ការបន្តជាប់គាំងដែលមិនអាចឈានទៅរកការបញ្ចប់ជម្លោះនៅ
តាមព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារ
បានបន្តអូសបន្លាយអស់រយៈពេលជិត ៥ឆ្នាំមកហើយ ចាប់ពីខែកក្កដា
ឆ្នាំ២០០៨។
ការផ្ទុះសង្គ្រាមព្រំដែនកម្ពុជា-ថៃ
កើតឡើងក្រោយពីប្រាសាទដែលមានអាយុកាលជាង ១ពាន់ឆ្នាំមួយនេះ
ត្រូវដាក់បញ្ចូលទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកសម្រាប់មនុស្សជាតិ
រួចមក។ ការមិនអាចទម្លាយភាពទាល់ច្រកនេះបាននោះ
ក៏ព្រោះតែភាគីថៃ សំអាងលើផែនទីជាឯកតោភាគីថា មានតំបន់ ៤.៦
ក្បែរប្រាសាទព្រះវិហារ គឺជាទីតាំងដែលខ្លួនត្រូវគ្រប់គ្រង។
ប៉ុន្តែភាគីកម្ពុជា ពុំទទួលស្គាល់ថា មានតំបន់ ៤.៦
ក្បែរប្រាសាទព្រះវិហារខ្មែរនោះទេ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា និយាយថា អ្វីដែលរដ្ឋាភិបាលថៃ
បង្កើតតំបន់ ៤.៦គីឡូម៉ែត្រការ៉េ
នៅលើតំបន់ឆ្លងកាត់របស់ខ្មែរទៅកាន់ប្រាសាទនេះ ក៏ព្រោះតែភាគីថៃ
មើលឃើញថា ប្រសិនបើគម្រោង ៤.៦ នេះ
ខ្លួនទាក់ទាញការជឿទុកចិត្តបានពីអន្តរជាតិ បានន័យថា
គឺជាជោគជ័យមួយដ៏ធំក្នុងការកាត់ផ្ដាច់ទាំងស្រុងលើផ្នែកយោធា
និងសេដ្ឋកិច្ចរបស់កម្ពុជា។
ក៏ប៉ុន្តែអ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្រ
និងជាអ្នកនិពន្ធសៀវភៅជនជាតិអាមេរិកាំង លោក ចន បើកហ្គេស (John
Burgess) ដែលបានតាមដានយ៉ាងដិតដល់លើដំណើរការក្ដីប្រាសាទព្រះវិហារ
មានប្រសាសន៍កាលពីថ្ងៃទី១៣ កុម្ភៈ ថា
ពុំមានអ្វីដែលត្រូវសង្ស័យទៀតនោះឡើយ
ថាប្រាសាទព្រះវិហារជារបស់ខ្មែរនោះ។
ក្នុងន័យនេះលោកបញ្ជាក់ថា ពិតណាស់ ផ្អែកតាមសាលដីកាឆ្នាំ១៩៦២ ប្រាសាទព្រះវិហារ គឺជារបស់កម្ពុជា យ៉ាងពិតប្រាកដ៖ «នៅ
ឆ្នាំ១៩៦២ បន្ទាប់ការជំនុំជម្រះអស់រយៈពេលដ៏យូរ ICJ បានសម្រេចថា
ប្រាសាទព្រះវិហារស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា។
ការតវ៉ាជាច្រើនត្រូវបានគេដាក់ជូនតុលាការ រួមមានការតវ៉ារបស់ថៃ
អំពីដែនដីពិសិដ្ឋ និងការតវ៉ារបស់កម្ពុជា អំពីកេរមរតក។
ប៉ុន្តែនៅទីបំផុត អ្វីដែល ICJ ផ្ដោតការយកចិត្តទុកដាក់នោះ
គឺផែនទីដែលផលិតនៅឆ្នាំ១៩០៧»។
នៅមុនការបកស្រាយសាលដីកាឆ្នាំ១៩៦២ ឡើងវិញ
ដែលនឹងត្រូវចាប់ផ្ដើមក្នុងខែមេសា ឆ្នាំ២០១៣ ខាងមុខ
មជ្ឈដ្ឋាននានាមានជំនឿថា សាលដីកានេះនឹងនាំឲ្យកម្ពុជា
មានប្រៀបផ្នែកផ្លូវច្បាប់រួចជាស្រេចលើភាគីជម្លោះ។
យោធាថៃ និងកម្ពុជា ប្រាំបូកប្រាំ (5+5)
ដែលប្រចាំការនៅវាលសំបុកឃ្មុំ ស្ថិតនៅខាងមុខប្រាសាទព្រះវិហារ
ឲ្យដឹងថា
ខ្លួនពិតជាពុំមានចេតនាក្នុងការបង្កឲ្យមានការបង្ហូរឈាមក្នុង
ជម្លោះប្រាសាទព្រះវិហារនោះទេ។
ពួកគេបន្តថា៖ «រាល់ថ្ងៃកងកម្លាំងខ្មែរនិងថៃ
ដែលមានចំនួនម្ខាង ៥នាក់ តែងតែជួបប្រជុំជាមួយគ្នា
ហើយមិនមានការប្រើកម្លាំងណាមួយដើម្បីតទល់គ្នាទេ។ ខ្ញុំដឹងថា
ប្រាសាទព្រះវិហារជាមរតករបស់ពិភពលោកហើយ។
យើងមិនចង់មានការវាយប្រយុទ្ធគ្នាពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះ
ទេ»។
លោក ចន បើកហ្គេស គិតថា រដ្ឋាភិបាលទីក្រុងបាងកក
គួរប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការទាមទារការកាន់កាប់ប្រាសាទ
ព្រះវិហារ ក្រោយពីមានសេចក្ដីសម្រេចភ្លាមៗ របស់ ICJ
ក្នុងឆ្នាំ១៩៦២។លោកបន្តថា
គេពុំគួរជំទាស់ចំពោះសេចក្ដីសម្រេចរបស់ ICJ នៅពេលនេះនោះទេ។
បើតាមលោក ចន បើកហ្គេស គេហាក់ពុំឃើញមានឯកសារណាមួយ
ដែលមាននិយាយអំពីតំបន់ ៤.៦ នោះឡើយ។
លោក ចន បើកហ្គេស៖ «អស់រយៈពេលជាច្រើនឆ្នាំ
ថៃមិនដែលជំទាស់នឹងផែនទីនេះទេ។ ការពិតថៃ
ទទួលស្គាល់ផែនទីដែលបង្ហាញថា
ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា។ នៅឆ្នាំ១៩៦២
តុលាការយុត្តិធម៌អន្តរជាតិ ICJ បានសម្រេចរឿងក្ដីប្រាសាទព្រះវិហារ
ហើយប្រទេសថៃ បានទទួលស្គាល់ថា ប្រាសាទព្រះវិហារ
មិនមែនស្ថិតនៅក្នុងទឹកដីថៃនោះទេ។
ដូច្នេះវាហួសអាជ្ញាអាយុកាលក្នុងការសើរើរឿងក្ដីនេះហើយ»។
ប្រាសាទព្រះវិហារដែលមានអាយុកាលជាង ១ពាន់ឆ្នាំមួយនេះ
ត្រូវខ្ទេចខ្ទាំដោយការបាញ់រះរបស់យោធាថៃ
និងក្លាយទៅជាសមរភូមិប្រយុទ្ធដ៏តានតឹង ក្រោយពីប្រាសាទព្រះវិហារ
ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧
ខែកក្កដា ឆ្នាំ២០០៨។
កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១១
តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ICJ
បានចេញបទបញ្ជាបន្ទាន់មួយ តម្រូវឲ្យកម្ពុជា និងថៃ
ដកកងទ័ពចេញពីតំបន់គ្មានយោធាបណ្ដោះអាសន្នលើទំហំដី
១៧គីឡូម៉ែត្រក្រឡា។ អ្វីដែល
ICJទាមទារឲ្យភាគីជម្លោះទាំងពីរដកខ្លួនចេញពីទីតាំងប្រាសាទដ៏
ចំណាស់មួយនេះ
នោះក៏ព្រោះតែដើម្បីសង្គ្រោះប្រាសាទព្រះវិហារពីការប្រឈមមុខដាក់
គ្នាដោយសព្វាវុធ។ នេះគឺជាការឆ្លើយតបនូវសំណើរបស់កម្ពុជា
ជាថ្មីម្ដងទៀត
ដែលស្នើសុំឲ្យមានកិច្ចអន្តរាគមន៍បន្ទាន់មួយពីតុលាការយុត្តិធម៌
អន្តរជាតិមួយនេះ កាលពីខែមេសា ឆ្នាំ២០១១។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី
និយាយកាលពីថ្ងៃទី១៣ កុម្ភៈ ថា
នៅក្នុងផែនទីឧបសម្ពន្ធផលិតក្នុងឆ្នាំ១៩០៨ ដែលមានតម្លៃជាសកលនោះ
ពុំមានចែងក្នុងមាត្រាណាមួយដែលកំណត់ថា មានតំបន់ ៤.៦នោះទេ។
លោក ផៃ ស៊ីផាន ហៅការបង្កើតយុទ្ធសាស្ត្ររបស់ថៃនេះ
ថាគឺជាផែនទីផលិតដោយឯកតោភាគី
និងជាការប៉ុនប៉ងដើម្បីគ្រប់គ្រងប្រាសាទព្រះវិហារខ្មែរប៉ុណ្ណោះ៖ «ក្នុង
ឆ្នាំ១៩៦០ ហ្នឹង យើងឃើញថា ថៃហ្នឹងបានគូសពណ៌លឿង ហើយកម្ពុជា
បានគូសពណ៌ក្រហម។ ខណ្ឌសីមាពណ៌ក្រហមហ្នឹង
តុលាការយុត្តិធម៌អន្តរជាតិបានយកជាផ្លូវការ ទាត់ចោលខ្សែខណ្ឌសីមា
ដែលថៃគូសដោយខ្លួនឯង ជាឯកតោភាគីក្នុងឆ្នាំ១៩៦២។
បន្ទាប់ពីហ្នឹងបានយើងឃើញក្នុងឆ្នាំ២០០៨ បានឃើញថៃ
គូសខ្សែបន្ទាត់ពណ៌ខ្មៅនេះ ខ្សែបន្ទាត់ពណ៌ខ្មៅនេះ
ជាខ្សែបន្ទាត់ខណ្ឌសីមាថ្មី
ដែលថៃផលិតខ្លួនឯងដោយកាត់យកតំបន់ប្រាសាទដែលជាតូចនេះរបស់
ប្រាសាទ ដែលឲ្យខ្មែរហើយទុករក្សាដីនេះហើយ។
ក៏ប៉ុន្តែបើសិនយើងពិចារណាមើលពីចន្លោះខ្សែពណ៌ខ្មៅទៅខ្សែពណ៌
ក្រហមនេះ អានេះហើយដែលគេថា ជាផែនដីដែល ៤.៦ របស់ថៃ
ដែលថៃគេទាមទារដោយមិនស្របច្បាប់នេះឯង»។
បើទោះជាតំបន់ ៤.៦ ពុំមានចែងនៅក្នុងផែនទីឧបសម្ពន្ធ ឆ្នាំ១៩០៨
របស់អន្តរជាតិ ក៏ដូចជាការអះអាងរបស់កម្ពុជា យ៉ាងណាក៏ដោយ
តែគេនៅមានមន្ទិលថា តើមូលហេតុអ្វីបានជារដ្ឋាភិបាលទីក្រុងបាងកក
នៅបន្តមានប្រៀប និងអាចគ្រប់គ្រងតំបន់ ៤.៦ ពីចម្ងាយ
នៅគ្រាតំបន់ដែលគូសវាសនេះ ស្ថិតនៅក្នុងអធិបតេយ្យ
និងបូរណភាពទឹកដីរបស់កម្ពុជានោះ។
វិទ្យុអាស៊ីសេរី បានស្នើសុំការអត្ថាធិប្បាយតាមសារអេឡិចត្រូនិក
(Email) ពីមន្ត្រីស្ថានទូតថៃ ប្រចាំកម្ពុជាដែរ
ដើម្បីឲ្យមានការបកស្រាយពីទំហំដី ៤.៦ នៅតំបន់ប្រាសាទព្រះវិហារ
ដែលកម្ពុជា ចាត់ទុកថា ជាផែនទីគូសដោយឯកតោភាគី
ប៉ុន្តែរហូតមកដល់ពេលនេះ
នៅពុំទាន់ឃើញមានការឆ្លើយតបណាមួយនៅឡើយនោះទេ។
ប៉ុន្តែកាលពីដើមខែកុម្ភៈ
តាមរយៈការចុះផ្សាយរបស់កាសែតក្នុងស្រុករបស់ថៃ និយាយថា
គណបក្សភឿថៃ បានជំរុញឲ្យនាយករដ្ឋមន្ត្រី គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់
(Yingluck Shinawatra) បើកការចរចាជាមួយកម្ពុជា
ដើម្បីស្នើសុំឲ្យកម្ពុជា
ពិចារណាក្នុងការដកពាក្យបណ្ដឹងរបស់ខ្លួនពី ICJ
ដោយងាកមកចរចាទ្វេភាគីឡើងវិញ និងអភិវឌ្ឍរួមគ្នាលើទំហំដីដែលថៃ
អះអាងដោយឯកតោភាគីថា មានតំបន់ ៤.៦ គីឡូម៉ែត្រការ៉េនោះ។
អ្នកវិភាគបញ្ហាសង្គមគិតថា អ្នកនយោបាយកម្ពុជា
បានបោះបង់ជំហរសិទ្ធិជាម្ចាស់ប្រទេស និងហាក់ដើរក្រោយនយោបាយថៃ
ជាដរាប ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារ។ ការចាញ់ប្រៀបនយោបាយថៃនោះ
មានន័យថា
កម្ពុជាបរាជ័យចំពោះការទាមទារដាក់ឲ្យមានអ្នកសង្កេតការឥណ្ឌូនេស៊ី
នៅតំបន់ដែលមានជម្លោះ និងពុំអាចធ្វើអ្វីបាន
ដូចជាការធ្វើផ្លូវឡើងប្រាសាទក្នុងទឹកដីរបស់ខ្លួន
ព្រោះតែមានការជំទាស់ពីភាគីថៃនោះ។
បញ្ហានេះ នៅក្នុងអំឡុងថ្ងៃថ្វាយព្រះភ្លើង ព្រះបរមសព
ព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ
កម្ពុជាបង្ខំទម្លាយអាងស្តុកទឹកមួយកន្លែង
នៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ ទៅតាមការទាមទាររបស់ភាគីថៃ៕
No comments:
Post a Comment