អតីតប្រធានគណបក្ស សម រង្ស៊ី
បច្ចុប្បន្នជាប្រធានគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សបង្រួបបង្រួមរវាងគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស បានលើកយកសំណុំរឿងដកតម្រុយបង្គោលព្រំដែនលេខ១៨៥
នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ប្ដឹងទៅតុលាការកំពូល។
មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី បានឲ្យដឹងថា កាលពីថ្ងៃទី១
ខែវិច្ឆិកា លោក សម រង្ស៊ី បានដាក់បណ្ដឹងទៅតុលាការកំពូល
ស្នើសើរើសំណុំរឿងដកតម្រុយព្រំដែនលេខ១៨៥ នៅស្រុកចន្ទ្រា
ខេត្តស្វាយរៀង។
លោក ជូង ជូងី មេធាវីលោក សម រង្ស៊ី មានប្រសាសន៍នៅថ្ងៃពុធ ទី៧
ខែវិច្ឆិកា ថា ការដាក់ពាក្យប្ដឹងរបស់លោក សម រង្ស៊ី
លើសំណុំរឿងដកតម្រុយព្រំដែនលេខ១៨៥ ទៅតុលាការកំពូល
គឺទាមទារឲ្យតុលាការបើកសវនាការឡើងវិញ ព្រោះយល់ថា
សវនាការកន្លងមកមិនមានយុត្តិធម៌។
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ សាលាដំបូងខេត្តស្វាយរៀង
បានចេញសាលក្រមព្រហ្មទណ្ឌផ្ដន្ទាទោសលោកដាក់ពន្ធនាគារ ២ឆ្នាំ
និងពិន័យជាប្រាក់ចំនួន ៨លានរៀល។
សំណុំរឿងដដែលនេះ តុលាការក៏បានបង្គាប់ឲ្យលោក សម រង្ស៊ី
និងអ្នករួមគំនិត គឺអ្នកស្រី មាស ស្រី និងលោក ព្រំ ជា
រួមគ្នាសងសំណងខូចខាតចំនួន ៥០លានរៀល
ចោទបទធ្វើឲ្យខូចខាតដោយចេតនាតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម
លេខ១៨៥ និងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។
សំណុំរឿងលោក សម រង្ស៊ី នេះ ក៏ត្រូវសាលាឧទ្ធរណ៍ នៅថ្ងៃទី១៣
ខែតុលា ឆ្នាំ២០១០ បានចេញសាលដីកាតម្កល់រក្សាការផ្ដន្ទាទោសលោក សម
រង្ស៊ី ដូចសាលាដំបូងខេត្តស្វាយរៀង ដដែល។ ហើយសំណុំរឿងនេះ
តុលាការកំពូល នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១១
ក៏បានចេញដីកាសម្រេចតម្កល់សាលដីកាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ទុក
ជាបានការថែមទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ឌិត មន្ទី ប្រធានតុលាការកំពូល
ដើម្បីបំភ្លឺជុំវិញការដាក់ពាក្យបណ្ដឹងរបស់លោក សម រង្ស៊ី
លើសំណុំរឿងដកតម្រុយព្រំដែនលេខ១៨៥ បានទេ នៅថ្ងៃទី៧ ខែវិច្ឆិកា
ឆ្នាំ២០១២។
យ៉ាងណាក៏ដោយ លោក ជូង ជូងី មេធាវីការពារក្តីលោក សម រង្ស៊ី
បានថ្លែងថា
កូនក្តីលោកបានទាមទារឲ្យតុលាការកំពូលត្រូវលើកយកសំណុំរឿងក្តី
ដកតម្រុយព្រំដែនលេខ១៨៥ មកបើកសវនាការឡើងវិញ ព្រោះយល់ថា
សវនាការកន្លងមក តុលាការមិនបានផ្តល់យុត្តិធម៌ជូនលោក សម រង្ស៊ី
នោះទេ។
លោក ជូង ជូងី៖ «កន្លងមក តុលាការគេសំអាងថា
គណៈកម្មាធិការកម្ពុជា-វៀតណាម
មានការឯកភាពគ្នាក្នុងការបោះតម្រុយបង្គោលព្រំដែនលេខ១៨៥។
ប៉ុន្តែនៅខែធ្នូ ឆ្នាំ២០១២ កន្លងទៅនេះ
រដ្ឋាភិបាលបានឆ្លើយទៅសភាជាតិថា គណៈកម្មាធិការព្រំដែនកម្ពុជា-វៀតណាម
អត់ទាន់មានការឯកភាពគ្នាជាផ្លូវការក្នុងការបោះតម្រុយព្រំដែន
លេខ១៨៥ នៅត្រង់កន្លែងណានៅឡើយទេ។ ដូច្នេះ រហូតមកដល់ពេលហ្នឹង
អត់ទាន់ឯកភាពគ្នារវាងកម្ពុជា-វៀតណាម
ក្នុងការបោះតម្រុយបង្គោលលេខ១៨៥ ទេ។ ប៉ុន្តែកន្លងមក
គណៈកម្មាធិការព្រំដែនបានអះអាងនៅចំពោះមុខតុលាការថា
មានការឯកភាពគ្នា។ ដូច្នេះចម្លើយពីរហ្នឹងផ្ទុយគ្នា»។
លោក សម រង្ស៊ី អតីតប្រធានគណបក្ស សម រង្ស៊ី
និងបច្ចុប្បន្នជាប្រធានគណបក្សសង្គ្រោះជាតិ
បានលើកឡើងនៅក្នុងពាក្យបណ្ដឹងផ្ញើជូនប្រធានតុលាការកំពូលថា
ការដកបង្គោលឈើចំនួន ៦ដើម
ដែលដាំព័ទ្ធជុំវិញតម្រុយបង្គោលព្រំដែន១៨៥ កន្លងមក
រូបលោកមិនមានកំហុសទេ។ ដូច្នេះ លោកស្នើឲ្យប្រធានតុលាការកំពូល
ទទួលយកពាក្យបណ្ដឹងសើរើសំណុំរឿងនេះមកដោះស្រាយតាមនីតិវិធី
និងផ្តល់យុត្តិធម៌ជូនលោកបានរួចផុតពីការចោទប្រកាន់តាមផ្លូវ
ច្បាប់។
លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងភៀសខ្លួននៅក្រៅប្រទេស
ត្រូវបានតុលាការផ្ដន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារសរុបចំនួន
១២ឆ្នាំ លើសំណុំរឿងពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម
ជាច្រើនករណី។
កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១០ ត្រូវតុលាការក្រុងភ្នំពេញ
បានប្រកាសសាលក្រមកំបាំងមុខផ្ដន្ទាទោសលោក សម រង្ស៊ី
ជាប់ពន្ធនាគារចំនួន ១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦៥លានរៀល
ចោទពីបទផ្សាយព័ត៌មានមិនពិត និងក្លែងបន្លំឯកសារសាធារណៈ ដែលចោទថា
ប្រទេសកម្ពុជា បាត់បង់ទឹកដីទៅប្រទេសវៀតណាម។
សាលក្រមតុលាការក្រុងភ្នំពេញ
បានបន្ថែមទៅលើសាលក្រមតុលាការខេត្តស្វាយរៀង
ដែលបានកាត់ទោសឲ្យលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ
ចោទពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ
និងបទញុះញង់ឲ្យមានការរើសអើងជាតិសាសន៍។
សំណុំរឿងនេះ មន្ត្រីសង្គមស៊ីវិលជាតិ អន្តរជាតិ
និងសភាសហភាពអឺរ៉ុប ជាដើម បានចាត់ទុកសាលក្រមកាត់ទោសឲ្យលោក សម
រង្ស៊ី ឲ្យជាប់ពន្ធនាគារសរុបចំនួន ១២ឆ្នាំ ជារឿងនយោបាយ
និងមានបំណងរារាំងមិនឲ្យលោក សម រង្ស៊ី
ចូលរួមការបោះឆ្នោតសកលឆ្នាំ២០១៣។
ទោះយ៉ាងណា លោក ទិត សុធា
មន្ត្រីនាំពាក្យអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីបាន
គាំទ្រសាលក្រមតុលាការ និងបានអះអាងថា ករណីលោក សម រង្ស៊ី
មិនពាក់ព័ន្ធរឿងនយោបាយនោះទេ៕
1 comment:
Post a Comment