កន្លងមកនៅប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរតែងតែលេងហ្គេម
ដែលបង្កើតឡើងដោយស្នាដៃជនជាតិបរទេស។
ប៉ុន្តែបច្ចុប្បន្នមានក្រុមហ៊ុនខ្មែរមួយឈ្មោះថា «អស្ចារ្យស្ទូឌីយោ»
បង្កើតបានហ្គេមមួយដែលជាស្នាដៃកូនខ្មែរផ្ទាល់
មានលក្ខណៈជាខ្មែរខ្លះ មានឈ្មោះថា «អាស្វា»។
ហ្គេមនេះអាចលេងបានតែតាមទូរស័ព្ទ អាយហ្វូន (iPhone) និង អាយផេត
(iPad) ហើយអាចទិញបាននៅលើប្រព័ន្ធទូរស័ព្ទទាំងពីរនេះដោយងាយ
ទោះជានៅប្រទេសណាក៏ដោយ នៅលើពិភពលោកដែរ។
ប្រធានក្រុមហ៊ុន «អស្ចារ្យស្ទូឌីយោ» លោក អៀ អ៊ុយ
មានប្រសាសន៍ដោយមោទនភាពថា
នេះជាលើកទីមួយហើយដែលកូនខ្មែរមានសមត្ថភាពបង្កើតហ្គេមនេះដោយ
ខ្លួនឯង។ ហ្គេមនេះមានតួអង្គពីរសំខាន់ គឺ អាស្វា និង អាបូ។
ចំណែកសាច់រឿងវិញ
គឺនៅពេលអាស្វាកម្ជិលមិនសូវមានប្រាជ្ញាដើរវង្វេងផ្ទះ
មានដៃគូឈ្មោះអាបូ ដែលគេចាត់ទុកថាជាទេព មានរូបដូចរុយ
ជួយដោះស្រាយបញ្ហារកផ្លូវបានត្រឡប់មកផ្ទះវិញ។
លោក អៀ អ៊ុយ បន្តថា ហ្គេមនេះមាន ៦វគ្គ ឬ ៦ភព ដូចជាភពព្រៃ
ដែលមានរូបប្រាសាទអង្គរវត្ត ភពទឹកជ្រោះ ភពទឹកកក និងភពភ្នំភ្លើង
ជាដើម
ដែលភពនីមួយៗត្រូវតែប្រឈមបញ្ហាដែលអ្នកលេងត្រូវប្រឈមដោះស្រាយ
និងត្រូវចំណាយពេលដ៏ខ្លី។
ទាក់ទងនឹងលក្ខណៈខ្មែរដែលបញ្ចូលក្នុងហ្គេម លោក យក់ ស៊ីវ៉ាល់រី
ជាអ្នករចនារូបភាពហ្គេមនេះបានបញ្ជាក់ថា
ក្រុមហ៊ុនមិនអាចធ្វើឲ្យអ្វីៗក្នុងហ្គេមនេះមានលក្ខណៈជាខ្មែរ
ទាំងអស់បានទេ
ព្រោះទិសដៅទីផ្សាររបស់ក្រុមហ៊ុនសំដៅលើទីផ្សារអន្តរជាតិ
ដូច្នេះហើយត្រូវតែមានលាយឡំនឹងភាសាបរទេស
ក៏ប៉ុន្តែលោកបានកែឆ្នៃរូបភាពតួអង្គឲ្យមានលក្ខណៈជាខ្មែរខ្លះ
ដូចជាតួអាស្វា លោករចនាឲ្យមានមានស្លៀកសំពត់ចងក្បិន
ដែលបង្ហាញបរទេសថា នេះជាអត្តសញ្ញាណសំលៀកបំពាក់ខ្មែរ។
តាមម្ចាស់ក្រុមហ៊ុនហ្គេមឈ្មោះថា អាស្វានេះ
បានដាក់លក់លើទីផ្សារពីរអាទិត្យមកហើយ ក្នុងតម្លៃ ០.៩៩ដុល្លារ។
ក៏ប៉ុន្តែគេមិនដឹងថា មានអតិថិជនច្រើន
ឬតិចប៉ុណ្ណាចាប់អារម្មណ៍នោះទេ។
កញ្ញា សុវត្ថិរី កល្យាណ បុគ្គលិកក្រុមហ៊ុនមួយនៅភ្នំពេញ
កំពុងលេងហ្គេមអាស្វា នៅហាងកាហ្វេមួយ ខណៈរង់ចាំអាហារថ្ងៃត្រង់
បានបញ្ជាក់ថា កញ្ញាចូលចិត្តហ្គេមអាស្វា ព្រោះជាស្នាដៃកូនខ្មែរ
និងមានរូបភាពគួរឲ្យចូលចិត្ត។
ប្រធានក្រុមហ៊ុន «អស្ចារ្យស្ទូឌីយោ» លោក អៀ អ៊ុយ បញ្ជាក់ថា
ចំពោះអ្នកដែលចង់ទិញហ្គេមអាស្វា គេអាចទិញតាមទូរស័ព្ទ អាយហ្វូន និង
អាយផេត បានតាមប្រព័ន្ធអ៊ីនធឺណិត
ដោយមិនចាំបាច់ធ្វើដំណើរមកក្រុមហ៊ុនទេ
ហើយនៅពេលបុណ្យណូអែលខាងមុខនេះ
ក្រុមហ៊ុននឹងបន្ថែមហ្គេមដើម្បីលើកទឹកចិត្ត។
ប្រទេសកម្ពុជា បច្ចុប្បន្នសម្បូរទៅដោយហ្គេមច្រើនប្រភេទ
ដែលប្រជាពលរដ្ឋ
និងឪពុកម្ដាយសិស្សានុសិស្សស្ទើរគ្រប់រូបរអ៊ូរទាំថា
ធ្វើឲ្យកូនចៅគាត់ឈ្លក់វង្វេងនឹងល្បែងហ្គេម
មានខ្លះភ្នាល់ដាក់លុយ បាត់បង់អស់ទ្រព្យសម្បត្តិ
និងធ្វើឲ្យកូនគាត់ខានទៅរៀនសូត្រទៀតផង។
តែទោះបីយ៉ាងណា វិទ្យុអាស៊ីសេរី
បានសាកសួរប្រភពជាច្រើនតាមទីសាធារណៈនានា នៅទីក្រុងភ្នំពេញ
ជាពិសេសក្រុមយុវជន។ ពួកគេបានត្អូញត្អែរថា ហ្គេមថ្មីអាស្វានេះ
បើទោះបីតម្លៃលក់ថោកមិនដល់មួយដុល្លារយ៉ាងណាក្ដី
ក៏អ្នកលេងត្រូវចំណាយលុយយ៉ាងច្រើន គឺ ៤០០ ទៅ ៥០០ដុល្លារ
ដើម្បីទិញទូរស័ព្ទអាយហ្វូន អាយផេត បើមិនដូច្នេះទេ
គេមិនអាចលេងហ្គេមនេះបានទេ។
ក្រុមយុវជនទាំងនោះបានហៅហ្គេមថ្មី ឈ្មោះថា អាស្វា ថាជាល្បែងសម្រាប់តែកូនអ្នកមានលេងតែប៉ុណ្ណោះ៕
2 comments:
That is great. !
Keep going..!!!
Ah swa Hun or ah swa hoang border committee?good job fella...
Post a Comment