A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 8 November 2012

Sam Rainsy appeal his conviction for the destruction of border marker 185 to the High Court លោក សម រង្ស៊ី ប្ដឹង​ទៅ​តុលាការ​កំពូល​លើ​សំណុំ​រឿង​ដក​តម្រុយ​ព្រំដែន​លេខ​១៨៥

ដោយ ដែន អយុធ្យា 2012-11-07 Radio Free Asia
អតីត​ប្រធាន​គណបក្ស សម រង្ស៊ី បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួប​បង្រួម​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​លើក​យក​សំណុំ​រឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ប្ដឹង​ទៅ​តុលាការ​កំពូល។

Photo: RFA
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។
មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា លោក សម រង្ស៊ី បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​កំពូល ស្នើ​សើរើ​សំណុំ​រឿង​ដក​តម្រុយ​ព្រំដែន​លេខ​១៨៥ នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។
លោក ជូង ជូងី មេធាវី​លោក សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ ទី៧ ខែ​វិច្ឆិកា ថា ការ​ដាក់​ពាក្យ​ប្ដឹង​របស់​លោក សម រង្ស៊ី លើ​សំណុំ​រឿង​ដក​តម្រុយ​ព្រំដែន​លេខ​១៨៥ ទៅ​តុលាការ​កំពូល គឺ​ទាម​ទារ​ឲ្យ​តុលាការ​បើក​សវនាការ​ឡើង​វិញ ព្រោះ​យល់​ថា សវនាការ​កន្លង​មក​មិន​មាន​យុត្តិធម៌។
កាលពី​ថ្ងៃ​ទី២៧ ខែ​មករា ឆ្នាំ​២០១០ សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​ចេញ​សាល​ក្រម​ព្រហ្មទណ្ឌ​ផ្ដន្ទាទោស​លោក​ដាក់​ពន្ធនាគារ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨​លាន​រៀល។
សំណុំ​រឿង​ដដែល​នេះ តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​លោក សម រង្ស៊ី និង​អ្នក​រួម​គំនិត គឺ​អ្នកស្រី មាស ស្រី និង​លោក ព្រំ ជា រួម​គ្នា​សង​សំណង​ខូចខាត​ចំនួន ៥០​លាន​រៀល ចោទ​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ​១៨៥ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍។
សំណុំ​រឿង​លោក សម រង្ស៊ី នេះ ក៏​ត្រូវ​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១៣ ខែ​តុលា ឆ្នាំ​២០១០ បាន​ចេញ​សាល​ដីកា​តម្កល់​រក្សា​ការ​ផ្ដន្ទាទោស​លោក សម រង្ស៊ី ដូច​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ដដែល។ ហើយ​សំណុំ​រឿង​នេះ តុលាការ​កំពូល នៅ​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១១ ក៏​បាន​ចេញ​ដីកា​សម្រេច​តម្កល់​សាល​ដីកា​ព្រហ្មទណ្ឌ​របស់​សាលា​ឧទ្ធរណ៍​ទុក​ ជា​បាន​ការ​ថែម​ទៀត។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​លោក ឌិត មន្ទី ប្រធាន​តុលាការ​កំពូល ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​លោក សម រង្ស៊ី លើ​សំណុំ​រឿង​ដក​តម្រុយ​ព្រំដែន​លេខ​១៨៥ បាន​ទេ នៅ​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
យ៉ាង​ណា​ក៏ដោយ លោក ជូង ជូងី មេធាវី​ការពារ​ក្តី​លោក សម រង្ស៊ី បាន​ថ្លែង​ថា កូន​ក្តី​លោក​បាន​ទាម​ទារ​ឲ្យ​តុលាការ​កំពូល​ត្រូវ​លើក​យក​សំណុំ​រឿង​ក្តី​ ដក​តម្រុយ​ព្រំដែន​លេខ​១៨៥ មក​បើក​សវនាការ​ឡើង​វិញ ព្រោះ​យល់​ថា សវនាការ​កន្លង​មក តុលាការ​មិន​បាន​ផ្តល់​យុត្តិធម៌​ជូន​លោក សម រង្ស៊ី នោះ​ទេ។
លោក ជូង ជូងី៖ «កន្លង​មក តុលាការ​គេ​សំអាង​ថា គណៈកម្មាធិការ​កម្ពុជា-វៀតណាម មាន​ការ​ឯកភាព​គ្នា​ក្នុង​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥។ ប៉ុន្តែ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​ឆ្លើយ​ទៅ​សភា​ជាតិ​ថា គណៈកម្មាធិការ​ព្រំដែន​កម្ពុជា-វៀតណាម អត់​ទាន់​មាន​ការ​ឯកភាព​គ្នា​ជា​ផ្លូវ​ការ​ក្នុង​ការ​បោះ​តម្រុយ​ព្រំដែន​ លេខ​១៨៥ នៅ​ត្រង់​កន្លែង​ណា​នៅ​ឡើយ​ទេ។ ដូច្នេះ រហូត​មក​ដល់​ពេល​ហ្នឹង អត់​ទាន់​ឯកភាព​គ្នា​រវាង​កម្ពុជា-វៀតណាម ក្នុង​ការ​បោះ​តម្រុយ​បង្គោល​លេខ​១៨៥ ទេ។ ប៉ុន្តែ​កន្លង​មក គណៈកម្មាធិការ​ព្រំដែន​បាន​អះអាង​នៅ​ចំពោះ​មុខ​តុលាការ​ថា មាន​ការ​ឯកភាព​គ្នា។ ដូច្នេះ​ចម្លើយ​ពីរ​ហ្នឹង​ផ្ទុយ​គ្នា»
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស សម រង្ស៊ី និង​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​នៅ​ក្នុង​ពាក្យ​បណ្ដឹង​ផ្ញើ​ជូន​ប្រធាន​តុលាការ​កំពូល​ថា ការ​ដក​បង្គោល​ឈើ​ចំនួន ៦​ដើម ដែល​ដាំ​ព័ទ្ធ​ជុំវិញ​តម្រុយ​បង្គោល​ព្រំដែន​១៨៥ កន្លង​មក រូប​លោក​មិន​មាន​កំហុស​ទេ។ ដូច្នេះ លោក​ស្នើ​ឲ្យ​ប្រធាន​តុលាការ​កំពូល ទទួល​យក​ពាក្យ​បណ្ដឹង​សើរើ​សំណុំ​រឿង​នេះ​មក​ដោះស្រាយ​តាម​នីតិវិធី និង​ផ្តល់​យុត្តិធម៌​ជូន​លោក​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ ច្បាប់។
លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​កំបាំង​មុខ ដាក់​ពន្ធនាគារ​សរុប​ចំនួន ១២ឆ្នាំ លើ​សំណុំ​រឿង​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ជាច្រើន​ករណី។
កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា ឆ្នាំ​២០១០ ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​សាល​ក្រម​កំបាំង​មុខ​ផ្ដន្ទាទោស​លោក សម រង្ស៊ី ជាប់​ពន្ធនាគារ​ចំនួន ១០ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦៥​លាន​រៀល ចោទ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ដែល​ចោទ​ថា ប្រទេស​កម្ពុជា បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម។
សាល​ក្រម​តុលាការ​ក្រុង​ភ្នំពេញ បាន​បន្ថែម​ទៅ​លើ​សាល​ក្រម​តុលាការ​ខេត្ត​ស្វាយរៀង ដែល​បាន​កាត់​ទោស​ឲ្យ​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២ឆ្នាំ ចោទ​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍។
សំណុំ​រឿង​នេះ មន្ត្រី​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​សភា​សហភាព​អឺរ៉ុប ជាដើម បាន​ចាត់​ទុក​សាល​ក្រម​កាត់​ទោស​ឲ្យ​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​សរុប​ចំនួន ១២ឆ្នាំ ជា​រឿង​នយោបាយ និង​មាន​បំណង​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​រួម​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣។
ទោះ​យ៉ាង​ណា លោក ទិត សុធា មន្ត្រី​នាំ​ពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន ​គាំទ្រ​សាល​ក្រម​តុលាការ និង​បាន​អះអាង​ថា ករណី​លោក សម រង្ស៊ី មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​នោះ​ទេ៕

1 comment:

Anonymous said...
This comment has been removed by a blog administrator.