Richard Baker of the Age newspaper said in an email that Hun Sen is worried about allegations of corruption he wrote in the Age.
ដោយ ស៊ុន ណារិន
ថ្ងៃព្រហស្បតិ៍ ទី28 មីនា ឆ្នាំ2013 Voice Of Democracy
អ្នកកាសែត The Age អូស្ត្រាលី លោក Richard Baker
ដែលសរសេរអត្ថបទពីអំពើពុករលួយ ពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីកម្ពុជា
ឲ្យដឹងថា លោក ហ៊ុន សែន កំពុងព្រួយបារម្ភនឹងអត្ថបទរបស់លោក
ដោយសារសេចក្តីស្រាយបំភ្លឺរបស់លោក បានប្រតិកម្មលើសចំណុចមួយ
ដែលមិនបានបង្ហាញក្នុងអត្ថបទ។
លោក Richard Baker បានលើកឡើងបែបនេះ
បន្ទាប់ពីលោកបានអានសេចក្តីស្រាយបំភ្លឺរបស់អង្គភាពព័ត៌មាន
និងប្រតិកម្មរហ័ស ដែលចោទលោកថា សរសេរព័ត៌មានមិនពិត និងបំផ្លើស។
កាសែត The Age បានចេញផ្សាយអត្ថបទមួយថា សហព័ន្ធប៉ូលិសអូស្ត្រាលី
និងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតករណីពុករលួយ
នឹងគម្រោងក្រុមហ៊ុនរករ៉ែបុកស៊ីត (Bauxite) នៅខេត្តមណ្ឌលគិរី
របស់ក្រុមហ៊ុន BHP។ កាសែតបន្តថា ឯកសារការទូតរបស់អូស្ត្រាលី
បង្ហាញថា នេះជាលើកដំបូងហើយ ដែលនាយករដ្ឋមន្ត្រីជាប់ពាក់ព័ន្ធ
ក្នុងការចរចារុករករ៉ែកាលពីឆ្នាំ២០០៦ ជាមួយមន្ត្រីក្រុមហ៊ុន។
លោក Richard Baker ប្រាប់ VOD
តាមរយៈអ៊ីម៉ែលនៅថ្ងៃព្រហស្បតិ៍នេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
កំពុងព្រួយបារម្ភករណីនេះ រហូតដល់ប្រតិកម្មលើចំណុចមួយត្រង់ថា
លោកមេធាវី Bretton Sciaroni មិនបានធ្វើជាតំណាងឱ្យក្រុមហ៊ុន BHP
ឬក៏រាជរដ្ឋាភិបាលកម្ពុជាទេ
ហើយក៏មិនបានពាក់ព័ន្ធនៅក្នុងគម្រោងនេះដែរ។
សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាលើកឡើងថា អត្ថបទនេះ
សរសេរខុសត្រង់ចំណុចនេះ។ លោក Richard Baker និយាយថា លោក
មិនបានសរសេរឈ្មោះ លោក Bretton Sciaroni ក្នុងអត្ថបទនោះទេ។ តែលោកថា
Sciaroni and Associates បានធ្វើការសម្រាប់ក្រុមហ៊ុនBHP
បើទោះមិនជាប់ពាក់ព័ន្ធនឹងការចរចាណាមួយក៏ដោយ។ លោកបញ្ជាក់ថា លោក
Bretton Sciaroni ជាអ្នកប្រឹក្សាផ្នែកច្បាប់របស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន។
VOD មិនទាក់ទង លោក Bretton Sciaroni ដើម្បីបកស្រាយលើបញ្ហានេះ បាននៅឡើយទេ។
លោក Brett Sciaroni ជាមេធាវីម្នាក់
និងជាអ្នកប្រឹក្សាវិនិយោគទុនមួយ ដែលធ្វើការនៅរាជធានីភ្នំពេញ
តាំងពីឆ្នាំ១៩៩៣។ លោកក្លាយជាមេធាវីម្នាក់
ក្នុងចំណោមមេធាវីបរទេសទាំងអស់នៅកម្ពុជា ក្នុងសម័យទំនើបនេះ។
លោកក៏ធ្លាប់បម្រើជាអ្នកប្រឹក្សារបស់គណៈប្រតិភូកម្ពុជា។
លោក Richard Bakerបន្ថែមថា លោកចង់ដឹងណាស់ថា
ហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រី តវ៉ាយ៉ាងខ្លាំងលើអត្ថបទនេះ
ខណៈការសរសេររបស់លោក មិនបានចោទប្រកាន់ថា លោក ហ៊ុន សែន
បានយកលុយពីគម្រោងជាមួយក្រុមហ៊ុន BHP Billiton នោះទេ។
លោកថា ការរាយការណ៍របស់លោក គឺត្រឹមត្រូវ និងយោងតាមឯកសាររបស់រដ្ឋាភិបាលអូស្ត្រាលី។
កាសែត The Ageឲ្យដឹងទៀតថា ក្នុងកិច្ចប្រជុំឯកជនមួយ
លោកនាយករដ្ឋមន្ត្រី
បានសន្យាផ្ដល់ដីសម្រាប់សម្បទានរុករករ៉ែទៅក្រុមហ៊ុន BHP
ចំនួន១លានហិកតា និងអាចមិនយកពន្ធពីក្រុមហ៊ុនទៀតផង។
ការសន្យារបស់លោក ហ៊ុន សែន ដល់ក្រុមហ៊ុននេះ
ធ្វើឡើងមុនពេលកិច្ចព្រមព្រៀងរុករករ៉ែឆ្នាំ២០០៦។
កាសែតបន្តថា ក្រុមហ៊ុន BHP
បានបញ្ឈប់ដំណើរការរ៉ុករករ៉ែនៅកម្ពុជា កាលពីឆ្នាំ២០០៩
បន្ទាប់ពីអង្គការឃ្លាំមើលបរិស្ថានពិភពលោក Global Witness
បង្ហាញជាសាធារណៈថា ក្រុមហ៊ុន BHP
បានផ្ដល់ប្រាក់ទឹកតែប្រមាណ៣,៥លានដុល្លារ ទៅឲ្យរដ្ឋាភិបាលកម្ពុជា
ហើយលុយទឹកតែនោះ មិនដឹងថាបាត់បង់ទៅណា។
តែអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានលើកឡើងថា
លោកនាយករដ្ឋមន្ត្រី បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន BHP
ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា
តែនេះជាផ្នែកមួយនៃការងាររបស់នាយករដ្ឋមន្ត្រី
ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ។
សេចក្តីប្រកាសព័ត៌មានបន្តថា
រាជរដ្ឋាភិបាលកម្ពុជាបានទទួលនូវអ្វីដែលគេហៅថា “ប្រាក់ទឹកតែ”
ចំនួន ២,៥លានដុល្លារអាមេរិក ពីក្រុមហ៊ុន BHP គឺការពិតសំដៅទៅលើ
“មូលនិធិសង្គម”
ដែលត្រូវបានរំពឹងទុកដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា ក្រុមហ៊ុន BHP
បានទទួលអាជ្ញាប័ណ្ណក្នុងការរុករករ៉ែប៉ុកស៊ីតលើផ្ទៃដី៩៩.៦០០
ហិកតា ដូចបានចែងនៅក្នុងកិច្ចព្រមព្រៀង មិនមែនលើផ្ទៃដី
“១លានហិកតា” ដែលបានបញ្ជាក់នៅក្នុង អត្ថបទសារព័ត៌មាននោះឡើយ។
VOD
មិនទាន់អាចសុំការអត្ថាធិប្បាយតាមរយៈអ៊ីម៉ែលពីមន្ត្រីស្ថានទូត
អូស្ត្រាលីបាននៅឡើយទេ។ តែសហព័ន្ធប៉ូលិសអូស្ត្រាលី (AFP)
បានផ្ញើសារឆ្លើយតបតាមរយៈអ៊ីម៉ែលយ៉ាងខ្លីថា AFP
មិនអាចផ្តល់ព័ត៌មានបន្ថែមលើករណីនេះទេ ហើយ AFP មិនបញ្ជាក់ថា
តើនរណា ដែល AFP កំពុងតែស៊ើបអង្កេត ឬមិនស៊ើបអង្កេតនោះទេ៕
No comments:
Post a Comment