A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 20 March 2013

Cambodian villagers asks the government to stop Thai authority from moving border posts deep inside Cambodian territories ពលរដ្ឋ​ស្នើ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​រំកិល​ព្រំដែន​ពី​ភាគី​ថៃ

អ្នក​វិភាគ​បញ្ហា​សង្គម និង​ប្រជាពលរដ្ឋ ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល និង​អ្នក​នយោបាយ​គ្រប់​និន្នាការ​នយោបាយ សហការ​គ្នា​ការពារ និង​ទប់ស្កាត់​រាល់​សកម្មភាព​ឈ្លាន​ពាន​ទឹកដី​ពី​ប្រទេស​ជិត​ខាង​កម្ពុជា បន្ទាប់​ពី​ឃើញ​ទាហាន​ថៃ បាន​ពង្រាយ​កងទ័ព​ឈរ​ជើង​ចូល​ទឹកដី​ខ្មែរ​ធ្លាប់​កាន់​កាប់។
ដោយ ដែន អយុធ្យា RFA
2013-03-20 Watch the video here.
អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ហាក់​មិន​មាន​អ្នក​ជួយ​គិតគូរ​ពី​បញ្ហា​បូរណភាព​ទឹកដី ឬ​សកម្មភាព​រំលោភ​ទឹកដី​ពី​ប្រទេស​ជិត​ខាង​នោះ​ទេ។ លោក​រក​ឃើញ​ថា សកម្មភាព​រំលោភ​ទឹកដី​ខ្មែរ​តាម​បន្ទាត់​ព្រំដែន​ពី​ភាគី​ថៃ បាន​កើត​មាន​ជា​បន្ត​បន្ទាប់។ លោក​បាន​រៀបរាប់​ដើម​ហេតុ និង​ទំហំ​នាំ​ឲ្យ​កម្ពុជា បាត់​ទឹកដី​តាម​បន្ទាត់​ព្រំដែន នា​ខេត្ត​មួយ​ចំនួន​ទៅ​ឲ្យ​ប្រទេស​ថៃ កន្លង​មក។
អ្នក​ស្រាវជ្រាវ​រូប​នេះ​ព្រួយ​បារម្ភ​ចំពោះ​ផែន​ការ​រុករក​បង្គោល ឬ​កំណត់​ព្រំដែន​គោក រវាង​កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ពី​អាណាព្យាបាល​បារាំង អាច​នាំ​ឲ្យ​កម្ពុជា បាត់​បង់​ទឹក​ដី​ថែម​ទៀត ព្រោះ​បច្ចុប្បន្ន ទឹកដី​តាម​បន្ទាត់​ព្រំដែន​ដែល​កន្លង​មក​គ្រប់គ្រង​ដោយ​អតីត​កងទ័ព​ខ្មែរ​ ក្រហម រណសិរ្ស​ហ៊្វុនស៊ិនប៉ិច និង​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​បាន​ប្រទេស​ថៃ កាន់​កាប់​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ​នោះ។
លោក កែម ឡី ដែល​បាន​ចុះ​ស្រាវជ្រាវ​បញ្ហា​ព្រំដែន ឬ​បញ្ហា​ចំណាក​ស្រុក​ជាដើម តាម​ព្រំដែន​កម្ពុជា-ថៃ នា​ខេត្ត​បន្ទាយមានជ័យ ដើម​ខែ​មីនា ឆ្នាំ​២០១៣ លោក​បាន​ស្រង់​សម្ដី​ពលរដ្ឋ​មក​អះអាង​ថា បច្ចុប្បន្ន​ទឹកដី​តាម​ព្រំដែន​ដែល​អតីត​ទាហាន​តស៊ូ​គ្រប់គ្រង​អំឡុង​ពេល​ ប្រទេស​មាន​សង្គ្រាម​មុន​ឆ្នាំ​១៩៩៦ ត្រូវ​បាត់​បង់​ទៅ​ប្រទេស​ថៃ។

លោក​បន្ត​ថា ការ​បាត់​បង់​ទឹកដី​នេះ អាច​កើត​មាន​បន្ទាប់​ពី​កម្លាំង​តស៊ូ​ជាយ​ដែន ឬ​អតីត​កងទ័ព​ខ្មែរ​ក្រហម​មួយ​ផ្នែក បាន​ធ្វើ​សមាហរណកម្ម ឬ​ចូល​រួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​១៩៩៦។ លោក​បន្ត​ថា ទឹកដី​ខ្មែរ​តាម​ព្រំដែន​ដែល​ពលរដ្ឋ​អះអាង​ថា​បាត់​ទៅ​ប្រទេស​ថៃ គឺ​មាន​ជម្រៅ​ពី ១​គីឡូម៉ែត្រ ទៅ ៣​គីឡូម៉ែត្រ មាន​នៅ​ម្តុំ​ច្រក​ព្រំដែន​អូរបីជាន់ ម្តុំ​ច្រក​ព្រំដែន​ក​៥ ច្រក​ជោគជ័យ ច្រក​ព្រៃគប់ និង​ម្តុំ​ច្រក​បឹង​ត្រកួន នៅ​ស្រុក​អូរជ្រៅ និង​ស្រុក​ថ្មពួក ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាដើម។
ទោះ​យ៉ាង​ណា លោក កែម ឡី មិន​ហ៊ាន​វាយ​តម្លៃ​ទៅ​លើ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ការ​បាត់​បង់​ទឹកដី​ តាម​បន្ទាត់​ព្រំដែន​នេះ​ទេ ដោយ​បញ្ជាក់​ខ្លី​ថា ការ​អះអាង​របស់​លោក​គឺ​ផ្អែក​ទៅ​តាម​ពលរដ្ឋ​លើក​ឡើង។ លោក​ថា របាយការណ៍​វាយ​តម្លៃ​នេះ​មាន​តម្លៃ ឬ​កម្រិត​ស្តង់ដារ​ប៉ុណ្ណា គឺ​វា​អាស្រ័យ​ទៅ​លើ​បុគ្គល ឬ​ស្ថាប័ន​នីមួយៗ​ជា​អ្នក​វាយ​តម្លៃ។ រឿង​នេះ សម្រាប់​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​ជាប់​តាម​បន្ទាត់​ព្រំដែន​ខេត្ត​ បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន ក៏​បាន​អះអាង​ពី​សកម្មភាព​ថៃ រំលោភ​ចូល​ទឹកដី​ខ្មែរ​នៅ​តាម​ព្រំដែន​នេះ​ដូច​គ្នា​ដែរ។
ពលរដ្ឋ​មិន​បង្ហាញ​អត្តសញ្ញាណ នៅ​ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ថា សកម្មភាព​ថៃ ទន្ទ្រាន​ចូល​កាន់​កាប់​ដីធ្លី​នៅ​តាម​ព្រំដែន បាន​កើត​មាន​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ។ ពលរដ្ឋ​អះអាង​ថា ដី​ព្រៃ​តាម​បន្ទាត់​ព្រំដែន ឬ​ទី​កន្លែង​ពុំ​មាន​ពលរដ្ឋ​សង់​លំនៅឋាន ទាហាន​ថៃ តែង​ចូល​កាន់​កាប់ និង​ដាក់​ពង្រាយ​កងទ័ព ព្រម​ទាំង​មាន​ពេល​ខ្លះ​គំរាម​ពលរដ្ឋ​ឲ្យ​រុះរើ​លំនៅឋាន​ថែម​ទៀត។
កសិករ​រស់នៅ​សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន បាន​ឲ្យ​ដឹង​ទៀត​ថា ដី​ចម្ការ​បង្កបង្កើន​ផល​ដែល​ពលរដ្ឋ​រុករាន​ពី​ឆ្នាំ​២០០០ មក ទាហាន​ថៃ តែង​មក​រំខាន និង​គំរាម​មិន​ឲ្យ​ដាំដុះ​ញឹកញាប់។ ជាង​នេះ​ទៀត ការ​រស់នៅ និង​ការ​បង្កបង្កើន​ផល​របស់​កសិករ​តាម​ព្រំដែន ស្ថិត​ក្នុង​សង្កាត់​បរយ៉ាខា ក្រៅ​ពី​រង​ការ​គំរាម​ពី​កងទ័ព​ថៃ ក៏​ត្រូវ​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល មក​គំរាម​យក​ដី​ចម្ការ និង​បង្ខំ​ពលរដ្ឋ​ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន​ថែម​ទៀត។
មិន​ខុស​គ្នា​ទេ អ៊ំ​ស្រី​វ័យ​ជិត ៧០​ឆ្នាំ ឈ្មោះ សារី ពៅ មាន​លំនៅឋាន​ក្បែរ​ច្រក​ព្រំដែន​កម្ពុជា-ថៃ ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​ទទួល​ស្គាល់ និង​មាន​អារម្មណ៍​សោកស្ដាយ​ដែល​ដីធ្លី​តាម​ព្រំដែន​ត្រូវ​បាត់​បង់​ទៅ​ឲ្យ​ ប្រទេស​ថៃ។ អ៊ំ​ស្រី​បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល គួរ​ងាក​មក​គិតគូរ​រឿង​បូរណភាព​ទឹកដី​តាម​ព្រំដែន ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ព្រោះ​ថា​សព្វថ្ងៃ​នេះ ភាគី​ថៃ មាន​មហិច្ឆតា​ចូល​ឈ្លាន ឬ​រំកិល​ព្រំដែន​ចូល​ក្នុង​ទឹកដី​ខ្មែរ​ជា​បន្ត​បន្ទាប់។
ប្រធាន​កិត្តិយស​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ក៏​បាន​ទទួល​ស្គាល់​ថា ដី​ខ្មែរ​តាម​ព្រំដែន​មួយ​ភាគ​ធំ​ដែល​ចលនា​តស៊ូ​ជាយ​ដែន មាន​រណសិរ្ស​ហ៊្វុនស៊ិនប៉ិច ឬ​អតីត​កងទ័ព​ខ្មែរ​ក្រហម​កាន់​កាប់​កន្លង​មក ត្រូវ​ថៃ គ្រប់គ្រង​ស្ទើរ​អស់​ទៅ​ហើយ។ លោក​អះអាង​ថា សកម្មភាព​រំលោភ​ទឹកដី​ខ្មែរ​តាម​ព្រំដែន​ពី​សំណាក់​ភាគី​ថៃ អាច​កើត​មាន​ក្រោយ​កម្លាំង​តស៊ូ​ជាយ​ដែន​បាន​ចូល​រួម​បោះឆ្នោត​នៅ​ឆ្នាំ​ ១៩៩៣ ទៅ​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១។
យ៉ាង​នេះ​ក្តី លោក លឺ ឡាយស្រេង បាន​ស្នើ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល ឬ​អ្នក​នយោបាយ​គ្រប់​និន្នាការ​បក្ស​នយោបាយ ត្រូវ​សហការ​ទប់ស្កាត់​រាល់​សកម្មភាព​ឈ្លាន​ពាន​ទឹកដី​ពី​ប្រទេស​ជិត​ខាង ជា​ជាង​ឈ្លោះ​ទាស់​ទែង​ខ្មែរ​គ្នា​ឯង។
ទាក់ទិន​បញ្ហា​នេះ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​រដ្ឋាភិបាល ធ្លាប់​បាន​បញ្ជាក់​ថា បញ្ហា​ព្រំដែន​នេះ​គ្មាន​នរណា​ទៅ​ឆោត​ល្ងង់​បោះ​កំណត់​បង្គោល​ព្រំដែន​ជាមួយ ​ប្រទេស​ជិត​ខាង នាំ​ឲ្យ​បាត់​បង់​ទឹកដី​ខ្លួន​ទេ។ លោក​បន្ត​ថា បញ្ហា​កំណត់​បង្គោល​ព្រំដែន​គោក​ជាមួយ​ថៃ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​យក​តាម​បង្គោល​ព្រំដែន​មាន​ ស្រាប់ និង​ទទួល​ស្គាល់​ដោយ​អាណាព្យាបាល​បារាំង ក្រោយ​ឆ្នាំ​១៩០៤ មាន​ចំនួន ៧៣​បង្គោល។
ទោះ​យ៉ាង​ណា អតីត​កងទ័ព​ខ្មែរ​ក្រហម លោក ឃិន ប៉ុន បច្ចុប្បន្ន​រស់នៅ​ខេត្ត​ប៉ៃលិន គ្មាន​ជំនឿ​ថា ការ​កំណត់​បង្គោល​ព្រំដែន​គោក​កម្ពុជា-ថៃ នា​ថ្ងៃ​ខាង​មុខ រដ្ឋាភិបាល​អាច​រក្សា​អធិបតីភាព ឬ​បូរណភាព​ទឹកដី​ទៅ​តាម​បង្គោល​ព្រំដែន​ពី​ជំនាន់​បារាំង បាន​ទេ ព្រោះ​សង្កេត​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ភាគី​ថៃ បាន​រំកិល​បង្គោល​ព្រំដែន​មក​បោះ​ចូល​ក្នុង​ទឹកដី​ខ្មែរ​ធ្លាប់​កាន់​កាប់​ នៅ​តាម​ខេត្ត​ជាប់​ព្រំដែន។ លោក​អះអាង​ថា ថៃ ពិត​ជា​បាន​រំកិល​បន្ទាត់​ព្រំដែន និង​ពង្រាយ​ទ័ព​ឈរ​ជើង​ចូល​ក្នុង​ទឹកដី​ខ្មែរ​ពិត​ប្រាកដ​មែន ដែល​សកម្មភាព​នេះ​អាច​កើត​មាន​ក្រោយ​កម្លាំង​តស៊ូ​ជាយ​ដែន​បាន​ចូល​រួម​ បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​រដ្ឋាភិបាល​នៅ​ឆ្នាំ​១៩៩៦។
បញ្ហា​នេះ មន្ត្រី​​ថ្នាក់​ដឹកនាំ​ខេត្ត​មាន​មូលដ្ឋាន​ជាប់​ព្រំដែន​កម្ពុជា-ថៃ មាន​ខេត្ត​បន្ទាយមានជ័យ និង​ប៉ៃលិន បាន​បដិសេធន៍​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ព្រំដែន​នេះ​ទេ។ ដូច​គ្នា​ដែរ វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​តំណាង​ស្ថានទូត​ថៃ ប្រចាំ​ក្រុង​ភ្នំពេញ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​ព្រំដែន​បាន​ទេ តាម​សារ​អេឡិចត្រូនិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: