រហស្បតិ៍ នេះ ដល់​វេន​ភាគី​កម្ពុជា ឡើង​បកស្រាយ​ត​ទល់​នឹង​ការ​ចោទ​ប្រកាន់​នានា​របស់​ភាគី​ថៃ ដែល​លើក​ឡើង​កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ។
ជា​បន្ត​ទៅ​ទៀត​នេះ យើង​ប្រគល់​នាទី​ទៅ​លោក ជុន ច័ន្ទបុត្រ ដែល​បាន​តាម​ដាន​រឿង​រ៉ាវ​ក្តី​ក្ដាំ​នេះ​តាំង​ពី​ថ្ងៃ​ទី​មួយ នៅ​ក្រុង​ឡាអេ ដើម្បី​អោយ​លោក​រាយការណ៍​ជូន​លោក​អ្នក​ស្តាប់​នូវ​ព័ត៌មាន​ចុង​ក្រោយ ទាក់ទង​នឹង​សវនាការ​នេះ។
អ្នកស្រី ម៉ៅ សុធានី៖ អាឡូ ជម្រាប​សួរ​លោក ជុន ច័ន្ទបុត្រ!
លោក ជុន ច័ន្ទបុត្រ៖ បាទ​សូម​ជម្រាប​សួរ...
អ្នកស្រី ម៉ៅ សុធានី៖ លោក ច័ន្ទបុត្រ នៅ​ថ្ងៃ​ទី​បី​នេះ លោក​មាន​អ្វី​រាយការណ៍​ខ្លះ សូម​អញ្ជើញ​ចាស៎!
លោក ជុន ច័ន្ទបុត្រ៖ បាទ! ដូច​អ្នកស្រី​បាន​ជម្រាប​ជូន​លោក​អ្នក​ស្តាប់​ពី​ខាង​ដើម​រួច​មក​ហើយ ថ្ងៃ​នេះ​ភាគី​កម្ពុជា មាន​ភារៈ​ឡើង​បកស្រាយ​ត​ទល់​នឹង​ភាគី​ថៃ វិញ។ ក៏ប៉ុន្តែ សវនាការ​ជុំ​ទី​ពីរ​នេះ គឺ​សម្រាប់​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក គឺ​ធ្វើ​ឡើង​តែ​ពាក់​កណ្ដាល​ថ្ងៃ​ទេ។ គេ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​បី​ល្ងាច ម៉ោង​នៅ​ក្រុង​ឡាអេ។ ដូច​នេះ មក​ដល់​ពេល​នេះ សវនាការ​នៅ​មិន​ទាន់​ចាប់​ផ្ដើម​នៅ​ឡើយ។ លទ្ធផល​នៃ​ការ​ឡើង​ត​ទល់​យ៉ាង​ណា​របស់​ភាគី​កម្ពុជា ខ្ញុំ​នឹង​ជម្រាប​ជូន​នៅ​ក្នុង​ការ​ផ្សាយ​នា​ពេល​ព្រឹក​នេះ។ សម្រាប់​ពេល​នេះ ខ្ញុំ​នឹង​ផ្តល់​ការ​វិភាគ​ខ្លះៗ​ចំពោះ​ការ​បកស្រាយ​កន្លង​ទៅ​នេះ​របស់​ភាគី ​កម្ពុជា និង​ថៃ ថា​តើ​ខាង​ណា​មាន​ប្រៀប​ជាង?
អ្នកស្រី ម៉ៅ សុធានី៖ អរគុណ​លោក ច័ន្ទបុត្រ។ អ៊ីចឹង​តាម​ការ​វិភាគ​ព្រឹត្តិការណ៍​ទាំង​ឡាយ​កន្លង​ទៅ​នេះ តើ​ខាង​ណា​មាន​ប្រៀប​ជាង?
លោក ជុន ច័ន្ទបុត្រ៖ ថ្វី​ត្បិត​តែ​យើង​នៅ​មិន​ទាន់​បាន​ស្តាប់​ការ​បកស្រាយ​របស់​ភាគី​កម្ពុជា នៅ​ថ្ងៃ​នេះ​ទៀត​នៅ​ឡើយ​ក្តី ការ​បកស្រាយ​កន្លង​មក​បង្ហាញ​ថា កម្ពុជា ដូច​ជា​មាន​ប្រៀប​ជាង​ខាង​ភាគី​ថៃ។
អ្នកស្រី ម៉ៅ សុធានី៖ មាន​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា​កម្ពុជា មាន​ប្រៀប​ជាង​នោះ?
លោក ជុន ច័ន្ទបុត្រ៖ ទី​មួយ កម្ពុជា មាន​មូលដ្ឋាន​រឹងមាំ​ជា​ច្រើន ទាំង​មូលដ្ឋាន​ច្បាប់ ទាំង​ភស្តុតាង​ជា​ឯកសារ និង​ទាំង​ភស្តុតាង​ជា​ប្រវត្តិសាស្ត្រ។ លោក​បាន​ជ្រាប​ហើយ​ថា តុលាការ​ក្រុង​ឡាអេ នេះ បាន​កាត់​ក្តី​អោយ​កម្ពុជា ឈ្នះ​ក្តី​រឿង​ព្រះវិហារ នេះ ម្តង​រួច​ទៅ​ហើយ​កាល​ពី​ឆ្នាំ​១៩៦២។ ហើយ​បើ​តាម​ការ​អះអាង​របស់​ភាគី​កម្ពុជា សាលក្រម​ឆ្នាំ​១៩៦២ បាន​ចែង​ថា ទាំង​ប្រាសាទ និង​ដី​នៅ​ក្បែរ​ប្រាសាទ ស្ថិត​នៅ​ក្នុង​អធិបតីភាព​របស់​ប្រទេស​កម្ពុជា។ ជា​ការ​ពិត​ជាក់ស្តែង​នោះ ប្រាសាទ​មិន​អាច​តាំង​នៅ​លំហ​អាកាស​បាន​ទេ ប្រាសាទ​ត្រូវ​តែ​ស្ថិត​នៅ​លើ​បរិវេណ​ដី​ត្រង់​ណា​មួយ។ ហើយ​អ្វី​ដែល​ភាគី​កម្ពុជា អះអាង​នេះ គឺ​ផ្អែក​ទៅ​លើ​ផែនទី​ដែល​បារាំង គូស​នៅ​ឆ្នាំ​១៩០៧ ហើយ​គឺ​ផែនទី​នោះ​ហើយ​ដែល​តុលាការ​យក​ទៅ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្នុង​ការ ​សម្រេច​រឿង​ក្តី កាល​ពី​ឆ្នាំ​១៩៦២ នោះ។
អ្នកស្រី ម៉ៅ សុធានី៖ ចុះ​រឿង​ថៃ ចោទ​ថា​កម្ពុជា បន្លំ​ផែនទី​នោះ​យ៉ាង​ណា​ដែរ?

លោក ជុន ច័ន្ទបុត្រ៖ បាទ! នេះ​ជា​ការ​ព្យាយាម​ពន្យល់​ទៅ​អង្គ​តុលាការ​កាល​ពី​ថ្ងៃ​ម្សិលមិញ​របស់​ភាគី ​ថៃ។ អ្នក​ច្បាប់​តំណាង​អោយ​ប្រទេស​ថៃ ម្នាក់ ខំ​បង្ហាញ​ផែនទី​មួយ​ចំនួន​ពី​ភាគី​ថៃ ដែល​ខុស​គ្នា​ពី​ផែនទី​ដែល​តុលាការ​ក្រុង​ឡាអេ នេះ ប្រើ​ជា​គោល​សម្អាង​ក្នុង​ការ​កាត់​ក្តី​កាល​ពី​ឆ្នាំ​១៩៦២។ ខាង​ថៃ ថែម​ទាំង​ចោទ​ថា កម្ពុជា បន្លំ​ផែនទី​នោះ​ផង។
អ្នកស្រី​បាន​ដឹង​ហើយ​ថា ផែនទី​ដែល​តុលាការ​ប្រើប្រាស់​ជា​សម្អាង​ដើម្បី​កាត់​ក្តី​នោះ គូស​ឡើង​ដោយ​អាណាព្យាបាល​បារាំង ស្រប​តាម​ការ​ព្រមព្រៀង​ក្នុង​អនុសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤។ ភាគី​សៀម នៅ​ពេល​នោះ បាន​ព្រមព្រៀង​គ្នា​តាម​អនុសញ្ញា​នោះ ថា​ប្រគល់​អោយ​បារាំង វិញ​នូវ​ខេត្ត​ខ្មែរ​មួយ​ចំនួន និង​ព្រម​អោយ​បារាំង គូស​ផែនទី​បែង​ចែក​ព្រំដែន​អោយ​ច្បាស់​រវាង​កម្ពុជា និង​ថៃ ជា​លើក​ដំបូង​ផង។ បារាំង គូស​ផែនទី​នោះ​រួច​នៅ​ឆ្នាំ​១៩០៧ រួច​ប្រគល់​អោយ​ភាគី​ថៃ និង​តម្កល់​ទុក​នៅ​ប្រទេស​ធំៗ​មួយ​ចំនួន​ទៀត​ផង។ ថៃ បាន​ទទួល​យក​ផែនទី​នោះ​ដោយ​មិន​មាន​ការ​តវ៉ា​អ្វី​ទេ។ ហើយ​គឺ​ផែនទី​នោះ​ហើយ ដែល​បាន​ដាក់​ភ្ជាប់​ក្នុង​ឧបសម្ពន្ធ​១ ក្នុង​ពាក្យ​បណ្ដឹង​របស់​កម្ពុជា មក​កាន់​តុលាការ​ក្រុង​ឡាអេ នេះ កាល​ពី​ឆ្នាំ​១៩៦២។ តុលាការ​ក៏​កាត់​ក្តី​ផ្អែក​ទៅ​លើ​ផែនទី​នោះ។ ហើយ ៥១​ឆ្នាំ​ក្រោយ​មក ថៃ ចោទ​ថា​កម្ពុជា បន្លំ​ផែនទី​នោះ មិន​ខុស​អី​ពី​មើល​ងាយ​ថា តុលាការ​ក្រុង​ឡាអេ នេះ​អសមត្ថភាព ឬ​ក៏​ជា​តុលាការ​ឆោត​ដែល​កាត់​ក្តី​ផ្អែក​ទៅ​លើ​ផែនទី​ក្លែងក្លាយ​នោះ​ទេ។
ខ្ញុំ​ជឿ​ថា តុលាការ​ប្រហែល​ជា​មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​បែប​នេះ​បាន​ទេ។ តុលាការ​ក្រុង​ឡាអេ ជា​តុលាការ​កំពូល​របស់​ពិភពលោក ដែល​ជា​ទី​ប្រមូល​ផ្តុំ​នៃ​អ្នក​ច្បាប់​ជំនាញ​ផុត​លេខ​ពី​គ្រប់​ជ្រុងជ្រោយ​ នៃ​ពិភពលោក។ ពួក​គាត់​ប្រហែល​ជា​មិន​អាច​កាត់​ក្តី​រវាង​ជាតិ​មួយ និង​ជាតិ​មួយ​ទៀត ដោយ​ផ្អែក​លើ​ឯកសារ​បន្លំ​ដូច​ខាង​ថៃ ចោទ​នោះ​ទេ។
តុលាការ​យុត្តិធម៌​អន្តរជាតិ ៣០៥
១៨-មេសា-២០១៣៖ ទិដ្ឋភាព​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្រុង​ឡាអេ។ RFA/Chun Chanboth
អ្នកស្រី ម៉ៅ សុធានី៖ ចុះ​រឿង​ថៃ លើក​ឡើង​ថា តុលាការ​នេះ​មិន​មាន​យុត្តាធិការ ឬ​សិទ្ធិ​ក្នុង​ការ​បកស្រាយ​រឿង​ក្តី​នេះ​យ៉ាង​ណា​ដែរ?
លោក ជុន ច័ន្ទបុត្រ៖ នេះ​ជា​អ្វី​ដែល​ថៃ ព្យាយាម​លើក​ភស្តុតាង​នានា​មក​បញ្ចុះ​បញ្ចូល​តុលាការ​ថា រឿង​ក្តី​នេះ​ចប់​សព្វ​គ្រប់​ហើយ តាំង​ពី​ឆ្នាំ​១៩៦២ មក​ម៉្លេះ។ ហើយ​ម៉្យាង​ទៀត ថៃ លើក​ឡើង​ថា តុលាការ​បាន​បដិសេធ​សំណើ​របស់​កម្ពុជា ម្តង​រួច​មក​ហើយ កាល​ពី​ឆ្នាំ​១៩៦២ ដូច្នេះ​តុលាការ​ក៏​ត្រូវ​បដិសេធ​មិន​ទទួល​យក​សំណើ​របស់​កម្ពុជា ទៅ​បកស្រាយ​ទេ។ ត្រង់​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង បាន​បញ្ជាក់​រួច​ហើយ​ថា តុលាការ​មិន​ដែល​បដិសេធ​សំណើ​របស់​កម្ពុជា ទេ។ លោក​អះអាង​ថា កម្ពុជា កាល​ពី​ឆ្នាំ​១៩៦២ នោះ បាន​សុំ​អោយ​តុលាការ​បកស្រាយ​សាលក្រម​អោយ​បាន​ច្បាស់​នៅ​នាទី​ចុង​ក្រោយ​ទៅ​ ហើយ តុលាការ​ឆ្លើយ​ថា​មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​បកស្រាយ​ទេ។
កម្ពុជា បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា កម្ពុជា បាន​ស្នើ​អោយ​តុលាការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ដែល​តុលាការ​បាន​សម្រេច​កាល​ពី ៥១​ឆ្នាំ​មុន។ កម្ពុជា មិន​មែន​មក​ស្នើ​អោយ​តុលាការ​កាត់​ក្តី ឬ​ក៏​សើរើ​រឿង​ក្តី​នេះ​ឡើង​វិញ​ទេ។
អ្នកស្រី ម៉ៅ សុធានី៖ ចុះ​អ្វី​ដែល​ថៃ លើក​ឡើង​ពី​ម្សិលមិញ ដែល​ថា​កម្ពុជា មិន​មាត់​មិន​ករ​អស់​រយៈពេល​កន្លះ​សតវត្ស​ទៅ​ហើយ ហើយ​ទើប​នឹង​មក​រឭក​ឡើង​វិញ​នៅ​ពេល​នេះ នោះ​យ៉ាង​ម៉េច​ដែរ?
លោក ជុន ច័ន្ទបុត្រ៖ តាម​ព្រឹត្តិការណ៍​ជាក់ស្តែង គឺ​ពួក​ក្រុម​អាវ​លឿង​របស់​ថៃ ទេ ដែល​សើរើ​រឿង​នេះ​ឡើង​វិញ នៅ​ពេល​ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក រៀបចំ​សម្រេច​បញ្ចូល​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​សម្បត្តិ​វប្បធម៌​ពិភពលោក​នៅ​ឆ្នាំ​២០០៨។ ទោះ​បី​ជា​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បញ្ចូល​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​វប្បធម៌​ពិភពលោក​ហើយ​ក្តី ក្រុម​អាវ​លឿង​ថៃ ក៏​ចាប់​ទាមទារ​រឿង​ដី ៤,៦​គីឡូម៉ែត្រ​ការ៉េ នោះ​ទៅ។ ចំពោះ​ខាង​កម្ពុជា វិញ មិន​ដែល​បែង​ចែក​បញ្ហា​ប្រាសាទ​ផ្សេង បញ្ហា​ដី​ផ្សេង​ទេ។ ដូច​ខ្ញុំ​បាន​លើក​ពី​ខាង​ដើម ប្រាសាទ​ត្រូវ​តែ​ស្ថិត​នៅ​លើ​ទី​តាំង​ណា​មួយ មិន​អាច​ស្ថិត​នៅ​លើ​លំហ ឬ​អាកាស​បាន​ទេ។
តែ​អ្នកស្រី សុធានី តាម​មើល​ទៅ ទាំង​ភាគី​កម្ពុជា និង​ភាគី​ថៃ ហាក់​ដូច​ជា​ដឹង​ពី​ជំហរ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​រួច​ទៅ​ហើយ ហើយ​ពួក​គាត់​ក៏​ហាក់​បញ្ចេញ​អាកប្បកិរិយា ឬ​ប្រកាន់​ឫក​ថា អ្នក​ណា​ជា​អ្នក​ឈ្នះ ឬ​អ្នក​ណា​ជា​អ្នក​ចាញ់​រួច​ទៅ​ហើយ។
អ្នកស្រី ម៉ៅ សុធានី៖ លោក​ចង់​មាន​ន័យ​ថា​ម៉េច​ចំណុច​ហ្នឹង?
លោក ជុន ច័ន្ទបុត្រ៖ បាទ! អ្នកស្រី​ប្រហែល​បាន​ដឹង​ហើយ​ថា ខាង​ភាគី​ថៃ ខិតខំ​សម្បើម​ណាស់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សវនាការ​នេះ​ទៅ​អោយ​ ប្រជាពលរដ្ឋ​ថៃ នៅ​ឯ​ប្រទេស​ថៃ បាន​ដឹង។ ថៃ បាន​បញ្ជូន​អ្នក​យក​ព័ត៌មាន​រាប់​សិប​នាក់​មក​កាន់​ក្រុង​ឡាអេ នេះ។ គេ​បាន​ចំណាយ​លុយ​យ៉ាង​សន្ធឹក​សន្ធាប់​ជួល​ប្រព័ន្ធ​ផ្កាយ​រណប​នៅ​ក្រុង​ ឡាអេ នេះ ដើម្បី​ផ្សាយ​បន្ត​ផ្ទាល់​ទៅ​ប្រទេស​ថៃ វិញ ដោយ​មាន​ក្រុម​អ្នក​បកប្រែ​ភាសា​ពី​អង់គ្លេស ឬ​បារាំង ជា​ភាសា​ថៃ ភ្លាមៗ​ផង។
ប្រការ​នេះ​ទំនង​ជា​ថៃ ចង់​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ថៃ វិញ​ថា ក្រុម​ប្រតិភូ​ថៃ បាន​ខិតខំ​ត​តាំង​ខ្លាំង​ណាស់​ជាមួយ​កម្ពុជា។ ប្រសិន​បើ​ថៃ ចាញ់​ក្តី​វិញ ក៏​ប្រហែល​ជា​ពួក​គាត់​អាច​មិន​ទទួល​ការ​ចោទ​ប្រកាន់​ពី​ក្រុម​អ្នក​ជាតិ​ និយម​ទេ។ ម៉្យាង​ទៀត អ្នក​ដែល​ហែហម​គណៈប្រតិភូ​របស់​ថៃ ហាក់​ដូច​ជា​ទំនុក​បម្រុង​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​កាសែត​ខ្លាំង​ណាស់។ ឧទាហរណ៍ រាល់​ពេល​ដែល​ក្រុម​អ្នក​ច្បាប់​ថៃ ឡើង​បកស្រាយ​ម្តងៗ ពួក​គាត់​តែង​មាន​ឯកសារ​ទាំង​នោះ​ថត​ចម្លង​ចែក​ដល់​អ្នក​កាសែត​ភ្លាមៗ។ ចំណុច​នេះ ជួយ​ច្រើន​ណាស់​ដល់​អ្នក​កាសែត។ ដូច​លោក​បាន​ដឹង​ហើយ ការ​តាម​ដាន​ស្តាប់​ការ​ឡើង​ថ្លែង​ជា​ភាសា​បរទេស​ផង ហើយ​កត់ត្រា​ផង រួច​ប្រែ​ជា​ភាសា​ជាតិ​ផង​នោះ មាន​ការ​លំបាក​ជាង​ការ​ដែល​មាន​ឯកសារ​មើល ដើម្បី​ផ្ទៀងផ្ទាត់​សាចុះសាឡើង។
ឯ​ខាង​ភាគី​កម្ពុជា វិញ រៀប​ឫក​ដូច​ជា​អ្នក​ឈ្នះ​ទៅ​ហើយ។ នៅ​ទី​នេះ មិន​ឃើញ​មាន​ភ្នាក់ងារ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​ណា​ម្នាក់​មក​យក​ ព័ត៌មាន​ទេ ក្រៅ​ពី​ភ្នាក់ងារ​របស់​វិទ្យុ​អាស៊ីសេរី ម្នាក់ ពី​វិទ្យុ​បារាំង ម្នាក់ និង​ពី​ទូរទស្សន៍​ស៊ី.អិន.ស៊ី (CNC) ម្នាក់។ រីឯ​អ្នក​ហែហម​គណៈប្រតិភូ​វិញ ក៏​ហាក់​ដូច​មិន​ចាប់​អារម្មណ៍​មក​គួរសម​លើក​ទឹក​ចិត្ត ឬ​ក៏​មិន​ខ្វល់​នឹង​ជួយ​ផ្តល់​ឯកសារ ឬ​ព័ត៌មាន​អ្វី​ដល់​អ្នក​កាសែត​ខ្មែរ​បី​គ្រាប់​នេះ​ដែរ។
ក៏ប៉ុន្តែ យ៉ាង​ណា​ក៏ដោយ យើង​អ្នក​កាសែត​វិភាគ គ្រាន់​តែ​ជា​ការ​វិភាគ​ផ្អែក​ទៅ​លើ​អ្វី​ដែល​យើង​បាន​ឮ និង​បាន​ឃើញ​តែ​ប៉ុណ្ណោះ។ អាច​នៅ​មាន​រឿង​ច្រើន​ទៀត​ណាស់​ដែល​យើង​មិន​អាច​ដឹង​បាន។ ហើយ​ការ​សម្រេច​មែន​ទែន ថា​ខាង​ណា​ឈ្នះ ខាង​ណា​ចាញ់​នោះ ជា​សមត្ថកិច្ច​របស់​តុលាការ​ពិភពលោក​នេះ។
អ្នកស្រី ម៉ៅ សុធានី៖ ប្រាកដ​ហើយ​លោក។ ចុះ​ពេល​ណា​ទើប​តុលាការ​នឹង​ចេញ​ការ​សម្រេច​ចិត្ត?
លោក ជុន ច័ន្ទបុត្រ៖ បាទ! ដំណឹង​ដែល​យើង​ទទួល​បាន​ខុស​គ្នា​បន្តិច ជួន​ថា​ខែ​កញ្ញា ឬ​តុលា ឬ​អាច​ទៅ​ដល់​ខែ​វិច្ឆិកា។ តែ​ទោះ​ជា​យ៉ាង​ណា តុលាការ​ត្រូវ​ការ​ពេល​វេលា​យ៉ាង​ហោច​ណាស់​ប្រាំ​មួយ​ខែ​ទៀត ទើប​ចេញ​សេចក្តី​សម្រេច​ចិត្ត​បាន។
អ្នកស្រី ម៉ៅ សុធានី៖ ចាស៎ អរគុណ​លោក ជុន ច័ន្ទបុត្រ!
លោក ជុន ច័ន្ទបុត្រ៖ បាទ! សូម​អរគុណ និង​ជម្រាប​លា​តែ​ប៉ុណ្ណេះ​សិន!
អ្នកស្រី ម៉ៅ សុធានី៖ ចាស៎ លោក​អ្នក​នាង​ទើប​នឹង​បាន​ស្តាប់​សេចក្តី​រាយការណ៍​របស់​លោក ជុន ច័ន្ទបុត្រ ពី​ក្រុង​ឡាអេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

Thank goodness for Cambodia for having the best Team of International Lawyers to defend her. When it is all said and done, the 3 intellectual giants and must be honored and commemorated in Cambodia. They must be made honorable citizens of Cambodia. Their statues must be erected in the Preah Vihear Province. With them around, Cambodia feels safe and defended. Thailand's team is no match at all. Ethernal thanks to Mr. Rodman Bundy of the good old USA, Sir Franklin Berman of England, and Mr. Jean-Mark Sorel of France.

Anonymous said...

Let not celebrate too soon my friend, but wait for the Holiday to be here first. When the rulling comes and Cambodia win; the 3 lawyers must fully compensated even to the extend of erecting their statues or ingraving their names on Preah Wihear Temple. Cambodia MUST put up fences along his border NOT border posts. Border posts are placed to sparelingly apart and can be easily moved and encrochment between posts will continue to take place.I know it's costly, but in the long run we will save lots of money and lives. Pay and equiped our border guards well and not a grain salt will get through our border without being notice. Our border guards must be trained to follow the rule of "an eye for an eye"; treat our neightbore the way they treated us. Let them know that respect can NOT be bought but is ERANED.