A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 27 March 2013

Archaeologists excavate an ancient kiln in Siem Reap ក្រុម​អ្នក​បូរាណ​វិទ្យា​​​ធ្វើ​កំណាយ​ឡ​បូរាណ​នៅ​សៀមរាប

ក្រុម​អ្នក​បូរាណ​វិទ្យា​បរទេស​បាន​ចាត់​ទុក​កម្ពុជា គឺ​ជា​មជ្ឈមណ្ឌល​តែ​មួយ​គត់​ដែល​នៅ​បន្សល់​ទុក​ឡ​បូរាណ​ដុត​វត្ថុ​ធ្វើ​ពី​ ដី​ឥដ្ឋ និង​ឡ​ស្ល​ដែក​ធំៗ មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នោះ។
ដោយ ហង្ស សាវយុត
2013-03-26 RFA Service
ឡ​បុរាណ សៀមរាប ៣០៥
លោក​បណ្ឌិត អ៊ា ដារិទ្ធិ អ្នក​ជំនាញ​ខាង​កុលាលភាជន៍​ខ្មែរ និង​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ប្រធាន​ក្រុម​កំណាយ បង្ហាញ​ពី​រណ្ដៅ​​ឡ​បូរាណ​ដែល​ក្រុម​អ្នក​បូរាណ​វិទូ​ចម្រុះ​ជាតិសាសន៍​ កំពុង​ស្រាវជ្រាវ នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​២៥ មីនា ឆ្នាំ​២០១៣។
RFA/Hang Savyouth
ក្រុម​អ្នក​បុរាណវិទ្យា​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើន​នាក់​កំពុង​សិក្សា ​ទៅ​​លើ​កេរដំណែល​បុរាណ​ទាំង​នេះ​នៅ​តាម​ផ្លូវ​បុរាណ​មួយ​ខ្សែ​ដែល​ចេញ​ពី​ ទីក្រុង​អង្គរ ខេត្ត​សៀមរាប ឆ្ពោះ​ទៅ​កាន់​ភាគ​ឦសាន តំបន់​ប្រាសាទ​បាកាណ។
អ្នក​បូរាណ​វិទូ​វ័យ​​ក្មេង​ចម្រុះ​ជាតិ​សាសន៍​​ជិត ២០​នាក់ មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​អាស៊ី​បូព៌ា និង​អឺរ៉ុប កំពុង​សហការ​គ្នា​ធ្វើ​កំណាយ​ឡ​បូរាណ​​ដុត​កុលាលភាជន៍​ធ្វើ​ពី​ដី​ឥដ្ឋ​ ក្នុង​សម័យ​បុព្វកាល​មួយ​កន្លែង ដែល​គេ​ទើប​តែ​រក​ឃើញ​កាល​ពី​ពេល​​ថ្មីៗ។
ឡ​ដុត​វត្ថុ​ប្រើប្រាស់​​បូរាណ​ដែល​គេ​ស្គាល់​ឈ្មោះ​ថា "ចុង​សំរោង" បច្ចុប្បន្ន​មាន​ទីតាំង​ស្ថិត​នៅ​​ក្នុង​ភូមិ​កំបោអរ នៃ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ចម្ងាយ​ជាង ៨០​គីឡូម៉ែត្រ ភាគ​ឦសាន ពី​ទី​រួម​ខេត្ត​សៀមរាប។
បណ្ឌិត​ផ្នែក​បូរាណ​វិទ្យា និង​ជា​អ្នក​ជំនាញ​ខាង​កុលាលភាជន៍​ខ្មែរ និង​តំបន់​អាស៊ី​អាគ្នេយ៍ ជា​ប្រធាន​ក្រុម​កំណាយ​នោះ គឺ​លោក អ៊ា ដារិទ្ធិ។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​មីនា ថា ក្រុម​អ្នក​បូរាណ​វិទូ​ខ្មែរ​វ័យ​ក្មេង​ចំនួន ៨​នាក់ និង​បរទេស​មក​ពី​ប្រទេស​ថៃ ប្រទេស​ឡាវ វៀតណាម ភូមា ឬ​មីយ៉ាន់ម៉ា ប្រទេស​ចិន រួម​ទាំង​អាល្លឺម៉ង់ ចំនួន ៩​នាក់​ទៀត កំពុង​សហការ​គ្នា​ធ្វើ​កំណាយ​ឡ​បូរាណ​រយៈពេល​ជិត ១​ខែ​មក​ហើយ។
អ្នក​ជំនាញ​ដដែល​បាន​បញ្ជាក់​ថា គោលបំណង​នៃ​ការ​ធ្វើ​កំណាយ​នោះ ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​ឧស្សាហកម្ម​ខ្មែរ​ក្នុង​សម័យ​អង្គរ ម្យ៉ាង​ទៀត​​ក៏​ជា​គម្រោង​បណ្ដុះ​បណ្ដាល​ផ្នែក​បូរាណ​វិទ្យា​កម្រិត​ខ្ពស់​ ដល់​អ្នក​បូរាណ​វិទូ​នៅ​ក្នុង​តំបន់​អាស៊ី​ផង​ដែរ៖ «សំខាន់​សម្រាប់​ការ​ សិក្សា គឺ​យើង​រក​ឃើញ​ឡ​ដុត​កុលាលភាជន៍​សម័យ​អង្គរ ដែល​មាន​ទំហំ​ធំ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍ ហើយ​ឡ​នេះ​គឺ​បង្ហាញ​ថា ប្រទេស​កម្ពុជា​យើង​ហ្នឹង​កាល​ពី​សម័យ​បូរាណ មាន​លទ្ធភាព​ធ្វើ​កុលាលភាជន៍​ធំៗ​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ស្រុក។ ឡ​ផលិត​របស់​ល្អៗ​ដូច​នៅ​ទ័ព​ជ័យ​នេះ ប្រហែល​ជា​អាច​ប្រើប្រាស់​នៅ​ក្នុង​រាជវាំង​ដែរ​ ព្រោះ​អី​យើង​ធ្វើ​កំណាយ​នៅ​ក្នុង​អង្គរ​ធំ ដែល​ជា​ទីតាំង​បរម​រាជវាំង​ យើង​ក៏​រក​ឃើញ​ប្រភេទ​កុលាលភាជន៍​ពណ៌​ត្នោត​ធំៗ ដូច​ទៅ​ពី​នេះ​ដែរ»

ក្រុម​អ្នក​បូរាណ​វិទ្យា​ខ្មែរ​បាន​សន្និដ្ឋាន​ថា ឡ​ដុត​កុលាលភាជន៍​ដែល​គេ​កំពុង​ធ្វើ​កំណាយ​នោះ មាន​អាយុ​ជិត ១​ពាន់​ឆ្នាំ​ហើយ ប្រហែល​ជា​នៅ​ក្នុង​រជ្ជកាល​ស្ដេច​ខ្មែរ ជ័យ​វរ្ម័ន​ទី​៧ ចន្លោះ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ នៃ​គ្រិស្ត​សករាជ​មក​ម្ល៉េះ។ ការ​សន្និដ្ឋាន​នេះ ដោយសារ​តែ​គេ​បាន​រក​ឃើញ​បំណែក​កុលាលភាជន៍​ពណ៌​ត្នោត​មួយ​ចំនួន ហើយ​គេ​បាន​យក​ទៅ​ប្រៀបធៀប​គ្នា​ជាមួយ​​បំណែក​ថ្ម​ភក់​មួយ​ចំនួន ដែល​គេ​រក​ឃើញ​ពី​ឡ​បូរាណ​នៅ​ទ័ព​ជ័យ និង​ពី​សាលា​សំណាក់​មួយ​ដែល​នៅ​ជាប់​គ្នា​ដែរ​នោះ។ សាលា​សំណាក់​នោះ​គេ​ដឹង​ថា នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧។
អ្នកស្រី ល្វី អាលីសុន ខឺត (Louise Allison Cort) អ្នក​ជំនាញ​​អភិរក្ស​វត្ថុ​បូរាណ​ធ្វើ​ពី​ដី​ដុត​នៃ​វិទ្យាស្ថាន​ ស៊្មីតសូនៀន (Smithsonian Institute) សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​ថា បំណង​សំខាន់​ ដែល​អ្នកស្រី​ដឹកនាំ​ក្រុម​អ្នក​បូរាណ​វិទ្យា​វ័យ​ក្មេង​ចម្រុះ​ជាតិ​សាសន៍​ មក​ធ្វើ​កំណាយ​ឡ​បូរាណ​ពេល​នេះ គឺ​ជា​ការ​បង្រៀន​ជំនាញ​ជាន់​ខ្ពស់​បំផុត​មួយ​ដល់​ក្រុម​អ្នក​បូរាណ​វិទូ​ វ័យ​ក្មេង។ ប៉ុន្តែ​មូលហេតុ​ដែល​រើស​យក​កម្ពុជា ធ្វើ​ជា​កន្លែង​កំណាយ​នោះ ដោយសារ​តែ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​មិន​មាន​កន្លែង​បូរាណ​ដូច្នេះ​ ទេ។
អ្នកស្រី ល្វី អាលីសុន ខឺ៖ «មូលហេតុ​តែ​មួយ​គត់ គឺ​ប្រទេស​កម្ពុជា​ ជា​មជ្ឈមណ្ឌល​​បូរាណ​វិទ្យា​ដ៏​មាន​ឥទ្ធិពល​បំផុត ដែល​សំបូរ​កន្លែង​ឡ​ដុត​​វត្ថុ​ប្រើប្រាស់​ធ្វើ​ពី​ដី​ឥដ្ឋ​សេសសល់​ពី​បូរាណ ​សម្រាប់​ការ​សិក្សា​នេះ។​ ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​១៩៦០ មក គឺ​ស្ទើរ​តែ​រាល់​ឆ្នាំ ក្រុម​អ្នក​សិក្សា​បូរាណ​វិទ្យា​នៅ​ក្នុង​ពិភពលោក​បាន​ចាប់​ផ្ដើម​មាន​ ចម្ងល់​អំពី​ឡ​បូរាណ និង​ធ្វើ​កំណាយ​ជា​ដើម ហើយ​ឡ​បូរាណ​ទាំង​នោះ គឺ​មាន​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​ប្រទេស​នៃ​តំបន់​អាស៊ី»
ក្រុម​អ្នក​ជំនាញ​ផ្នែក​បូរាណ​វិទ្យា​បាន​ឱ្យ​ដឹង​ថា នៅ​តាម​ផ្លូវ​បូរាណ​ចេញ​ពី​ទីក្រុង​អង្គរ ឆ្ពោះ​ទៅ​ភាគ​ឦសាន ដល់​ប្រាសាទ​បាកាណ ក្រៅ​តែ​ពី​មាន​ឡ​ដុត​កុលាលភាជន៍​ធ្វើ​ពី​ដី​ឥដ្ឋ ក៏​មាន​ឡ​ស្ល​ដែក​សម័យ​បូរាណ​ផង​ដែរ។ កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ឡ​បូរាណ​ដែល​ដុត​វត្ថុ​ប្រើប្រាស់​ធ្វើ​ ពី​ដី​ឥដ្ឋ​ចំនួន ១២​កន្លែង ក្នុង​ភូមិ​ទ័ពជ័យ ដែល​ជា​ភូមិ​​​មាន​ព្រំប្រទល់​នៅ​ជាប់​​គ្នា​ដែរ​នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: