A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 3 January 2013

People and civil society lost confidence in the judicial system ពលរដ្ឋ​និង​សង្គម​ស៊ីវិល​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា


http://www.youtube.com/watch?v=4QjDMyAuSPQ  

ដោយ កែវ និមល 2013-01-02 RFA

ជំនឿ​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​ចៅក្រម និង​មន្ត្រី​តុលាការ​កម្ពុជា កំពុង​បាត់​បង់។ ចំណែក​កេរ្តិ៍​ឈ្មោះ​តុលាការ​កាន់​តែ​ចុះ​ថយ​ខ្លាំង ដោយ​សារ​ការ​កាត់​ទោស​មួយ​ចំនួន​មិន​ត្រឹមត្រូវ​នៅ​ចុង​ឆ្នាំ​២០១២ កន្លង​មក​នេះ។

RFA/Sok Serey
ស្លាក​សាលាដំបូង​រាជធានី​ភ្នំពេញ
តើ​ការ​កាត់​ទោស និង​ការ​សម្រេច​ក្ដី​នោះ​មាន​អ្វី​ខ្លះ បាន​ជា​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​តុលាការ​ខ្លាំង​ម្ល៉េះ?
ប្រជាពលរដ្ឋ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស មាន​ប្រតិកម្ម និង​តវ៉ា​ជា​ខ្លាំង​ចំពោះ​ករណី​កាត់​ទោស​របស់​ចៅក្រម​តុលាការ ទៅ​លើ​រឿង​ក្តី​មួយ​ចំនួន​នៅ​ចុង​ឆ្នាំ​២០១២ នេះ ដោយ​សារ​គេ​យល់​ឃើញ​ថា​ការ​កាត់​ទោស​នោះ​មាន​ភាព​អយុត្តិធម៌​ច្បាស់​ក្រឡែត។
រឿង​ក្តី​ដែល​ប្រជាពលរដ្ឋ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ចាប់​អារម្មណ៍​នោះ គឺ​ទី១ ការ​សម្រេច​សេចក្តី​របស់​ចៅក្រម​សាលា​ឧទ្ធរណ៍ ឲ្យ​ឈ្មោះ ប៊ន សំណាង និង​សុក សំអឿន ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ​ឡើង​វិញ ក្រោយ​ពី​ចៅក្រម​តុលាការ​កំពូល​បាន​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​ អាសន្ន​អស់​ពេល​ជិត ៤​ឆ្នាំ​មក។
រឿង​ទី២ ដែល​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា​មាន​ភាព​អយុត្តិធម៌​ច្បាស់​ក្រឡែត​នោះ គឺ​ការ​សម្រេច​របស់​ព្រះរាជ​អាជ្ញា​ខេត្ត​ស្វាយរៀង លើក​លែង​មិន​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ពី​បទ​បាន​បាញ់​ធ្វើ​ឲ្យ​រង​របួស​កម្មការិនី​ចំនួន ៣​នាក់ ក្នុង​ពេល​មាន​បាតុកម្ម​តវ៉ា​មួយ​នៅ​រោងចក្រ​កាត់​ដេរ​កៅវ៉េ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ខេត្ត​ស្វាយរៀង។
រឿង​ក្តី​ទី៣ ដែល​ប្រជាពលរដ្ឋ​ចោទ​ថា​តុលាការ​សម្រេច​សេចក្តី​មិន​ត្រឹមត្រូវ​នោះ គឺ​ទាក់​ទង​ជាមួយ​ការ​កាត់​ទោស​ឲ្យ​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ការពារ​ដី​នៅ​តំបន់​បឹងកក់ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​មួយ​ចំនួន។
និង​រឿង​ទី៤ គឺ​រឿង​តុលាការ​កាត់​ទោស​ឲ្យ​លោក ម៉ម សូណង់ដូ ជាប់​ពន្ធនាគារ ២០​ឆ្នាំ ពី​បទ​ចូល​រួម​បង្កើត​តំបន់​អបគមន៍ នៅ​ខេត្ត​ក្រចេះ។ សំណុំ​រឿង​លោក ម៉ម សូណង់ដូ នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​យល់​ថា​ជា​រឿង​នយោបាយ និង​ជា​ការ​ចោទ​ប្រកាន់​ទាំង​បំពាន ពីព្រោះ​គេ​ជឿ​ថា លោក ម៉ម សូណង់ដូ មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។
លោក ជា មុន្នី ជា​ដើម​បណ្តឹង​ទាក់​ទង​រឿង​ឃាតក​បាញ់​សម្លាប់​បង​ប្រុស​របស់​លោក ឈ្មោះ ជា វិជ្ជា នោះ បាន​ហៅ​ការ​កាត់​ទោស​ឲ្យ​លោក ប៊ន សំណាង និង​សុក សំអឿន ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ​ឡើង​វិញ​នោះ ថា​ជា​រឿង​មិន​ត្រឹមត្រូវ ហើយ​លោក​បាន​សុំ​ដក​ពាក្យ​ប្ដឹង​រឿង​ឃាតក​បាញ់​សម្លាប់​បង​ប្រុស​របស់​លោក​ ចេញ និង​សុំ​ឲ្យ​តុលាការ​ដោះ​លែង​មនុស្ស​ទាំង ២​នាក់​នោះ​ទៅ៖ «បច្ចុប្បន្ន ​នេះ យើង​ដឹង​ហើយ​ថា មាន​ភាព​លំអៀង​មិន​អាច​ទទួល​យក​បាន។ អីចឹង​ហើយ​បាន​ជា​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ តែង​តែ​ចាត់​ទុក​ថា តុលាការ​នេះ​នៅ​ក្រោម​គណបក្ស​កាន់​អំណាច។ សម្រាប់​ខ្ញុំ គឺ​មើល​ឃើញ​អីចឹង​តែ​ម្តង ពីព្រោះ​មាន​ករណី​ជាច្រើន​ដែល​ទាក់​ទង​ការ​កាត់​ក្តី​របស់​តុលាការ​នេះ គឺ​មិន​សំអាង​ទៅ​លើ​ភស្តុតាង និង​វិជ្ជាជីវៈ​មក​ប្រើប្រាស់​ទេ»
ចំណែក​លោក អំ សំអាត អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) មាន​ប្រសាសន៍​ថា ការ​កាត់​ទោស​មិន​បាន​ត្រឹមត្រូវ គឺ​បង្ហាញ​ថា​ចៅក្រម​តុលាការ​នោះ​មិន​ឯករាជ កាត់​ក្តី​លំអៀង ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ជំនឿ​លើ​តុលាការ៖ «សាធារណជន និង​សាធារណ​មតិ​យល់​ថា តុលាការ​យើង​មិន​ឯករាជ​ទេ។ យើង​ឃើញ​ថា ប្រព័ន្ធ​តុលាការ​នេះ​កំពុង​ធ្លាក់​ចុះ ក្នុង​ការ​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​នោះ»
លោក អំ សំអាត បាន​បន្ថែម​ថា ដោយ​សារ​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​ការ​កាត់​ទោស​នេះ​ហើយ បាន​ជា​នៅ​កន្លែង​ខ្លះ​ប្រជាពលរដ្ឋ​បាន​ងាក​ទៅ​រក​ជំនឿ​អ​រូបិយ និង​ព្រះអាទិទេព ឲ្យ​ជួយ​ផ្តល់​យុត្តិធម៌​ឲ្យ​ពួក​គាត់ និង​ដាក់​ទំនាយ​ទៅ​ដល់​ចៅក្រម​តុលាការ​ដែល​កាត់​ក្តី​អយុត្តិធម៌៖ «ថ្មីៗ ​នេះ មាន​សហគមន៍​មួយ​ចំនួន​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ។ គាត់​ងាក​ទៅ​រក​ការ​បួង​សួង ការ​ដាក់​បណ្ដាសា ដើម្បី​ដាស់​ស្មារតី​ឲ្យ​បុគ្គល​មួយ​ចំនួន​ងាក​មក​ប្រកាន់​តាម​វិជ្ជាជីវៈ​ វិញ»
លោក អំ សំអាត មាន​យោបល់​ថា បើ​សិន​ជា​ប្រជាពលរដ្ឋ​មាន​ជម្លោះ ឬ​មាន​បញ្ហា ហើយ​ទៅ​រក​ចៅក្រម​តុលាការ​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​មិន​បាន​នោះ ពេល​នោះ​ពួក​គេ​ច្បាស់​ជា​ដោះស្រាយ​ជម្លោះ​តាម​របៀប​ផ្ទាល់​ខ្លួន​ជា​មិន​ ខាន។ ការ​ដោះស្រាយ​ជម្លោះ​តាម​របៀប​ផ្ទាល់​ខ្លួន​នេះ អាច​នាំ​ទៅ​រក​ការ​បដិវត្ត​ប្ដូរ​ការ​គ្រប់គ្រង​សង្គម​ទៀត​ផង។
រីឯ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​យោបល់​ថា ការ​កាត់​ទោស​ដោយ​មិន​ផ្អែក​លើ​ភស្តុតាង​ច្បាស់​លាស់​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​ការ​កាត់​ទោស​គ្មាន​យុត្តិធម៌ ហើយ​រឿង​នេះ​កំពុង​តែ​រីក​រាល​ដាល មិន​គ្រាន់​តែ​ប៉ះ​ទៅ​លើ​ប្រជាពលរដ្ឋ​តូច​តាច​ប៉ុណ្ណោះ​ទេ តែ​ប៉ះ​ទៅ​លើ​អ្នក​រក​ស៊ី និង​មន្ត្រី​រាជការ​ផង​ដែរ។
លោក អ៊ូ វីរៈ បាន​លើក​ឡើង​ថា សង្គម​មួយ​ដែល​ប្រព័ន្ធ​ច្បាប់ និង​តុលាការ​មិន​បាន​ផ្តល់​យុត្តិធម៌​ឲ្យ​គូ​ជម្លោះ​នោះ មុខ​ជា​ភាគី​ជម្លោះ​និមួយៗ​ប្រើ​កម្លាំង និង​អំពើ​ហិង្សា​ដាក់​គ្នា​ជា​មិន​ខាន ដើម្បី​យក​ឈ្នះ​រៀង​ខ្លួន៖ «នៅ​ ពេល​ប្រទេស​មួយ​មាន​ប្រព័ន្ធ​ដោះស្រាយ​ជម្លោះ​មិន​អាច​ទុក​ចិត្ត​បាន ដោះស្រាយ​បាន​ត្រឹមត្រូវ​នោះ គេ​ទុក​ចិត្ត​បាន មាន​ន័យ​ថា ប្រទេស​នោះ​ពោរពេញ​ដោយ​ជម្លោះ និង​ហិង្សា។ ហើយ​សង្គម​បែប​នេះ ងាយ​ឈ្លោះ​គ្នា​ណាស់ ជាក់ស្តែង​យើង​ឃើញ​ម៉ូតូ​បុក​គ្នា គេ​ឈ្លោះ​គ្នា​សិន»
លោក អ៊ូ វីរៈ យល់​ថា ការ​ពង្រឹង​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​ជា​ការ​ចាំ​បាច់ ហើយ​ភារកិច្ច​នោះ​ជា​ភារកិច្ច​របស់​ប្រជាពលរដ្ឋ និង​សមាជិក​សភា​តំណាង​ប្រជាពលរដ្ឋ ដែល​ត្រូវ​បង្កើត​ច្បាប់​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​កែ​តម្រង់​ឲ្យ​ចៅក្រម​តុលាការ​ធ្វើ​ការ​កាត់​សេចក្តី​ឲ្យ​បាន​ ត្រឹមត្រូវ កុំ​លំអៀង។
ប្រតិកម្ម​តប​ចំពោះ​ការ​លើក​ឡើង​ថា ការ​កាត់​ទោស​មួយ​ចំនួន​នៅ​ចុង​ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​យល់​ថា​មិន​យុត្តិធម៌ ត្រឹមត្រូវ​នោះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កំពុង​តែ​ពិនិត្យ​ពី​ការ​កែ​ទម្រង់ និង​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ហើយ​ការ​កាត់​ទោស​ណា​ដែល​មិន​ត្រឹមត្រូវ​នោះ តែង​តែ​មាន​ប្រតិកម្ម​តប ដូច​ជា​ករណី​លោក ឈូក បណ្ឌិត នោះ គឺ​អគ្គព្រះរាជអាជ្ញា​សាលា​ឧទ្ធរណ៍ ក៏​បាន​ប្ដឹង​ដើម្បី​យក​រឿង​នោះ​មក​ពិនិត្យ​ឡើង​វិញ​ហើយ។
លោក ផៃ ស៊ីផាន៖ «ការ​វិនិច្ឆ័យ​របស់​ប្រជាពលរដ្ឋ​នេះ វា​ជា​ការ​ចាប់​អារម្មណ៍​ខ្ពស់​របស់​ប្រជាពលរដ្ឋ​ទៅ​លើ​តុលាការ​របស់​ខ្លួន។ ហើយ​នៅ​ខាង​ជ្រុង​រដ្ឋាភិបាល យើង​បាន​ពង្រឹង​បន្ថែម​ទៀត ដូច​ជា​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌។ ហើយ​កាល​ណា​គេ​មើល​ឃើញ​ថា​មិន​ប្រក្រតី​ទេ គេ​មាន​នីតិវិធី​ជាច្រើន ដើម្បី​បន្ត​ទៀត ដូច​ជា​ថ្មីៗ​នេះ ប្រតិកម្ម​របស់​តុលាការ​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​សេចក្តី​របស់​តុលាការ​ ស្វាយរៀង ជាដើម»
លោក ផៃ ស៊ីផាន បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​មជ្ឈដ្ឋាន​នានា​ថា ចៅក្រម​តុលាការ​នៅ​ក្រោម​អំណាច​ឥទ្ធិពល​របស់​គណបក្ស​កាន់​អំណាច ហើយ​លោក​កោត​សរសើរ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​មួយ​ចំនួន ក្នុង​ការ​កែ​ទម្រង់​តុលាការ​នៅ​កម្ពុជា ដោយ​បង្កើត​ឲ្យ​មាន​ច្បាប់​ស្ដីពី​វត្ថុ​តាង​ជាដើម។ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា វិស័យ​តុលាការ ជា​អង្គការ​មាន​អំណាច​មួយ​ដោយ​ឡែក​មិន​នៅ​ចំណុះ​រដ្ឋាភិបាល​ទេ។ តែ​លោក​បាន​ទទួល​ស្គាល់​ថា វិស័យ​តុលាការ​របស់​កម្ពុជា នៅ​មាន​ចំណុច​មួយ​ចំនួន​ត្រូវ​បំពេញ​បន្ថែម​ទៀត៕

No comments: