A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 7 February 2013

Civil society and the oppositions asked France to intervene for the return of Sam Rainsy and the release of Mam Sonando from prison សង្គម​ស៊ីវិល​ស្នើ​បារាំង​អន្តរាគមន៍​ករណី​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ

ដោយ ដែន អយុធ្យា 2013-02-06 RFA

មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង ជួយ​ធ្វើ​អន្តរាគមន៍​លើ​ករណី​ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​បារាំង ចំនួន ២​នាក់ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ និង​ជាប់​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ឲ្យ​មាន​សេរីភាព​វិញ។

RFA/Den Ayuthea
លោក ស៊ែហ្ស ម៉ូស្ទូរ៉ា (Serge Mostura, French ambassador to Cambodia) ឯកអគ្គរដ្ឋទូត​បារាំង ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​សន្និសីទ​កាសែត នា​ស្ថានទូត​បារាំង កាល​ពី​ថ្ងៃ​អង្គារ ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣។
ខ្មែរ​សញ្ជាតិ​បារាំង ទាំង​ពីរ​មាន លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង និង​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគមន៍​អ្នក​ប្រជាធិបតេយ្យ។
មន្ត្រី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​ទទូច​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង ជួយ​អន្តរាគមន៍​ទៅ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ឬ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ និង​លើក​លែង​ការ​ចោទ​ប្រកាន់​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​​ប្រទេស​ឲ្យ​មាន​សេរីភាព បាន​ចូល​រួម​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៣។
សំណើ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​មក​កម្ពុជា របស់​លោក ហ្សង់-ម៉ាក អេរ៉ូ (Jean-Marc Ayrault) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បារាំង ដើម្បី​ចូល​រួម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​​មហា​វីរក្សត្រ ព្រះករុណា សម្ដេច​ព្រះ នរោត្តម សីហនុ។
លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា ទាំង​រដ្ឋាភិបាល​បារាំង និង​អន្តរជាតិ កំពុង​តាម​ដាន និង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ករណី​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ។ លោក​អះអាង​ថា ករណី​ប្ដឹង​ចោទ​ប្រកាន់ និង​ចាប់​ដាក់​ពន្ធនាគារ​ទៅ​លើ​មេ​ដឹកនាំ​បក្ស​ប្រឆាំង និង​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ជា​រឿង​នយោបាយ។
លោក យឹម សុវណ្ណ៖ «ទាំង​ប្រទេស​បារាំង អង្គការ​សហប្រជាជាតិ ក៏​ដូច​ជា​ប្រទេស​មហា​អំណាច​ធំៗ គេ​ព្រួយ​បារម្ភ​អំពី​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ ប្រទេស​កម្ពុជា។ អ៊ីចឹង​ហើយ នេះ​ជា​វិធានការ​មួយ​ជំរុញ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ឯកឧត្តម សម រង្ស៊ី បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត ក៏​ដូច​ជា​ដោះ​លែង​លោក ម៉ម សូណង់ដូ ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ។ ពីព្រោះ​រឿង​ទាំង​អស់​នេះ ជា​រឿង​នយោបាយ មិន​មែន​ជា​ទោស​ព្រហ្មទណ្ឌ​អ្វី​ទេ។ ហើយ​គេ​ដឹង​ឮ​ទូទាំង​ពិភពលោក​ថា​ជា​រឿង​នយោបាយ។ អ៊ីចឹង រដ្ឋាភិបាល​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ហ្នឹង និង​ពិសេស​បង្ក​ទំនាក់​ទំនង​ល្អ​ជាមួយ​បណ្ដា​ប្រទេស​ទាំង​អស់​លើ​សកលលោក ដើម្បី​ផល​ប្រយោជន៍​ជាតិ»
មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​បារាំង និង​អន្តរជាតិ ត្រូវ​មាន​វិធានការ​ជួយ ឬ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា លើ​ករណី​លោក សម រង្ស៊ី និង​ករណី​លោក ម៉ម សូណង់ដូ ដែល​ត្រូវ​តុលាការ ឬ​រដ្ឋាភិបាល​ប្ដឹង​ចោទ និង​ចាប់​ដាក់​គុក​ដោយ​អយុត្តិធម៌។
​ចំណែក លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​បាន​រិះគន់​រដ្ឋាភិបាល​បារាំង ដែល​ហាក់​រើសអើង ឬ​មិន​រវល់​អើពើ​ចំពោះ​​ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​បារាំង ដូច​ជា​ករណី​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ ដែល​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ពន្ធនាគារ​ទាំង​អយុត្តិធម៌។
លោក​ថា រដ្ឋាភិបាល​បារាំង ត្រូវ​តែ​ជួយ​អន្តរាគមន៍​លើ​ករណី​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ ព្រោះ​ថា​ការ​ប្ដឹង​ចោទ​បុគ្គល​ទាំង​ពីរ​ដាក់​ពន្ធនាគារ​ជា​រឿង​នយោបាយ​ សុទ្ធសាធ។
លោក អ៊ូ វីរៈ៖ «បើ​សិន​ជា​ជន​ជាតិ​បារាំង ស្បែក​ស​ច្រមុះ​ស្រួច​នៅ​ក្នុង​ពន្ធនាគារ សញ្ជាតិ​បារាំង ដែរ ប្រហែល​ជា​រដ្ឋាភិបាល​បារាំង​យក​ចិត្ត​ទុក​ដាក់​ជាង​ករណី​លោក ម៉ម សូណង់ដូ នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​មួយ​ទៅ​រដ្ឋាភិបាល​បារាំង ធ្វើ​មិន​ល្អ​ទាល់​តែ​សោះ។ ចំពោះ​ខ្ញុំ ប្រទេស​បារាំង គឺ​មាន​កាតព្វកិច្ច​ក្នុង​ការ​ជំរុញ​បន្ថែម​ឲ្យ​មាន​នីតិរដ្ឋ​ក្នុង​ប្រទេស​ កម្ពុជា។ បារាំង បាន​អះអាង​ថា ខ្លួន​បាន​ជួយ​នីតិរដ្ឋ​នៅ​កម្ពុជា ប៉ុន្តែ​ចំពោះ​ខ្ញុំ បារាំង គឺ​អត់​បាន​ជួយ​នីតិរដ្ឋ​ប៉ុន្មាន​ទេ។ បញ្ហា​នីតិរដ្ឋ​នៅ​កម្ពុជា គឺ​បញ្ហា​ឯករាជ​ភាព​របស់​តុលាការ​កម្ពុជា ជា​រឿង​មួយ​មិន​ទាន់​មាន​ការ​រីក​ចម្រើន​ទាល់​តែ​សោះ»
លោក អ៊ូ វីរៈ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង ឲ្យ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​មាន​សញ្ជាតិ​បារាំង ដូច​ជា​ករណី​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ ឲ្យ​ដូច​ជន​ជាតិ​បារាំង ក្នុង​ប្រទេស​បារាំង ដូច​គ្នា​ដែរ។
ទាក់​ទិន​បញ្ហា​នេះ លោក ស៊ែហ្ស ម៉ូស្ទូរ៉ា (Serge Mostura) ឯកអគ្គរដ្ឋទូត​បារាំង តែង​តាំង​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​អង្គារ ទី៥ ខែ​កុម្ភៈ នា​ស្ថានទូត​បារាំង តាម​សំឡេង​អ្នក​បកប្រែ​ភាសា​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​មក​កម្ពុជា របស់​លោក ហ្សង់-ម៉ាក អេរ៉ូ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បារាំង ថ្ងៃ​ទី៣ ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣។ លោក ហ្សង់-ម៉ាក អេរ៉ូ ក្នុង​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​យក​ករណី​​​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ មក​ពិភាក្សា ហើយ​កិច្ច​ពិភាក្សា​នេះ​លោក​រំពឹង​ថា​ប្រមុខ​ដឹកនាំ​ខ្មែរ នឹង​ផ្តល់​ចម្លើយ​វិជ្ជមាន។
លោក ស៊ែហ្ស ម៉ូស្ទូរ៉ា៖ «លោក​នាយករដ្ឋមន្ត្រី​បារាំង បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​គាត់​លើក​ដំបូង គឺ​បញ្ហា​នយោបាយ។ ជំនួប​នោះ​គាត់​បាន​លើក​យក​នូវ​បញ្ហា​មួយ​ចំនួន ដូច​ជា​ករណី​លោក សម រង្ស៊ី លោក ម៉ម សូណង់ដូ និង​អ្នក​កាសែត​បារាំង ឈ្មោះ ដានីញ៉ែល ឡែនណេ ដែល​អ្នក​ទាំង​អស់​នោះ​​សុទ្ធ​តែ​មាន​សញ្ជាតិ​បារាំង។ ជំនួប​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​កត់ត្រា​នូវ​អ្វី​ដែល​គាត់​បាន​លើក​ឡើង និង​បង្ហាញ​ចំណាប់​អារម្មណ៍​នេះ​ផង​ដែរ ហើយ​ការ​ពិភាក្សា​នោះ មាន​លក្ខណៈ​បើក​ចំហ ហើយ​គាត់​សង្ឃឹម​ថា​នឹង​មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន»
ត្រង់​ចំណុច​នេះ លោក យឹម សុវណ្ណ បាន​កោត​សរសើរ​ចំពោះ​រដ្ឋាភិបាល​បារាំង ដែល​កន្លង​មក​បាន​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ឲ្យ​កម្ពុជា មាន​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស។ ប៉ុន្តែ​ពេល​នេះ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង ជួយ​ពិនិត្យ​លើ​ករណី​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ ដែល​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​ជាង ១០​ឆ្នាំ ទៅ ២០​ឆ្នាំ។
លោក យឹម សុវណ្ណ៖ «ខ្ញុំ​សូម​អគុណ​ណាស់​ចំពោះ​លោក​នាយករដ្ឋមន្ត្រី​ បារាំង ឬ​ប្រទេស​បារាំង ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់។ ពេល​ណា​ដែល​យើង​មាន​លទ្ធិប្រជាធិបតេយ្យ ពេល​ណា​ដែល​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ ពេល​នោះ​ហើយ​ដែល​ប្រទេស​កម្ពុជា យើង​ទទួល​បាន​នូវ​ភាព​សុខសាន្ត ហើយ​នឹង​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​សមធម៌។ បើ​សិន​ជា​មិន​មាន​លទ្ធិប្រជាធិបតេយ្យ​ទេ មិន​គោរព​សិទ្ធិ​មនុស្ស​ទេ ទោះ​បី​ជា​មាន​ជំនួយ​បរទេស​ប៉ុន្មាន​ក៏ដោយ ក៏​ជំនួយ​បរទេស​ទាំង​នោះ នឹង​ហូរ​ចូល​ទៅ​ក្នុង​កណ្ដាប់​ដៃ​ជន​មួយ​ក្តាប់​តូច ដែល​ជា​ជន​ពុក​រលួយ​តែ​ប៉ុណ្ណោះ»
មន្ត្រី​បក្ស​ប្រឆាំង ថ្លែង​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ នឹង​គ្មាន​តម្លៃ និង​មិន​អាច​ទទួល​យក​បាន​ទេ បើ​គ្មាន​វត្តមាន​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី ចូល​រួម​ប្រកួត​​ប្រជែង​ការ​បោះ​ឆ្នោត​ដោយ​ស្មើ​ភាព​ជាមួយ​​គណបក្ស​កាន់​ អំណាច​ទេ​នោះ។
ទោះ​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លង​មក​នេះ បាន​ថ្លែង​ប្រាប់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ថា ករណី​​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ មិន​មែន​ជា​រឿង​នយោបាយ​​ទេ ព្រោះ​ពួក​គេ​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ល្មើស​ច្បាប់ និង​ត្រូវ​តុលាការ​កាត់​ទោស។ បញ្ហា​នេះ រាជ​រដ្ឋាភិបាល​មិន​អាច​​​ជ្រៀតជ្រែក​ចូល​ក្នុង​ឯករាជ​ភាព ឬ​កិច្ចការ​របស់​តុលាការ​កម្ពុជា បាន​ទេ។
​​យ៉ាង​ណា​ក៏ដោយ ការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ រួម​មាន​សហរដ្ឋ​អាមេរិក បារាំង និង​សហភាព​អឺរ៉ុប ជាដើម ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស និង​ចាត់​ទុក​ការ​ជម្រះ​ក្តី​នេះ មិន​ឯករាជ និង​លូក​ដៃ​ពី​រដ្ឋាភិបាល។
លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជាង ១០​ឆ្នាំ ក្រោម​បទ​ចោទ​ចំនួន​៤។ ទី១ បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដោយ​ខុស​ច្បាប់។ ទី២ ញុះញង់​ឲ្យ​មាន​ការ​រើសអើង។ ទី៣ ក្លែង​ឯកសារ​សាធារណៈ និង​ទី៤ ផ្ដល់​ព័ត៌មាន​មិន​ពិត​ទាក់​ទិន​នឹង​ការ​ដក​បង្គោល​តម្រុយ​ព្រំដែន​ កម្ពុជា-វៀតណាម និង​ការ​ផ្សព្វផ្សាយ​ផែនទី​តាម​​អ៊ីនធឺណិត (Internet) ដើម្បី​បង្ហាញ​ពី​ការ​ចោទ​ប្រកាន់ ​របស់​គាត់​ថា វៀតណាម បាន​ទន្ទ្រាន​យក​ដី​កម្ពុជា។ រីឯ​លោក ម៉ម សូណង់ដូ ត្រូវ​បាន​តុលាការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ ចោទ​ពី​បទ​ញុះញង់​បង្កើត​​​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល តាម​រយៈ​ជម្លោះ​ដីធ្លី​នៅ​ភូមិ​​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ៕

No comments: