A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 22 February 2013

Analysts: Cambodian people's houses a long the border protect against encroachments by neighbouring countries អ្នក​វិភាគ៖ របង​លំនៅឋាន​ពលរដ្ឋ​អាច​រក្សា​ព្រំដែន​មិន​ឲ្យ​បរទេស​ឈ្លាន​ពាន

អ្នក​វិភាគ​បញ្ហា​សង្គម​ឯករាជ្យ អះអាង​ថា រដ្ឋាភិបាល​គួរ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​តាម​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ ខាង​ឲ្យ​មាន​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ និង​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រស់នៅ ឬ​សង់​លំនៅឋាន​ឲ្យ​បាន​ច្រើន ដើម្បី​ទប់ស្កាត់​ការ​លួច​រំកិល​បង្គោល​ព្រំដែន​ពី​ប្រទេស​ជិត​ខាង។
ដោយ ដែន អយុធ្យា
2013-02-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
កាស៊ីណូ​នៅ​ជាប់​ច្រក​ទ្វារ​ជាំសាងុំា ៣០៥
១៩-កុម្ភៈ-២០១៣៖ សំណង់​កាស៊ីណូ​នៅ​ជាប់​ច្រក​ទ្វារ​ជាំសាងុំា ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។
RFA/Den Ayuthea: The construction of a casino at Choam Sa-Ngam Border Checkpoint in Anlong Veng district, Oddar Meanchey province.
 
ការ​អះអាង​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​ពលរដ្ឋ​មួយ​ចំនួន រស់នៅ​តាម​ព្រំដែន​ត្អូញត្អែរ​ថា មាន​ប្រទេស​ជិត​ខាង​កម្ពុជា បាន​លួច​រំកិល​បង្គោល​ព្រំដែន ឬ​ការ​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន បាន​រំលោភ​ចូល​ទឹកដី​កម្ពុជា។
អ្នក​វិភាគ​បញ្ហា​សង្គម និង​ពលរដ្ឋ​អះអាង​ថា របង​ការពារ​ព្រំដែន​ដែល​រឹងមាំ គឺ​របង​ដែល​ធ្វើ​ឡើង​ពី​មនុស្ស និង​កន្លែង​រស់នៅ​របស់​ពួក​គេ។
លោក កែម ឡី អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម យល់​ឃើញ​ថា វិធាន​ការ​ការពារ​ទឹកដី​តាម​ព្រំដែន​មិន​ឲ្យ​បរទេស​រំលោភ ឬ​រំកិល​ព្រំដែន​ដែល​មាន​ប្រសិទ្ធភាព គឺ​រដ្ឋាភិបាល​គប្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តាម​ព្រំដែន​ឲ្យ​មាន​គ្រប់​ ហេដ្ឋារចនាសម្ព័ន្ធ និង​លើក​ទឹកចិត្ត​ពលរដ្ឋ​ឲ្យ​ទៅ​រស់នៅ ឬ​សង់​លំនៅឋាន​តាម​ព្រំដែន​ឲ្យ​បាន​ច្រើន។
លោក​ថា ការ​អភិវឌ្ឍ​ឲ្យ​មាន​ប្រព័ន្ធ​ទឹក ភ្លើង សាលារៀន ឬ​មន្ទីរពេទ្យ​តាម​បន្ទាត់​ព្រំដែន និង​មាន​ពលរដ្ឋ​រស់​នៅ​ច្រើន មាន​សេដ្ឋកិច្ច​ដំណើរ​ការ គឺ​អាច​ទប់ស្កាត់​ការ​លួច​រំកិល​ព្រំដែន​ពី​ប្រទេស​ជិត​ខាង មាន​ប្រសិទ្ធភាព​ជាង​ការ​បោះ​កំណត់​បង្គោល​ថ្ម ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត​សព្វថ្ងៃ។
ទាក់​ទិន​បញ្ហា​នេះ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ឬ​ព្រំដែន​វៀតណាម បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា សព្វថ្ងៃ​នេះ​រដ្ឋាភិបាល ពិសេស​អាជ្ញាធរ​ខ្មែរ ហាក់​មិន​បាន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ទៅ​តាំង​ទី​លំនៅ​តាម​ព្រំដែន ឬ​ក៏​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​ឲ្យ​មាន​សេដ្ឋកិច្ច​ដំណើរ​ការ​ទេ។ ផ្ទុយ​ទៅវិញ រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​បាន​វិនិយោគ​ដីធ្លី​តាម​ព្រំដែន​ទៅ​ឲ្យ​ឈ្មួញ និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ព្រំដែន​ទៅ​វិញ​ទេ។ នេះ​ជា​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ម្តុំ​ច្រក​ទ្វារ​ជាំសាងុំា។
ច្រក​ទ្វារ​ព្រំដែន​ជាំសាងុំា ៣០៥
១៩-កុម្ភៈ-២០១៣៖ ច្រក​ទ្វារ​ព្រំដែន​ជាំសាងុំា ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ជាប់​ព្រំដែន​ថៃ។ RFA/Den Ayuthea: Choam Sa-Ngam Border Checkpoint in Anlong Veng, Oddar Meanchey province.

ដូច​គ្នា​ដែរ លោក កែវ សុធារ៉ា ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​ទៀត រស់នៅ​ច្រក​ព្រំដែន​ច្រក​ជាំសាងុំា ស្ថិត​ក្នុង​ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ក៏​បាន​ឲ្យ​ដឹង​ថា តាម​ការ​អង្កេត​ក្នុង​រយៈពេល​ជាង ១០ឆ្នាំ​មក​នេះ ប្រទេស​ថៃ បាន​លួច​រំកិល​ព្រំដែន​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ នៅ​ម្តុំ​ច្រក​ព្រំដែន​នេះ​ប្រមាណ ២០០​ម៉ែត្រ ហើយ​ថា ការ​រំកិល​ព្រំដែន​នេះ អាជ្ញាធរ​ខ្មែរ​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា ឬ​បញ្ចេញ​ប្រតិកម្ម​ជាមួយ​ភាគី​ថៃ ម្តង​ណា​ទេ គឺ​ថៃ ក្រឡុក​តាម​អំពើ​ចិត្ត។

ពលរដ្ឋ​រូប​នេះ​មើល​ឃើញ​ថា កន្លង​មក​ភាគី​ថៃ អាច​អភិវឌ្ឍ​ស្ថាបនា​ផ្លូវ​កៅស៊ូ ឬ​សំណង់​រឹងមាំ​នៅ​តាម​ព្រំដែន តាម​អ្វី​ដែល​ពួក​គេ​ចង់​អភិវឌ្ឍ។ ប៉ុន្តែ​ដោយ​ឡែក​រដ្ឋាភិបាល​កម្ពុជា ឬ​អាជ្ញាធរ​ខ្មែរ នៅ​តាម​ព្រំដែន មិន​អាច​អភិវឌ្ឍ​ដូច​ថៃ ទេ ព្រោះ​ថៃ មិន​អនុញ្ញាត ហើយ​អាជ្ញាធរ​ខ្មែរ​ខ្លាច​មិន​ហ៊ាន​តវ៉ា​ជាមួយ​ភាគី​ថៃ។ លោក​ថា សព្វ​ថ្ងៃ​នេះ​នៅ​តាម​ច្រក​ព្រំដែន មិន​ថា​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​ទេ​ដែល​មិន​អាច​សង់​លំនៅឋាន​រស់​នៅ សូម្បី​តែ​សមត្ថកិច្ច​រដ្ឋាភិបាល​តាម​ប៉ុស្តិ៍​ព្រំដែន ក៏​មិន​ហ៊ាន​សង់​ប៉ុស្តិ៍ ឬ​កន្លែង​ធ្វើ​ការ​ឲ្យ​បាន​រឹងមាំ​ដូច​ភាគី​ថៃ ទេ ព្រោះ​ខ្លាច​ត្រូវ​ថៃ គំរាម និង​មិន​ហ៊ាន​ប្រឈម​មុខ​ជាមួយ​ថៃ។
ទាក់​ទិន​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១២ មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​តាម​ព្រំដែន ពិត​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​រក្សា​អធិបតីភាព បូរណភាព​ទឹកដី កម្ពុជា មិន​ឲ្យ​បរទេស​លួច​រំកិល​ព្រំដែន​ពិត​មែន។ ក្នុង​នោះ​យុទ្ធសាស្ត្រ​សាងសង់​កាស៊ីណូ តាម​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ជិត​ខាង ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការ​លួច​រំកិល​ព្រំដែន​ពី​បរទេស ​ចូល​ទឹកដី​កម្ពុជា។
តាម​លោក ហ៊ុន សែន រាជ​រដ្ឋាភិបាល​បាន​គិត​រួច​ហើយ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តាម​ព្រំដែន ដើម្បី​ទប់​ស្កាត់​ការ​លួច​រំកិល​បង្គោល​ព្រំដែន​ពី​ប្រទេស​ជិត​ខាង​ណា​មួយ។
យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​សង្គម​ឯករាជ្យ បាន​អះអាង​ថា បញ្ហា​ព្រំដែន រដ្ឋាភិបាល​គួរ​ឲ្យ​បើក​ការ​ពិភាក្សា​ជា​សាធារណៈ និង​មាន​ការ​ចូល​រួម​ពី​ផ្នែក​ពាក់ព័ន្ធ មាន​សង្គម​ស៊ីវិល ឬ​គណបក្ស​ប្រឆាំង​ជាដើម បាន​រួម​ជា​មតិ​យោបល់ ឬ​ផ្តល់​ឯកសារ​ឲ្យ​បាន​ទូលំទូលាយ។
បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម យល់​ថា របង​ការពារ​ព្រំដែន​ដែល​អាច​ទប់ស្កាត់​ការ​លួច​រំកិល​ព្រំដែន ឬ​មិន​ឲ្យ​បរទេស​ឈ្លាន​ពាន​បាន គឺ​រដ្ឋាភិបាល​គួរ​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន និង​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ទៅ​សង់​លំនៅឋាន​រស់នៅ​តាម​ព្រំដែន​ឲ្យ​បាន​ ច្រើន ជា​ជាង​វិនិយោគ ឬ​លក់​ដី​ទៅ​ឲ្យ​ឈ្មួញ​ធ្វើ​ការ​អភិវឌ្ឍ។
ពាក់ព័ន្ធ​ការ​រំលោភ​ឈ្លាន​ពាន​ទឹកដី​កម្ពុជា ពី​សំណាក់​ប្រទេស​ជិត​ខាង​នេះ​ដែរ សម្រាប់​កវី​និពន្ធ​ក៏​បាន​ចង​ក្រង​ជា​បទ​ចំរៀង​បង្ហាញ​ពី​ការ​បាត់​បង់​ ទឹកដី​នេះ​ឡើង មាន​ចំណង​ជើង​ថា "នាគ​ព័ន្ធ​អស់​ពិស"។ នាគ​ព័ន្ធ​អស់​ពិស ត្រូវ​បាន​អ្នក​និពន្ធ​រៀប​រាប់​ពី​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា ទៅ​ឲ្យ​ប្រទេស​ជិត​ខាង មាន​ថៃ និង​វៀតណាម ជាដើម។
ត្រង់​ចំណុច​នេះ លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា មាន​ទស្សនៈ​ថា បញ្ហា​ព្រំដែន ឬ​ការ​បោះ​កំណត់​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង រដ្ឋាភិបាល​ត្រូវ​លើក​យក​ទៅ​ឲ្យ​អន្តរជាតិ​ជួយ​រក​ដំណោះ​ស្រាយ និង​ពិសេស​ត្រូវ​លើក​យក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ធ្វើ​ជា​មូលដ្ឋាន។
បញ្ហា​ឈ្លាន​ពាន​នេះ មិន​មែន​កើត​មាន​តែ​ជាមួយ​ថៃ ទេ ដោយ​ឡែក​បញ្ហា​កើត​មាន​ជាមួយ​វៀតណាម ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​បញ្ហា​រំលោភ​បំពាន​កើត​មាន​ជាមួយ​ថៃ ដែរ។ បញ្ហា​នេះ​ក៏​មាន​បកស្រាយ​នៅក្នុង​អត្ថន័យ​នៃ​បទ​ចំរៀង បកស្រាយ​ដោយ​លោក ចឹង សៀងសំណង មាន​ចំណង​ជើង "នាគ​ព័ន្ធ​អស់​ពិស" ផង​ដែរ។
បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​រិះគន់​ថា អាជ្ញាធរ​ខ្មែរ​នៅ​តាម​ព្រំដែន​វៀតណាម និង​ថៃ ពិសេស​រដ្ឋាភិបាល​ដែល​បាន​បណ្តោយ​បរទេស​ចូល​ឈ្លាន​ពាន​ទឹកដី​ខ្មែរ មិន​ហ៊ាន​តវ៉ា ពិសេស​សកម្មភាព​បោះ​កំណត់​ព្រំដែន​កម្ពុជា-វៀតណាម របស់​រដ្ឋាភិបាល​កន្លង​មក បាន​នាំ​ឲ្យ​បាត់​បង់​ដី​កសិកម្ម​ដូន​តា​ពួក​គាត់​ជាច្រើន​ហិកតារ និង​មិន​ទាន់​ឃើញ​មាន​ថ្នូរ​ជូន​ពួក​គាត់ ដូច​អ្វី​ដែល​ប្រមុខ​ដឹកនាំ​បាន​លើក​ឡើង​នោះ​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

ហុ៊ន សែនប្រហែលជាមិនសូវសប្បាយចិត្តប៉ុន្មានទេ គាត់មានឯកចក្ខុវិស័យមិនអាចនរណារិះគន់
បានទេ បើមិនដូច្នោះលោកអ្នកវិភាគនឹងក្លាយជា " អាល្ងង់ទូ " ។ ហុ៊ន សែនយល់ថា កាសុីណូមាន
អាគារធំៗ ដែលមិនអាចត្រូវគេកំទេចបានស្រួលៗនោះឡើយ ហើយវានឹងអាចរកប្រាក់បំពេញហោ
ប៉ាវកូនចៅ ញាតិសន្តាន និងបក្សពួកគាត់ទៀតផង ។ នេះជានយោបាយឈ្នះ-ឈ្នះ ល្បិចដុំថ្ម១ គប់
បានចាប១ដំបរ ។ គិតទៅមើ ! បើយកផ្ទះអ្នកស្រុកទៅកាពារព្រំដែនវិញ ឃើញថាវាស្រួលគេឈូស
ចោលណាស់ ទាំងផ្ទះទាំងដំណាំ ព្រោះតេជោរធ្លាប់មានការពសោធន៍រាប់រយដងមកហើយ ៗក៏ធ្លាប់
ដេញគេយកដីអស់រាប់ពាន់នាក់ហើយដែរ ស្រួលណាស់ ប្រា៉វ ខ្ទេច ម៉ដ្ឋ ។