Civil society said Cambodia has political prisoners even when Hun Sen said Cambodia has no political prisoners.
ដោយ កែវ និមល 2012-11-27 RFA
ក្នុងជំនួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា
(Barack Obama) លោក ហ៊ុន សែន បានលើកឡើងថា នៅប្រទេសកម្ពុជា
គ្មានអ្នកទោសនយោបាយទេ ប៉ុន្តែមានអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌ។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវមន្ត្រីសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ជំទាស់ថា មិនពិត។
អ្នកដឹកនាំអង្គការសិទ្ធិមនុស្ស និងអ្នកច្បាប់នៅកម្ពុជា
បាននិយាយថា នៅប្រទេសកម្ពុជា មានអ្នកទោសនយោបាយ ជាពិសេសគឺលោក ម៉ម
សូណង់ដូ ជាអ្នកទោសនយោបាយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ជាអ្នកតាមដាននយោបាយនៅកម្ពុជា
និងជាវិភាគឯករាជ្យ មានប្រសាសន៍ថា
អ្នកមានទោសណាដែលត្រូវចៅក្រមតុលាការផ្ដន្ទាទោស
ដោយសារធ្វើសកម្មភាពនយោបាយ ទាមទារសិទ្ធិសេរីភាព បម្រើប្រយោជន៍សាធារណៈ
ទាមទារឲ្យមានការផ្លាស់ប្ដូររបបនយោបាយរបស់ប្រទេសជាដើម
អ្នកនោះជាអ្នកទោសនយោបាយហើយ។
លោក ឡៅ ម៉ុងហៃ៖ «អ្នកទោសនយោបាយ
រឿងបទល្មើសរបស់គាត់ពាក់ព័ន្ធរឿងនយោបាយ។
ដូចជាអ្នកទាមទាររកសិទ្ធិសេរីភាព ដូចជារឿងបោះឆ្នោត
ពាក់ព័ន្ធការគ្រប់គ្រងរដ្ឋ គ្រប់គ្រងសង្គមជាដើម»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ រៀបរាប់ថា
អ្នកទោសដែលជាប់គុកដោយសារធ្វើសកម្មភាពនយោបាយ
ទាមទារសិទ្ធិសេរីភាពបញ្ចេញមតិ មានទស្សនៈផ្ទុយជាមួយអ្នកកាន់អំណាច
ទាមទារលទ្ធិប្រជាធិបតេយ្យ ជាអ្នកទោសនយោបាយ
ពីព្រោះមនុស្សនោះធ្វើសកម្មភាពបម្រើប្រយោជន៍សាធារណៈទូទៅ
មិនមែនធ្វើដើម្បីប្រយោជន៍ខ្លួនឯងតែម្នាក់
ហើយមនុស្សនោះត្រូវមនុស្សទូទៅគោរពនឹកឃើញជានិច្ច។
លោក ឡៅ ម៉ុងហៃ បន្ថែម៖ «ដូចជាលោក ម៉ម សូណង់ដូ រឿងនេះមានពាក់ព័ន្ធជាមួយរឿងនយោបាយ ហើយតុលាការកាត់គាត់ក្រោមសម្ពាធនយោបាយ នេះជារឿងនយោបាយហើយ»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថា
ធម្មតាអ្នកកាន់អំណាចតែងតែបដិសេធថា ខ្លួនមិនគ្រប់គ្រងតុលាការទេ
តែតាមពិត ប្រជាពលរដ្ឋទូទៅគេអាចដឹងបានថា
តើអ្នកកាន់អំណាចនោះមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់ចៅក្រម
ឬអត់?
ករណីខ្លះ អ្នកជាប់ចោទមិនមានទោសព្រហ្មទណ្ឌទេ តែចៅក្រមខិតខំស្វែងរកមាត្រាព្រហ្មទណ្ឌមកចោទប្រកាន់ជនជាប់ចោទនោះ។
ទាក់ទងនិយមន័យអ្នកទោសនយោបាយនេះ លោក នី ចរិយា
ប្រធានក្រុមស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក
(Adhoc) និយាយថា កាលណាប្រជាពលរដ្ឋរូបណាអនុវត្តតាមរដ្ឋធម្មនុញ្ញ
ពាក់ព័ន្ធសិទ្ធិនយោបាយ ហើយមានទោសនោះ គឺជាអ្នកទោសនយោបាយហើយ៖ «យើង
ឧទាហរណ៍ដូចជាសេរីភាពបញ្ចេញមតិ
វាមានចែងនៅក្នុងសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋក្នុងរដ្ឋធម្មនុញ្ញ
ក្នុងមាត្រា ៣២ ដូចនេះកាលណាយើងធ្វើសកម្មភាពតាមមាត្រា ៣២ នេះហើយ
មានទោស អានេះគេហៅការផ្ដន្ទាទោសនយោបាយហើយ»។
លោក នី ចរិយា លើកយកករណីលោក មឿង សុន ប្រធានក្រុមហ៊ុនទេសចរណ៍មួយ
ដែលមានមតិរិះគន់ចំពោះការតាំងភ្លើងហ្វានៅប្រាសាទអង្គរវត្ត
មកពន្យល់ថា ករណីនោះជារឿងនយោបាយហើយ ពីព្រោះលោក មឿង សុន
ត្រូវចៅក្រមកាត់ទោសពីបទបញ្ចេញមតិរិះគន់ទៅលើទង្វើអ្នកកាន់
អំណាច។
ចំពោះករណីលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំវិញ លោក នី ចរិយា
លើកឡើងថា តើការចោទប្រកាន់ថា ធ្វើអបគមន៍នោះវាមានធាតុផ្សំ
និងភស្តុតាងគ្រប់គ្រាន់ ថាអាចធ្វើអបគមន៍នោះទៅរួច ឬទេ?
ដូច្នេះការប្រើប្រព័ន្ធតុលាការផ្តន្ទាទោស
ដើម្បីដាក់ពន្ធនាគារនោះហើយ ដែលគេហៅថា អ្នកទោសនយោបាយ។
ចំណែកលោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
មានប្រសាសន៍ថា ករណីលោក ម៉ម សូណង់ដូ លោក សម រង្ស៊ី លោក មឿង សុន ជាដើម
សុទ្ធតែជាអ្នកទោសនយោបាយ។
ពីព្រោះអ្នកទាំងនោះមិនមានប្រើអំពើហិង្សា
មិនមានប្រព្រឹត្តបទឧក្រិដ្ឋដោយអាវុធ
ហើយរឿងពួកគេធ្វើសុទ្ធតែដើម្បីផលប្រយោជន៍ជាតិ ប្រជាពលរដ្ឋ
ផលប្រយោជន៍សាធារណៈទាំងអស់។
លោក អ៊ូ វីរៈ៖ «និយាយទៅឲ្យតែអ្នកប្រឆាំងរដ្ឋាភិបាល
គឺមានន័យថា រដ្ឋាភិបាលជាអ្នកឈ្នះហើយ។ ពីព្រោះរដ្ឋាភិបាលមានអំណាច
អ្នកប្រឆាំងគាត់ គឺជាប់គុកហើយ នោះជាអ្នកទោសនយោបាយហើយ។
ការប្រឆាំងនោះអាចដោយហិង្សា ឬដោយអហិង្សា
ដូច្នេះបើប្រឆាំងត្រឹមរិះគន់ទេ គេហៅថា អ្នកទោសមនសិការ ផង
និងនយោបាយផង»។
លោក សុន ឆ័យ ប្រធានក្រុមសមាជិកសភាមកពីគណបក្ស សម រង្ស៊ី ឲ្យដឹងថា
កាលណាអ្នកនយោបាយ ឬសកម្មជននយោបាយ ឬសកម្មជនការពារសិទ្ធិមនុស្ស
ដែលត្រូវតុលាការក្រោមបញ្ជា
ឬឥទ្ធិពលរបស់អ្នកកាន់អំណាចកាត់ទោសឲ្យជាប់គុក
អ្នកនោះជាអ្នកទោសនយោបាយហើយ។
លោក សុន ឆ័យ៖ «អ្នកទោសនយោបាយ គឺជាអ្នកនយោបាយ
ឬក៏សកម្មជនការពារសិទ្ធិមនុស្សដែលទទួលរងការកាត់សេចក្ដីដោយ
តុលាការ ដែលប្រើប្រាស់ដោយអ្នកមានអំណាចនៅក្នុងប្រទេស
អានេះគេហៅថា អ្នកទោសនយោបាយ»។
កាលពីថ្ងៃទី១៩ វិច្ឆិកា លោក ប្រាក់ សុខុន
ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានធ្វើសន្និសីទកាសែតមួយ
ប្រកាសឲ្យដឹងអំពីលទ្ធផលជួបគ្នារវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក
លោក បារ៉ាក់ អូបាម៉ា ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា នៅកម្ពុជា
គ្មានអ្នកទោសនយោបាយទេ។
បួនថ្ងៃក្រោយមក គឺថ្ងៃទី២៣ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានទៅខេត្តព្រះវិហារ ហើយបានលើកឡើងបញ្ជាក់ថា
កម្ពុជាគ្មានអ្នកទោសនយោបាយទេ
ហើយរូបលោកក៏មិនអាចរំលោភអំណាចតុលាការធ្វើការដោះលែងអ្នកទោសដែរ។
លោក ហ៊ុន សែន៖ «ខ្ញុំបានប្រាប់ហើយថា
កម្ពុជាអត់មានអ្នកទោសនយោបាយទេវ៉ើយ!
មានតែអ្នកនយោបាយជាប់ទោសព្រហ្មទណ្ឌតែប៉ុណ្ណោះ។
រួចចង់ឲ្យខ្ញុំធ្វើអន្តរាគមន៍ ហើយចោទថា
ខ្ញុំកំពុងត្រួតត្រាតុលាការ។
អ៊ីចឹងទេឲ្យខ្ញុំទៅអន្តរាគមន៍ដោះលែងអ្នកទោស
អ៊ីចឹងខ្ញុំវាមិនទៅដូចអ្នកឯងថា? តុលាការគេឯករាជ្យរបស់គេ
មកស្នើឲ្យខ្ញុំទៅធ្វើខុសច្បាប់ ដោះលែងអ្នកទោស។
តុលាការគេឯករាជ្យរបស់គេ បើយើងធ្វើខុសក៏គេកាត់ទោសដែរ
អត់មានអ្នកណានៅពីលើច្បាប់ទេ»។
ចំពោះការបដិសេធរបស់លោកនាយករដ្ឋមន្ត្រីនេះ លោក សុន ឆ័យ រៀបរាប់ថា
វាជាការធម្មតាទៅហើយរបស់រដ្ឋាភិបាល គឺតែងតែបដិសេធបែបនេះ។ លោក
សុន ឆ័យ លើកឡើងថា រដ្ឋាភិបាលកម្ពុជា
មិនត្រឹមតែមិនទទួលយកការលើកឡើងអំពីកំហុសឆ្គងនានា
នៅក្នុងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សជាតិ
និងអន្តរជាតិប៉ុណ្ណោះទេ
គឺថែមទាំងជេរប្រទេចអ្នកធ្វើរបាយការណ៍ទៀតផង។
លោក ជូង ជូងី មេធាវីនៃការិយាល័យមេធាវីសិលា មានប្រសាសន៍ថា
បើមើលលើរូបភាពវាហាក់មិនមានអ្នកទោសនយោបាយមែន
តែបើពិនិត្យលើខ្លឹមសារវិញ អ្នកទោសដូចជាលោក ម៉ម សូណង់ដូ លោក មឿង សុន
លោក សម រង្ស៊ី គឺជាអ្នកទោសនយោបាយហើយ។
អ្នកដឹកនាំ និងសកម្មជនការពារសិទ្ធិមនុស្សមួយចំនួន បាននិយាយថា
បើទោះបីជាប្រមុខរដ្ឋាភិបាលកម្ពុជា បានបដិសេធថា
កម្ពុជាគ្មានអ្នកទោសនយោបាយ
ប៉ុន្តែប្រជាពលរដ្ឋទូទៅបានដឹងយ៉ាងច្បាស់ថា កម្ពុជាមាន
ឬគ្មានអ្នកទោសនយោបាយ ហើយប្រជាពលរដ្ឋកម្ពុជា ដឹងយ៉ាងច្បាស់ថា
តើចៅក្រមតុលាការកម្ពុជា ឯករាជ្យ ឬមិនឯករាជ្យ?
No comments:
Post a Comment