ដោយ ដែន អយុធ្យា 2012-12-15 RFA
អ្នកវិភាគស្ថានការណ៍នយោបាយ និងសង្គមស៊ីវិលមួយចំនួន
បានបញ្ចេញទស្សនៈជុំវិញបញ្ហាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បដិសេធមិនជួបលោក សុរិយា ស៊ូប៊ែឌី (Surya Subedi)
តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកវិភាគលើកឡើងថា ប្រមុខដឹកនាំគួរទទួលជួបលោក សុរិយា ស៊ូប៊ែឌី
ដើម្បីជជែកគ្នាឲ្យដឹងខុសដឹងត្រូវ ជាជាងគេចមិនហ៊ានជួបមុខ
ហើយវាយប្រហារក្រោយខ្នង។
ការដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនព្រមបើកឱកាសឲ្យលោក
សុរិយា ស៊ូប៊ែឌី ចូលជួបពិភាក្សានេះ នាំឲ្យអ្នកវិភាគស្ថានការណ៍សង្គម
និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលខ្លះរិះគន់ចំពោះបញ្ហានេះ។
ពួកគាត់ថ្លែងថា
ប្រមុខរដ្ឋាភិបាលខ្មែរមិនគួរមិនទទួលជួបតំណាងពិសេសរបស់អង្គការ
សហប្រជាជាតិនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២
បានថ្លែងជាសាធារណៈថា
លោកគ្មានកាតព្វកិច្ចណាមួយដែលត្រូវទទួលជួបលោក សុរិយា ស៊ូប៊ែឌី
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
នៅកម្ពុជា នោះទេ ព្រោះថាកម្ពុជា ជារដ្ឋមានអធិបតេយ្យពេញលេញ
ដែលមិនចាំបាច់ស្តាប់ការណែនាំពីជនបរទេសនោះឡើយ។
លោកបណ្ឌិត សុខ ទូច អ្នកវិភាគស្ថានការណ៍សង្គម
បង្ហាញទស្សនៈផ្ទាល់ខ្លួនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក
សុរិយា ស៊ូប៊ែឌី គួរមានឱកាសជួបពិភាក្សា
និងលើកយកបញ្ហាខ្វែងគំនិតគ្នាមួយចំនួនកន្លងមកដើម្បីដោះស្រាយ។
លោកថា ការខ្វែងគំនិត ឬមិនយល់ស្របគ្នាលើបញ្ហាអ្វីមួយ
គួរជួបពិភាក្សាគ្នារកដំណោះស្រាយ ជាជាងគេចមុខគ្នា
ហើយបើគេចមុខគ្នា មិនអាចដោះស្រាយបានទេ។
មិនខុសគ្នាទេ សម្រាប់លោក អ៊ូ វីរៈ
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
ក៏សោកស្ដាយដែលប្រមុខរដ្ឋាភិបាលខ្មែរគ្មានសេចក្តីក្លាហាន
និងមិនហ៊ានជួបមុខតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
នៅកម្ពុជា ពេលនេះ។ លោកថា ការដែលប្រមុខដឹកនាំមិនទទួលជួបលោក
សុរិយា ស៊ូប៊ែឌី បង្ហាញឲ្យឃើញពីភាពអាម៉ាស់របស់រដ្ឋាភិបាលកម្ពុជា
នៅលើឆាកអន្តរជាតិ។ លោកបញ្ជាក់ថា
ទំនាស់កើតឡើងបើភាគីទំនាស់មិនចូលខ្លួនមកដោះស្រាយរួមគ្នាទេ
បញ្ហាដែលកើតមានជាមួយគ្នានឹងមិនអាចដំណោះស្រាយបានទេ។
ការគេចវេសលើបញ្ហាអ្វីមួយ
ជាការមិនទទួលខុសត្រូវរបស់គូភាគីទំនាស់
ហើយទំនាស់ក៏មិនអាចដោះស្រាយបានដែរ។
ចំណែកលោក ធន សារ៉ាយ ប្រធានអង្គការការពារសិទ្ធិមនុស្សអាដហុក
(Adhoc) មានប្រសាសន៍ថា
ការខ្វែងគំនិតគ្នារវាងប្រមុខដឹកនាំរដ្ឋាភិបាល និងលោក សុរិយា
ស៊ូប៊ែឌី
អាចជាដើមហេតុនាំឲ្យលោកនាយករដ្ឋមន្ត្រីមិនចង់ជួបមន្ត្រីអង្គការ
សហប្រជាជាតិរូបនេះ។ ប៉ុន្តែលោកមានជំនឿថា ថ្ងៃខាងមុខ
ប្រមុខដឹកនាំរដ្ឋាភិបាលអាចមានជំហរផ្សេង ឬក៏អាចទទួលជួបលោក សុរិយា
ស៊ូប៊ែឌី ក៏ថាបាន។ លោក ធន សារ៉ាយ
បានចាត់ទុកវត្តមានរបស់មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ
លោក ស៊ូប៊ែឌី មកកម្ពុជា
គឺដើម្បីជួយបំពេញនូវចំណុចខ្វះខាតដែលរដ្ឋាភិបាលកម្ពុជា
អនុវត្តមិនទាន់មានប្រសិទ្ធភាពនៅលើវិស័យមួយចំនួន
ប៉ុន្តែបើប្រមុខដឹកនាំបដិសេធជំនួបរបស់គាត់
នឹងអាចនាំឲ្យរដ្ឋាភិបាលខាតប្រយោជន៍ទៅវិញទេ។
ចំណែកលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ យល់ឃើញថា
ការដែលលោកនាយករដ្ឋមន្ត្រីគេចមិនហ៊ានជួបមុខតំណាងពិសេសអង្គការ
សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នាំឲ្យកម្ពុជា
បាត់បង់កិត្តិយស។ លោកថា រដ្ឋាភិបាលកម្ពុជា
គួរផ្សារភ្ជាប់ទំនាក់ទំនងជាមួយអន្តរជាតិឲ្យបានច្រើន
ជាជាងគេចមិនជួបមុខ ឬមិនទទួលខុសត្រូវចំពោះកំហុសឆ្គងរបស់ខ្លួន។
លោកព្រមានថា
មេដឹកនាំខ្មែរមិនគួរគេចមិនទទួលខុសត្រូវរាល់ការទិតៀន
ឬមិនទទួលយកអនុសាសន៍របស់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
យកមកកែលំអនោះទេ។
យ៉ាងនេះក្តី លោកបណ្ឌិត សុខ ទូច ដែលជានាយកសាកលវិទ្យាល័យខេមរៈ
ផងនោះ បង្ហាញទស្សនៈផ្ទាល់ខ្លួនថា បើប្រមុខដឹកនាំអនុញ្ញាតឲ្យលោក
សុរិយា ស៊ូប៊ែឌី ចូលជួប រាល់បញ្ហាដែលកើតមាន
ឬរាល់ការចោទប្រកាន់នានាកន្លងមកនឹងអាចដោះស្រាយបាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យកម្ពុជា
នៅវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី១៣ ខែធ្នូ
លោកបានប្រកាសជាសាធារណៈថា
លោកគ្មានកាតព្វកិច្ចណាមួយដែលត្រូវជួបជាមួយអ្នករាយការណ៍ពិសេស
របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺលោក
សុរិយា ស៊ូប៊ែឌី នោះទេ។ លោកថា កម្ពុជា
ជារដ្ឋមានអធិបតេយ្យពេញលេញដែលមិនចាំបាច់ស្តាប់ការណែនាំពីជន
បរទេសនោះទេ។
ការបដិសេធរបស់ប្រមុខដឹកនាំ ធ្វើឡើងស្របពេលលោក សុរិយា ស៊ូប៊ែឌី
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅ
កម្ពុជា កំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា
ហើយព្យាយាមជួបរូបលោក
ដើម្បីពិភាក្សាឈានទៅរកការកែលំអស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា
តម្រូវឲ្យលោកទទួលខុសត្រូវតែចំពោះមុខរដ្ឋសភា និងប្រជាជនកម្ពុជា
តែប៉ុណ្ណោះ។ លោកថា
ការដែលរូបលោកសម្រេចមិនជួបបេសកជនពិសេសរបស់អង្គការសហប្រជាជាតិរូប
នេះ គឺលោកចង់ព្រមានថា កម្ពុជា ជារដ្ឋឯករាជមួយ។
លោក សុរិយា ស៊ូប៊ែឌី
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
នៅកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៥ថ្ងៃ
គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ធ្នូ ២០១២។ នេះជាលើកទី៨ ហើយ ដែលលោក
សុរិយា ស៊ូប៊ែឌី បានធ្វើទស្សនកិច្ចមកប្រទេសកម្ពុជា។ លោក សុរិយា
ស៊ូប៊ែឌី មានប្រសាសន៍បញ្ជាក់ថា
លោកបានចងក្រងរបាយការណ៍វិភាគម៉ត់ចត់ចំនួន៤ ដែលមានខ្លឹមសារ
និងសារសំខាន់ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
និងឧបសគ្គទាំងឡាយដែលប្រទេសកម្ពុជា កំពុងប្រឈមក្នុងបំណងលើកស្ទួយ
និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ។
លោកបានធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នកធ្វើការសម្រាប់សង្គម
កម្ពុជា ទាំងអស់ រួមមានសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។
លោក សុរិយា ស៊ូប៊ែឌី មានប្រសាសន៍បន្ថែមតាមសារអេឡិចត្រូនិកថា៖ «ខ្ញុំ
គ្មានចេតនាណាមួយដើម្បីចាប់បង្ខំអោយរដ្ឋាភិបាលកម្ពុជា
ទទួលយកសំណើ ឬអនុសាសន៍របស់ខ្ញុំឡើយ។
កិច្ចការដែលខ្ញុំកំពុងព្យាយាមធ្វើទាំងអស់នេះ
គឺជាផ្នែកមួយនៃកិច្ចការរបស់ខ្ញុំ
ក្នុងនាមតំណាងអោយអង្គការសហប្រជាជាតិ
ដើម្បីផ្តល់ឱវាទដល់រដ្ឋាភិបាលដែលមានកាតព្វកិច្ចក្រោមច្បាប់
អន្តរជាតិ។ ជាមួយគ្នានោះដែរ
ក្នុងនាមជាអ្នកជំនាញឯករាជរបស់អង្គការសហប្រជាជាតិម្នាក់
ខ្ញុំផ្តល់យោបល់ដើម្បីភាពរីកចម្រើនទៅមុខ។
ខ្ញុំមានការគោរពយ៉ាងពេញលេញចំពោះអធិបតីភាពរបស់ប្រទេសកម្ពុជា
និងរដ្ឋាភិបាលប្រទេសនេះ»។
កាលពីថ្ងៃទី១០ ខែធ្នូ ជាថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ លោក
សុរិយា ស៊ូប៊ែឌី បានផ្តល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរី ដឹងថា
ទស្សនកិច្ចរបស់លោកមកកម្ពុជា ពេលនេះ
មានបំណងតាមដានការអនុវត្តអនុសាសន៍ចំនួន ៤ចំណុច
ដែលលោកបានដាក់ជូនរដ្ឋាភិបាលកម្ពុជា កន្លងមក។
លោក ស៊ូប៊ែឌី មានប្រសាសន៍ថា លោកចង់ដឹងថា តើរដ្ឋាភិបាលកម្ពុជា
ទទួលយក និងអនុវត្តអនុសាសន៍របស់លោកបានកម្រិតណា មានឧបសគ្គអ្វី
ដែលអនុវត្តមិនបាន ហើយលោកអាចជួយអ្វីទៀត
ដើម្បីជំរុញឲ្យអនុសាសន៍ទាំងនោះអនុវត្តបានពេញលេញ។
អនុសាសន៍ចំនួន៤ របស់លោក សុរិយា ស៊ូប៊ែឌី ដើម្បីលើកស្ទួយនីតិរដ្ឋ
ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នោះរួមមាន
កំណែទម្រង់ប្រព័ន្ធតុលាការដែលលោកថាគ្មានការរីកចម្រើនសោះ
កំណែទម្រង់រដ្ឋសភា កំណែទម្រង់ការបោះឆ្នោត និងកំណែទម្រង់ដីធ្លី។
របាយការណ៍ និងអនុសាសន៍នានារបស់លោក សុរិយា ស៊ូប៊ែឌី
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
អំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា មានការទទួលស្គាល់
និងវាយតម្លៃខ្ពស់ពីមន្ត្រីការទូតបរទេសនានានៅកម្ពុជា។
នៅក្នុងឱកាសខួបលើកទី៦៤ ទិវាសិទ្ធិមនុស្សអន្តរជាតិ
តំណាងសហភាពអឺរ៉ុប ប្រចាំកម្ពុជា
ក៏បានលើកឡើងពីភាពចាំបាច់នៃរបាយការណ៍ និងអនុសាសន៍របស់លោក
ស៊ូប៊ែឌី និងស្នើឲ្យរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់
និងធ្វើការកែលំអចំណុចខ្វះខាតតាមរបាយការណ៍នោះ៕
5 comments:
Hun Sen has a habit of refusing to see anyone if he/she comes with no gift . He gets plenty of free time for Chinese who come with package of money . Next time UN Should ask US to send a drone instead of rapporter . It will meet Hun Sen everywhere no matter how busy he will be .
Ther's only me in the SEA. Iam the MAD DOG of SEA or Asean.
Hun cent only meet with people whom was not his critics if you want to meet Hun Cent you must make him feel good,Hun Cent can not handle the truth thatwise he didn't wants to meet UN representative Mr Surya Subedi,Hun Cent made a fool of himself by refusing to meet US representative Hun Cent shown the world the real jungle man attitude by not meeting UN rep.Acting so childish Hun Cent is shameful and disgrace to all Khmers ,to bad because we [Khmers] have a dumb numb skull like X-Khmer rouge Hun Cent.
Pp Khmer
it not necessary to meet that dude
Hun sen is the king of all kings in cambodia and he shall not bow to anyone including the UN envoy but only to his GOD from vietnam.
Post a Comment