ប្រជាកសិករខេត្តព្រៃវែង បានចោទអាជ្ញាធរកម្ពុជា-វៀតណាម
ប្រចាំច្រកព្រំដែនឃុំកោះរកា
ថាបានហាមមិនឲ្យពួកគាត់ដឹកស្រូវទៅលក់ក្នុងទឹកដីវៀតណាម ទៀតទេ។
សកម្មភាពនេះ
បាននាំឲ្យផលស្រូវរបស់ប្រជាពលរដ្ឋបានកកស្ទះរាប់សិបតោន
នៅច្រកព្រំដែនកោះរកា។
បញ្ហានេះ កសិករបានសំណូមពរឲ្យសមត្ថកិច្ចក្រសួងពាក់ព័ន្ធ ពិសេសប្រមុខដឹកនាំរាជរដ្ឋាភិបាល ជួយមានវិធានការដោះស្រាយ។
ប្រជាកសិករខេត្តព្រៃវែង បានអះអាងថា
ការនាំទិន្នផលស្រូវទៅលក់ឲ្យឈ្មួញវៀតណាម តាមច្រកកោះរកា
ត្រូវរាំងស្ទះដោយសារអាជ្ញាធរកម្ពុជា-វៀតណាម
បិទមិនឲ្យរថយន្តដឹកស្រូវបើកឆ្លងកាត់ព្រំដែននោះទេ។
លោក ជន វីរៈ ដែលអះអាងថាជាតំណាងឲ្យកសិករឃុំកោះរកា ស្រុកពាមជរ
បានឲ្យដឹងនៅថ្ងៃទី៧ ខែកុម្ភៈ ថា សព្វថ្ងៃនេះពលរដ្ឋខេត្តព្រៃវែង
មិនអាចនាំស្រូវទៅលក់ក្នុងទឹកដីវៀតណាម តាមច្រកព្រំដែនកោះរកា
បានទេ ព្រោះត្រូវអាជ្ញាធរហាមឃាត់។ លោកថា
បច្ចុប្បន្ននេះស្រូវកសិករខ្មែរដែលត្រូវនាំទៅលក់ឲ្យឈ្មួញនៅ
វៀតណាម ត្រូវកកស្ទះនៅច្រកព្រំដែនកោះរកា រាប់ពាន់តោន។
លោកថា បញ្ហានេះទាមទារឲ្យថ្នាក់ដឹកនាំក្រសួង
ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ជួយអន្តរាគមន៍ឲ្យពលរដ្ឋអាចដឹកស្រូវចេញចូលទៅលក់នៅប្រទេសវៀតណាម
ឲ្យបានដូចឆ្នាំកន្លងទៅ៖ «អត់មានដំណោះស្រាយ
គឺគេអត់ឲ្យយើងចេញទេ សូម្បី១ទេយ្យស្រូវ ក៏គេអត់ឲ្យយើងចេញដែរ
ទាំងឡានទាំងស្រូវ។
សូមមេត្តាជួយដោះស្រាយបញ្ញាទុក្ខកង្វល់ប្រជាពលរដ្ឋនៅជាយដែនផង។
ហើយម្យ៉ាង សូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា
សូមមេត្តាជំរុញស្រូវចេញទីផ្សារក្រៅប្រទេសដោយខ្លួនយើង
កុំឲ្យគេជំរុញចេញនាំឲ្យស្រូវមិនមានតម្លៃទេ ស្រូវកម្ពុជា»។
កសិករឲ្យដឹងថា ការដែលអាជ្ញាធរកម្ពុជា និងវៀតណាម
ហាមមិនឲ្យរថយន្តដឹកស្រូវកសិករខ្មែរ និងរថយន្តឈ្មួញវៀតណាម
ចេញចូលតាមច្រកនេះ ជាហេតុនាំឲ្យកសិករខ្មែរ គ្មានទីផ្សារលក់ស្រូវ
និងជំពាក់បំណុលធនាគារវ័ណ្ឌក។
លោក ជួន សារិទ្ធិ ក៏ជាកសិករម្នាក់ទៀតនៅឃុំកោះរកា ស្រុកពាមជរ
បានឲ្យដឹងថា
ស្រូវកសិករខ្មែរដែលដឹកតាមរថយន្តទៅលក់នៅប្រទេសវៀតណាម
តាមច្រកព្រំដែនកោះរកា ត្រូវរាំងស្ទះ។
លោកស្នើឲ្យប្រមុខរាជរដ្ឋាភិបាលជួយសម្របសម្រួលបញ្ហានេះ៖ «គេអត់ឲ្យចុះទេ គឺនៅគរចោលពេញដី នៅស្ទះពេញវាលទាំងអស់ប្រហែលពី ៣០ ទៅ ៤០តោន នៅកកស្ទះពេញហ្នឹងទាំងអស់»។
ជំទប់ទី២ ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង បានទទួលស្គាល់ថា
កសិករមូលដ្ឋាននេះ
ពិតជាមិនអាចនាំផលស្រូវរបស់ខ្លួនទៅលក់នៅទីផ្សារវៀតណាម
បានដូចឆ្នាំមុនពិតមែន។ លោកថា
បញ្ហានេះវាហួសពីសមត្ថកិច្ចឃុំកោះរកា ត្រូវដោះស្រាយ
និងស្នើឲ្យរដ្ឋាភិបាល ឬក្រសួងមានសមត្ថកិច្ចជួយរកដំណោះស្រាយ។
លោក ចន្ទ ដេត អភិបាលស្រុកពាមជរ ខេត្តព្រៃវែង បានបដិសេធថា
មិនទាន់ទទួលព័ត៌មានជុំវិញការហាមឃាត់ពលរដ្ឋមិនឲ្យនាំស្រូវទៅ
លក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនកោះរកា នេះទេ។ ប៉ុន្តែលោកថា
បើសិនជាទិន្នផលស្រូវត្រូវដឹកតាមរថយន្តទៅលក់ក្នុងប្រទេសវៀតណាម
គឺទាមទារឲ្យបំពេញលិខិតស្នាមឲ្យបានត្រឹមត្រូវ
មិនមែនយករថយន្តចេញ ឬចូលដោយគ្មានលិខិតស្នាមនោះទេ។
លោក ចន្ទ ដេត៖ «គេច្រើនដឹកចេញតាមរទេះក្របី
រីឯការដឹកស្រូវតាមរថយន្ត ខាងវៀតណាម
ទាល់តែយើងបំពេញបែបបទច្បាស់លាស់
បានគេឲ្យរថយន្តយើងដឹកចូលយកទៅ។
គេមិនហាមដឹកស្រូវទៅលក់នៅស្រុកគេទេ
ប៉ុន្តែការបំពេញបែបបទរថយន្តរបស់យើង
ត្រូវមានលិខិតស្នាមត្រឹមត្រូវ។
គេមិនដែលឲ្យរថយន្តយើងដឹកស្រូវឆ្លងកាត់ចូលទៅប្រទេសគេទេ
វាអត់មាន»។
ទាក់ទិនបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីចុងក្រោយជូនប្រជាពលរដ្ឋ
ខេត្តកោះកុង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ បានធានាថា
ក្នុងអាណត្តិលោកជានាយករដ្ឋមន្ត្រី ហើយគណបក្សប្រជាជនកម្ពុជា
នៅដឹកនាំប្រទេស គឺរាជរដ្ឋាភិបាលនឹងជួយរកទីផ្សារជូនកសិករ
និងមិនយកពន្ធដីកសិកម្មនោះទេ។
លោក ហ៊ុន សែន៖ «មិនត្រឹមតែមិនយកពន្ធទេ
ហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យកសិកម្ម
ការស្វែងរកទីផ្សារជូនប្រជាជន។ ខិតខំរកក្របខ័ណ្ឌមីក្រូហិរញ្ញវត្ថុ
ជួយគាំទ្រដល់វិស័យ ដល់កសិករ របស់យើង នៅតែបន្តធ្វើ។ ពិតមែនហើយ
ឆ្នាំខ្លះវាមាន ដូចជាឆ្នាំនេះជាដើម ប្រទេសយើងក៏សល់
ប្រទេសគេក៏សល់ បើយើងផលិតដូចគ្នា។ វៀតណាម ក៏សល់ស្រូវច្រើន ថៃ
ក៏សល់ស្រូវច្រើន ឥណ្ឌា ក៏សល់ច្រើន ប៉ាគីស្ថាន ក៏សល់ស្រូវច្រើន។
តើនរណាគេមកនាំពីស្រុកយើងទៅ?
ហើយសុទ្ធតែប្រកួតប្រជែងនាំចេញនូវផលិតផលដូចគ្នា
អ៊ីចឹងវាធ្លាក់ថ្លៃបន្តិច»។
យ៉ាងណាក៏ដោយ ប្រជាកសិករខេត្តព្រៃវែង
បានស្នើឲ្យសមត្ថកិច្ចក្រសួងជំនាញ ឬប្រមុខរាជរដ្ឋាភិបាល
ជួយមានវិធានការជាបន្ទាន់ទៅសមត្ថកិច្ចប្រចាំការនៅច្រកព្រំដែនឃុំ
កោះរកា ស្រុកពាមជរ
ឲ្យជួយសម្របសម្រួលឲ្យពលរដ្ឋបាននាំយកទិន្នផលស្រូវទៅលក់នៅ
វៀតណាម ដូចបណ្ដាឆ្នាំមុនៗទៀត៕
1 comment:
Youns more than happy to buy rice from Cambodia and reexport. But the government asked youns to stop this trade because it wants to export by its own to meet quota set out by the government.
Post a Comment