A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 7 January 2013

People warned that they will not vote for the ruling CPP because it allowed a private ferry company to charge extortionate fare for crossing river in Kampong Chhnang ពលរដ្ឋ​គំរាម​លែង​បោះ​ឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច​ដោយសារ​បញ្ហា​កំពង់​ចម្លង

ដោយ មណ្ឌល កែវ 2013-01-06 RFA

អាជ្ញាធរ​ភូមិ ឃុំ និង​ប្រជាពលរដ្ឋ​បាន​សំដែង​ប្រតិកម្ម​មិន​ពេញ​ចិត្ត​ចំពោះ​ក្រសួង​ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រម​ទាំង​អាជ្ញាធរ​ខេត្ត ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ម៉ៅការ​ផ្ដាច់​មុខ​កំពង់​ចម្លង​ដ​ទទឹង ក្នុង​ឃុំ​សែប និង​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ទៅ​កាន់​ឃុំ​កោះ​ថ្កូវ ក្នុង​ស្រុក​ជលគីរី ក្នុង​ខេត្ត​កំពង់ឆ្នាំង។

RFA/Mondulkeo
៥-មករា-២០១៣៖ ទូកដ​របស់​អ្នក​ភូមិ​ដែល​កំពុង​ដំណើរ​ការ តែ​បើ​ក្រុម​អ្នក​ម៉ៅការ​ចាប់​ដំណើរ​ការ គឺ​ទូក​ដ​របស់​អ្នក​ភូមិ​ត្រូវ​ចត​ចោល ធ្វើ​ឲ្យ​បាត់​បង់​ការងារ​របស់​អ្នក​ភូមិ។
ទាក់ទង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​គំរាម​ថា នឹង​ឈប់​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត ប្រសិន​អាជ្ញាធរ​ខេត្ត​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​កំពង់ដ​តាជេស ដំណើរ​ការ​នោះ។
តំណាង​អ្នក​ភូមិ​ពាមជ្រៃ ឃុំ​កោះថ្កូវ លោក តាំង ហួត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មករា ឆ្នាំ​២០១៣ ថា តារាង​តម្លៃ​ឆ្លង​ទៅ​មក​ដែល​មាន​ការ​សម្រេច​យល់​ព្រម​ពី​អាជ្ញាធរ​ខេត្ត មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​អ្នក​ភូមិ។ អ្នក​ភូមិ​រូប​នេះ​បាន​លើក​យក​ករណី​ប្រជាពលរដ្ឋ​ត្រូវ​ដឹក​កសិផល​ឆ្លង​យក​ទៅ ​លក់ ដែល​ក្នុង​សៀវភៅ​បន្ទុក​បាន​កំណត់​តម្លៃ​លើស​ទូកដ​ឯកជន​ទ្វេ​ដង។
គាត់​បន្ត​ថា សកម្មភាព​វិនិយោគ​នេះ​បាន​ផ្ទុយ​ពី​គោលការណ៍​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​ទាំង​ស្រុង៖ «បើ ​តាម​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នោះ ខ្ញុំ​សន្និដ្ឋាន​ថា គណបក្ស​ប្រជាជន និង​រដ្ឋាភិបាល នឹង​បាត់​សំឡេង​គាំទ្រ​ច្រើន ប្រសិន​បើ​មិន​បញ្ឈប់​ការ​វិនិយោគ​ម៉ៅការ​ទូក​ដរ​នេះ។ ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ និង​ជា​មន្ត្រី​រាជការ​ម្នាក់​ដែរ​នោះ ខ្ញុំ​មាន​ការ​ខក​ចិត្ត​ច្រើន​ចំពោះ​ប្រមុខ​រដ្ឋាភិបាល ដែល​ជួស​មុខ​ឲ្យ​គណបក្ស​ប្រជាជន សម្រេច​ធ្វើ​ការ​វិនិយោគ​ម៉ៅការ​ទូកដ​នេះ...»
តំណាង​អ្នក​ភូមិ​កោះថ្កូវ ឈ្មោះ សារ៉េត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មករា ថា ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ម៉ៅការ​ផ្ដាច់​មុខ​ដ​ទទឹង ពី​ឃុំ​តាជេស ទៅ​ឃុំ​កោះថ្កូវ ស្រុក​ជលគីរី នេះ មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​អ្នក​ភូមិ ព្រោះ​តារាង​តម្លៃ​ឆ្លង​ទៅ​មក​ដែល​មាន​ការ​សម្រេច​យល់​ព្រម​ពី​អាជ្ញាធរ​ ខេត្ត មាន​តម្លៃ​ទ្វេ​ដង​លើស​ទូក​ដែល​ធ្លាប់​មាន​នៅ​ពេល​កន្លង​ទៅ។
អ្នក​ភូមិ​រូប​នេះ​បាន​លើក​យក​ករណី​សិស្ស​ម្នាក់ ដែល​ត្រូវ​ឆ្លង​ទៅ​មក​ដើម្បី​ទៅ​រៀន​នោះ​ថា អ្នក​ភូមិ​ដែល​មាន​កូន​ឆ្លង​ដ​ទៅ​រៀន គឺ​ត្រូវ​ចំណាយ​លើស​សព្វ​ដង​ប្រមាណ ១០​ម៉ឺន​រៀល​ក្នុង​មួយ​ឆ្នាំ៖ «កំពង់​ដ​ចាស់​គេ​មាន​ដំណើរ​ការ​ល្អ​ហើយ បើ​ប្រៀបធៀប​បញ្ហា​សិស្ស​សាលា​នោះ គឺ​គេ​មាន​ការ​អនុគ្រោះ​ច្រើន ដោយ​ក្នុង​មួយ​ឆ្នាំ​គេ​យក​តែ​ស្រូវ ៤០​គីឡូ​ទេ នេះ​បើ​គិត​ជា​លុយ​ក្នុង​មួយ​ថ្ងៃ មិន​ដល់ ១០០​រៀល​ផង។ តែ​ដល់​អ្នក​ម៉ៅការ​ផ្ដាច់មុខ​ដ​ថ្មី​នេះ គេ​ថា មិន​យក​លុយ​កូន​សិស្ស​ទេ តែ​គេ​យក​ថ្លៃ​កង់​មួយ ថ្លៃ ៣០០​រៀល។ ដល់​អ៊ីចឹង​យើង​គិត​មើល​តើ​មួយ​ខែ​អស់​ប៉ុន្មាន ហើយ ១​ឆ្នាំ​ប៉ុន្មាន? ខ្ញុំ​ដូច​ជា​មិន​ពេញ​ចិត្ត​សោះ​ចំពោះ​បញ្ហា​នេះ...»
ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​បង្ហាញ​ថា អាជ្ញាធរ​ភូមិ​ចំនួន ១០ ក្នុង​ឃុំ​កោះថ្កូវ ព្រម​ទាំង​សាខា​គណបក្ស​ប្រជាជន​កម្ពុជា នៃ​ភូមិ​ទាំង​នោះ បាន​ធ្វើ​របាយការណ៍​ផ្ញើ​ជូន​លោក​អភិបាល​ស្រុក និង​ជា​ប្រធាន​សាខា​បក្ស​ប្រជាជន​កម្ពុជា ស្រុក​ជលគីរី ដោយ​បាន​បញ្ជាក់​ថា អ្នក​ភូមិ​បាន​ព្រមាន​ថា នឹង​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ខែ​កក្កដា ខាង​មុខ​នេះ​ទេ ប្រសិន​បើ​គណបក្ស​កាន់​អំណាច​មួយ​នេះ​មិន​ជួយ​ទប់​ស្កាត់​សកម្មភាព​មនុស្ស​ មួយ​ក្រុម ដែល​យក​ផ្លូវ និង​ផែ​បណ្ដែត​ទឹក​ជា​អំណោយ​របស់​រដ្ឋាភិបាល​ជប៉ុន សាងសង់​ជូន​ប្រជាពលរដ្ឋ​ទៅ​ប្រើប្រាស់​ទៅ​ធ្វើ​អាជីវកម្ម​បម្រើ​ផលប្រយោជន៍​ ឲ្យ​ក្រុម​របស់​ខ្លួន​នោះ។
ក៏​ដូច​ជា​អ្នក​ភូមិ​ដែរ មេ​ឃុំ​តាជេស មាន​ប្រសាសន៍​ថា លោក​មិន​គាំទ្រ​ឲ្យ​មាន​ការ​វិនិយោគ​បែប​នេះ​ទេ។ លោក​ថា លោក​កំពុង​ធ្វើ​របាយការណ៍​ស្នើ​សុំ​ឲ្យ​ថ្នាក់​លើ​ពិចារណា​ឡើង​វិញ​ក្នុង​ ការ​បញ្ឈប់​ការ​វិនិយោគ​ដែល​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​បែប​ នេះ។
លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​វិនិយោគ​នេះ៖ «ជា ​រឿង​មួយ​ដែល​ខ្ញុំ​អត់​បាន​ចូល​រួម​ទទួល​ខុស​ត្រូវ ហើយ​អត់​បាន​ដឹង ហើយ​ដល់​ថ្នាក់​លើ​ដាក់​មក​អ៊ីចឹង ឲ្យ​ខ្ញុំ​អនុវត្ត ខ្ញុំ​ដូច​ជា​មិន​យល់​ថា​ហេតុ​អី។ ខ្ញុំ​នៅ​ជាប់​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ខ្ញុំ​ដឹង​ពី​សុខ​ទុក្ខ​ពួកគាត់។ ឯ​អ្នក​មក​ពី​ខាង​ក្រៅ​មិន​បាន​ដឹង ហើយ​ស្រាប់​តែ​ធ្វើ​ដោយ​ពុំ​មាន​ការ​ពិភាក្សា​ជាមួយ​ខ្ញុំ​ជា​អាជ្ញាធរ។ ឥឡូវ​មាន​បញ្ហា​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ អ៊ីចឹង​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​បាន​ត្រឹម​តែ​រាយការណ៍​ទៅ​លើ​ឲ្យ​ពិចារណា​ ឡើង​វិញ...»
ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ មេ​ឃុំ​សែប ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង គឺ​លោក សុខ សៀ មាន​ប្រសាសន៍​ថា មនុស្ស​មួយ​ក្រុម​នេះ​កំពុង​ចង់​កេង​ចំណេញ​លើ​ជំនួយ​ដែល​បរទេស​ជួយ​ ប្រជាពលរដ្ឋ​ខ្មែរ៖ «ខ្ញុំ​ថា មិន​គួរ​ធ្វើ​ដូច្នេះ​ទេ វា​មិន​សមរម្យ​ទេ​ធ្វើ​អ៊ីចឹង។ ខ្ញុំ​អាណិត​ប្រជាពលរដ្ឋ​ណាស់។ ខ្ញុំ​នឹង​ពិចារណា​ក្នុង​ក្រុមប្រឹក្សា​ឃុំ​ដើម្បី​ឆ្លើយ​តប ប៉ុន្តែ​សម្រាប់​គំនិត​ខ្ញុំ​ផ្ទាល់ គឺ​ខ្ញុំ​មិន​ពេញ​ចិត្ត​ឲ្យ​ធ្វើ​ដូច្នេះ​ទេ...»
កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១១ លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​លិខិត​មួយ​មក​សាលា​ខេត្ត​កំពង់ឆ្នាំង ឲ្យ​ពិនិត្យ​សំណើ​សុំ​បង្កើត​សហគមន៍​ទូកដ​ទទឹង​ពី​ឃុំ​សែប និង​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ទៅ​កាន់​ឃុំ​កោះថ្កូវ ក្នុង​ស្រុក​ជលគីរី របស់​ឈ្មោះ អេង គា ទូច លីម ហុក ហៃខាន់ សុខ និង​ឈ្មោះ ច្រិច ណេត ដែល​សុំ​ធ្វើ​អាជីវកម្ម​រយៈពេល ១០​ឆ្នាំ។
នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១២ អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ទូច ម៉ារីម បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ដោយ​ផ្ដល់​សិទ្ធិ​ឲ្យ​អភិបាល​ស្រុក​កំពង់ត្រឡាច គឺ​លោក ហ៊ុល ច័ន្ទថូ និង​លោក យិន សាវ៉េន អភិបាល​ស្រុក​ជលគីរី ធ្វើ​ជា​តំណាង​ឲ្យ​លោក​ស្ដីពី​ការ​វិនិយោគ​សាងសង់​កំពង់ដ​ទទឹង ឃុំ​សែប និង​ឃុំ​តាជេស ទៅ​កាន់​ឃុំ​កោះថ្កូវ​នេះ។
សេចក្ដី​សម្រេច​នេះ​បាន​ក្លាយ​ជា​ក្ដី​កង្វល់​សម្រាប់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់។ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជ្ញាធរ​ឃុំ​ដែល​ចាត់ ​ទុក​ការ​វិនិយោគ​នេះ​ថា ជា​ការ​ដាក់​បន្ទុក​បន្ថែម និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក និង​ធ្លាក់​ក្នុង​ភាព​ក្រីក្រ។ ទាំង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ដែនដី​សំណូមពរ​រាជរដ្ឋាភិបាល​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ ឆ្លង​ទៅ​មក​ដូច​ធម្មតា ដោយ​ពុំ​ចាំបាច់​មាន​អ្នក​ម៉ៅការ​ផ្ដាច់មុខ​នោះ​ទេ។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​អាជ្ញាធរ​ខេត្ត និង​ស្ថាន​ឯកអគ្គរាជទូត​ជប៉ុន ជុំវិញ​បញ្ហា​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​៥ មករា ឆ្នាំ​២០១៣។
យ៉ាង​នេះ​ក្ដី អភិបាល​រង​ទទួល​បន្ទុក​សេដ្ឋកិច្ច និង​ការ​វិនិយោគ​ខេត្ត​កំពង់ឆ្នាំង លោក អ៊ុន សំអុល ធ្លាប់​មាន​ប្រសាសន៍​ថា លោក​រង់ចាំ​របាយការណ៍​របស់​អាជ្ញាធរ​ឃុំ និង​ស្រុក។
លោក​ថា លោក​នឹង​ពិនិត្យ​ពី​ការ​វិនិយោគ​នេះ​ឡើង​វិញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ៖ «ឥឡូវ ​ខ្ញុំ​ឲ្យ​ខាង​ស្រុក និង​មន្ទីរ​ជំនាញ​ពិនិត្យ​មើល។ ទោះ​បី​ថា គាត់​មាន​ច្បាប់​អនុញ្ញាត​ក៏​ដោយ ក៏​ខ្ញុំ​ត្រូវ​ពិនិត្យ​ឡើង​វិញ​ពី​តម្លៃ​នៃ​សៀវភៅ​បន្ទុក​មិន​មែន​អ្នក​ ម៉ៅការ​ដេញ​ថ្លៃ​បាន ចេះ​តែ​យក​តម្លៃ​ស្រេច​តែ​ចិត្ត​នោះ​ទេ...»
ប្រភព​ពី​អាជ្ញាធរ​ឃុំ​តាជេស បាន​ឲ្យ​ដឹង​ថា កំពង់​ចម្លង​ដ​ទទឹង ឃុំ​តាជេស នេះ ជា​ជំនួយ​របស់​ស្ថានទូត​ជប៉ុន បាន​ជួយ​សាងសង់​ចំណាយ​អស់​ប្រាក់​ជាង ១០​ម៉ឺន​ដុល្លារ និង​បាន​សាង​សង់​រួច​រាល់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ៕

No comments: