A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 27 November 2012

Vietma exempts imports tax on Vietnamese produce grown in Cambodia វៀតណាម​លើកលែង​ពន្ធ​នាំ​ចូល​សម្រាប់​ផលិតផល​កសិកម្ម​ខ្លួន​ដាំ​លើ​ដី​ខ្មែរ

ដោយ សុ ជីវី 2012-11-27 RFA

នៅ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​វៀតណាម តែង​មាន​ការ​អនុគ្រោះ​​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​នោះ​ក្នុង​មួយឆ្នាំៗ មាន​ផលិត​ផល​កសិកម្ម​ និង​នេសាទ​ប្រមាណ​ជាង ៦០​មុខ ត្រូវ​លើក​លែង​ពន្ធ​នាំ​ចូល​សម្រាប់​ការ​នាំ​ចូល​ពី​កម្ពុជា ទៅ​ក្នុង​ប្រទេស​វៀតណាម។
មក​ដល់​ពេល​នេះ​ភាគី​វៀតណាម បាន​សម្រេច​អនុគ្រោះ​ពន្ធ​បន្ថែម​ទៀត​ក្នុង​ការ​នាំចូល​ផលិត​ផល​ដែល​ដាំ​ដុះ ​ដោយ​ក្រុមហ៊ុន​វៀតណាម ឬ​កសិករ​វៀតណាម​នៅ​កម្ពុជា។
ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម សម្រេច​លើក​លែង​ពន្ធ​នាំ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម ​នូវ​រាល់​ផលិតផល​កសិកម្ម​ដែល​ដាំដុះ​ដោយ​ក្រុមហ៊ុន​វិនិយោគ​វៀតណាម ឬ​កសិករ​វៀតណាម ដែល​កំពុង​រស់​នៅ និង​ស្នាក់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា។
សារាចរ​ណែ​នាំ​ថ្មី​មួយ​របស់​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ចុះ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា បាន​កំណត់​លើក​លែង​ពន្ធ​ទាំង​ស្រុង​ចំពោះ​ផលិតផល​កសិកម្ម​ដែល​មិន​ទាន់​ កែឆ្នៃ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​វៀតណាម ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ខាង​មុខ។ ប៉ុន្តែ​ការ​លើកលែង​ពន្ធ​នោះ​បាន​កំណត់​ថា សម្រាប់​តែ​ក្រុមហ៊ុន​ការ​វិនិយោគ ការ​បណ្ដាក់​ទុន​គ្រប់​ប្រភេទ​លើ​ការ​ធ្វើ​កសិកម្ម ឬ​កសិករ​វៀតណាម នៅ​កម្ពុជា ​ហើយ​នាំ​ចូល​ផលិតផល​កសិកម្ម​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម ប៉ុណ្ណោះ។
ចំពោះ​ក្រុមហ៊ុន ឬ​ការ​វិនិយោគ ដើម្បី​ទិញ​ផលិត​កសិកម្ម​ពី​កម្ពុជា គឺ​ពុំ​ទទួល​បាន​ការ​លើក​លែង​ពន្ធ​ឡើយ។ ផលិតផល​កសិកម្ម ដែល​មិន​ទាន់​កែច្នៃ​ទាំង​នោះ​រួម​មាន បន្លែ ផ្លែឈើ ដំឡូង ពោត អង្ករ កាហ្វេ និង​កាកាវ​ជាដើម។
សារាចរ​ណែ​នាំ​ដដែល​នោះ​បាន​លើក​ឡើង​ថា ដើម្បី​បាន​ទទួល​សិទ្ធិ​នេះ​ក្រុមហ៊ុន និង​កសិករ​វៀតណាម ត្រូវ​បំពេញ​បែប​បទ​មួយ​ចំនួន​ដែល​កំណត់​ដោយ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម។
រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ម៉ៅ ថូរ៉ា មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ថា លោក​នៅ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​នេះ​នៅ​ឡើយ។ បើ​ទោះ​ជា​យ៉ាងណា​លោក​ថា ប្រការ​នេះ​អាច​ធ្វើ​បាន​តែ​ក្នុង​ស្ថានភាព​ដែល​កម្ពុជា ពុំ​ទាន់​មាន​ភាព​ជឿន​លឿន​ក្នុង​ការ​កែច្នៃ​ផលិតផល​កសិកម្ម។
លោក​ថា នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ទៀត នៅ​ពេល​ដែល​កម្ពុជា អាច​បង្កើន​សកម្មភាព​ផ្នែក​កែច្នៃ​ផលិតផល​កសិកម្ម។
ចំពោះ​អ្នកវិភាគ​កសិកម្ម លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា គោលការណ៍​ថ្មី​របស់​ប្រទេស​វៀតណាម​នេះ គឺ​ជំរុញ​អោយ​ក្រុមហ៊ុន​កសិកម្ម ក៏​ដូច​ជា​កសិករ​វៀតណាម និង​អ្នក​វិនិយោគ​ផ្សេង​ទៀត​ចូល​មក​ធ្វើ​ការ​ដាំដុះ​កាន់​តែ​ច្រើន​នៅ​ កម្ពុជា ដើម្បី​បំពេញ​កង្វះ​ខាត​ផលិត​ផល​សម្រាប់​វិស័យ​កែច្នៃ​នៅ​ក្នុង​ប្រទេស​ វៀតណាម និង​បម្រើ​ដល់​ការ​នាំ​ចេញ។
មក​ដល់​ពេល​នេះ​ពុំ​មាន​តួលេខ​ជាក់លាក់​ពី​ចំនួន​ក្រុមហ៊ុន​កសិកម្ម​វៀតណាម ពី​ការ​បណ្ដាក់​ទុន ឬ​ចំនួន​កសិករ​វៀតណាម នៅ​កម្ពុជា​ឡើយ។
របាយការណ៍​របស់​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម អោយ​ដឹង​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើន​ឡើង​ដល់​ជាង ២​ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល ១០​ខែ​ក្នុង​ឆ្នាំ​២០១២។ ផលិតផល​កសិកម្ម​ដែល​ជា​ការ​នាំ​ចេញ​សំខាន់ៗ​របស់​កម្ពុជា ទៅ​កាន់​ប្រទេស​នេះ មាន​ដូច​ជា ស្រូវ អង្ករ ថ្នាំ​ជក់ អាហារ​សមុទ្រ ពោត ជ័រ​កៅស៊ូ និង​គ្រាប់​ស្វាយ​ចន្ទី។ ប្រទេស​ទាំង​២ បាន​គ្រោង​ទុក​ថា ត្រឹម​ឆ្នាំ​២០១៥ ពាណិជ្ជកម្ម​ទ្វេភាគី​នឹង​កើន​ដល់ ៥​ពាន់​លាន​ដុល្លារ៕

No comments: