កម្មករខ្មែរច្រើនរយនាក់ ដែលថៅកែថៃ លក់បន្តទៅឲ្យថៅកែ
ទូកនេសាទប្រទេសឥណ្ឌូនេស៊ី
ត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី
ជួយសង្គ្រោះពីការឃុំឃាំងបង្ខំឲ្យធ្វើការនេសាទបានមួយចំនួនហើយ។
ពលករខ្មែរដែលត្រូវបានគេជួយសង្គ្រោះពី
ប្រទេសឥណ្ឌូនេស៊ី មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃ១២
ខែធ្នូ ឆ្នាំ២០១១។ Cambodian trafficked workers rescued from Indonesian fishing boats arrived at Phnom Penh Airport on 12 December 2011.
ការជួយសង្គ្រោះនេះ
បានធ្វើឡើងបន្ទាប់ពីកម្មករខ្មែរដែលកំពុងជាប់ឃុំឃាំងក្នុងទូក
នេសាទ
បានទូរស័ព្ទទាក់ទងទៅមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេស
ឥណ្ឌូនេស៊ី។
មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី សុំមិនបញ្ចេញឈ្មោះ
បានអះអាងតាមទូរស័ព្ទពីប្រទេសឥណ្ដូនេស៊ី នៅថ្ងៃទី២៧ ខែធ្នូ
ឆ្នាំ២០១២ ថា ស្ថានទូតបានជួយរំដោះកម្មករខ្មែរជាង ១៥០នាក់
ដែលថៅកែថៃ លក់ឲ្យថៅកែឥណ្ឌូនេស៊ី
ដើម្បីបង្ខំឲ្យពួកគេធ្វើការនេសាទនៅតាមសមុទ្រ។
លោកថា កាលពីថ្ងៃទី២៤ ខែធ្នូ
កម្មករខ្មែរបានទាក់ទងតាមទូរស័ព្ទពីកន្លែងឃុំខ្លួននៅក្នុងទូក
នៃកោះដាច់ស្រយាលមួយរបស់ប្រទេសឥណ្ឌូនេស៊ី
ទៅស្ថានទូតខ្មែរនៅប្រទេសឥណ្ឌូនេស៊ី ដើម្បីជួយពួកគេ។
ស្ថានទូតបានទាក់ទងអង្គការ អាយ.អូ.អ៊ឹម (IOM)
និងអង្គការអន្តោប្រវេសន៍នៃប្រទេសឥណ្ឌូនេស៊ី ដើម្បីជួយពួកគេ។
នៅរសៀលថ្ងៃទី២៥ ខែធ្នូ
មន្ត្រីស្ថានទូតបានធ្វើដំណើរទៅកាន់ទីនោះជាមួយអង្គការទាំងនោះ
ទើបថៅកែទូកព្រមដោះលែងកម្មករខ្មែរចំនួន ១១នាក់។ លោកថា
កាលពីមុនថ្ងៃទី២៤ ខែធ្នូ ស្ថានទូតខ្មែរបានរំដោះកម្មករ ៩នាក់ដែរ។
លោកថា
សរុបកម្មករដែលស្ថានទូតខ្មែរបានជួយដោះលែងពីការជួញដូរនោះ
ពីចុងឆ្នាំ២០១១ មកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ មានចំនួនជាង
១០០នាក់ហើយ៖ «សង្គ្រោះពួកគាត់បាននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២
ចំនួន ១១នាក់ បានជួយចេញពីដាំបូន រួចហើយ។ ឥឡូវហ្នឹង
យើងយកពួកគាត់យកមកនៅកន្លែងមានសុវត្ថិភាពនៃមណ្ឌលអន្តោប្រវេសន៍
ឥណ្ឌូនេស៊ី»។
កាលពីថ្ងៃទី២៥ ខែធ្នូ
ម្តាយកម្មករចំណាកស្រុកពីភូមិស្នំប្រាំពីរ ឃុំមាក់ប្រាង ស្រុកទឹកឈូ
ខេត្តកំពត អ្នកស្រី រត្ថ ធារី ថ្លែងថា កូនគាត់ឈ្មោះ កឹម ណៃ
និងបុរសម្នាក់ទៀតឈ្មោះ ប្រុស បានទៅធ្វើកម្មករនៅប្រទេសថៃ
កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២។ នៅថ្ងៃទី២៣ ខែធ្នូ
កូនគាត់បានទូរស័ព្ទមកថា ថៅកែថៃ
បានលក់ពួកគាត់ទៅឲ្យថៅកែទូកនេសាទប្រទេសឥណ្ឌូនេស៊ី
តាំងពីថ្ងៃទី១១ ខែធ្នូ មាន ១០នាក់។ ថៅកែឥណ្ឌូនេស៊ី
បានវាយកម្មករខ្មែរ ៣នាក់ទម្លាក់ទឹកសមុទ្រ មិនដឹងស្លាប់ ឬរស់ទេ។
ទើបកូនគាត់ភ័យ ទាក់ទងមកក្រុមគ្រួសារ
និងស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី
ឲ្យជួយកម្មករខ្មែរចេញពីការឃុំឃាំងក្នុងទូកនេសាទរបស់ប្រទេស
ឥណ្ឌូនេស៊ី នោះ។ នៅថ្ងៃអង្គារ ទី២៥ ខែធ្នូ
កូនគាត់ប្រាប់តាមទូរស័ព្ទមកថា
មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី
កំពុងសុំទៅរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី
ឲ្យជួយក្រុមកម្មករកំពុងជាប់ឃុំក្នុងទូកនោះហើយ។
អ្នកស្រីថា អ្នកជាប់ឃុំក្នុងទូកនៅប្រទេសឥណ្ឌូនេស៊ី នោះ
នៅសល់តែ ៧នាក់ទៀតទេ ក្នុងនោះមានកម្មករ ២នាក់ ពីខេត្តកំពត
៤នាក់ពីខេត្តក្រចេះ និងម្នាក់ទៀតជាអនីតិជនអាយុក្រោម ១៦ឆ្នាំ
មិនដឹងមកពីខេត្តណា។ នៅថ្ងៃទី២៧ ខែធ្នូ អ្នកស្រី រត្ថ ធារី ថ្លែងថា
កូនគាត់កំពុងតែនៅក្នុងស្ថានទូតខ្មែរប្រចាំនៅប្រទេសឥណ្ឌូនេស៊ី
និងត្រៀមបញ្ជូនកម្មករទាំងនោះមកប្រទេសកម្ពុជា វិញ៖ «ឥឡូវយកមកបាន ១១នាក់ហើយ។ ប៉ុន្តែវានោះ គាត់អត់ទាន់បានបញ្ជូនមកទេ ល្មមគាត់ធ្វើឯកសារហើយ បានគាត់បានបញ្ជូនមក»។
ប្រធានកម្មវិធីស្ត្រី និងកុមារនៃសមាគមការពារសិទ្ធិមនុស្សអាដហុក
(Adhoc) អ្នកស្រី ស ចំរុង ឲ្យដឹងថា ១០ខែឆ្នាំ២០១២
សមាគមនេះបានទទួលពាក្យបណ្ដឹងក្រុមគ្រួសារចំណាកស្រុកខុសច្បាប់
និងស្របច្បាប់ ចំនួន ៣៥៩ករណី ទាក់ទងការរំលោភសិទ្ធិមនុស្សឆ្លងដែន។
ក្រុមការងារបានសហការជាមួយរដ្ឋាភិបាលកម្ពុជា ស្ថានទូតនានា
និងអង្គការដៃគូក្នុង និងក្រៅប្រទេស
ដើម្បីជួយដល់កម្មករដែលរងនូវការជួញដូរពលកម្មបន្តគ្នាពីប្រទេស
មួយទៅប្រទេសមួយទាំងនោះបានមកវិញ៕
No comments:
Post a Comment